ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​​ជំនួញ​​កម្ពុជា​​ចង​​ក្រង​​គ្នា​​បង្កើត​​បណ្តាញ​​សង្គម​​តាម​​ Facebook​


ក្រុម​ស្ត្រី​ជា​អ្នក​ជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចង​ក្រង​គ្នា​បង្កើត​បណ្តាញ​សង្គម​មួយ​ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ ឬ​ហៅ​ថា ​Facebook ​ដើម្បី​បើក​វេទិកា​ពិភាក្សា​ពី​ការ​ធ្វើ​មុខ​ជំនួញ​ និង​ចែក​រំលែក​បទ​ពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។​ នេះ​គឺ​ជា​បណ្ដាញ​ស្រ្ដី​តាម​បែប​ទំនើប​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​សហ​គ្រិន​ស្ត្រី​ជា​សមា​ជិក​ជា​ច្រើន ​បាន​ចាត់​ទុក​គេហ​ទំព័រ​ Facebook​ នេះ​ជា​វិថី​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​ក្នុង​មុខជំនួញ​របស់​ខ្លួន។

នាង​ រស់ ​សុធា ​ជូន​សេចក្តី​រាយ​ការណ៍​ពិសា្តរ​អំពី​រឿង​នេះ​ពី​ប្រទេស​ចិន​ ដូច​ត​ទៅ៖

កាល​ពី​ជិត​៦​ខែ​មុន ​អ្នក​ស្រ្តី ​លីម​ វីរីយ៉ា​បាន​បោះ​បង់​ចោល​ទំាង​ស្រុង​នូវ​មុខ​ជំនួញ​ចែក​ចាយ​ទំនិញ​របស់​អ្នក​ស្រ្តី ​បន្ទាប់​ពី​អ្នក​ស្រ្តី​បាន​ជួប​បរាជ័យ​ចំនួន​ពីរ​លើក​ផ្ទួនៗ​គ្នា​រួច​មក​ ហើយ​បន្ទាប់​មក​មិន​យូរ​ប៉ុន្មាន​ អ្នក​ជំនួញ​វ័យ​២៩​ឆ្នាំ​នៅ​ខេត្ត​សៀម​រាប​រូប​នេះ​ ក៏​ស្ទើរ​តែ​បិទ​ក្រុម​ហ៊ុន​ទេស​ចរណ៍​របស់​អ្នក​ស្រ្តី​ចោល​ទៀត​ នៅ​ពេល​ដែល​អ្នក​ស្រ្តី​ជួប​នូវ​ការ​ប្រកួត​ប្រជែង​គ្នា​ដ៏​តឹង​តែង​ និង​ពិបាក​ស្វែង​រក​ប្រាក់​ចំណេញ។ ​ក៏​ប៉ុន្តែ​អ្នក​ស្រ្តី ​លីម ​វីរីយ៉ា ​ស្រាប់​តែ​មាន​ទឹក​ចិត្ត​តស៊ូដើម្បី​ស្តារ​មុខ​ជំនួញ​របស់​អ្នក​ស្រ្តី​រហូត​ទទួល​បាន​ជោគ​ជ័យ​ឡើង​វិញ​ ក្រោយ​ពី​អ្នក​ស្រ្តី​ទទួល​បាន​ការ​ចែក​រំលែក​បទ​ពិសោធន៍ ​និង​ការ​ផ្តល់​យោ​បល់​ពី​ក្រុម​ស្ត្រី​កម្ពុជា​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ ឬ​ Cambodia​ Women​ in ​Business ​តាម​រយៈ ​គេហ​ទំព័រ​ Facebook។

«មុន​ដំបូង ​ខ្ញុំបរាជ័យ​ច្រើន​ណាស់ ​ខ្ញុំ​ធ្លាប់​ធ្វើ​ផលិត​ផល​ផ្តាច់​មុខ​ មាន​អំបិល​ក្រអូប​ មាន​ជីរ ​តែ​ធ្វើ​ទៅ​ឥត​ប្រយោជន៍ ​ខាត​តែ​ពេល ​បោះ​ចោល​តែ​ទុន។​ ហើយ​ខ្ញុំ​មាន​មុខ​របរ​រក​ស៊ី​ទាក់​ទង​ទេស​ចរណ៍​ហ្នឹង​ពិបាក​ណាស់ ​ទំាង​ដើម​ទុន ​ទំាង​ទី​ផ្សារ​ ទំាង​ការ​ប្រកួត​ប្រជែង​ សព្វ​បែប​យ៉ាង​ ធ្វើ​ឲ្យ​យើង​សឹង​តែ​រា​ថយ​ម្តងៗ។​ ប៉ុន្តែ​ក្រោយ​ពី​ខ្ញុំ​បាន​អាន​ព័ត៌មាននៅ​ក្នុង​ Facebook​ និយាយ​អំពី​ការ​តស៊ូ ​ការ​តំាង​ចិត្ត​របស់​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​បើក​ភោជ​នីយ​ដ្ឋាន​តែ​គាត់​បរាជ័យ​ទៅ​វិញ​ បើក​ម្តង​ទៀត​ គាត់​បរាជ័យ​ ហើយ​នៅ​តែ​ខំ​ប្រឹង​តស៊ូ។ ​គាត់​និយាយ​ថា​ការ​រក​ស៊ី​ មុខ​របរ​អ្ហី​ក៏​ដោយ ​ឲ្យ​តែ​មាន​លេខ​បូក ​ទោះ​កន្ទុយ​កាក់​ ឬ​សេន​យ៉ាង​ម៉េច​ក៏​ដោយ​ឲ្យ​តែ​យើង​តស៊ូ ​គឺ​វា​មិន​បរាជ័យ​ទេ ​ហើយ​ខ្ញុំ​ក៏​មាន​កម្លាំង​ចិត្ត​មួយកាន់​តែ​ខំ​ប្រឹង​ថែម​ទៀត»។

អ្នក​ស្រ្តី ​លីម ​វីរីយ៉ា​ បាន​ចូល​ជា​សមា​ជិក​នៃ​ Facebook ​របស់​ស្ត្រី​កម្ពុជា​ក្នុង​អាជីវ​កម្ម​ ចាប់​តំាង​ពី​ខែ​ធ្នូ ​ឆ្នាំ​២០០៩​មក​ម្ល៉េះ។​ នៅ​ពេល​នេះ ​កម្លាំង​ចិត្ត​ដែល​អ្នក​ស្រ្តី ​លីម​ វីរីយ៉ា ​ទទួល​បាន​ពី​ទំព័រ​ Facebook​ មាន​ឈ្មោះ​ថា ​ស្ត្រី​កម្ពុជា​ធ្វើ​អាជីវ​កម្ម ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រ្តី​ក្លាយ​ជា​អ្នក​ចែក​ចាយ​ផ្តាច់​មុខ​នូវ​ផលិត​ផល​បាញ់​បំបាត់​ក្លិន​ក្នុង​ផ្ទះ ​ឬ​សណ្ឋា​គារ​ដ៏​ជោគ​ជ័យ​ម្នាក់​នៅ​ខេត្ត​សៀមរាប។

Facebook​ គឺ​ជា​គេហ​ទំព័រ​បណ្តាញ​សង្គម​មួយ​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​មាន​អាយុ​ចាប់​ពី​១៣​ឆ្នាំ​ឡើង​ទៅ ​អាច​ប្រើ​ប្រាស់​ទំព័រ​នេះ​ដើម្បី​ធ្វើ​ការ​ប្រាស្រ័យ​ទំនាក់ទំនង​គ្នា​តាម​រយៈ​ប្រព័ន្ធ​ អ៊ិនធឺណិត​ ដោយ​មិន​ចាំ​បាច់​បង់​ថ្លៃ​សេវា​កម្ម។​ កាល​ពី​ខែ​ វិច្ឆិកា​ឆ្នាំ​២០០៩​ សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ ​IFC​ ដែល​ជា​ផ្នែក​មួយ​នៃ​ធនាគារ​ពិភព​លោក ​បាន​បង្កើត​បណ្តាញ​សង្គម​ Facebook ​មួយ​ដែល​មាន​ឈ្មោះ​ថា ​ស្ត្រី​កម្ពុជា​ក្នុង​អាជីវ​កម្ម​ ឬ ​Cambodia​ Women​ in​ Business​ នេះ ​ក្នុង​គោល​បំណង​ប្រើ​ប្រាស់​ទំព័រ​នេះ​ជា​វេទិកា​ចែក​រំលែក​បទ​ពិសោធន៍​ ចំណេះ​ដឹង​និង​ផ្តល់​ព័ត៌មាន​ស្តី​ពី​ការ​ធ្វើ​អាជីវ​កម្ម​ទៅ​ដល់​ក្រុម​ស្ត្រី​ខ្មែរ​ដែល​កំពុង​ធ្វើ​ជំនួញ​ ឬ​មាន​គម្រោង​ប្រកប​របរ​ជួញ​ដូរ ​បន្ទាប់​ពី ​IFC ​បាន​រក​ឃើញ​ថា​ ស្រី​ខ្មែរ​នៅ​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​ចាប់​ផ្តើម​ និង​ពង្រីក​មុខ​ជំនួញ​របស់​ពួក​គេ ​ដោយ​សារ​កម្រិត​ទាប​នៃ​ការ​សិក្សា​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ ការ​យល់​ដឹង​ពី​ព័ត៌មាន​ខាង​ផ្លូវ​ច្បាប់​ និង​ការ​មិន​ឲ្យ​តម្លៃ​ពី​សង្គម​គ្រួសារ​ជា​ដើម។

៧​ខែ​ក្រោយ​ពី​ការ​បង្កើត ​គេហ​ទំព័រ​ Facebook​ ស្ត្រី​កម្ពុជា​ក្នុង​អាជីវ​កម្ម​ អាច​គៀង​គរ​បាន​សមា​ជិក​ជា​ស្ត្រី​ចំនួន​៣០០​នាក់​ហើយ។ ​ពួក​គេ​មួយ​ចំនួន​ជា​ម្ចាស់​សហ​គ្រិន​ខ្នាត​តូច ​ពាណិជ្ជ​ករ​ និង​អាជីវ​ករ ​ហើយ​ក៏​មាន​ស្ត្រី​ខ្លះ​ជា​និស្សិត​ បុគ្គលិក​ក្រុម​ហ៊ុន​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​ដែរ។

ស្រ្ដី​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​ចូល​ជា​សមា​ជិក​នៃ​ទំព័រ​ Facebook​ នេះ​ ចាំ​បាច់​ត្រូវ​មាន​អាស័យ​ដ្ឋានសារ​អេឡិច​ត្រូនិច​ ឬ​អ៊ីម៉ែល​ និង​បង្កើត​ទំព័រ​ Facebook​ ផ្ទាល់​ខ្លួន​មួយ​ជា​មុន។​ ហើយ​បុរស​ក៏​អាច​ចូល​ជា​សមា​ជិក ​និង​ចែក​រំលែកយោ​បល់​របស់​ពួក​គេ​លើគេហ​ទំព័រ​ស្ត្រី​ក្នុង​អាជីវ​កម្ម​ផង​ដែរ។

នៅ​លើ​ទំព័រ​ Facebook ​ឈ្មោះ​ស្ត្រី​កម្ពុជា​ក្នុង​អាជីវ​កម្ម​ ដែល​មាន​ការ​រចនា​ដ៏​ទាក់​ទាញ​ និង​មាន​ផ្សាយ​រូប​ថត​សកម្ម​ភាព​ធ្វើ​អាជីវកម្មដ៏​រស់​រវើក​របស់​ស្ត្រី​ខ្មែរ​ផង​នោះ​ ស្ត្រី​ជា​អ្នក​ជំនួញ​ទំាង​នោះ​បាន​បញ្ចេញ​ទស្សនៈ​អំពី​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ និង​ដំណោះ​ស្រាយ​ ដូច​ជា​ការ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម ​ការ​ខ្វះ​ការ​គំាទ្រ​ពី​ស្វាមី ​ការ​រើស​អើង​ពី​សង្គម​ និង​ការ​ស្វែង​រក​ទីផ្សារលក់​ផលិត​ផល ​ការ​កំណត់​តម្លៃ​មុខ​ទំនិញ​ និង​ការ​គ្រប់​គ្រង​អាជីវ​កម្ម​តូច​ធំ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ ​ជា​ដើម។​ ទន្ទឹម​នឹង​នោះ ​ពួក​គេ​ក៏​បាន​បោះ​ពុម្ពផ្សាយ​អត្ថ​បទ​ស្រាវ​ជ្រាវ​ និង​អត្ថ​បទ​សារ​ព័ត៌មាន​ជាតិ ​និង​អន្តរ​ជាតិ​ដែល​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ក្នុង​ដំណើរ​អាជីវ​កម្ម​ផង​ដែរ។

ទោះ​យ៉ាង​ណា​ ការ​ចែក​រំលែក​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​ទំាង​នេះ​ ហាក់​ដូច​ជា​មិន​ទាន់​បាន​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ ​ដោយ​ហេតុ​ថា ​ស្ត្រី​ធ្វើ​អាជីវ​កម្ម​ភាគ​ច្រើន​នៅ​ប្រទេស​កម្ពុជា​មិន​មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស ​និង​មិន​មាន​លទ្ធ​ភាព​ប្រើ​ប្រាស់​បណ្តាញ​អ៊ិនធឺណិត​នោះ​ទេ​ ជា​ពិសេស​អាជីវ​ករ​ នៅ​តាម​បណ្តា​ខេត្ត ​និង​ទី​ជន​បទ ​ដែល​មាន​ ចេតនា​ពង្រីក​អាជីវ​កម្ម​របស់​ខ្លួន​ ឬ​កំពុង​តែ​ជួប​បញ្ហា​នោះ ​ ព្រោះ​ថារាល់​ព័ត៌មាន​ទំាង​អស់​សុទ្ធ​តែ​សរសេរ​ជា​ភាសាអង់គ្លេស។

លោក​ស្រ្តី ​លីលី ​ស៊ី​សម្បត្តិ ​ប្រធាន​គម្រោង​វេទិការ​រាជ​រដ្ឋា​ភិបាលផ្នែក​ឯក​ជន​នៃ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ដែល​ជា​អ្នក​ផ្តួច​ផ្តើម​បង្កើត​ទំព័រ​ Facebook​ របស់​ស្ត្រី​កម្ពុជា​នេះ​ បាន​ទទួល​ស្គាល់​ថានេះ​ជា​បញ្ហា​ប្រឈម​មួយ។​ ប៉ុន្តែ​លោក​ស្រ្តី​ជឿ​ជាក់​ថា បណ្តាញ​ Facebook ​ស្ត្រី​កម្ពុជា​ដែល​ទើប​បង្កើត​ឡើង​ជា​លើក​ដំបូង​បំផុត​នេះ ​អាច​រួម​ផ្តុំ​សំឡេង​តែ​មួយ​ក្នុង​ចំណោម​ស្រ្តី​ធ្វើ​អាជីវ​កម្ម​ប្រយោជន៍​ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា។

«Facebook ​បង្កើត​កម្លាំង ​និង​គំនិត​យោបល់​ជា​ច្រើន​អំពី​របៀប​ធ្វើ​ពាណិជ្ជ​កម្ម​ឲ្យ​បាន​ច្រើន​ និង​ធ្វើ​ពាណិជ្ជ​កម្ម​ឲ្យ​បាន​ល្អ​ប្រសើរ​ និង​ជា​មធ្យោ​បាយ​សម្រាប់​ដោះ​ស្រាយ​ឧប​សគ្គ​ដែល​ស្ត្រី​កំពុង​ជួប​ប្រទះ។​ ប្រសិន​បើ​ស្ត្រី​ម្នាក់​ដែល​ជួប​បញ្ហា​នៅ​ពេល​គេ​ចាប់​ផ្តើម​ធ្វើ​អាជីវ​កម្ម​ នោះ​ស្ត្រី​ផ្សេង​ទៀត​អាច​ជួយ​ពួក​គេ​តាម​រយៈ​បណ្តាញ​ Online។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ វា​ជា​ប្រភព​នៃ​ការ​គំាទ្រ​ដ៏​ល្អ​ដើម្បី​បង្កើត​នូវ​បរិយា​កាស​ងាយ​ស្រួល​សម្រាប់​ស្ត្រី​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម។

នាង​ សេង ​ស្ទេហ្វិននី ​ដែល​បច្ចុប្បន្ន​ជា​បុគ្គលិក​ក្រុម​ហ៊ុនឯក​ជន​មួយ​នៅ​រាជ​ធានី​ភ្នំពេញ​ ទើប​បាន​បាន​ចូល​ជា​សមាជិក​នៃ​ Facebook​ ឈ្មោះ​ស្ត្រី​កម្ពុជា​ក្នុង​អាជីវ​កម្ម​ប្រហែល១​ខែ​នេះ​ប៉ុណ្ណោះ ​ដើម្បី​ស្វែង​យល់​ពី​ការ​ធ្វើ​អាជីវ​កម្ម​នៅ​ប្រទេស​កម្ពុជា​ ស្រប​ពេល​ដែល​នាង​មាន​គម្រោង​បើក​ក្រុម​ហ៊ុន​ទំនាក់​ទំនង​មួយ។ ​នាង​ស្ទេហ្វិននី​បាន​និយាយ​ថា ​Facebook​ ស្ត្រីកម្ពុជា​ក្នុង​អាជីវ​កម្ម​បាន​ប្រាប់​នាង​ពី​បែប​បទ​ក្នុង​ការ​ចាប់​ផ្តើម​ដំណើរ​ការ​មុខ​ជំនួញ​ដែល​នាង​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក ​ជា​ពិសេស​ការ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​ និង​ការ​សិក្សា​ពី​តម្រូវ​ការ​ទី​ផ្សារ។

ចំណែក​ ស្ត្រី​ជា​អាជីវ​ករ​មួយ​ចំនួន​ទៀត​ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​មុខ​ជំនួញ​របស់​ពួក​គេ​រួច​ជា​ស្រេច​ហើយ​នោះ​ក៏​គ្រោង​នឹង​ចែក​រំលែក​របៀប​ធ្វើ​ជំនួញ​របស់​ពួក​គេ​នៅ​ក្នុង​ទំព័រ​ Facebook​ ស្ត្រី​កម្ពុជា​ក្នុង​អាជីវ​កម្ម​ដែរ។ ​តួ​យ៉ាង​ដូច​ជា ​អ្នក​ស្រី ​ហេង ​ចិន្តា​ ម្ចាស់​ក្រុម​ហ៊ុន​សិប្ប​កម្ម​ KNN​ ជា​ដើម។

«មនុស្ស​ស្រី​គឺ​ប្រៀប​ដូច​ជា​តែ​អញ្ចឹង។​ នៅ​ពេល​ត្រូវ​ទឹក​ក្តៅ​កាន់​តែ​ខ្លំាង​ ក្លិន​តែ​កាន់​តែ​ឈ្ងុយ។​ អញ្ចឹង​នៅ​ពេល​ដែល​មនុស្ស​ស្រី​ជួប​ការ​ងារ​លំបាក​កាន់​តែ​ខ្លំាង​ ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹង​មាំ និង​ជោគ​ជ័យ។ ​ពាក្យ​នេះ​ជួយ​ជំរុញ​កម្លាំង​ចិត្ត​ខ្លំាង​ដល់​ខ្ញុំ ​អញ្ចឹង​ខ្ញុំ​នឹង​ចែក​រំលែក​បទ​ពិសោធន៍​ហ្នឹង​ទៅ​ដល់​មិត្តៗ​ស្ត្រី​ទំាង​អស់ ​សូម​ឲ្យ​ស្ត្រី​ទំាង​អស់​កាន់​គោល​ការណ៍​មួយ​គឺ​រឹង​ប៉ឹង»។

សូម​បញ្ជាក់​ថា ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ត្រូវ​ទទួល​ស្គាល់​ថា​ ជា​សក្តា​នុពល​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ។​ ដោយ​ឡែកនៅ​ប្រទេស​កម្ពុជា​ដែល​វិស័យ​ឯក​ជន​ជា​អ្នក​បង្កើត​ការ​ងារ​បាន​ចំនួន​៩២%​នៃ​ការ​ងារ​ទំាងអស់​ក្នុង​ប្រទេស​កម្ពុជា​នោះ​ មាន​ស្ត្រី​ជា​ម្ចាស់​អាជីវ​កម្ម​ចំនួន​៥៥%។​ ប៉ុន្តែ​មុខ​របរ​របស់​ពួក​គេ​មាន​ទ្រង់​ទ្រាយ​តូច​តាច​ និង​ស្ថិត​ នៅ​ក្រៅ​ផ្លូវ​ការ​ដែល​មិន​អាច​ឲ្យ​ពួក​គេ​ក្លាយ​ជាអ្នក​បង្កើត​ការ​ងារ​ អ្នក​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស ​អ្នក​បង់​ពន្ធ​ និង​អ្នក​ ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ឡើយ ​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ឆ្នំា​២០០៨​របស់​សាជីវ​កម្មហិរញ្ញ​វត្ថុ​អន្តរ​ជាតិ ​IFC​ ស្តី​ពី​សំឡេង​សហ​គ្រិន​ស្ត្រី​នៅ​កម្ពុជា។

លោក​ស្រី ​វេរ៉ូនីក ​សាលស៌ឡូហ្សាក់ ​នាយិកា​កម្ម​វិធី​សេដ្ឋ​កិច្ច​ប្រចាំ​តំបន់​នៃ​មូល​និធិ​អាស៊ី ​និយាយ​ថា ​សហ​គ្រិន​ស្ត្រី​កម្ពុជា​អាច​ប្រើ​ទំព័រ​ Facebook​ ស្ត្រី​កម្ពុជា​ក្នុង​អាជីវ​កម្ម​នេះ​ជា​ឧបករណ៍​នាំ​សារ​ទៅ​ដល់​រដ្ឋា​ភិបាល​ក្នុង​ការ​បង្កើត​គោល​ នយោ​បាយ​ជាក់​លាក់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​ដែល​ស្ត្រី​កំពុង​ជួប​ប្រទះ។

«ប្រសិន​បើ​ពួក​គេ​អាច​ប្រមូល​បាន​សំឡេង​ស្ត្រី​ច្រើន​ដើម្បី​និយាយ​ថា​ នេះ​ជា​បញ្ហា​ពិត​ប្រាកដ​របស់​ពួក​គេ​នោះ​ ពួក​គេ​ អាច​រួម​គ្នា​ទាក់​ទង​ទៅ​រដ្ឋា​ភិបាល​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​ប្រឈម​របស់​ពួក​គេ។​ ដូច្នេះ ​Facebook​ គឺ​ជា​ឧបករណ៍​ដ៏​ទាន់​សម័យ​របស់​ស្ត្រី​ធ្វើ​អាជីវ​កម្ម​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់»។

ប៉ុន្តែ​កញ្ញា​ ទី​ម័ករាវ៉ាវី ​អ្នក​ស្រាវ​ជ្រាវ​ និង​ជា​សាស្ត្រា​ចារ្យ​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ ដែល​ជា​សមា​ជិក​ដ៏​សកម្ម​ម្នាក់​របស់ ​Facebook​ឈ្មោះ​ស្ត្រី​កម្ពុជា​ក្នុង​អាជីវ​កម្ម​ យល់​ថា​ វា​ទំនង​ជា​មិន​មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ ​ក្នុង​ការ​ប្រើ​ប្រាស់ ​Facebook​ ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​បញ្ហា​របស់​ស្ត្រី​នោះ ​ត្បិត​រាល់​ការ​លើក​ឡើង​តាម​រយៈ​អ៊ិន​ធឺណិត​ ដែល​ត្រូវ​រដ្ឋា​ភិបាល​ ចាត់​ទុក​ថា​ ក្រៅ​ផ្លូវ​ការ​ ហើយ​បាន​ច្រាន​ចោល។

យ៉ាង​ណា​ក៏​ដោយ ​លោក​ស្រី ​អ៊ឹង ​កន្ថា​ផាវី ​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​សហ​គ្រិន​ស្ត្រី​បង្ហាញ​រាល់​ឧប​សគ្គ​ដែល​ខ្លួន​បាន​ជួប​ប្រទះ​ នៅ​លើ​ទំព័រ ​Facebook ​ស្ត្រី​កម្ពុជា ក្នុង​អាជីវ​កម្ម​មួយ​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ហើយ​ក្រសួង​របស់​លោក​ស្រី​នឹង​លើក​យក​បញ្ហា​ទំាង​នោះ​ដើម្បី​ឲ្យ​រដ្ឋា​ភិបាល​បង្កើត​ជា​គោល​នយោ​បាយ​ថ្នាក់​ជាតិ​ ប្រយោជន៍​ដើម្បី​សម្រួល​ដល់​ស្ត្រី​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម៕

XS
SM
MD
LG