ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានបញ្ចប់ការសាកសួរជនជាតិថៃប្រាំពីរនាក់ដែលត្រូវបានចោទប្រកាន់អំពីការឆ្លងដែនចូលក្នុងទឹកដីខ្មែរដោយខុសច្បាប់និងចូលទីលានយោធាដោយបំណងទុច្ចរិត។ ប៉ុន្តែសមាជិកសភាថៃដែលជាប់ចោទបាននិយាយថា ការឆ្លងចូលក្នុងទឹកដីកម្ពុជានេះគ្មានចេតនាទេ។ បើតុលាការរកឃើញទោសកំហុសដូចការចោទប្រកាន់មែននោះ ជនជាតិថៃទាំងប្រាំពីរនាក់នេះនឹងត្រូវជាប់ពន្ធនាគារចំនួន១៨ខែ។
លោក Panich Vikitsreth សមាជិកសភាគណបក្សប្រជាធិបតេយ្យថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកនិងជនជាតិថៃប្រាំមួយនាក់ទៀតបានឆ្លងចូលក្នុងទឹកដីកម្ពុជាដោយឧប្បត្តិហេតុ ឬដោយអចេតនា ដោយសារតែគ្មានឆ្មាំការពារព្រំដែន។
តុលាការក្រុងភ្នំពេញបានបើកសាកសួរលោក Panich Vikitsreth សមាជិកសភាគណបក្សប្រជាធិប តេយ្យ និងជនជាតិថៃប្រាំមួយនាក់ដែលត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់រឿងឆ្លងចូលទឹកដីកម្ពុជា ដោយខុសច្បាប់និងចូលទីលានយោធាដោយបំណងទុច្ចរិតនៅក្នុងខេត្តបន្ទាយមានជ័យរបស់ប្រទេស កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ។
សាច់ញាត្តិជនជាប់ចោទថៃ ក្រុមអ្នករាយការណ៍ព័ត៌មាន និងមន្ត្រីស្ថានទូតថៃមិនត្រូវបានអនុញ្ញាតឱ្យ ចូលទៅក្នុងបន្ទប់តុលាការទេ។
ជនជាតិថៃប្រាំពីរនាក់ត្រូវបានចោទប្រកាន់អំពីការឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់ និងចូលទី លានយោធាដោយបំណងទុច្ចរិតនៅក្នុងខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជាជាប់ព្រំដែនជាមួយ ខេត្តស្រះកែវរបស់ប្រទេសថៃ។
លោករស់ អូន មេធាវីការពារក្តីសម្រាប់លោក Panich និងជនជាតិថៃពីរនាក់ទៀត បានថ្លែងប្រាប់ VOA ថា លោក Panich Vikitsreth បានថ្លែងប្រាប់ចៅក្រមស៊ើបសួរថា លោកគ្មានបំណងឆ្លងចូលក្នុងទឹកដី កម្ពុជាទេ។ ប៉ុន្តែប្រជាពលរដ្ឋថៃបានអះអាងថា តំបន់ដែលលោក និងជនជាតិថៃប្រាំមួយនាក់ទៀតបានឆ្លងចូលមកនោះ គឺជាទឹកដីរបស់ប្រទេសថៃ។
«តាមចម្លើយរបស់គាត់ (លោក Panich) គាត់គ្មានចេតនាចូលទឹកដីខ្មែរទេ។ គាត់មកនេះតាមសំណូម ពររបស់ប្រជាពលរដ្ឋក្នុងនាម ជាតំណាងរាស្ត្រ (ដើម្បីពិនិត្យមើលតំបន់ជម្លោះព្រំដែន)។ គាត់បានដើរ ចូលមកក្នុងទឹកដីខ្មែរដោយអះអាងថា គ្មានអ្នកយាម។ គាត់ដើរចូលមក ចេះតែលុងៗទៅ ចូលដល់ទឹកដីខ្មែរ»។
បន្ទាប់ពីការសាកសួររួច លោក Panich Vikitsreth សមាជិកសភាគណបក្សប្រជាធិបតេយ្យរបស់លោក នាយករដ្ឋមន្ត្រី Abhisit Vejjajiva និងជនជាតិថៃប្រាំមួយនាក់ទៀត ត្រូវបានដឹកទៅកាន់ពន្ធនាគារ ព្រៃសនៅល្ងាចនេះ។ លោកមេធាវីរស់ អូនបានបញ្ជាក់ថា លោកនឹងមិនទាន់រៀបចំសំណើសុំនៅក្រៅឃុំសម្រាប់កូនក្តីរបស់លោកបញ្ចូនទៅតុលាការនៅឡើយទេ ពីព្រោះលោកមិនទាន់មានពេលសរសេរសំណើនេះទេ។
«ទោសរបស់កូនក្តីរបស់ខ្ញុំជាបទល្មើសមជ្ឈឹម។ អញ្ចឹង ខ្ញុំមានសិទ្ធិពេញទីក្នុងនាមខ្ញុំជាមេធាវីការពារ សិទ្ធិដើម្បីស្នើសុំនៅក្រៅឃុំគ្រប់ពេលវេលា»។
បើតុលាការរកឃើញទោសកំហុសរបស់ពួកគេដូចការចោទប្រកាន់អំពីការឆ្លងចូលទឹកដីកម្ពុជាដោយ ខុសច្បាប់ និងចូលទីលានយោធាដោយបំណងទុច្ចរិតមែននោះ នោះជនជាតិថៃទាំងប្រាំពីរនាក់ដែលរួមមានសមាជិកសភាគណបក្សប្រជាធិបតេយ្យ Panich និងលោក Veera Somkwamkid មេដឹកនាំ ចលនានយោបាយអាវលឿងត្រូវប្រឈមនឹងការជាប់ពន្ធនាគារចំនួន១៨ខែ៕