ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សេដ្ឋកិច្ច៖សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​ឡើង​លើស​​១០%


កម្មករ​កាត់ដេរ​ធ្វើកូដកម្ម​ទាមទារលក្ខខណ្ឌ​ការងារ​ និង​ឡើង​ប្រាក់ខែ។
កម្មករ​កាត់ដេរ​ធ្វើកូដកម្ម​ទាមទារលក្ខខណ្ឌ​ការងារ​ និង​ឡើង​ប្រាក់ខែ។

វ៉ាស៊ីនតោន៖ អ្នក​សេដ្ឋកិច្ច​ទស្សន៍ទាយ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​ឡើង​ខ្លាំង​លើស​ពី​១០​ភាគ​រយ​ក្នុង​ឆ្នាំ​ទៅ​មុខ​ទៀត​ ​ប្រសិន​បើ​កម្ពុជា​មាន​អភិបាលកិច្ច​ល្អ។

ដោយ​មើល​ឃើញ​ពី​សក្តានុពល​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៅ​មុខ​អាច​ កើន​ឡើង​ដល់​ទៅ​១០​ភាគរយ ​ឬ​លើស​ពី​១០​ភាគរយ​ ​អ្នក​សេដ្ឋ​កិច្ច​កម្ពុជា​ម្នាក់​ និយាយ​ថា​ ​កំណើន​សេដ្ឋកិច្ច​នេះ​អាច​សម្រេច​បាន​ ឬ​មិនបាន​គឺ​អាស្រ័យ​ទៅ​លើ​ កត្តា​ជា​ច្រើន​ ​រាប់​ទាំង​អភិបាល​កិច្ច​ល្អ​ផង​ ​នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ លោក​ចាន់ សុផល​ ប្រធាន​សហគមន៍​សេដ្ឋកិច្ច​កម្ពុជា។

«អញ្ចឹង​គឺ​កំណើន​សេដ្ឋកិច្ច​វា​ប្រាកដ​ជា​នឹង​កើន​ជា​លំដាប់។ ​ប្រសិន​បើ​មាន​ការ​កែ​ទម្រង់​អភិបាល​កិច្ច​បានល្អ​ ​យើង​អាច​បាន​កំណើន​មួយ​ខ្ពស់​ ​អាច​លើស​ពី​១០%។ ​ប្រសិន​មាន​ការ​កែ​ទម្រង់​បន្តិច​ម្តងៗ​ យឺតៗ​ ​យើង​អាច​បាន​កំណើន​៦ ​ទៅ៧%​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ការ​បែង​ចែក​ផល​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​នេះ​ ក៏​អាស្រ័យ​ទៅ​តាម​អ្វី​ដែលគេ​ហៅថា​ ​អភិបាល​កិច្ច​នេះ​ដែរ។​ ​ប្រសិន​បើ​សេវា​សាធារណៈ​មាន​ការ​បម្រើ​បាន​(ដល់)​ពលរដ្ឋ​គ្រប់រូប​នោះ​គឺ​យើង​ឃើញ​ថា​ វាមានកំណើន​ ​ទោះ​ជា​មធ្យម​ ​ទោះ​ជា​បង្គួរ​ ​ទោះ​ជា​ច្រើន​ ​គឺ​មាន​ការ​បែងចែក​ដល់​ប្រជា​ពលរដ្ឋ​ច្រើន​គ្នា​ប្រកប​ដោយ​សមធម៌»។

លោក​ចាន់ សុផល​បាន​ពន្យល់​ថា​ ​ការ​បែង​ចែក​កំណើន​សេដ្ឋ​កិច្ច​ ដោយ​សមធម៌​ នេះ​គឺ​មានន័យ​ថា​ ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​ផល​រៀងៗ​ខ្លួន​ទៅ​តាម​ធនធាន​ ​ចំណេះ​ដឹង​ សមត្ថភាពនិង​អភិបាល​កិច្ច​ល្អ​របស់​រដ្ឋាភិបាល។

កំណែ​ទម្រង់​អភិបាល​កិច្ច​ល្អ​ដែល​អ្នក​សេដ្ឋ​កិច្ច​បាន​លើក​យក​មក​អះអាង​នោះ​គឺ​ រាប់​ទាំង​ការ​ទាក់ទាញ​ទុន​វិនិយោគ​ឲ្យ​បាន​ច្រើន​ពី​ក្រៅ​ប្រទេស​ដើម្បី​បង្កើត​ការងារ​ធ្វើ​សម្រាប់​ពលរដ្ឋ​ ​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​វិនិយោគ​ លុប​បំបាត់​ចំណាយ​ក្រោមតុ​ ​ឬ​អំពើ​ពុក​រលួយ​ សម្រួល​ឲ្យ​មាន​សេវា​កម្ម​ ​ប្រេង​ អគ្គិសនី ពន្ធដា​ថោក​ដូច​ប្រទេស​ជិតខាង​ ​បង្កើន​ជំនាញ​ ​បច្ចេក​វិជ្ជា​សម្រាប់​ពលករ​ ​ធានា​ការ​មិនមាន​បញ្ហា​ពេល​ចុះ​បញ្ជី​អនុវត្ត​គម្រោង​វិនិយោគ​ ​ដូច​ជា​បញ្ហា​វិវាទ​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​ជាដើម។

លោក​ចាន់ សុផល​បាន​សង្កត់​ធ្ងន់​ថា​ ភាព​ញាំញី​ដោយ​សង្រ្គាម​ជា​ច្រើន​ទសវត្ស​ បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​សេដ្ឋ​កិច្ច​ទាប​ជាង​ប្រទេស​ក្នុង​តំបន់​ជាច្រើន​ ​ដែល​តម្រូវ​ ឲ្យ​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីក​ចម្រើន​លឿន​ ដូច​កាល​ពី​ចន្លោះ​ឆ្នាំ​ ២០០៥​ដល់​ឆ្នាំ​២០០៨ ​ដែល​កម្ពុជា​កើន​ឡើង​ដល់​ទៅ​ជាង​១០​ភាគរយ។

ជាមួយ​និង​ការ​ពន្យល់​ថា​ ​មិន​ដូច​ជា​តំបន់​អាហ្រ្វិក​ ​លោក​ចាន់ សុផល​បាន​អះអាង​ថា​ ​កម្ពុជា​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​ពិសេស​ដែល​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប្រទេស​ចិន​ ​មាន​វិនិយោគ​ច្រើន​ពី​ប្រទេស​វៀត ​ណាម ​និង​មាន​ទីផ្សារ​ស.រ.អ. ​និង​អឺរ៉ុប​ផង។​ ហើយ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​បាន​បោះបង់​ចោល​ការ​វិនិយោគ​លើ​វិស័យ​វាយណ​ភណ្ឌ​ ឬ ​វិស័យ​កាត់ដេរគឺ​ដោយសារ​ប្រទេស​គេ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​នោះ​ហើយ​ដែល​ជា​កត្តា​ជួយ​ឲ្យ​កម្ពុជា​នៅ​បន្ត​វិស័យនេះ​ទៅមុខ​ទៀត​ ដើម្បី​ទ្រទ្រង់​ សេដ្ឋ​កិច្ច​ជាតិ​របស់​ខ្លួន។

«ដោយសារ​តែ​មាន​ការ​ប្រកួត​ប្រជែង​នៅ​លើ​ពិភព​លោក​ទាំងមូល​ខ្លាំង​ គឺ​អត្រា​ ប្រាក់​បៀវត្ស​ ​កម្រិត​ប្រាក់​បៀវត្ស​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ដែល​ផលិត​ សម្លៀក​បំពាក់​នេះ​ គឺ​មាន​កម្រិត​ទាប។​ អញ្ចឹង​ប្រជា​ពលរដ្ឋ​គេ​ដែល​មាន​ជីវភាព​ ធូរធា​ហើយ​ ​គេ​មិន​ចង់​ធ្វើ​ទេ​ ​ការងារដូចជា​កម្មករ​រោងចក្រ​យើង​បច្ចុប្បន្ន​ដែល​ប្រាក់​បៀវត្ស​គាត់​នៅ​មាន​កម្រិត​ទាប»។

លោក​ជា មុន្នី​ ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ​បាន​អះអាង​ថា​ ​លោក​សង្កេត​ឃើញ​វិស័យ​កាត់ដេរ​មាន​ការ​មមាញឹក​ច្រើន​ជាង​មុន​ ក្នុង​ការ​ផលិត​ប៉ុន្មាន​ខែ​មក​នេះ​ ដោយសារ​តាម​រោងចក្រ​ខ្លះ​ ​កម្មករ​តម្រូវ​ឲ្យ​ធ្វើការ​ ​ទាំង​យប់​ ​ទាំង​ថ្ងៃ។​ លោក​មុន្នី​ថ្លែង​ថា​ ​វិស័យ​វាយណភ័ណ្ឌ​ ដែល​ជា​វិស័យ​សំខាន់​មួយ​សម្រាប់​ទ្រង់​សេដ្ឋ​កិច្ច​កម្ពុជា​នោះ​ ​មាន​ការ​បញ្ជា​ទិញ​ច្រើន​នៅ​ឆ្នាំ​នេះ​ ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុនៗ។

មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ក្តី​សង្ឃឹម​ពី​កំណើន​សេដ្ឋ​កិច្ច​ ​ផលិតផល​សរុប​ក្នុង​ស្រុក​ជា​បន្តរ​បន្ទាប់​ដែរ​សម្រាប់​ឆ្នាំ​ខាង​មុខៗ​ ដោយសារ​តែ​មាន​សន្ទុះ​ឡើងវិញ​នៃ​កំណើន​នាំចេញ​ផ្នែក​វាយណ​ភ័ណ្ឌ​ទៅ​កាន់​ទីផ្សារ​ស.រ.អ.​ និង​ទីផ្សារ​អឺរ៉ុប​ ​គឺកើន​ឡើង​២១​ភាគរយ​ក្នុង​រយៈ​ពេល​៩ឬ១០​ខែ​ដើម​ឆ្នាំ​ និង​កំណើន​ភ្ញៀវ​ទេសចរណ៍​ចំនួន​១៥​ភាគរយ​ ​ភាគ​ច្រើន​មក​ពី​តំបន់​អាស៊ី​ ​ហើយ​និង​កំណើន​នាំចេញ​ផ្នែកកសិកម្ម​កើន​ឡើង​៥​ភាគរយ​ ​នេះ​បើ​តាមការ​អះអាង​របស់​លោក ​ហង្ស ​ជួនណារ៉ុន​ រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​ថ្លែង​ប្រាប់​ VOA ​ផ្នែក​ខេមរៈភាសា​ កាល​ពី​សប្តាហ៍​មុន។

«កត្តា​ទាំង​អស់នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ​ដែល​ពិភព​លោក​បាន​ឆ្លង​កាត់​ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ​លោក​ហង្ស ​ជួនណារ៉ុន​បាន​យល់​ស្រប​តាម​ការទស្សន៍​ទាយរបស់​អង្គការ​រូបិយ​វត្ថុ​អន្តរជាតិ​ IMF​ អំពី​កំណើន​សេដ្ឋ​កិច្ច ​ដែល​បាន​ ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ត្រឹមតែ​៦​ទៅ​៧​ភាគ​រយ​ប៉ុណ្ណោះ​ ​នៅឆ្នាំ​២០១១​ខាង​មុខ​ ​បន្ទាប់ពី​ត្រូវ​ប៉ះទង្គិច​ដោយ​ វិបត្តិ​សេដ្ឋ​កិច្ច​ក្នុង​ពិភព​លោក៕

XS
SM
MD
LG