វ៉ាស៊ីនតោន៖ មានប្រតិកម្មចម្រុះកើតមានឡើងក្នុងស្រទាប់ពលរដ្ឋខ្មែរ អាមេរិកាំង ក្រោយពីតុលាការខ្មែរក្រហមបានចេញសាលក្រមលើកដំបូងលើការកាត់ក្តី អតីតមេគុកទួលស្លែង ឈ្មោះកាំង ហ្កេកអ៊ាវ ហៅឌុច។
ប្រតិកម្មជាការខឹងសម្បា ទឹកភ្នែក ការយំយែក ការហួសចិត្ត លាយឡំនិងការខិតខំប្រឹងរម្ងាប់ចិត្តដើម្បីទទួលយកនូវអ្វីដែលកើតចេញពីលទ្ធផលនៃការរង់ចាំយុត្តិធម៌អស់រយៈពេលជាង៣០ឆ្នាំពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមនោះ បានកើតមានឡើងក្នុងចំណោមពលរដ្ឋខ្មែរអាមេរិកាំង បន្ទាប់ពីតុលាការកូនកាត់កម្ពុជា និងអង្គការសហប្រជាជាតិបានចេញដីការសម្រេចលើករណីរបស់ឌុច អតីតមេមន្ទីរឃុំឃាំងទួលស្លែង។
កាំង ហ្កេកអ៊ាវ ហៅឌុចត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃច័ន្ទ ឱ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ បន្ទាប់ពីដំណើរការកាត់ទោសអស់រយៈពេល៧៧ថ្ងៃ។ ប៉ុន្តែបន្ទាប់ពីដកចេញរយៈពេលដែលគាត់បានជាប់ឃុំឃាំងកន្លងមក និងដោយសារគាត់បានសហការជាមួយតុលាការនោះ ឌុចនឹងត្រូវបន្តជាប់ឃុំឃាំងតែ១៩ឆ្នាំទៀតប៉ុណ្ណោះ។
លោក គុជ ចាន់លី ពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងរដ្ឋម៉ារីឡែន បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះសាលក្រមនោះ ដោយចាត់ទុកថា វាជាសក្ខីភាពមួយនៃការអត់ឱនចំពោះឃាតករ ហើយការកាត់ទោសនេះគ្រាន់តែជាឆាកល្ខោនមួយប៉ុណ្ណោះ។
“ខ្ញុំយល់ឃើញថា គឺជាអំពើអយុត្តិធម៌ណាស់ដែលតុលាការហ្នឹងបន្ថយទោសឌុចនៅត្រឹមតែ១៩ឆ្នាំ ឬក៏អាចតិចជាងហ្នឹងទៅទៀតក៏មានដែរ បន្ទាប់ពីគាត់ឱ្យមេធាវីរបស់គាត់ប្តឹងតវ៉ាថែមទៅទៀតនោះ។ ខ្ញុំបានដឹងដែរថា ក្រុមមេធាវីរបស់គាត់នឹងដាក់ពាក្យប្តឹងឱ្យលោកឌុចបានរួចខ្លួនថែមទៅទៀត។ ចាប់តាំងពីដំណើរការសាលាក្តីខ្មែរក្រហមមក ខ្ញុំពុំដែលមានជំនឿទៅលើការកាត់ទោសរបស់ខ្មែរក្រហមក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្រងទៅដោយអតីតខ្មែរក្រហមខ្លួនឯងនោះទេ"។
ឌុច ដែលឆ្នាំនេះមានអាយុ ៦៧ឆ្នាំ ត្រូវបានរកឃើញថាមានទោសពិតប្រាកដក្នុងបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះតួនាទីជាប្រធានមន្ទីរឃុំឃាំងទួលស្លែង ឬហៅថាស២១។ អ្នកទោសត្រូវបានគេធ្វើទារុណ្ឌកម្មយ៉ាងព្រៃផ្សៃ ដូចជាការដកក្រចក ចងជ្រមុជទឹក និងបណ្តាក់គ្នាវាយ ដើម្បីសួរចម្លើយមុននឹងយកទៅសម្លាប់ចោល។
មានតែអ្នកទោសជាង១០នាក់ប៉ុណ្ណោះមានវាសនាបានដើរចេញពីអតីតមន្ទីរឃុំឃាំងនេះដោយនៅមានជីវិត ហើយរហូតមកដល់ពេលនេះមានតែអតីតអ្នកទោសបីនាក់ប៉ុណ្ណោះបានចូលរួមក្នុងដំណើរការកាត់ទោសរបស់ឌុច។
កញ្ញា ហ៊ឹម ចាន់រិទ្ធី អ្នកនិពន្ធសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនពីរបបខ្មែរក្រហមដែលមានចំណងជើងថា “ពេលដែលអម្បែងអណ្តែត” បានសម្តែងអារម្មណ៍ក្តុកក្តួលនៅពេលដែលបានដឹងពីសាលក្រមសម្រេចលើទោសទណ្ឌរបស់ឌុច។
“នៅពេលខ្ញុំបានដឹងដំណឹងហ្នឹង ខ្ញុំដូចជាពិបាកជឿ ថារឿងហ្នឹងកើតឡើងមែន ថាមានការកាត់ទោសគាត់ហើយការដាក់ទោសគាត់ប៉ុន្មានឆ្នាំនេះខ្ញុំគិតថាដូចជាតិចពេក ប៉ុន្តែចិត្តមួយទៀតគិតថាពួកអ្នកដែលបានចែកឋានទៅដូចជាប៉ាម៉ាក់ខ្ញុំហើយហ្នឹងបងប្អូនខ្មែរទាំងអស់បានយុត្តិធម៌ខ្លះដែរហើយពេលនោះ ទឹកភ្នែកខ្ញុំស្រក់ ដូចថាមានព្រលឹងម៉ាក់ប៉ាខ្ញុំដែលធ្លាប់បានមកលេងខ្ញុំ គឺគាត់ប្រហែលបានស្រួលចិត្តដែរ ដែលគេបានកាត់ទោសគាត់[ឌុច] ។ ខ្ញុំគិតឃើញម៉ាក់ប៉ាខ្ញុំនិងបងប្អូនខ្មែរដែលបានចែកឋានទៅនឹងបានយុត្តិធម៌ខ្លះបន្ទាប់ពីបានរង់ចាំការកាត់ទោសនេះជាយូមកហើយ”។
ក៏មានអ្នកខ្លះបង្ហាញជំហរទទួលយក បើទោះបីជាមានបងប្អូនជាច្រើនបានស្លាប់បាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម។
លោក យ៉ប់ គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ប្រាប់វីអូអេថា កត្តាសំខាន់សាលក្រមនេះ ជាការបង្ហាញថាអ្នកប្រព្រឹត្តល្មើសគឺមិនអាចរួចខ្លួនដោយស្រួលបានឡើយ។
“ពួកយើងខ្ញុំជាខ្មែរ អាមេរិកាំងនៅ សហរដ្ឋអាមេរិកមានសេចក្តីត្រេកអរដែលបានឃើញតុលាការខ្មែរយើងកាត់ទោសលោកឌុចអំពីការប្រព្រឹត្តិអំពើឃោឃៅនៅសម័យប៉ុល ពត ។ ចំពោះការកាត់ទោស៣៥ឆ្នាំ ឬក៏១៩ឆ្នាំ ពួកខ្ញុំថាសមរម្យហើយ ជាពិសេសពួកខ្ញុំបានឃើញថា អ្នកប្រព្រឹត្តអំពើឃោឃៅបានទទួលទោសពេលចុងក្រោយ”។
លោក សុខ នេន ប្រធានសមាគមខ្មែរប្រចាំរដ្ឋអ៊ីលីណយបានយល់ស្រដៀងគ្នានេះដែរ បើទោះបីជាការសម្រេចមិនស្របតាមចិត្តដែលលោកចង់បាន។
“ចំពោះការកាត់ទោសជាការត្រឹមត្រូវ ក៏ប៉ុន្តែ ចំពោះអារម្មណ៍អ្នកដែលបានរងទុក្ខវេទនានោះនៅមិនទាន់គ្រប់គ្រាន់ទេ ក៏ប៉ុន្តែ យើងធ្វើទៅតាមកាលៈទេសៈដែលចៅក្រមគេកាត់ទោសឱ្យ ដូច្នេះយ៉ាងហោចណាស់ក៏បានកាត់ទោសឱ្យអ្នកដែលមានធ្វើអំពើអាក្រក់ហ្នឹងក៏បានជាប់ទោសទៅតាមអំពើរបស់គេ ដូច្នេះខ្ញុំថាយល់ស្របក៏ដូចជាមិនយល់ស្របក៏ប៉ុន្តែមនោសញ្ចេតនាបងប្អូនភាគខ្លះក៏នៅតែមិនទាន់អស់ចិត្តប៉ុន្តែបានធ្វើខ្លះនេះជាការមួយគួរសម"។
តាមការស្រាវជ្រាវកន្លងមកឱ្យដឹងថាមានប្រជាពលរដ្ឋខ្មែរអាមេរិកាំងជាច្រើន នៅតែមានការយល់សប្តិអាក្រក់នឹកគិតដល់ការលំបាកដែលពួកគេទទួលរងក្នុងសម័យខ្មែរក្រហម បើទោះបីជាពួកគេបានមករស់នៅសហរដ្ឋអាមេរិកយូឆ្នាំហើយក៏ដោយ ហើយអ្នកខ្លះមានជំងឺបាក់ស្បាតដែលជះផលរហូតដល់កូនចៅរបស់ពួកគេថែមទៀតផង។
លោកស្រី គួច ធានវី នាយកប្រតិបត្តិនៃសមាគមគាំទ្រសុខភាពខ្មែរដែលមានមូលដ្ឋាននៅរដ្ឋ Connecticut បានបញ្ជាក់ប្រាប់ វី អូ អេថា បើទោះបីជាមានការកាត់ទោសនេះក៏ដោយ ក៏ពិបាកនឹងលប់បំបាត់ស្លាកស្នាមឈឺចាប់ដែលពលរដ្ឋខ្មែរទទួលរងណាស់ ហើយមានអតិថិជនជាច្រើនរបស់លោកស្រី មានការរន្ធត់កាន់តែខ្លាំងនៅពេលដែលបានឮដំណឹងអំពីសាលក្រមរបស់ឌុច។
“មីងបានឮច្រើនហើយក្មួយ គឺថា អតិថិជនឬអ្នកជំងឺដែលខ្ញុំបានទទួលមើល ហើយហ្នឹងអ្នកក្រៅទៀត ដែលខ្ញុំមិនបានមើលទេប៉ុន្តែសហការីខ្ញុំបានទូរស័ព្ទមកគេនិយាយថា ការកាត់ទោសខ្មែរក្រហមលើកនេះគឺជាការលេងសើច ហើយទីពីរចំពោះអ្នកជម្ងឺដែលខ្ញុំធ្វើការជាមួយបានទូរស័ព្ទមកខ្ញុំដោយយំផងអីផងនិយាយថាការកាត់ទោសនេះគឺអត់មានយុត្តិធម៌"។
តុលាការបានទុកពេលមួយខែដើម្បី ឱ្យគ្រប់ភាគី ទាំងឌុចនិងភាគីដើមបណ្តឹង ប្តឹងជំទាស់នឹងការសម្រេចនេះ ដែលជាឱកាសមួយទៀតសម្រាប់ពួកគេបញ្ចេញសិទ្ធិរបស់គេទៅតាមផ្លូវច្បាប់។
លោក គុជ ចាន់លី បានស្នើថាប្រជាជនខ្មែរគួរតែស្នើឱ្យតុលាការនេះធ្វើការកាត់ទោសសារឡើងវិញបើមិនដូច្នោះទេវានឹងក្លាយជាមេរៀនដ៏អាក្រក់មួយ។
"ចំពោះប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលជាអ្នករងគ្រោះ មានរូបខ្ញុំជាដើមដែលបាត់បង់ឱពុកម្តាយ បាត់បង់បងៗ និងក្មួយមាមីងជាច្រើនទាំងអស់គ្នា ខ្ញុំយល់ថាទាំងអស់គ្នាគួរតែពិចារណា ហើយចាប់យកសកម្មភាពណាមួយដោយស្របច្បាប់និងដោយសន្តិវិធីដើម្បីទាមទារឱ្យតុលាការខ្មែរក្រហមកាត់ទោសសារឡើងវិញ ហើយទាមទាររកភាពសមរម្យក្នុងការដែលពួកឃាតករខ្មែរក្រហមហ្នឹងបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់រាប់ម៉ឺន រាប់ពាន់នាក់សូមឱ្យកាត់ទោសសារឡើងវិញ"។
មានអ្នកទោសប្រមាណជាង១២០០០នាក់បានស្លាប់បាត់បង់ជីវិតនៅមន្ទីរឃុំឃាំងទួលស្លែងហៅស ២១ ក្រោមការគ្រប់គ្រងរបស់ឌុច៕