លោកតាយ ប៊ុនសងមិនដែលឆ្លងកាត់វគ្គសិក្សា ឬមានជំនាញខាងសិល្បៈអ្វីទេ មុនពេលដែលលោកបង្កើតក្រុមរបាំត្រុដិមួយក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ២០០៤។ លោកបានបង្កើតក្រុមរបាំនេះឡើងដោយសារតែទឹកចិត្តស្រឡាញ់សិល្បៈនិងមានគំនិតជួយអភិរក្សរបាំខ្មែរ។
លោកប៊ុនសងបញ្ជាក់ថា លោកបានធ្វើការស្រាវជ្រាវផ្សេងៗដោយខិតខំស្វែងរកសៀវភៅឯកសារនិងវីដេអូនានាទាក់ទងនឹងរបាំត្រុដិនេះដើម្បីស្វែងយល់ពីតួអង្គផ្សេងៗក្នុងក្រុម ត្រូវសម្តែងដូចម្តេច ដូចជាតួប្រើស គោព្រៃ និងព្រានព្រៃ ជាដើម។
«ខ្ញុំមានកំណើតកើតជានៅបាត់ដំបង ដូច្នោះការសម្តែងបានធ្វើឱ្យខ្ញុំចាំនៅក្នុងខួរក្បាលតាំងពីតូចៗមក ដោយខ្ញុំចេះតែរត់លេងតាមមើលគេសម្តែងហ្នឹងរហូតបានជាចេះចាំមក។ ហើយជាភ័ព្វសំណាងល្អខ្ញុំបានទិញឌីវីឌី បានខ្ញុំមើលផ្សែផ្សំ តាមឌីវីឌីផង ខ្ញុំស្រាវជ្រាវឯកសារទាំងនោះផង»។
ជារៀងរាល់ថ្ងៃសៅរ៍ លោកប៊ុនសង និងសមាជិកផ្សេងៗក្នុងសមាគមសិល្បៈនិងវប្បធម៌ខ្មែររបស់លោកធ្វើការបង្ហាត់បង្រៀនសិស្សរបាំក្មេងៗដែលជាអ្នកស្ម័គ្រចិត្តមកពីសាលារៀននានានៅក្នុងក្រុងឡុងប៊ិចនេះ។ សិស្សរបាំមកជុំគ្នាដំកងក្នុងសាលវប្បធម៌ Homeland Cultural Center នៅតាមបណ្តោយផ្លូវ អាណាហែម ទីដែលគេប្រសិទ្ធនាមហៅថា ក្រុងខ្មែរ ឬ Cambodia Town ដើម្បីហាត់សមដោយចាក់ភ្លេងរបាំត្រុដិ។
កញ្ញាប្រេនដឹន ម៉ន ដែលបានបញ្ចប់ការហាត់នៅកន្លែងនេះ ហើយដែលកំពុងស្ម័គ្រចិត្តជួយបង្ហាត់បង្ហាញក្មេងៗ បាននិយាយបន្តទៀតថា៖
«ខ្ញុំចង់ឱ្យកូនខ្មែរជំនាន់នេះជួយរក្សានិងថែរក្សាវប្បធម៌យើងផង។ កូនខ្មែរឥឡូវ ដូចជាមិនចង់រៀនខ្មែរ មិនចង់រៀនពីវប្បធម៌ មិនចង់រៀនពីប្រវត្តិសាស្រ្ត ព្រោះការណ៍ពិតទៅនៅឡុងប៊ិចនេះ បើយើងមិនអប់រំ ឬមិនខំរៀនពីវប្បធម៌និងប្រវត្តិសាស្រ្តអីទេ វានឹងរលាយបាត់។ ហើយខ្ញុំចង់ឱ្យក្មេងៗរៀនខាងហ្នឹងដែរ កុំឱ្យវារលាយសូន្យ។ បើវារលាយសូន្យ យើងមិនអាចយកវាមកវិញបានទេ»។
ការប្រឈមមុខដ៏ធំមួយដែលលោកប៊ុនសងជួបប្រទះនោះគឺការស្វែងរកអ្នកចូលហាត់ថ្មី ក្រោយពីសិស្សមួយចំនួនបានបញ្ចប់ការសិក្សា។
«ពីមួយឆ្នាំទៅមួយឆ្នាំ ព្រួយធំជាងគេគឺរឿងរើសមនុស្សមកលេង ព្រោះអីមួយឆ្នាំផុតទៅ គេកន្លងផុតទៅបាត់ ទៅរើសថ្មីមកទៀត។ មួយឆ្នាំទៀត រើសថ្មីមកទៀត។ ដូច្នោះហើយបញ្ហាហ្នឹងគឺជាបញ្ហាមួយដែលចោទក្នុងខួរក្បាលខ្ញុំ។ ក៏ប៉ុន្តែឆ្នាំនេះ ខ្ញុំមានជំនឿថា ឆ្នាំនេះក្មេងទាំងនេះអាចនឹងឈរនៅ កន្លែងរបាំនេះបានយ៉ាងអន់ណាស់ក៏ពីរបីឆ្នាំទៅមុខទៀត ទម្រាំគ្នាចេញពីវិទ្យាល័យនេះទៅ»។
លោកក៏បានសម្រេចជ្រើសរើសសិស្សដែលមិនមានដើមកំណើតខ្មែរឱ្យចូលហាត់រៀន និងជួយបង្រៀនអក្សរខ្មែរដល់សិស្សរបាំទាំងអស់ផងដែរ។
ក្រោយពីការហាត់សម Andrea William ជាអ្នកដើរតួប្រើស បានបញ្ជាក់ដោយទឹកមុខញញឹមថា គេពេញចិត្តនឹងតួប្រើសនេះ បើទោះបីជានៅក្នុងសាច់រឿង ប្រើសនេះមានវាសនាអភ័ព្វក្តី៖
«សត្វប្រើសចូលមកក្នុងភូមិ។ សត្វនោះនាំសំណាងអាក្រក់ ដូច្នេះហើយអ្នកភូមិទាំងនោះនាំគ្នាមកសម្លាប់សត្វប្រើសដើម្បីបណ្តេញសំណាងអាក្រក់និងនាំសំណាងល្អមកវិញ»។
យោងតាមឯកសារនានាបញ្ជាក់ថា របាំត្រុដិត្រូវគេសម្តែងដើម្បីផ្តាច់ឆ្នាំចាស់និងសុំសេរីសួស្តីក្នុងឆ្នាំថ្មី។ គេសម្តែងរបាំនេះភាគច្រើនក្នុងឱកាសចូលឆ្នាំខ្មែរ។ ប៉ុន្តែគេក៏ឃើញមានការសម្តែងរបាំត្រុដិនេះដើម្បីរៃអង្គាសបច្ច័យយកមកទ្រទ្រង់វត្តអារ៉ាម បណ្តេញឧបទ្រពចង្រៃ ឬក៏សុំទឹកភ្លៀងជាដើម។
ក្រុមរបាំនៃសមាគមសិល្បៈនិងវប្បធម៌ខ្មែរមិនសូមវមានឱកាសសម្តែងបានច្រើនទេក្នុងមួយឆ្នាំគឺអាចសម្តែងភាគច្រើននៅតាមវត្ត ដែលមានតែពីរប៉ុណ្ណោះនៅក្បែរទីក្រុងឡុងប៊ិច និងមានការដើរព្យុះហយាត្រាដែលរៀបចំប្រចាំឆ្នាំក្នុងក្រុងខ្មែរតែប៉ុណ្ណោះ។ ម្តងម្កាលក៏មានការសម្តែងនៅតាមកម្មវិធីវប្បធម៌ខ្មែរជាមួយនឹងក្រុមរបាំផ្សេងៗទៀត។
លោកឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌នៃប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក ក្នុងខណៈពេលដែលលោកធ្វើដំណើរមកសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះដោយលើកសរសើរពលរដ្ឋខ្មែរអាមេរិកាំង ដែលនៅព្យាយាមរក្សាអត្តសញ្ញាណនិងវប្បធម៌របស់ជាតិហើយក្រសួងតែងតែនាំយកឯកសារស្រាវជ្រាវផ្សេងៗពីក្នុងប្រទេសមកចែកដល់សមាគមមួយចំនួនដែលនៅខ្វះខាតចំណេះដឹងពីវប្បធម៌។
លោកឃឹម សារិទ្ធបានបញ្ជាក់បន្ថែមថា៖
«អ្នកដែលធ្វើការងារវប្បធម៌អស់នេះសុទ្ធតែមានបេះដូងជាខ្មែរសុទ្ធសាធ ពីព្រោះ អ្នកធ្វើនេះមិនមានផលចំណេញបានលុយទេ។ ខ្ញុំដឹងពិតប្រាកដថា ទោះបីជាយ៉ាងម៉េចក៏អត់បានលុយដែរ។ គាត់គ្រាន់តែមានកេរ្តិ៍ឈ្មោះ គេទទួលស្គាល់គាត់ថា ជាខ្មែរម្នាក់មករស់នៅស្រុកគេហើយនៅតែមានបេះដូងជាខ្មែរ នៅតែមានឈាមជ័រជាខ្មែរ។ ឲ្យគាត់អត់បានផលចំណេញគឺអត់ទេ។ ដូច្នេះក្រសួងវប្បធម៌នឹងគាំទ្រជានិច្ច»។
លោកតាយ ប៊ុនសងនិងក្រុមរបស់លោកត្រូវចំណាយថវិកាផ្ទាល់ខ្លួនដើម្បីជួយឱ្យការបង្រៀនរបាំនេះដំណើរការទៅមុខជានិច្ច។ ប៉ុន្តែអ្វីដែលគេទទួលបានមកវិញគឺការថែរក្សាសិល្បៈរបស់ខ្មែរនៅលើទឹកដីអាមេរិកសម្រាប់ក្មេងៗស្រករក្រោយ៕