កាលពីដើមខែនេះរដ្ឋាភិបាលកម្ពុជាបានប្រកាសថា រដ្ឋាភិបាលបានដាក់ឲ្យនៅក្រៅច្បាប់ការបង់ប្រាក់រត់ការទៅមន្ត្រីស៊ីវិល ជាផ្នែកមួយនៃការជំរុញប្រឆាំងអំពើពុករលួយ។ ប៉ុន្តែទង្វើនេះបានបង្កើតបញ្ហាថ្មីទៀត ដែលបានរំខានស្ថាប័នពាណិជ្ជកម្មបស្ចិមប្រទេសដែលដំណើរការនៅក្នុងប្រទេស។
សម្រាប់រដ្ឋាភិបាល នេះគ្រាន់តែជាការប្រកាសបន្តិចបន្តួចប៉ុណ្ណោះ។ ចាប់តាំងពីថ្ងៃទី១ខែសីហា ការប្រព្រឹត្តិអំពើពុករលួយដែលមានចែងក្នុងច្បាប់ពីរផ្សេងគ្នា បានត្រូវដាក់ឲ្យអនុវត្ត។
សម្រាប់រដ្ឋាភិបាលក្រុងភ្នំពេញ នេះគឺជាជំហានមួយទៀតលើមាគ៌ាប្រឆាំងអំពើពុករលួយ។ បញ្ហាគឺថាជំហាននេះបានដាក់ឲ្យនៅក្រៅច្បាប់ការបង់ប្រាក់ថ្លៃរត់ការដែលជាការបង់ប្រាក់មួយដែលតែងតែកើតមានក្នុងការធ្វើការរកស៊ីក្នុងប្រទេសកម្ពុជាឲ្យមានប្រសិទ្ធភាព។ បុគ្គលណាដែលបង់ប្រាក់នោះនឹងត្រូវជាប់ពន្ធនាគារដប់ឆ្នាំឯបុគ្គលដែលទទួលនឹងជាប់ពន្ធនាគារ១៥ឆ្នាំ។
ប៉ុន្តែតើប្រាក់រត់ការនេះគឺជាអ្វីដែរ?
លោក Matthew Rendall ជាដៃគូគ្រប់គ្រងក្រុមហ៊ុនមេធាវី Sciaroni & Associates នៅទីក្រុងភ្នំពេញបានពន្យល់ថា៖
«ប្រាក់រត់ការគឺជាប្រាក់ដែលជាទូទៅបង់ឲ្យមន្ត្រីរដ្ឋាភិបាលជាន់ទាបឲ្យជួយធ្វើការងារដែលពួកគេត្រូវធ្វើ។ គ្មានអត្ថប្រយោជន៍ហើយក៏គ្មានអំពើខុសច្បាប់ណាមួយត្រូវបានប្រព្រឹត្តនោះទេ។ ហើយជាទូទៅអ្នកត្រូវបង់ប្រាក់នេះដើម្បីធ្វើការរកស៊ីស្របច្បាប់»។
លោក Rendall និយាយថាប្រាក់រត់ការនេះមិនហួសប្រមាណនោះទេ ហើយជាទម្លាប់អ្នករកស៊ីតែងតែបង់វា។
«វាជាប្រាក់មួយកាក់មួយសេនដែលរកបានប្រចាំថ្ងៃ សម្រាប់បង្គ្រប់បន្ថែមប្រាក់ខែរបស់មន្ត្រីរដ្ឋាភិបាល ដែលអ្នកដឹងហើយថា ប្រាក់ខែរបស់ពួកគេមិនគ្រប់គ្រាន់ទេ។ វាអាចមានតម្លៃពីរដុល្លារសម្រាប់ពាក្យដាក់សុំមួយ ប្រាំដុល្លារសម្រាប់ការដាក់ពាក្យ និម្ភៃដុល្លារសម្រាប់ការបំពេញបែបបទពន្ធប្រចាំខែរបស់អ្នក»។
យើងក៏អាចនិយាយម្យ៉ាងទៀតថា នេះជាប្រាក់បង់សម្រាប់រត់ការក្រដាសស្នាម។
វាមិនមែនជាប្រាក់សំណូកនោះទេ។ វាជាប្រភេទប្រាក់ដែលក្នុងប្រទេសដទៃត្រូវបានគេបង់ដើម្បីធ្វើលិខិតឆ្លងដែនថ្មីឬក៏ចេញប័ណ្ណអនុញ្ញាត។
ភាពខុសគ្នាគឺនៅត្រង់ថាប្រទេសដទៃដាក់តម្លៃទាំងនោះនៅក្នុងតារាង ហើយចេញជាវិក័យប័ត្រឲ្យ។ នៅប្រទេសកម្ពុជាគឺថាអតិថិជនបង់ប្រាក់ឲ្យមន្ត្រីស៊ីវិល ដែលដាក់ប្រាក់នេះទៅក្នុងហោប៉ៅពួកគេផ្ទាល់។
ជាយូរណាស់មកហើយ មន្ត្រីស៊ីវិលកម្ពុជាបានពឹងអាស្រ័យលើប្រាក់រត់ការដោយសារតែប្រាក់ខែរបស់ខ្លួនគឺក្បែរ៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ពួកគេគិតថាវាជាប្រាក់ខែទាបខ្លាំងណាស់សម្រាប់រស់នៅ។
លោក Stephen Higgins នាយកប្រតិបត្តិធនាគារ ANZ Royal ដែលធនាគារដ៏ធំរបស់អូស្ត្រាលីឈ្មោះ ANZ ជាម្ចាស់មួយផ្នែកនៃធនាគារសាខានេះ។ លោកពន្យល់ថាហេតុអ្វីបានជាការដាក់ឲ្យខុសច្បាប់ប្រាក់រត់ការគឺជាបញ្ហា។
«វាជាបញ្ហាចម្បងសម្រាប់ការរកស៊ីដោយសារ តាមទ្រឹស្តី បើសិនអ្នករកស៊ីណាបង់ប្រាក់រត់ការនេះ ពួកគេអាចប្រឈមនឹងការផ្តន្ទាទោសដោយច្បាប់ព្រហ្មទណ្ឌហើយអ្នកដែលបង់ប្រាក់នេះនឹងប្រឈមនឹងការជាប់ពន្ធនាគារប្រាំឆ្នាំឬច្រើនជាងនេះ។ ហើយសម្រាប់របររកស៊ីដូចយើងខ្ញុំ បើយើងត្រូវបង់ប្រាក់រត់ការនេះទៅមន្ត្រីស៊ីវិលទាំងនោះ អញ្ចឹងតាមទ្រឹស្តីគឺខ្ញុំអាចនឹងប្រឈមនឹងការជាប់ពន្ធនាគារនៅប្រទេសកម្ពុជា ប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស។ ហើយខ្ញុំពិតជាមិនចង់ឲ្យរឿងនេះកើតមកលើខ្ញុំឡើយ»។
ខណៈដែលរដ្ឋាភិបាលកម្ពុជាទំនងជាមិនកាត់ទោសអ្នកវិនិយោគដែលបង់ប្រាក់រត់ការនេះ ក៏ប៉ុន្តែការដាក់ឲ្យនៅក្រៅច្បាប់ចំពោះការបង់ប្រាក់នេះបានធ្វើឲ្យមានការអនុវត្តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយនៅបណ្តាប្រទេសលោកខាងលិច។
ច្បាប់របស់សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី អនុញ្ញាតឲ្យក្រុមហ៊ុនបង់ប្រាក់បែបនេះ តែក្នុងករណីណាដែលការបង់ប្រាក់នេះមិនខុសច្បាប់។
ឥឡូវ ការបង់ប្រាក់នេះគឺខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយក្រុមហ៊ុនអាមេរិកនិងអូស្ត្រាលីណាមួយដែលបង់ប្រាក់រត់ការនេះ នឹងប្រឈមមុខការកាត់ទោសនៅក្នុងប្រទេសដើមរបស់ខ្លួន។
លោក Rendall និយាយថា លទ្ធផលគឺក្រុមហ៊ុនបស្ចិមប្រទេសមិនអាចប្រថុយប្រថានបង់ប្រាក់រត់ការទៀតទេ។
លោកនិយាយថា ជាយូរណាស់មកហើយ អ្នកវិនិយោគ បានស្នើសុំរដ្ឋាភិបាលកម្ពុជាឲ្យបង្កើតប្រព័ន្ធនេះដោយមានជាតារាងតម្លៃនិងចេញជាវិក័យប័ត្រ។ ឥឡូវនេះគឺមានភាពបន្ទាន់ណាស់ក្នុងការធ្វើបែបនេះ។
«ខ្ញុំចង់មានន័យថា ពួកយើងកំពុងតែវីវក់ធ្វើឲ្យរដ្ឋាភិបាលចាប់ផ្តើមពង្រឹងការអនុវត្តនេះ ដើម្បីឲ្យយ៉ាងហោចណាស់ រាល់ការបង់ប្រាក់ទាំងអស់ត្រូវបានគេរាយក្នុងតារាងនិងចេញវិក័យប័ត្រឲ្យ»។
នៅពេលដែល តម្លៃទាំងនោះស្របច្បាប់ ក្រុមហ៊ុនបស្ចឹមប្រទេសនឹងអាចចាប់ផ្តើមបង់ប្រាក់នេះទៀត។
ប៉ុន្តែ ស្វែងរកវិធានការដែលរដ្ឋាភិបាលនឹងចាត់ ជារឿងពិបាក។ គ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់បានឆ្លើយតបសំណើជាច្រើនលើកសុំការបំភ្លឺលើគោលនយោបាយនេះឡើយ។
ភាពស្រពេចស្រពិលបែបនេះ បានបង្អាក់អ្នកវិនិយោគមកពីបស្ចិមប្រទេស ហើយបានបង្កើតជាផលប៉ៈពាល់ហើយដែរ។
កាលពីខែមុន ក្រុមហ៊ុនដឹកជញ្ជូន FedEx បាននិយាយថា គេនឹងមិនបញ្ជូនសម្ភារៈណាដែលមានតម្លៃលើសពីបីរយដុល្លារ ដរាបណារដ្ឋាភិបាលចេញតារាងតម្លៃសម្រាប់សម្ភារៈដែលមានតម្លៃច្រើនជាង។
លោក Matthew Rendall និយាយថា ជាយថាហេតុ ស្ថានភាពនេះអាចបង្រួមបរិយាកាសពាណិជ្ជកម្មដើម្បីទុកឱកាសឲ្យអ្នកវិនិយោគពីអាស៊ី។
«ប្រទេសណាដែលមានច្បាប់ប្រឆាំងអំពើពុករលួយនៅបរទេស ដូចជាសហរដ្ឋអាមេរិក ប្រទេសលោកខាងលិច ជាដើម កំពុងស្ថិតក្នុងស្ថានភាពចាញ់ប្រៀបខ្លាំងបំផុត។ ដូច្នេះ ផលប៉ៈពាល់ដែលមានគឺថា តើជាគោលការណ៍ ស្ថានភាពនេះនឹងធ្វើឲ្យប្រទេសកម្ពុជាមានអំណោយផលផ្តាច់មុខដល់តែអ្នកវិនិយោគប្រភេទចិននិងវៀតណាមដែលប្រទេសទាំងនោះមិនភ័យនឹងប្រឈមមុខជាមួយការកាត់ទោសនៅក្នុងប្រទេសរបស់ខ្លួន និងដែលមិនចូលក្នុងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍? ប្រាកដណាស់ វាជាការព្រួយបារម្ភ ហើយវាត្រូវបានគេលើកឡើង»។
ទោះជាលទ្ធផលនេះមិនត្រូវបានគេមើលឃើញថាជាគោលបំណងរបស់ច្បាប់នេះលោក Rendall និយាយថា វាអាចជាផលវិបាកដែលមិនបានមើលឃើញទុកជាមុនប្រសិនបើរដ្ឋាភិបាលមិនស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ៕
ប្រែសម្រួលដោយ លោក បូរី ស៊ីលីវណ្ណ