ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកនឹងរៀបចំកម្មវិធីយ៉ាងច្រើន ដើម្បីអបអរខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ១៩៥០។
ការរៀបចំពិធីដើម្បីអបអររំលឹកខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក នឹងមានទាំងនៅសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា ដោយមានកម្មវិធីដែលបង្ហាញពីវប្បធម៌ ការអប់រំ និងការប្តូរខាងផ្នែកនយោបាយ។ នេះបើតាមការបញ្ជាក់ប្រាប់ឱ្យដឹងពីមន្ត្រីនានា។
ការរៀបចំដំបូងនឹងចាប់ផ្តើមនៅរាត្រីថ្ងៃសុក្រនេះដោយស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក។
លោក ហែម ហេង ឯកអគ្គរាជទូតប្រទេសកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិក អំពីកម្មវិធីនោះថា៖
“ស្ថានទូតយើងខ្ញុំនឹងរៀបចំប្រារព្ធពិធីមួយដើម្បីអបអរសាទរខួបលើកទី៦០នេះ ដោយយើងនឹងមានអញ្ជើញភ្ញៀវអាមេរិកក៏ដូចជាភ្ញៀវកម្ពុជា ចូលរួមប្រមាណជាងពីររយនាក់ នៅក្នុងភោជនីយដ្ឋានមួយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១០នេះ"។
ក្នុងឱកាសនោះក៏នឹងមានការបង្ហាញពីវប្បធម៌ខ្មែរសម្រាប់ឱ្យអ្នកចូលរួមបានទស្សនាផងដែរ។ នេះបើតាមការអះអាងរបស់លោក ហែម ហេង។
“នៅក្នុងរាត្រីថ្ងៃទី៩ខែកក្កដានេះយើងមានសិល្បៈបុរាណ របស់សមាគមថែរក្សាមរត៌កខ្មែរនឹងមករាំ របាំបុរាណនិងរបាំប្រពៃណីជូនដល់ទស្សនិកជនក៏ដូចជាភ្ញៀវអាមេរិកកាំងទស្សនា ដើម្បីឱ្យយល់អំពីវប្បធម៌និងប្រពៃណីរបស់ខ្មែរ ហើយយើងក៏មានតន្រ្តីសម័យរបស់ខ្មែរយើងដែរលេងកំដរនៅរាត្រីនោះ”។
រីឯនៅប្រទេសកម្ពុជាវិញ ការប្រារព្ធពិធីអបអរដល់ខួបគម្រប់ឆ្នាំ៦០នេះនឹងមានរយៈពេលមួយសប្តាហ៍ពេញ។
ការបញ្ជាក់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាឱ្យដឹងថា ការរៀបចំពិធីអបអរសាទរនៅប្រទេសកម្ពុជានឹងចាប់ផ្តើមពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ ខែកក្កដានេះ ហើយមានកម្មវិធីសំខាន់ៗដូចជាការប្រគល់ជាផ្លូវការនូវវត្ថុសិល្បៈបុរាណខ្មែរសម័យអង្គរមកឱ្យប្រទេសកម្ពុជាវិញ ការប្រគុំតន្រ្តីនៅសាលចតុមុខដោយក្រុមតន្ត្រីកងនាវាចរសហរដ្ឋអាមេរិក ការដាក់បញ្ចាំងខ្សែភាពយន្តរឿង "ទារកឆ្នាំថ្មី” ដែលនិពន្ធនិងដឹកនាំរឿងដោយស្រ្តីកម្ពុជាម្នាក់ដែលបានកើតនៅតាមជំរុំជនភៀសខ្លួនកម្ពុជា ហើយបានមករស់នៅសហរដ្ឋអាមេរិក ព្រមទាំងមានវេទិកាពិភាក្សាគ្នាដោយអ្នកជំនាញល្បីៗពិនិត្យមើលទំនាក់ទំនងរវាងប្រទេសទាំងពីរផង៕