ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​រៀបចំ​បាតុកម្ម​ពេល​លោក​ហោ ណាំហុង​ជួប​លោកស្រី​ហ៊ីលឡារី ​គ្លីនតុន


លោក ហោ ណាំហុង ​រដ្ឋមន្ត្រីការ​បរទេសកម្ពុជា​ ថ្លែង​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​​នៅ​ក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​កន្លង​មក។
លោក ហោ ណាំហុង ​រដ្ឋមន្ត្រីការ​បរទេសកម្ពុជា​ ថ្លែង​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​​នៅ​ក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​កន្លង​មក។

សម្គាល់៖ វីអូអេ​នឹង​មាន​ធ្វើ​សេចក្តី​រាយការណ៍​ពិសេស​អំពី​ដំណើរទស្សនកិច្ច​ផ្លូវការ​​របស់​លោក​ហោ ណាំហុង មក​កាន់​សហរដ្ឋ​អាមេរិក​ពី​ថ្ងៃ​ទី​១២​ដល់​១៣ ខែ​មិថុនា ឆ្នាំ​២០១២។ ព័ត៌មាន​ចុង​ក្រោយ​បំផុត​នឹង​មាន​ជូន​នៅ​ទំព័រ www.facebook.com/voakhmer។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន​មកពី​រដ្ឋនានា​ត្រៀម​ធ្វើ​បាតុកម្ម​តវ៉ា​នៅមុខ​ក្រសួង​ការបរទេស​ស.រ.អ.​ក្នុង រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ជំរុញ​ស.រ.អ.​ឲ្យ​ជួយ​ពិនិត្យ​មើល​ស្ថានការណ៍​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ​ការ​រំលោភ​បំពាន​ដីធ្លី​ និង​កែទម្រង់​ផ្សេងៗ​ក្នុងពេល​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី ​ការបរទេស​កម្ពុជា​ជួប​ជាមួយ​លោកស្រី ​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ ហ៊ីលឡារី គ្លីនតុន​ (Hillary Clinton) នៅ​ថ្ងៃ​អង្គារ។

លោក ម៉ៃឃើល ឌួង ​អ្នក​រៀបចំ​បាតុកម្ម​អហិង្សា​នេះ​បាន​អះអាង​ថា​បាតុកម្ម​នេះ​គឺដើម្បី​ជំរុញ​ឲ្យ​ស.រ.អ.​គិត​ពិចារណា​អំពី​បញ្ហា​នៅ​កម្ពុជា​ទាក់ទង​នឹង​ការ​បណ្តេញ​ចេញ​ពលរដ្ឋ​ពី​លំនៅដ្ឋាន​ ​ការ​ចាប់​ពលរដ្ឋ​បឹងកក់​១៥​នាក់​ដាក់​គុក​ដោយសារ​ការ​តវ៉ា​ដែល​គ្មាន​ដំណោះស្រាយ​ បញ្ហា​បាញ់​សម្លាប់​សកម្មជន​ព្រៃឈើ​លោក ឈុត វុទ្ធី ​និង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​ចុះ​អន់ថយ​ដំណើរការ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។

«ព្រោះអី​យើង​យល់ឃើញ​ថា ​ចំពោះ​យើង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​សហគមន៍​ខ្មែរ​នៅ​បរទេស​ទាំង​អស់​ដែរ ​គឺ​ឃើញ​ថា​ ប្រជាធិបតេយ្យ​ហើយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហ្នឹង​ កាន់តែ​ដើរ​ថយ​ក្រោយ​ឡើង»។

បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នេះ​ចំ​ពេល​លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​គ្រោង​នឹង​ជួប​ជាមួយ​លោកស្រី​ ហ៊ីលឡារី គ្លីនតុន ​នៅ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ ដែល​គេ​ដឹង​ថា​ នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​តំបន់​ បញ្ហា​បំណុល​ជាង​៤៤០​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់​ស.រ.អ.​ ហើយ​និង​ពិភាក្សា​ពី​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ស.រ.អ. ​ផង​ដែរ។​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​លោក ហោ ណាំហុង ​នឹង​ជួប​ជាមួយ​លោក​ ព្រឹទ្ធសមាជិក​ ជីម វេប (Jim Webb) ​និង​មន្ត្រី​សេតវិមាន​ផង​ដែរ។

លោក ម៉ៃឃើល ឌួង​ បាន​អះអាង​ថា ​ដោយសារ​ពលរដ្ឋ​ខ្មែរ​និង​លោក​បាន​ដឹង​ដំណឹង​ពី​ទស្សនកិច្ច​របស់​ លោក ហោ ណាំហុង​ លោក​និង​ពលរដ្ឋខ្មែរ​អាមេរិកាំង​ដទៃ​ទៀត​បាន​រៀបចំ​បាតុកម្ម​នេះ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទាំង​ក្នុង​នយោបាយ​អាមេរិកាំង​និង​កម្ពុជា។​ លោក​ថ្លែង​ថា ​តំណាង​ក្រុម​បាតុករ​នឹង​ជួប​ជាមួយ​លោក ចូហ្សេហ្វ យន់ (Joseph Yun) ​ឧបការីរង​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី។ ​លោក​ថ្លែង​ថា​ ដោយសារ​តំណាង​បាតុករ​ជា​ជនជាតិ​អាមេរិក​ គេ​អនុញ្ញាត​ឲ្យ​ជួប​ដើម្បី​ស្តាប់​បញ្ហា​លំបាក​ របស់​ពលរដ្ឋ​និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​គេ​ គឺ​មិន​ដូចជា​នៅ​កម្ពុជា​ទេ។

«ឥឡូវ​ឧទាហរណ៍​ដូច​ជា​ខ្ញុំ​ទៅ​សុំ​ជួប​គេ​ យើង​មាន​បញ្ហា​គួរ​ឲ្យ​ដោះស្រាយ។ គេ​ស្តាប់​យើង។ គេ​យក​ចិត្ត​ទុក​ដាក់។​ មិន​មែន​ដូច​ស្រុក​ខ្មែរ​គ្រាន់​តែ​ធ្វើ​បាតុកម្ម ​គ្រាន់​សុំ​យក​ញត្តិ​ទៅ​ឲ្យ​គេៗ​វាយ​ដំ​ច្រំធាក់ ​ហើយ​គេ​ចាប់​ដាក់​ពន្ធនាគារ​ អាហ្នឹង​វា​អយុត្តិធម៌​ណាស់»។

លោក ​យ៉ាប់ គឹមទឹង​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​ CAHRAD​ នៅ​រដ្ឋ​វីជីនៀ (Virginia) ​ស.រ.អ.​បាន​ថ្លែង​ថា​ លោក​នឹង​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ជួយ​ដល់​កម្ពុជា​ឲ្យ​មាន​ការ​កែ​ទម្រង់​លើ​វិស័យ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ត្រឹមត្រូវ​មួយ​ បញ្ឈប់​ការ​ចាប់​ពលរដ្ឋ​ខ្មែរ​ដាក់គុក ​បញ្ឈប់​អំពើ​ហិង្សា​បាញ់​កម្មករ​រោងចក្រ​ និង​អ្នកតវ៉ា​ដីធ្លី​ជាដើម។

«យើង​ចង់​ទៅ​បាតុកម្ម​ពេល​ហ្នឹង​ដើម្បី​បង្ហាញ​ថា ​យើង​មិន​សប្បាយ​ចិត្ត​ពី​រឿង​នយោបាយ​បង្រ្កាប​ ជា​ពិសេស​បង្រ្កាប​អ្នក​ប្រឆាំង​នឹង​អ្នក​ទាមទារ​អ្វីៗ​ផ្សេងៗ​ទៀត។​ គឺ​ថា​ទាក់ទង​នឹង​រាជការ​ហ្នឹង​គឺ​គេ​សង្គ្រប់ ​គេ​បំបិទ​សិទ្ធិ ​ហើយ​សិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យើង​បាន​ដើរ​ថយ​ក្រោយ។​ បើ​គិត​ទៅ​ឈាន​ចូល​ផ្តាច់ការ​នៅ​ប្រទេស​ខ្មែរ ​ហើយ​នឹង​ការ​ពុករលួយ»។

ចំណែក​លោក ​គុជ ចាន់លី​ ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋម៉ារីឡែន​ (Maryland) អះអាង​ថា​លោក​នឹង​ចូលរួម​បាតុកម្ម​ដែរ​ ដោយ​ថ្លែង​ថា ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នឹង​ពង្រីក​ការ​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋការ​ស.រ.អ.​រឿង​បញ្ហា​កម្ពុជា។

«គឺ​ថា​យើង​នឹង​បន្ត​សកម្មភាព​របស់​យើង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ខ្មែរ​យើង​នៅ​ក្នុង​ប្រទេស​ខ្មែរ»។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង​បាន​អះអាង​ថា​ ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​គ្មាន​អ្វី​ប៉ះពាល់​ដល់​ដំណើរ​ទស្សនកិច្ច​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ទេ។​

«នេះ​ជា​រឿង​ធម្មតា​សម្រាប់​ក្រុម​ខ្មែរ​វង្វេង​ជាតិ​មួយ​ចំនួន​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ងងល់។ អញ្ចឹង​ហើយ​នៅ​ពេល​ដែល​គេ​ស្ថិត​ក្នុង​ភាព​ងងឹត​ងងល់​គេ​នឹង​ធ្វើ​សកម្មភាព​ងងឹត​ងងល់​បែបហ្នឹង »។

ប្រទេស​កម្ពុជា​ត្រូវ​ស.រ.អ.​ចាត់​ទុក​ថា ​ជា​ប្រទេស​អន់​ថយ​ផ្នែក​ការ​គោរព​សិទ្ធិ​មនុស្ស​ ដោយសារ​តុលាការ​មាន​ភាព​ទន់ជ្រាយ ​ការ​សម្លាប់​ក្រៅ​ច្បាប់​ដែល​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​មួយ​ចំនួន​និង​ បញ្ហា​មួយ​ចំនួន​ទៀត។​ នេះ​ជា​របាយ​ការណ៍​ប្រចាំឆ្នាំ​ស្តី​ពី​កំណត់​ហេតុ​សិទ្ធិ​មនុស្ស​ពិភពលោក​ដែល​ទើប​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ៕

XS
SM
MD
LG