ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​នៅ​អាមេរិក​កាន់ទុក្ខ​អ្នកស្លាប់​នៅកោះពេជ្រ


លោក​ យ៉ាប់ គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិប​តេយ្យ ចុះ​ឈ្មោះ​ចូល​រូម​រំលែក​មរណៈទុក​នៅ​ស្ថាន​ទូត​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​​​ម្សិល​ម៉ិញ​នេះ។
លោក​ យ៉ាប់ គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិប​តេយ្យ ចុះ​ឈ្មោះ​ចូល​រូម​រំលែក​មរណៈទុក​នៅ​ស្ថាន​ទូត​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​​​ម្សិល​ម៉ិញ​នេះ។

តំណាង​ពលរដ្ឋ​ខ្មែរ​អាមេរិក ក្នុង​តំបន់​ជុំវិញ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ជួប​ជុំ​គ្នា​ក្នុង​ស្ថានទូត​ខ្មែរ​កាល​ពី​ថ្ងៃ​ពុធទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១០ ដើម្បី​ធ្វើ​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​ដល់​ជន​រងគ្រោះ​កម្ពុជា​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​កាល​ពីថ្ងៃ​ចុង​បញ្ចប់​នៃ​ព្រះរាជ​ពិធី​អុំទូក​ឆ្នាំ​នេះ។

ក្នុង​ទឹកមុខ​ស្រងូត​ស្រងាត់​ ពួកគេ​បាន​សម្តែងការ​សោកស្តាយ​ដែល​កើតមាន​ឧបទ្ទវហេតុ​ដ៏​សោកសៅ​យ៉ាង​នេះ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​រហូត​៣៤៧នាក់ និង​របួស​រាប់​រយ​នាក់​ទៀត។

បើទោះ​បី​ជាពួកគេ​រស់​នៅ​ចម្ងាយ​រាប់​ម៉ឺន​គីឡូម៉ែត្រពី​ប្រទេស​កំណើត និង​មិន​មាន​សមាជិក​ក្រុមគ្រួសារ​ផ្ទាល់​ណា​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត និង​របួស​ក្នុង​ព្រឹត្តិការណ៍​ដ៏​សោក​សៅនេះ​ក៏​ដោយ​ក៏​ប្រតិកម្ម​ដោយ​ទឹក​ភ្នែក និង​ភាព​អួល​ដើម​ក​មាន​នៅ​ក្នុង​ចំណោម​អ្នកខ្លះ​ដែល​ចូល​រួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះដែរ។

លោក កែវ ថម​ ដែល​ជា​អ្នក​រៀបចំ​ការ​ជួបជុំ​នេះ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​៖

«ខ្ញុំមាន​អារម្មណ៍​សោកសង្វេង ​អាណិត​ស្រណោះ​ដែល​ជាមរណភាព​មួយ​ដែល​គួរ​ឱ្យ​តក់​ស្លុត ​ដែល​មិន​សូវ​បាន​ឃើញ និង​ឮ​ជួប​ប្រទះ។ យើង​ខ្ញុំ​មាន​ចិត្ត​អាណិត​ចិត្ត​ខ្លោចផ្សា។ ដូច្នេះ​ហើយ​បាន​ជាយើង​ខ្ញុំ​នាំ​គ្នា​មក​ថ្ងៃនេះ​ដើម្បី​គោរព​ដល់​ព្រលឹង​វិញ្ញណក្ខន្ធ​អ្នក​ទាំងអស់​នោះ»។

លោក យ៉ាប់ គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិប​តេយ្យ​ក៏​បានបញ្ជាក់​ដែរ​ថា៖

«ពួក​ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ជា​ខ្លាំង​ គឺ​មិន​ត្រឹម​តែ​ខ្ញុំ​ទេ គឺ​បង​ប្អូន​ខ្មែរ​អាមេរិកាំង​ជា​ច្រើន​មាន​សេចក្តី​សោកស្តាយ ហើយ​នឹង​អាណិតកើតទុក្ខ​ ពិបាក​ចិត្ត​ពីរឿង​ដែល​មាន​អាសន្ន​នៅ​ស្រុកខ្មែរ»។

ពលរដ្ឋ​ខ្មែ​រ​អាមេរិកខ្លះ​ក៏​គ្រោងនឹង​រៀបចំ​ពិធី​ខាង​ព្រះពុទ្ធ​សាសនា​នៅ​វត្តពុទ្ធិការ៉ាមក្នុង​រដ្ឋ​ម៉ារីលែនដ៍ (Maryland) ​នាថ្ងៃអាទិត្យនេះ ដើម្បី​ឧទ្ទិស​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ទាំង​នោះ ​និង​រៀបចំ​កម្ម​វិធី​រៃអង្គាស​ថវិកា​ដើម្បី​យក​ទៅ​ជួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ។ អ្នក​ខ្លះ​ទៀត​បាន​រៀបចំ​ជា​កម្មវិធី​សម្រាប់​ជួយ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ក្នុង​រយៈពេល​វែង​ផង​ដែរ។

លោក ខ្ចៅ សារ៉ង ​ប្រធាន​មូលនិធិ​ខ្មែរ​សម្រាប់​ការ​សិក្សា​បាន​និយាយ​ដោយ​ទឹកមុខ​ស្រងូត​ស្រងាត់ថា លោក​ប្តេជ្ញា​ថា នឹង​ជួយ​ដល់​កុមារ​ដែល​ឪពុក​ម្តាយ​បាន​ស្លាប់​បាត់​បង់​ជីវិត ​ដោយ​លោកយល់​ថា បើ​មិន​មាន​ការ​ជួយ​ដល់​កូន​ក្មេង​ទាំង​នោះ ​ទេ​ពួក​គេ​អាច​នឹង​បាត់​បង់​ឱកាស​សម្រាប់សិក្សា​ក្នុង​ពេល​ខាង​មុខ​ហើយ​លោក​ទើប​តែ​ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​ពី​ក្រុម​គណៈ​នាយក​របស់​លោក​ក្នុង​ការ​បង្កើត​ជា​អាហារូករណ៍​ត្រៀម​សម្រាប់​ពួកគេ។ លោក​បន្ត​ថា៖

«ខ្ញុំ​បាន​ជជែក​ជាមួយនឹង​មិត្ត​ភក្តិ។ ខ្ញុំ​ទើប​តែ​បញ្ចប់​ Conference Calls ​ជាមួយ​មិត្ត​ភក្តិ​នៅ ​ហ្វ៊ីឡាដែលហ្វៀ ​នៅ ​អ៊ីលីណយ (Illinois) ។ ខ្ញុំ​ជា​ប្រធាន​របស់​អង្គការ​មូលនិធិ​ខ្មែ​រ​សម្រាប់​ការសិក្សា​បាន​សុំ​គណៈ​នាយក​ឱ្យ​គេ​អនុម័ត​ដើម្បី​បង្កើតជា​អាហារូករណ៍សម្រាប់​កូនសិស្ស​ កូនដែល​កំព្រា​ដើម្បី​រក​ថវិកា​ទៅ​ផ្គត់​ផ្គង់​គ្នា​ឱ្យ​បាន​ទៅ​រៀន​ទៅ​មុខ»។

លោក ហែម ហេង ​ឯក​អគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិកក៏​បាន​បំផុស​យ៉ាង​សកម្ម​ឱ្យ​មាន​ការ​បរិច្ចាគ​ពី​សហគមន៍​ខ្មែរ​អាមេរិក ដើម្បី​ជួយ​ប្រទេស​កម្ពុជា។ លោក​ថ្លែង​ថា៖

«គ្រាន់​តែ​បាន​ដំណឹង​ដ៏សោក​សៅ​ពីភ្នំពេញភ្លាម ​ខ្ញុំ​បាន​ផ្ញើអ៊ីម៉េល​ទៅតាម​បងប្អូន​នៅ​តាម​រដ្ឋ​នានា​ដែល​ខ្ញុំ​ស្គាល់​ហ្នឹង​ ហើយ​នៅ​រដ្ឋ​មួយ​ចំនួន​គឺ​គេ​បាន​រៃបច្ច័យ ហើយ​គេ​បាន​ផ្ញើ​ទៅ​ភ្នំពេញ​ខ្លះ​ហើយ​ ហើយ​នៅវីជីញៀ (Virginia) ​នេះ​គឺ​នៅ​ក្នុង​សប្តាហ៍​នេះ​ និង​សប្តាហ៍​ក្រោយ​គេនឹង​រៀបចំ​ ធ្វើពិធី​រៃអង្គាស​មួយ​ដើម្បី​នឹង​ប្រមូល​បច្ច័យ​ដើម្បី ​យក​ទៅ​ជួយ​ឧបត្ថម្ភ​ឬ​ទៅ​ជួយ​វិភាគ​ទានទៅ​ដល់​គ្រួសារ​នៃ​សព និង​អ្នក​រង​របួស»។

លោក​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ចូលរួម​កាន់តែ​ច្រើន​ថែម​ទៀត​ ហើយ​ស្ថាន​ទូ​ត​ក៏នឹង​ជួយ​សម្រួល​ផង​ដែរ។ លោក​បន្ត​ថា៖

«ខ្ញុំ​ជឿ​ថា ឥឡូវ​នេះ​មិន​ទាន់​ហួស​ពេល​ទេ គឺ​បង​ប្អូន​អាច​ធ្វើ​ជា​បន្ត​បន្ទាប់​ទៀត ហើយ​ប្រសិន​ជា​បង​ប្អូន​ពិបាក​ក្នុង​ការ​ផ្ញើ​ថវិកា​សូម​បង​ប្អូន​យក​មក​ស្ថាន​ទូត​ ស្ថាន​ទូត​នឹង​ផ្ញើ​ជូន​ដើម្បី​ឱ្យ​ដល់​ដៃ​របស់​គណៈ​កម្មការ​តែ​ម្តង»។

នៅ​ប្រទេស​កម្ពុជា​រដ្ឋាភិបាលបាន​ប្រកាន់​យក​ថ្ងៃ​ទី ២៥ ​ខែ​វិច្ឆិកា​ ជា​ថ្ងៃ​កាន់​ទុក្ខ​នៅ​ទូទាំង​ប្រទេស និងគ្រោង​សាង​សង់​ស្តូប​មួយ​ដើម្បី​រំលឹក​ដល់​អ្នក​ដែល​បានស្លាប់​បាត់​បង់​ជីវិត​ទាំង​នោះ​ដែល​គេ​ចាត់​ទុក​ថា ជា​សោកនាដកម្ម​ទី​ពីរ​បន្ទាប់​ពី​របបខ្មែរ​ក្រហម៕

XS
SM
MD
LG