កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសាកន្លងទៅនេះ មេដឹកនាំសហគមន៍ ពលរដ្ឋខ្មែរអាមេរិកាំងចាស់ក្មេង និងពលរដ្ឋអាមេរិកាំងជាច្រើននាក់មកពីទីក្រុងនានាក្នុងរដ្ឋកាលីហ្វ័រញ៉ា បានប្រមូលផ្តុំគ្នានៅទីក្រុង Long Beach ដើម្បីចូលរួមដើរហែក្បួននិងទស្សនាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាឆ្នាំ ២០២៤នេះ។ ទីក្រុងនេះមានប្រជាពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនជាងគេបង្អស់នៅក្នុងសហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍វប្បធម៌នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយអង្គការសហគមន៍ Cambodia Town ឬក្រុងខ្មែរ ដើម្បីរក្សានិងផ្សព្វផ្សាយអំពីវប្បធម៌និងប្រពៃណីខ្មែរដល់សហគមន៍ដទៃទៀត ជាពិសេសពលរដ្ឋខ្មែរអាមេរិកាំងជំនាន់ក្រោយនៅសហរដ្ឋអាមេរិក ឱ្យបានដឹងនិងឈ្វេងយល់អំពីអត្តសញ្ញាណរបស់ពលរដ្ឋខ្មែរនិងប្រទេសកម្ពុជា៕