បងប្អូនខ្មែរនៅស.រ.អា. មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់៣នាក់ នៅក្នុងប្រទេសកម្ពុជា ដែលទើបចាប់ផ្តើមនៅពេលថ្មីៗនេះ។ ជាក់ស្តែងបងប្អូនខ្មែរ ដែលនាំគ្នាមកវត្តខ្មែរក្នុងថ្ងៃសីលមួយនៅពេលថ្មីៗនេះ នៅទីក្រុង Oakland រដ្ឋ California ភាគខាងលិចស.រ.អា. ថ្លែងថា ពួកគាត់ទន្ទឹងរង់ចាំថ្ងៃនេះអស់ពេលជាង៣០ឆ្នាំមកហើយ។
លោកអ៊ិន សួន ជាប្រធានគណៈកម្មការក្រុមអភិបាលនៃសមាគមវត្តខ្មែរ នៅក្រុង Oakland។ លោកថ្លែងថា លោកចង់ឃើញតុលាការកាត់ទោសពួកមេដឹកនាំខ្មែរក្រហមឲ្យបានឆាប់ៗ។
«ពីព្រោះថា គាត់ចាស់ជរាណាស់ទៅហើយ ដល់អញ្ចឹងទៅភស្តុតាងដែលពួកចៅក្រមយកមកស៊ើបអង្កេតហ្នឹង គាត់មិនអាចឆ្លើយបានក៏មិនដឹង ហើយប្រជារាស្ត្រខ្មែរអ្នករងគ្រោះរាប់លាននាក់នៅក្រៅប្រទេសផង នៅក្នុងប្រទេសផង ចាំទន្ទឹងមើលឲ្យឃើញថា គាត់ធ្វើបាបគេហើយត្រូវតែផន្ទាទោស កុំឲ្យរួចខ្លួនបាន»។
មេដឹកនាំទាំង៣នាក់នោះគឺនួន ជា អាយុ ៨៥ឆ្នាំអតីតប្រធានមនោគមន៍វិជ្ជានយោបាយ ខៀវ សំផន អាយុ៨០ឆ្នាំ អតីតប្រមុខរដ្ឋ និងអៀង សារី អាយុ៨៦ឆ្នាំ អតីតរដ្ឋមន្ត្រីការបរទេស ត្រូវបានចោទប្រកាន់អំពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ចំណែកអៀង ធីរិទ្ធ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ត្រូវបានរកឃើញថា ពុំមានកាយសម្បទាល្អដើម្បីឲ្យតុលាការកាត់ទោសទេ។
លោកតា កើត គឹមឡេង សព្វថ្ងៃរស់នៅក្នុងទីក្រុង Oakland រដ្ឋ California យល់ថា អៀង ធីរិទ្ធមិនគួរត្រូវអនុញ្ញាត្តឲ្យរួចខ្លួនទេ។
«មិនគួររួចខ្លួនថា មិនឲ្យកាត់ទោសទេ។ កាត់ទោសកំបាំងមុខទៅចុះ។ ត្រូវតែមានទោសដែរ ពីព្រោះសម័យអាពតហ្នឹង នរណាឆ្កួតក៏វាយកទៅសម្លាប់ដែរ។ វាថា ដកចេញមិនខាត។ ទុកជាឆ្កួតក៏វាសម្លាប់ដែរ»។
លោកយង់ កឹម ជាអាចារ្យនៅវត្តខ្មែរក្នុងទីក្រុង Oakland។ លោកអាចារ្យអំពាវនាវឲ្យសាលាក្តីខ្មែរក្រហមរកយុត្តិធ៌មជូនជនរងគ្រោះទាំងឡាយ។
«ខ្ញុំមិនជឿថា ខ្មែរប្រល័យពូជសាសន៍ខ្មែរទេ។ ខ្ញុំមិនជឿជាដាច់ខាត។ មិនដែលខ្មែរណាទៅបំបាត់ពូជសាសន៍ឯងទេ។ ដូច្នេះសូមមេត្តាអង្គការសហប្រជាជាតិមេត្តាជួយរកឲ្យឃើញអ្នកសម្លាប់ខ្មែរហ្នឹង»។
អ្នកស្រីសៀន ហ៊ុយ ជាហេរញ្ញិកនៃវត្តខ្មែរ Oakland។ អ្នកស្រីបាត់បង់សមាជិកក្រុមគ្រួសារយ៉ាងច្រើនក្នុងសម័យខ្មែរក្រហម។ អ្នកស្រីថ្លែងថា បើសិនជាថ្ងៃមុខទៅ តុលាការកាត់ទោសឲ្យមេដឹកនាំខ្មែរក្រហមទាំង៣ជាប់គុកអស់មួយជីវិត ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ បើប្រៀបធៀបជាមួយនឹងចំនួនជនរងគ្រោះ។
«ក្នុងជំនឿជាអ្នកកាន់ព្រះពុទ្ធសាសនា ខ្ញុំជឿថា គាត់នឹងទទួលមិនដឹងជាប៉ុន្មានពាន់ ប៉ុន្មានសែនជាតិទៀតទេ ព្រោះថា ខ្ញុំជាអ្នកកាន់ព្រះពុទ្ធសាសនា ខ្ញុំមានជំនឿអំពីរឿងកម្មផល។ ខ្ញុំមានជំនឿខ្លាំងចា៎»។
ឧបាសិកាគង់ ម៉េងបាត់បង់កូនម្នាក់នៅសម័យខ្មែរក្រហម។ អ៊ំស្រីមានប្រសាសន៍ថា ការឈឺចាប់របស់អ៊ំនៅជំនាន់នោះគឺឈឺចាប់រកអ្វីប្រៀបមិនបានទេ។
«ចង់បានយុត្តិធម៌ ចង់ឲ្យមេខ្មែរក្រហមហ្នឹងប្រាប់ថា ហេតុអ្វីបានជាសម្លាប់ខ្មែរគ្នាឯង ពូជសាសន៍ឯង។ ចង់ឲ្យមេខ្មែរក្រហមឆ្លើយថា អ្នកណាជាអ្នកបញ្ជាពីលើទៀត»។
ពលរដ្ឋកម្ពុជាប្រមាណ១លាន៧សែននាក់បានស្លាប់ក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដោយការប្រហារជីវិត ការអត់អាហារ ការធ្វើការហួសកម្លាំង និងជម្ងឺផ្សេងៗ៕