ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​ថៃ៧នាក់​រូម​មាន​តំណាងរាស្រ្ត​ម្នាក់​ពីបទឆ្លងដែនខុសច្បាប់


ជនជាតិ​ថៃ​​ឆ្លងដែន​ខុស​ច្បាប់​ត្រូវ​តុលាការ​ចោទ​ប្រកាន់។​
ជនជាតិ​ថៃ​​ឆ្លងដែន​ខុស​ច្បាប់​ត្រូវ​តុលាការ​ចោទ​ប្រកាន់។​

ភ្នំពេញ៖ តុលាការ​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​សមាជិក​សភា​ថៃ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ គឺលោក ប៉ានីច វីគិតស្រេត​(Panich Vikitsreth) ​និ​ងសកម្មជន​ចលនា​នយោបាយ​អាវលឿង​ថៃ​ចំនួន​ប្រាំមួយ​នាក់​នៅ​ថ្ងៃព្រហស្បត៍​នេះ​ពី​បទ​ឆ្លងចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​និង​ចូល​ទីលាន​យោធា​ដោយ​ទុច្ចរិត​នៅ​ក្នុង​ខេត្តបន្ទាយ​មានជ័យ។

កងទ័ព​កម្ពុជា​នៅ​ស្រុក​អូរជ្រៅ​នៃ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ​ប្រាំពីរ​នាក់​ដែល​រួម មាន​សមាជិក​សភា​ថៃ​លោកប៉ានីច វីគិតស្រេត ​និង​លោក​វីរ៉ា ស៊ុមក្វាមគីត​(Veera Somkwamkit) ​ប្រធាន​ចលនា​នយោបាយ​អាវលឿង​កាលពី​ថ្ងៃ​ពុធ​នៅ​ពេល​ពួកគេ​បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់។

លោក​សុខ រឿន​ ព្រះរាជ​អាជ្ញា​អម​តុលាការ​ក្រុងភ្នំពេញ​បាន​ថ្លែងប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​ប្រាំពីរនាក់​គឺ​មាន​ស្ត្រី​ពីរ​នាក់ហើយ​លោក​បាន​បញ្ជាក់​ថា​បើ​តុលាការ​រកឃើញ​ទោស​កំហុស​ដូចការ​ចោទប្រកាន់​មែន​នោះជនជាតិ​ថៃ​ទាំង​ប្រាំពីរ​នាក់​នេះ​នឹងត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគា​រពីបី​ខែ​ដល់​ប្រាំមួយ​ខែ​ចំពោះ​ការឆ្លង​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​តាម​មាត្រា២៩​ច្បាប់​អន្តោប្រវេសន៍​និង​ជាប់​ពន្ធនាគារ​ពីប្រាំមួយ​ខែ​ដល់​មួយឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២៥០​ដុល្លារ​អាមេរិក​ដល់​៥០០​ដុល្លារ​អាមេរិក​ចំពោះ​ការចូល​ទីលាន​យោធា​ដោយ​ទុច្ចរិត ​តាម​មាត្រា​៤៧៣​នៃ​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី។

មន្ត្រី​ប៉ូលីស​និង​តុលាការ​បាន​និយាយ​ថា​ជនជាតិ​ថៃ​ទាំងប្រាំ​ពីរនាក់​នេះ​ត្រូវ​បាន​ឃុំឃាំង​នៅ​ពន្ធនា​គារ​ព្រៃស។

លោក​ហោ ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ បាន​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ក្រោយ ពី​ជំនួប​ជាមួយ​សមភាគី​ថៃ​លោក​កាសិត ភីរម្យ (Kasit Pirumya) ​នៅ​ទីស្តីការ​ក្រសួង​ការបរទេស​ថា​ជន​ជាតិ​ថៃ​ប្រាំពីរ​នាក់​នេះ​បាន​ចូលមក​ដល់​ភូមិ​ជោគជ័យ​ដែល​មាន​ចម្ងាយ​៥០០ម៉ែត្រ​ពី​ព្រំដែន​ហើយ​បញ្ហានេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ជា​បណ្តើរៗ។

«អ្នកទាំង​ប្រាំពីរនាក់​នេះ ​មិនមែន​វង្វេង​ផ្លូវ​ដោយ​មិនស្គាល់​ព្រំដែនទេ។ ពួកគេ​មាន​ចេតនា​ចូលមក​ ដល់​ភូមិ​កម្ពុជា។ ខ្ញុំ​បាន​ជម្រាប​ឯកឧត្តមកាសិត​ថា​ឥឡូវ​បញ្ហា​បាន​ធ្លាក់​នៅ​ក្នុង​កណ្តាប់ដៃ​របស់​តុលាការ។ ​(យើង)​ទុក​ឱ្យ​នីតិ​វិធី​តាម​ផ្លូវច្បាប់​ដំណើរការ​ទៅ។ អត់មាន​បញ្ហា​ដោះលែង​ទេ​ទុក​ឱ្យ​បញ្ហានីតិវិធី​តុលាការ​ដំណើរការ​តាម​ធម្មតា។ យើងខ្ញុំ​ទាំងពីរ​បាន​ឯកភាព​ថា​បញ្ហា​នេះ​មិនត្រូវ​ធ្វើឱ្យ​ប៉ះពាល់​ដល់​បញ្ហា​ផ្សេងទៀត​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ»។

លោកកាសិត ភីរម្យ​ រដ្ឋមន្ត្រី​ការបរទេស​ថៃ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ក្រោយពី​ ជំនួប​ជាមួយ​សមភាគី​កម្ពុជា​លោក​ហោ ណាំហុង ថា ​លោក​បាន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​នេះ​ ដើម្បី​ស្តាប់​ការពិត​នៃ​ការចាប់ខ្លួន​ជនជាតិ​ថៃ​ប្រាំពីរ​នាក់នោះ។

«នៅពេល​នេះ​ យើងខ្ញុំ​ក៏គោរព​ដំណើរការ​យុត្តិធម៌​របស់​កម្ពុជា។ យើងខ្ញុំ​សូម​សំណូមពរ​ចំពោះ​រដ្ឋា ភិបាល​កម្ពុជា​ ដើម្បី​ធ្វើឱ្យ​ដំណើរការ​នេះ​ប្រព្រឹត្ត​ឱ្យ​បាន​ចប់​យ៉ាង​ឆាប់រហ័ស»។

លោកកាសិត​ ភីរម្យ ​បាន​បញ្ជាក់ថា ​ទោះបី​ជា​មាន​បញ្ហា​នេះ​បាន​កើតឡើង​ក៏ដោយ​ ក៏ជម្លោះ​ប្រដាប់​ អាវុធ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​នឹង​មិនអាច​កើតឡើង​ទេ​ពីព្រោះ​យើង​មាន​នយោបាយ​ច្បាស់ លាស់៕

XS
SM
MD
LG