ភ្នំពេញ៖ អាជ្ញាធរថៃបានបិទច្រកឆ្លងកាត់ព្រំដែនអូរបីជាន់មិនឱ្យប្រជាពលរដ្ឋខ្មែរឆ្លងចូលទៅក្នុងប្រទេសថៃធ្វើការងារនិងប្រកបរបរចិញ្ចឹមជីវិតបន្ទាប់ពីកងទ័ពកម្ពុជាបានចាប់ជនជាតិថៃប្រាំពីរនាក់ដែលរួមមាន សមាជិកសភាគណបក្សប្រជាធិបតេយ្យរបស់លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វីចាជីវ៉ា និងសកម្មជនចលនានយោបាយអាវលឿងថៃដោយសារការឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់នៅក្នុងស្រុកអូរជ្រៅនៃខេត្តបន្ទាយមានជ័យ។
ក្រុមមន្ត្រីកម្ពុជាបាននិយាយថាការបិទច្រកព្រំដែននេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរដែលពឹងអាស្រ័យទៅលើការងារនិងការធ្វើជំនួញនៅក្នុងប្រទេសថៃ។ ប៉ុន្តែអាជ្ញាធរកម្ពុជាត្រូវ ការពារសុវត្ថិភាពប្រជាពលរដ្ឋខ្មែរកុំឱ្យឆ្លងដែលចូលទៅក្នុងប្រទេសថៃ ដោយខ្លាចក្រែងមានការសងសឹកពីភាគីថៃ។
ក្រុមមន្ត្រីកម្ពុជាបាននិយាយនៅថ្ងៃសុក្រនេះថាការណ៍ដែលអាជ្ញាធរថៃបិទច្រកឆ្លងកាត់ព្រំដែនអូរបីជាន់មិនឱ្យប្រជាពលរដ្ឋខ្មែរឆ្លងចូលទៅក្នុងទឹកដីថៃគឺជាការសងសឹកនឹងការចាប់ជនជាតិថៃប្រាំពីរនាក់ដែលបានឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់កាលពីថ្ងៃពុធ។
ច្រកឆ្លងកាត់ព្រំដែនអូរបីជាន់នៅក្នុងស្រុកអូរជ្រៅនៃខេត្តបន្ទាយមានជ័យមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរច្រើនរាប់រយនាក់ឆ្លងចូលទៅក្នុងប្រទេសថៃជាប្រចាំដើម្បីស៊ីឈ្នួលស្ទូងស្រូវ ច្រូតស្រូវ ដកដំឡូង កាប់ដើមអំពៅ និងការទិញទំនិញបន្លែផ្លែឈើ ត្រី និងមាន់ទាយកមកលក់នៅក្នុងទឹកដីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អ្នកភូមិនិងមន្ត្រីប្រចាំច្រកអូរបីជាន់។
លោកហ៊ាង រិន ជំនួយការកងពលអភិវឌ្ឍន៍ប្រចាំច្រកអូរបីជាន់ បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថាប្រជាពលរដ្ឋខ្មែរដែលចូលទៅធ្វើការស្ទូងស្រូវ ច្រូតស្រូវ ដកដំឡូង និងកាប់អំពៅនៅក្នុងប្រទេសថៃបានទទួលប្រាក់ឈ្នួល១៥០បាតក្នុងមួយថ្ងៃសម្រាប់ចិញ្ចឹមជីវិត។
លោក បានបញ្ជាក់បន្ថែមថា៖
«ភាគីថៃបានប្រកាសបិទច្រកព្រំដែននេះ ហើយភាគីកម្ពុជាមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរឆ្លងកាត់ ទេពីព្រោះភាគីកម្ពុជាខ្លាចមានការសងសឹកពីភាគីថៃ»។
លោកងឿន ជា អាយុ៣១ឆ្នាំនៅភូមិអូរបីជាន់បាននិយាយថាលោកបានទិញមាន់ទានិងរបស់របរប្រើប្រាស់ផ្សេងៗពីប្រទេសថៃមកលក់ក្នុងប្រទេសកម្ពុជាដោយបានទទួលប្រាក់ចំណេញ១០០.០០០ រៀល ($២៥)ក្នុងមួយថ្ងៃពីមុខរបរនេះ។
លោកងឿន ជា បានបញ្ជាក់ថាឥឡូវនេះច្រកព្រំដែនអូរបីជាន់ត្រូវបានបិទ លោកបានបាត់បង់ប្រាក់ ចំណេញប្រចាំថ្ងៃ១០០. ០០០រៀលរបស់លោក។
លោកយ៉ន សុខា ប្រធានភូមិអូរបីជាន់ បានថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកថា លោកបានដើរប្រាប់ប្រជាពលរដ្ឋខ្មែរកុំឱ្យឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសថៃពីព្រោះខ្លាចមានគ្រោះថ្នាក់និងការសងសឹកពីភាគីថៃចំពោះការចាប់ជនជាតិថៃប្រាំពីរនាក់នោះ។
«ទាហានថៃបានបិទច្រកព្រំដែនមិនឱ្យចេញចូលពីព្រោះកម្ពុជាបានចាប់ប្រជាពលរដ្ឋថៃបញ្ជូនទៅទី ក្រុងភ្នំពេញ។ ភាគីថៃបានខឹងការចាប់ប្រជាពលរដ្ឋថៃប្រាំពីរនាក់ដោយនិយាយថាទាល់តែភាគីកម្ពុជា ដោះលែងជនជាតិថៃប្រាំពីរនាក់ទើបភាគីថៃបើកច្រកព្រំដែនឱ្យប្រជាពលរដ្ឋខ្មែរចេញចូលទៅប្រកប របរអាជីវកម្ម។ ប្រជាពលរដ្ឋនៅឃុំអូរបីជាន់នេះតែងតែចេញចូលទៅរករបរទទួលទាននៅស្រុកថៃ។ ខ្ញុំ បានដើរប្រាប់ប្រជាពលរដ្ឋយើងមិនឱ្យដើរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ទេ។ យើងខ្លាចមានគ្រោះ ថ្នាក់។ យើងខ្លាចថៃចាប់ចងឬបាញ់សម្លាប់។ ភាគីថៃកំពុងតែខឹងការចាប់ជនជាតិថៃប្រាំពីរនាក់។ យើងខ្លាចថៃបាញ់ដោយចោទប្រកាន់ថាការឆ្លងចូលទឹកដីថៃខុសច្បាប់និងជួញដូរគ្រឿងញៀន»។
លោកសួង មឿន ប្រធានឃុំអូរបីជាន់បានថ្លែងថាលោកបានប្រកាសប្រាប់ប្រជាពលរដ្ឋឱ្យផ្អាកការធ្វើ ដំណើរឆ្លងកាត់ព្រំដែនមួយរយៈនិងរង់ចាំរហូតដល់ការចរចាចប់សព្វគ្រប់សិន។ ប៉ុន្តែលោកទទួល ស្គាល់ថាការបិទច្រកព្រំដែននេះពិតជាបានធ្វើឱ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋនៅក្នុងតំបន់នេះ។
«ភាគីថៃបានបញ្ជាឱ្យភាគីកម្ពុជាបិទច្រកព្រំដែនអូរបីជាន់ និងប្រកាសផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋឱ្យ ផ្អាកការធ្វើដំណើរឆ្លងកាត់ ទោះបីជាផ្លូវត្រង់ឬផ្លូវកាត់កន្លែងណាក៏អត់បានដែរ។ សូម្បីតែសិស្សសាលាកម្ពុជាទៅរៀនសូត្រនៅថៃក៏បិទទាំងអស់»។
លោកកែវ សែន អភិបាលស្រុកអូរជ្រៅបានបញ្ជាក់ថាយើងត្រូវតែការពារសុវត្ថិភាពប្រជាពលរដ្ឋរបស់ យើង។ បើមានករណីគ្រោះថ្នាក់ ការឆ្លងដែនរបស់ពួកគាត់ត្រូវបានហាមឃាត់៕