កាលពី១០ឆ្នាំមុន ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពទុគ៌ត។ ការដាច់ចរន្តអគ្គីសនីបានកើតឡើងជាញឹកញាប់។ ភ្លៀងធ្លាក់ខ្លាំងនិងបណ្តាញទូរគមនាគមន៍អន់ថយ បានពន្យឺតដំណើរការពាណិជ្ជកម្ម និងកំណត់ព្រំដែនដល់ទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ។ ប៉ុន្តែ នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ផ្លូវថ្មីៗនិងអគារខ្ពស់ៗបានផ្លាស់ប្តូរទេសភាពនៃទីក្រុងនេះ។ ហើយនៅក្នុងខែនេះ ទីផ្សារមូលប័ត្រឬទីផ្សារលក់ប័ណ្ណភាគហ៊ុន (stock exchange) ដំបូងបង្អស់របស់ប្រទេសនេះ និងរោងកុនដ៏ធំមួយដែលមានច្រើនបន្ទប់ បានចាប់ដំណើរការ។ ទំនើបភាវូបនីយកម្មបែបនេះ កំពុងតែផ្លាស់ប្តូរមុខមាត់របស់រាជធានីរបស់កម្ពុជា។
រាជធានីភ្នំពេញមានរោងកុនដែលមានដំណើរការជាច្រើនកន្លែង ដែលមានប្រវត្តិតាំងពីទសវត្សរ៍១៩៥០មក ប៉ុន្តែ រោងកុនទាំងនោះច្រើនតែបញ្ចាំងខ្សែភាពយន្តមួយចំនួនតូចដែលផលិតក្នុងស្រុក ឬភាពយន្តបកប្រែភាសាដែលនាំចូលមកពីប្រទេសថៃ។ ឌីវីឌី (DVD) ដែលលួចចម្លង បានកាត់បន្ថយអាជីវកម្មរបស់ពួកគេ ដោយសារប្រជាពលរដ្ឋអាចមើលកុននៅឯផ្ទះបាន។
រហូតមកដល់ខែកក្កដានេះ វិធីតែមួយគត់ដែលអាចមើលភាពយន្តហូលីវូដ (Hollywood) ដ៏ល្បីល្បាញនិងដែលផលិតថ្មីៗបំផុតនៅក្នុងរោងកុនមួយ គឺត្រូវជិះយន្តហោះទៅប្រទេសថៃឬប្រទេសវៀតណាម។
ប៉ុន្តែ ឥឡូវនេះ ដោយចំណាយតែ៦ដុល្លារសហរដ្ឋអាមេរិក គេអាចធ្វើដំណើរទៅកាន់រោងកុនថ្មី ឈ្មោះលីជិនដ៍ (Legend) ដែលមានម៉ាស៊ីនត្រជាក់និងផ្ទាំងបញ្ចាំងបី ដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ចាប់យកពោតលីងមួយកញ្ចប់ ហើយអង្គុយមើលរឿង 'កុងហ៊្វូ ផាន់ដា ទី២' (Kung-Fu Panda 2) នៅលើផ្ទាំងបញ្ចាំងប្រភេទ ទ្រីឌី (3-D)។
ម៉ៃឃើល ចៃ (Michael Chai) ដែលជានាយកនៃបណ្តាញ វែសតិក (WesTec) ដែលបានសង់រោងកុននេះ មានបំណងចាប់យកទីផ្សារយុវជនកម្ពុជាវ័យក្មេង ដែលមានការយល់ដឹងអំពីអ៊ីនធឺណិត។
«ឧទាហរណ៍ ប្រសិនបើខ្ញុំពិនិត្យមើលគេហទំព័រហ្វេសប៊ុគ (Facebook) ខ្ញុំបានពិនិត្យមើលទៅលើតួរលេខ៖ នៅក្នុងខែឧសភា ឆ្នាំ២០១០ មានមនុស្សប្រមាណតែ៥ម៉ឺននាក់ប៉ុណ្ណោះនៅក្នុងគេហទំព័រ ហ្វេសប៊ុគ។ នៅខែឧសភា ឆ្នាំ២០១១ យើងមានស្ទើរតែ៤សែននាក់។ ដូច្នេះ គ្រាន់តែតួរលេខនេះតែមួយ ប្រភេទនៃការរីកចំរើនបែបនេះ បានបង្ហាញយ៉ាងច្រើនរួចទៅហើយ។ ហើយភាគច្រើននៃពួកគេនៅលើគេហទំព័រ ហ្វេសប៊ុគ ធ្វើទំនាក់ទំនងជាមួយគ្នាជាភាសាអង់គ្លេស»។
ទោះបីជាប្រជាពលរដ្ឋកម្ពុជាភាគច្រើន ត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីសន្សំលុយសម្រាប់ទិញសំបុត្រដែលមានតម្លៃ៦ដុល្លារក៏ដោយ ក៏ម្ចាស់រោងកុនបានអះអាងថា ប្រជាពលរដ្ឋវណ្ណៈកណ្តាលដែលកំពុងតែកើនឡើង នឹងក្លាយទៅជាអតិថិជនជាទៀងទាត់។
ព្រហ្ម សីលា (Prum Seila) អ្នកធ្វើការនៅក្នុងការិល័យម្នាក់ដែលមានវ័យ២៤ឆ្នាំ គឺស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋគោលដៅរបស់លោក ចៃ (Chai)។ ទើបតែពីរបីសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរោងកុនបានបើកទ្វារ សីលា (Seila) បានមកទស្សនាចំនួនពីរដងរួចទៅហើយ។
«ខ្ញុំទៅទីនោះ ដើម្បីទៅមើលរឿង ‘ទ្រែនស្វ៊មម័រទី៣ (Transformer 3)។ ហើយខ្ញុំមិនដែលឃើញភាពយន្តប្រភេទ (3-D) ទេ នៅក្នុងមួយជីវិតរបស់ខ្ញុំ។ ខ្ញុំទើបតែបានឃើញរឿង ‘ទ្រែនស្វ៊មម័រទី៣’ ហើយខ្ញុំដឹងថា នៅក្នុងរឿង ‘ទ្រែនស្វ៊មម័រទី៣’ មានឈុតមួយដែលបានថតនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ យើងគួរតែទៅមើលរឿងនេះ។ ហើយនេះគឺជារបៀបមួយនៃការគាំទ្របែបនេះ នៅក្នុងប្រទេសកម្ពុជា»។
ការរីកលូតលាស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបានជម្រុញមួយផ្នែកដោយសាររោងចក្រសម្លៀកបំពាក់ ដែលជាសសរសេដ្ឋកិច្ចមួយនៅក្នុងប្រទេសកម្ពុជា។ រោងចក្រទាំងនេះមានទីតាំងនៅជុំវិញរាជធានី ដែលបានទាក់ទាញកម្មករវ័យក្មេងជាច្រើនមកកាន់ទីក្រុង។
ការងារទាំងនេះនិងបច្ចេកវិជ្ជាថ្មី បានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ការស្ទង់មិតថ្មីៗមួយបានបង្ហាញថា ជាង៩០ភាគរយនៃយុវជនវ័យក្មេងកម្ពុជា មានលទ្ធភាពប្រើប្រាស់ទូរស័ព្ទចល័ត។ ការប្រើប្រាស់អ៊ីនធឺណិត ទោះបីជានៅទាបយ៉ាងណាក្តី បានកើនឡើងទ្វេដងនៅក្នុងមួយឆ្នាំ ទៅ៦ភាគរយ។
ព្រហ្ម សីលា (Prum Seila) អ្នកចូលចិត្តមើលកុនជាញឹកញយ បានធំដឹងក្តីនៅក្នុងរាជធានី។ គេនិយាយថា គេនិងមិត្តភក្តិរបស់គេឥឡូវនេះ បានចំណាយពេលទំនេររបស់ពួកគេ នៅក្នុងទីកន្លែងហូបអាហារ ហាងកាហ្វេថ្មីៗនិងស្អាតៗជាច្រើន និងកន្លែងកម្សាន្តដែលមានឈ្មោះដូចជា កោះពេជ្យ (Diamond Island) និងដែនដីសុបិន្ត (Dreamland) ដែលនៅទីនោះអ្នកអាចច្រៀងខារ៉ាអូខេបាន។
សីលា និយាយថា ការដើរទិញទំនិញគឺកំពុងពេញនិយម។
«ប្រជាពលរដ្ឋដូចជារូបខ្ញុំ ពួកគេមានការងារធ្វើ ពួកគេមានលុយ។ ពួកគេសន្សំលុយដើម្បីទិញរបស់របរដែលមានកេរ្តិ៍ឈ្មោះនិងថ្លៃៗ ដូចជាទូរស័ព្ទម៉ាក អាពពុល (Apple) និង អាយហ្វូន (iPhone)។ ក្មេងស្រីមួយចំនួនបានព្យាយាមទិញសម្លៀកបំពាក់តាមអ៊ីនធឺណិតនិងពីគេហទំព័រ ហ្វេសប៊ុគ»។
នៅក្នុងខែកក្កដា ក្រុមមន្រ្តីរដ្ឋាភិបាលបានបើកទីផ្សារមូលបត្រដំបូងបង្អស់របស់ប្រទេសកម្ពុជា។ ទោះបីជាមិនទាន់មានក្រុមហ៊ុនណាបានចុះបញ្ជីនៅឡើយក៏ដោយ ក៏រដ្ឋាភិបាលនិយាយថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋចំនួនបី នឹងធ្វើការចុះបញ្ជីនៅចុងឆ្នាំនេះ។ ក្រុមហ៊ុនផ្សេងៗទៀតត្រូវបានរំពឹងថា នឹងអនុវត្តតាម។
ស្វីវវិន ហិកហ្គិនស៍ (Stephen Higgins) ជាអ្នកដឹកនាំធនាគារ អេ-អិន-ហ្សិត រ៉ូយ៉ាល់ (ANZ Royal) ដែលជាសហការអាជីវកម្មរួមមួយ រវាងធនាគារដ៏ធំនៅក្នុងប្រទេស អូស្ត្រាលី (Australia) និងក្រុមហ៊ុនកម្ពុជាមួយ។
«នៅក្នុងគោលដៅយូរអង្វែង ទីផ្សារមូលបត្រនឹងជាភាពវិជ្ជមានមួយសម្រាប់កម្ពុជា។ វានឹងជួយរៃអង្គាសថវិកាសម្រាប់ការអភិវឌ្ឍន៍។ វាផ្តល់មធ្យោបាយសម្រាប់ក្រុមហ៊ុនវិនិយោគឯកជន ដើម្បីដកការវិនិយោគទាំងឡាយរបស់ខ្លួនចេញ ដែលមានសារៈសំខាន់ណាស់សម្រាប់ពួកគេ នៅពេលដែលពួកគេបានសម្រេចចិត្តធ្វើការវិនិយោគពីដំបូង។ ប៉ុន្តែ រឿងទាំងនេះនឹងត្រូវការពេលវេលា។ អ្នកទាំងឡាយណាដែលមានការប្រមើលមើលរយៈពេលខ្លីជាមួយទីផ្សារមូលបត្រ ពួកគេនឹងមានការខកចិត្ត»។
កាលពី១០ឆ្នាំមុន មានធនាគារតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានលទ្ធភាពនៅក្នុងការបង្វិលសាច់ប្រាក់នៅកន្លែងប្តូរលុយ។ ឥឡូវនេះ មានម៉ាស៊ីនដកលុយចំនួនរាប់រយពីធនាគារក្នុងស្រុកប្រហែល៣០ ហើយធនាគារមួយចំនួនផ្តល់ការបង់ប្រាក់ទៅលើវិក័យប័ត្រទឹកភ្លើង តាមប្រព័ន្ធអេឡិចត្រូនិក។
«ប្រទេសកម្ពុជាចេញធ្វើដំណើរដ៏វែងឆ្ងាយមួយ ទាក់ទងទៅនឹងការអភិវឌ្ឍន៍ជាទូទៅ រួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុទៀតផង។ ប្រទេសនេះកំពុងធ្វើការអភិវឌ្ឍន៍តាមឲ្យទាន់ប្រទេសដទៃយ៉ាងឆាប់រហ័ស»។
ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងរាជធានីក្តី អ្វីដែលកើតឡើងនៅទីនេះជាទូទៅ មិនមានផលប៉ះពាល់ទៅលើប្រជាពលរដ្ឋកម្ពុជា៨០ភាគរយ ដែលរស់នៅទីជនបទនោះទេ។ ភាពមិនស្មើគ្នានៃប្រាក់ចំណូល បានរីកកាន់តែធំឡើង នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈពេលដែលកំណើនសេដ្ឋកិច្ចផ្តល់ផលប្រយោជន៍ដល់អ្នកមានច្រើនជាងអ្នកក្រ។
មន្ទីរពេទ្យនិងគ្លីនិកថែរក្សាសុខភាពទាំងឡាយរបស់ប្រទេសនេះ នៅតែផ្តល់សេវាថែរក្សាសុខភាពដែលមានគុណភាពទាប។ អំពើពុករលួយនៅតែបន្តកើនឡើង ហើយប្រព័ន្ធតុលាការនៅមានការខ្វះខាតយ៉ាងខ្លាំង។ ភាពក្រីក្រនៅមានប្រមាណ៣០ភាគរយ។
ប៉ុន្តែ ការផ្លាស់ប្តូរមួយចំនួនពិតជាបានជួយដល់ប្រទេសនេះ។ ឧទាហរណ៍ ផ្លូវថ្នល់ល្អជាងមុន និងលទ្ធភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ បានធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងមួយសម្រាប់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ដែលពឹងផ្អែកលើកសិកម្មសម្រាប់ការរស់នៅរបស់ពួកគេ។ ហើយរដ្ឋាភិបាលសង្ឃឹមថា ការរីកចំរើនទាំងឡាយដែលបានមកដល់រាជធានីភ្នំពេញ ជាចុងក្រោយ នឹងរីករាលដាលទៅដល់ផ្នែកផ្សេងៗទៀតនៃប្រទេសកម្ពុជាទាំងមូល៕
ប្រែសម្រួលដោយ ឌី ខាំបូលី