ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​កម្ពុជា​ស្វាគមន៍​លទ្ធផល​ជំនួប​ដែល​ឈាន​ដល់​ការ​បញ្ជូន​អ្នក​សង្កេតការណ៍


លោ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ហោ ណាំ​ហុង (ឆ្វេង​ទី​២)​ ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ​របស់​លោក គឺ​លោក កាស៊ីត​ ភិរម្យ (Kasit Piromya) នៅ​ចំពោះ​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (កណ្តាល) រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី George Yeo (
លោ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ហោ ណាំ​ហុង (ឆ្វេង​ទី​២)​ ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ​របស់​លោក គឺ​លោក កាស៊ីត​ ភិរម្យ (Kasit Piromya) នៅ​ចំពោះ​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (កណ្តាល) រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី George Yeo (

ស្រប​នឹង​ជំហរ​របស់​អាស៊ាន​ ក្រុម​អ្នក​សង្កេត​ការណ៍​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការ​បញ្ជាក់​ឡើង​វិញ​របស់​កម្ពុជា​និង​ថៃ​ អំពី​កិច្ច​ឈប់​បាញ់​គ្នា​ ហើយ​បន្ត​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ដោយ​សន្តិវិធី​ ក្រៅ​ពី​គាំទ្រ​ផង​ដែរ​ចំពោះ​ការ​ទទួល​យក​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​៤០​នាក់​មក​កាន់​តំបន់​ជម្លោះនេះ។ អ្នក​សង្កេត​ការណ៍​ខ្លះ​ចាត់​ទុក​ថាលទ្ធផល​នេះ​គឺ​ជា​ជំហាន​ដំបូង​នៅឡើយ​ទេ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះព្រំដែន​និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា​-ថៃ។

លោកអ៊ូ វីរៈ​ នាយក​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ថា​ វត្តមាន​របស់​ អ្នក​សង្កេត​ការណ៍​ ឬ​ជា​ភាគី​ទី៣​ គឺ​ជា​ជោគជ័យ​សម្រាប់កម្ពុជា​និង​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ នឹង​ជួយ​ការពារ​ប្រាសាទ​ព្រះវិហារ​ ទប់​ស្កាត់​ការ​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​ដែល​ស្ថិត​នៅ​តំបន់​ជម្លោះ​ ហើយ​ក៏​លែង​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ភាគី​ណា​ ការ​វាយ ប្រហារ​ភាគី​ណា​មុន​ ភាគី​ណា​រំលោភ​បំពាន​បូរណភាព​ដែន​ដី​ប្រទេស​ណា។ «អញ្ចឹង​ជោគជ័យ​ហ្នឹង​ គ្រាន់​តែ​ជំហាន​មួយ​ប៉ុណ្ណោះ​ នៅ​មាន​ជំហាន​ផ្សេង​ទៀត ដែល​ត្រូវ​បំពេញ​ការងារ​បន្ត​ទៀត​អស់​រយៈ​ពេល​យូរ​អង្វែង​ទៀត។ ប៉ុន្តែ​វា​មាន ការ​ពិបាក​ប៉ុន្តែ​មាន​ជំហាន​មួយ​ច្បាស់​លាស់​បែប​នេះ ​ខ្ញុំ​ជឿ​ជាក់​ ថា​វា​អាច​ធ្វើឲ្យ​យើង​រៀបចំ​តំបន់​ហ្នឹង​ឲ្យ​បាន​ល្អ​ រៀប​ចំ​ព្រំប្រទល់​ហ្នឹង​ឲ្យ​បាន​ល្អ»។

លោក វីរៈ​ដែល​អះអាង​ថា​ដំណោះ​ស្រាយ​នេះ​ជា​សម្ពាធ​ពី​អាស៊ាន​ លោក​បាន បញ្ជាក់​ថា​កម្ពុជា​និង​ថៃ​អាច​នឹង​ចាប់​ផ្តើម​ដោះស្រាយ​បញ្ហា​វិវាទ​ ព្រំដែន​ការ​បោះ បង្គោល​ព្រំដែនតាមរយៈ​កិច្ច​ព្រម​ព្រៀង​ អនុស្សរណៈ​ ឆ្នាំ​ ២០០០​ ដែល​ភាគី ទាំងពីរ​ពុំ​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​នោះ។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ ១០ ​ប្រទេស​បាន​ស្វាគមន៍ ចំពោះ​កម្ពុជា​និង​ថៃ​ដែល​សុខ​ចិត្ត​ទទួល​យក​អ្នក​សង្កេត​ការណ៍​ស៊ីវិល​៤០​នាក់ របស់​ប្រទេស​ឥណ្ឌូនេស៊ី​ ម្ខាង​២០នាក់ដើម្បី​ប្រចាំការ​នៅ​តំបន់​ ជម្លោះតាម ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ថៃ​ ដើម្បី​បញ្ឈប់​ការ​ប៉ះ​ទង្គិច​ប្រដាប់ ​អាវុធ​បន្ត​ទៅ​ទៀត។

លោក​ បណ្ឌិតឈាង ​វណ្ណារិទ្ធ​ នាយក​ប្រតិបត្តិ​នៃ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់ សហ​ប្រតិបត្តិការ​និង​សន្តិភាព​បាន​អះអាង​ដែរ​ថា​ដំណោះ​ស្រាយ​នៅ​សមាគម​អាស៊ាន​ជា​ជោគជ័យ​មួយ​សម្រាប់ពលរដ្ឋ​ទាំង​ពីរ​ប្រទេស ​និង​សន្តិសុខ​ក្នុង​តំបន់​ ហើយ​ជា ច្រក​ចេញ​ដ៏​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​កាន់​ដំណោះ​ស្រាយ​ផ្នែក​សម្រាប់​នយោបាយ។

«ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​ត្រូវការ​ពីរ​គឺ​ដំណោះ​ស្រាយ​នយោបាយ​និង​ដំណោះ​ស្រាយ​តុលាការ។ដូច្នេះ​អ្វី​ដែល​នៅ​ជា​បញ្ហា​ដែល​យើង​មិន​ទាន់​ដឹង​នោះ​គឺ​បញ្ហា​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ។​ វា​ត្រូវ​ការ​រយៈ​ពេល​យូរ​ដូច្នេះ​ដើម្បី​យើង​រង់ចាំ​នូវ​ការ​ដោះ​ស្រាយ​ ឬ​ការ​ឆ្លើយ​បំភ្លឺ​ពី​តុលាការ​យើង​ ត្រូវ​តែ​មាន​ក្រុមប្រឹក្សា​ មាន​អ្នក​សង្កេត​ការណ៍​ដើម្បី​ថែ​រក្សា​សន្តិភាព​នៅ​តាម​ព្រំដែន។​ ពី​ព្រោះ​យើង​មិន​អាច​ឲ្យ​តុលាការ​ដោះ​ស្រាយ​រឿង​ហ្នឹង​ពេល​យើង​កំពុង​តែ​បាញ់​គ្នា​បាន​ទេ»។

គេ​គ្មាន​បញ្ចាក់​ថា​តើ​អ្នក​សង្កេត​ការណ៍​ទាំង​៤០​នាក់​នោះ​ មាន​អាណត្តិ​យូរ​ប៉ុន្មាន ហើយ​ក៏​គ្មាន​ការ​បញ្ជាក់​ថា​ពួក​គេ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ជម្លោះនៃ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​ណា​ទេ។

លោក ​បណ្ឌិត ​ឡៅ ​ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​បាន​អះអាង​ថា​ នេះ​ជា​សញ្ញា​វិជ្ជមាន​ក្នុង​ដំណោះ​ស្រាយ​បញ្ហា​រំលោភ​បំពាន​បូរណភាព​ដែន​ដី។​ តែ​លោក​បាន​ចោទ​សួរ​ចំពោះ​ប្រសិទ្ធភាព​របស់​អ្នក​សង្កេត​ការណ៍​អាស៊ាន​ដែល​ត្រូវ​ទៅ​សង្កេត​ការណ៍​ ហើយ​នឹង​ស្ថានភាព​ជាក់​ស្តែង​នៅ​និង​តំបន់​ជម្លោះ​។​ លោក បណ្ឌិត​ឡៅ ​ម៉ុង​ហៃ​បាន​បង្ហាញ​ពីការ​ដោះ​ស្រាយ​មិន​ចេះ​ចប់​នៅ​ក្នុង​ប្រទេស មជ្ឈិម​បូព៌ា​មួយ​ចំនួន​ និង​ដែន​ដី​កាស្មៀរ​ ដែល​ប្រទេស​ឥណ្ឌា​និង ​ប៉ាគីស្ថាន កំពុង ដណ្តើម​គ្នា​កាន់​កាប់​មិន​ចប់​រាប់​សិប​ទសវត្សរ៍​មក​ហើយ​នោះ។

«មាន​ប្រទេស​ខ្លះ​គឺ​មាន​កងទ័ព​រក្សា​សន្តិសុខ​សន្តិភាព​អ.ស.ប​ផង​ក៏​នៅ​រ៉ាំរ៉ៃ​រាប់​សិប​ឆ្នាំ​អញ្ចឹង​ទៅ។ ហើយ​ខ្ញុំ​ព្រួយ​បារម្ភ​ត្រង់​ហ្នឹងទេ។​ តើ​គ្រាន់​តែ​ថា​ឈប់​បាញ់​ គ្នា​ ហើយ​មាន​អ្នក​សង្កេត​ការណ៍​ អត់​មាន​អាវុធ​កាន់​ទៅ​មើល​តាម​ទល់​ដែន​ ឬ​ តាម​ព្រំដែន​ប្រទេស​ទាំង​សង​ខាង​ហ្នឹង​តើ​គេ​ចូល​ដល់​ណា?»។

លោក ​បណ្ឌិត​ឡៅ ​ម៉ុងហៃ​បាន​ចោទ​សួរ​ពី​ការ​ចរចា​ដោះ​ស្រាយ​ជម្លោះ ដែល តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រធាន​អាស៊ាន​ជា​ភាគី​ទី៣​នោះ ​តើ​នឹង​មាន​ឥទ្ធិពល ប៉ុណ្ណា? ​យល់​ដឹង​បញ្ហា​បាន​កម្រិត​ណា​ និង​ចូល​ដល់​កម្រិត​ណា? ​លោកថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា៖​ ដំណោះ​ស្រាយ​សន្តិភាព​អាច​ធ្វើ​បាន​ច្រើន​ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ​តែ​ដំណោះ​ស្រាយ​ជា​ស្ថាពរ​លោក​នៅ​មាន​ការ​សង្ស័យ​ច្រើន​នៅ​ឡើយ។

លោក​កុយ​ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​រីក​រាយ​នឹង​លទ្ធផល​នៃ​កិច្ច ​ប្រជុំ​អាស៊ាន​ដោយ​ចាត់​ទុក​ថា​វត្តមាន​របស់​អ្នក​សង្កេត​ការណ៍​ជា​ភាគី​ទី៣​និង​នាំ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ច្បាស់​លាស់​ពី​ហេតុ​ការណ៍៖

«​ដូច្នេះ​វត្តមាន​របស់​អ្នក​សង្កេត​ការណ៍​អាស៊ាន​ ជា​ពិសេស​គឺ​ឥណ្ឌូនេស៊ី​នាពេល​ខាង​មុខ​នេះ​គឺ​ជា​សាក្សី​ដ៏​សំខាន់​ណាស់​ក្នុង​ការ​បំភ្លឺ​ចំពោះ​ប្រទេស​ណា ថៃ​ឬ​កម្ពុជា​ដែល​ជា​បង្ក​បំពាន​គ្នា​ទៅវិញ​ទៅមក​ ពីព្រោះ​ កន្លង​មក​តែងតែ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក»។

នៅ​ពេល​សួរ​ថា ​តើ​បើ​អាស៊ាន​មិន​អាច​ដោះ​ស្រាយ​បាន​និង​មាន​យន្តការ​យ៉ាង​ណា? ​លោក​កុយ គួង​បាន​អះអាង​ថា​នោះ​ជា​ជំហាន​បន្ទាប់​ដែល​លោក​បាន​ យោង​ទៅ​លើ​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

ថ្លែង​ជា​សាធារណៈ​ក្នុង​ពេល​ចែក​សញ្ញា​ប័ត្រ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ពី​តួនាទី​តុលាការ​អន្តរជាតិ​ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​នេះ​ ដោយ​លោក​ចាត់​ទុក​ថា​ លទ្ធផល​នៃ​កិច្ច​ប្រជុំ​អាស៊ាន​គឺ​ជា​រឿង​គ្រាន់​តែ​បន្ធូរភាព​តានតឹង​ប៉ុណ្ណោះ។

«ព្រោះ​រឿង​វា​មិន​ចប់​ត្រឹម​ហ្នឹងទេ​ នេះ​គឺ​សម្រាល​ស្ថាន​ការណ៍​រង់ចាំ​ដំណោះ ស្រាយ​ ស្ថាពរ​លើ​ដំណោះ​ស្រាយ​ព្រំដែន​។​ហើយ​ដំណោះ​ស្រាយ​នេះ​វា​ពិបាក​ណាស់។មួយ​ប្រើ​ផែន​ទី​ដែល ​តុលាការ​ អន្តរជាតិ​ដែល​តុលាការ​ទីក្រុង​ឡាអេ​ទទួល​ស្គាល់​ នៅ​ក្នុង​អង្គហេតុ​នៃ​សាល​ក្រម​ តុលាការ​ក្រុង​ឡាអេ​ឯ​មួយ​ទៀត​គូស​តាម​ ឯកតោ​ភាគី​ បើ​អញ្ចឹង​វិធី​តែមួយ​គត់​ អាស៊ាន​ក៏​ដោះស្រាយ​មិន​ចេញ​ដែរ​រឿង​ហ្នឹង​ ក្រុម​ប្រឹក្សា​សន្តិសុខ​ ក៏​មិន​មាន​សមត្ថកិច្ច​ដោះ​ស្រាយ​រឿង​ហ្នឹង​ទេ គឺ​មាន​តែ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​តែ​ប៉ុណ្ណោះ»។

ក៏ប៉ុន្តែ ​មន្ត្រី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ម្នាក់​បាន​ថ្លែង​ប្រាប់​ VOA​ ខេមរភាសា​ពី ប្រទេស​ហូឡង់​មក​ថា​ករណី​ប្រាសាទ​ព្រះវិហារ​បាន​ចប់​ហើយ។​ ហើយ​សំណុំ​ រឿង​នេះ​ ក៏​បាន​បិទ​រួច​ហើយ​ដែរ។​ មន្រ្តី​ដដែល​បាន​អះអាង​ថា​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ពន្យល់​ណា​មួយ​ចំពោះ​សំណុំ​រឿង​នេះ​ឡើង​វិញ​លុះ​ត្រា​តែ​មាន​ការ​ស្នើ​សុំ​ពី​ប្រទេស​ទាំងពីរ​ព្រម​គ្នា។​ ការ​ស្នើ​តែ​ប្រទេស​មួយ​មិន​អាច​កើត​ឡើង​បាន​ទេ។​ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា​រហូត​មក​ទល់​ពេល​នេះ​ពុំ​ឃើញ​មាន​សំណើ​ពី​ប្រទេស​ណា​មួយ​នៅ​ឡើយ​ទេ។

កងទ័ព​នៃ​ប្រទេស​ទាំងពីរ​នៅមាន​ភាពតាន​តឹង​នៅ​ឡើយ​តាម​បណ្តោយ​ព្រំដែន កម្ពុជា​ថៃ​ ហើយ​ក៏​គ្មាន​កិច្ច​ព្រម​ព្រៀង​ដក​កងទ័ព​ថយ​នោះ​ដែរ ​ក្រៅ​ពី​ភាគី​ទាំង ពីរ​ បាន​បញ្ជាក់​ពី​កិច្ច​ឈប់​បាញ់​គ្នា​នោះ។ ប្រទេស​កម្ពុជា​និង​ថៃ​បាន​វាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក​កាល​ពី​ថ្ងៃ​៤-៧ ​កុម្ភៈ​ដោយសារ​ការ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​អំពី​ការ​ឈ្លាន​ពាន​បូរណភាព​ទឹកដី ​ដែល​ ស្ថិត​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ។​ ការ​វាយ​ប្រយុទ្ធ​គ្នា​នោះ​ បង្ក​ឲ្យ​មាន​ការ​ស្លាប់​និង​របួស​ទាហាន​ទាំង​សង​ខាង​ ខូចខាត​ប្រាសាទ​ព្រះវិហារ​ ដែល​ជា​ បេតិក​ភណ្ឌ​ពិភព​លោក និង​បង្ក​ឲ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ នៃ ​ប្រទេស​ទាំង ពីរ​ចាក​ចេញ​ពីផ្ទះ​សម្បែង​របស់​ពួកគេ៕

XS
SM
MD
LG