ក្នុងពេលដែលពលរដ្ឋអាមេរិកាំងជាង៧លាននាក់ បានឆ្លងវីរុសកូរ៉ូណា និងមានអ្នកស្លាប់ជាង២សែននាក់ ដោយសារតែជំងឺរាតត្បាតដ៏កាចសាហាវនេះ មានអ្នកបោះឆ្នោតខ្មែរ-អាមេរិកាំងខ្លះយល់ថា នេះ គឺជាកត្តាសំខាន់មួយសម្រាប់ពួកគេសម្រេចចិត្តបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ។ ប៉ុន្តែអ្នកដែលគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកថា អ្នកដែលប្រឆាំង ហាក់ផ្តោតលើបញ្ហានេះជ្រុលហួសដោយមិនមើលគ្រប់ជ្រុងជ្រោយ ហើយវា នឹងមិនផ្លាស់ប្តូរការគាំទ្ររបស់ពួកគេចំពោះលោក ត្រាំ ទេ។
លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងដែលរស់នៅរដ្ឋម៉ារីឡែនបានបញ្ជាក់ថាលោក នឹងបោះឆ្នោតគាំទ្រលោក ចូ បៃដឹន បេក្ខជនប្រធានាធិបតីដែលមកពីគណបក្សប្រជាធិបតេយ្យ៖
«គោលការណ៍នយោបាយរបស់លោក ចូ បៃដឹន ទាក់ទឹននឹងជំងឺកូវីដ១៩នេះ គឺថាជាគោលការណ៍ប្រសើរជាងលោក ដូណាល់ ត្រាំ ពីព្រោះ លោក ចូ បៃដឹន បានបង្ហាញជំហរថា លោកជឿលើវិទ្យាសាស្ត្រ គាត់ជឿលើវេជ្ជបណ្ឌិត គាត់ជឿលើការស្រាវជ្រាវហើយគាត់ជឿលើដំបូន្មានសម្រាប់ដំណោះស្រាយទាំងឡាយរបស់អ្នកឯកទេសក្នុងការការពារជំងឺឆ្លងកូវីដ១៩ នេះ។ ហើយគាត់ នឹងបង្កើតទៅជាច្បាប់ចាំបាច់ត្រូវតែការពារ ត្រូវតែពាក់ម៉ាស់ទាំងអស់គ្នា ត្រូវតែឈរ អង្គុយឲ្យមានចម្ងាយពីគ្នានៅក្នុងសង្គមអាមេរិកាំង»។
លោក ច័ន្ទលី បានរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានរៀបចំពិធីឃោសនានយោបាយនាពេលកន្លងមកដោយមិនតម្រូវឲ្យអ្នកចូលរួមត្រូវតែពាក់ម៉ាស់ និងការណ៍ដែលលោកបានរិះគន់ និងចំអកអ្នកដែលពាក់ម៉ាស់ជាដើម។
លោកបានបន្ថែមថា៖
«ខ្ញុំសង្កេតឃើញថា ការបណ្តោយឲ្យប្រជាពលរដ្ឋ ឲ្យសាធារណជនប្រឈមមុខរាលដាលនឹងជំងឺកូវីដនេះ គឺជាឧក្រិដ្ឋកម្មមួយនៃបេក្ខជនណាមួយក៏ដោយ ដែលបណ្តោយឲ្យសាធារណជន ឲ្យប្រជាពលរដ្ឋរបស់ខ្លួនប្រឈមមុខផ្ទាល់នឹងការឆ្លងរោគកូវីដ១៩នេះ»។
កាលពីចុងខែមេសា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកមានចំនួនជាង២.០០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែតួលេខនេះ បានធ្លាក់មកនៅក្នុងរង្វង់៨០០ នាក់ក្នុងមួយថ្ងៃ នាចុងខែកញ្ញានេះ។
កាលពីខែមេសា លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វៅជី (Anthony Fauci) អ្នកជំនាញជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិកបានថ្លែងថា ចំនួនពលរដ្ឋអាមេរិកាំងអាចស្លាប់ដល់ប្រហែល៦ម៉ឺននាក់ ក្នុងខណៈពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលកាលពីដើមទីចាត់ទុកថា វីរុសនោះ គឺដូចទៅនឹងជំងឺផ្តាសាយធំតាមរដូវនោះ បានថ្លែងនៅខែឧសភាថា ពលរដ្ឋអាមេរិកាំងអាចស្លាប់តែត្រឹមចន្លោះពី៧៥.០០០ នាក់ ទៅ ១០០.០០០នាក់ប៉ុណ្ណោះ។
លោក សែម មាស ដែលរស់នៅក្នុងទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត និងជាអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា អ្នកបោះឆ្នោតមិនត្រូវផ្តោតតែលើការដោះស្រាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើបញ្ហាកូវីដ១៩ នេះទេ។
«ខ្ញុំជឿថា ប្រជាពលរដ្ឋភាគច្រើនគាត់នឹងយល់ថា ជំងឺកូវីដ ដោយសារប៉ះពាល់នយោបាយផ្ទៃក្នុងសហរដ្ឋអាមេរិកខ្លះ បានជាវាមានបញ្ហាច្រើនអ៊ីចឹង។ ជាទូទៅអ្នកដែលខ្ញុំស្គាល់ អ្នកដែលខ្ញុំនិយាយជាមួយគេជឿថា បញ្ហាកូវីដបើទោះបីជាវាជាបញ្ហាមែន ប៉ុន្តែមិនគួរណាជាបញ្ហាធំដុំដូចជាព័ត៌មាននៅក្នុងសហរដ្ឋអាមេរិក ឬ ជាព័ត៌មានខាងគណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យយកមកធ្វើជានយោបាយ»។
លោក សែម មាស បាននិយាយតាមអ្វីដែលលោកប្រធានាធិបតី ត្រាំ ធ្លាប់លើកឡើងដោយបន្ទោសអភិបាលរដ្ឋដែលមកពីគណបក្សប្រជាធិបតេយ្យថា ជារដ្ឋដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនដូចជារដ្ឋញូវយ៉ក កាលីហ្វញ៉ា ម៉ាស្សាឈូសិត និងវ៉ាស៊ីនតោនជាដើម។ ទន្ទឹមនឹងនោះ លោកយល់ថា ស្ថានភាពជំងឺដែលមានស្រាប់និងវ័យរបស់អ្នកដែលបានស្លាប់ ដែលធ្វើឲ្យចំនួនកើនឡើង។
លោក ជា មាស ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងហ្វីឡាដែលហ្វៀ រដ្ឋផិនស៊ីលវេនៀ បានសរសើរលោកប្រធានាធិបតីក្នុងការដោះស្រាយបញ្ហាកូវីដ១៩ ដោយសារលោកមានទីប្រឹក្សាច្រើនដែលសុទ្ធតែជាអ្នកមានទ្រព្យធន៖
«ខ្ញុំគិតថា ជំងឺកូវីដនេះ ជាជំងឺថ្មី ហើយខ្ញុំកោតសរសើរលោកប្រធានាធិបតីដែរចំពោះការដោះស្រាយរបស់លោកនៅពេលដែលវាកើតនៅសហរដ្ឋអាមេរិក។ ខ្ញុំសូមជម្រាបថា សហរដ្ឋអាមេរិកខុសពីប្រទេសដទៃ។ សហរដ្ឋអាមេរិកមានចម្រុះជាតិសាសន៍ពិភពលោក ហើយច្រកចេញចូលវាមិនមែនតែ១ តែ២ ដូចប្រទេសដទៃទេ។ វាមានច្រកចេញចូលស្ទើរគ្រប់ជ្រុងជ្រោយនៃប្រទេសអាមេរិក។ អ៊ីចឹងចំណាត់ការទប់ស្កាត់របស់គាត់ ខ្ញុំគិតថា សមរម្យ មិនល្អអត់ខ្ចោះទេ ប៉ុន្តែសមរម្យ»។
ជំងឺកូវីដ១៩ដែលមានប្រភពមកពីទីក្រុងវូហាន ប្រទេសចិន បានចម្លងដល់មនុស្សជាង៣២លាននាក់ និងបានសម្លាប់អស់ជាង៩៨ម៉ឺននាក់ នៅទូទាំងពិភពលោកគិតត្រឹមចុងខែកញ្ញានេះ។
លោក ជា មាស បន្ទោសរដ្ឋាភិបាលចិន ដែលមិនបានសហការផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់ បើទោះបីជាពីដំបូងលោកប្រធានាធិបតី ត្រាំ ធ្លាប់បានសរសើរចិនដោះស្រាយបានល្អ និងធ្វើការប្រកបដោយតម្លាភាព។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា ចំណាត់ការរបស់លោក គឺមានកម្រិតA+ ដោយសារតែរដ្ឋបាលរបស់លោក បានធ្វើការងារ«ល្អអស្ចារ្យខ្លាំង»។
លោក ជា មាស បានបោះឆ្នោតជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៦និងធ្លាប់បានរារែកចិត្តក្នុងពេលកន្លងមកដោយសារលោកចង់មើលគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតី ប៉ុន្តែការវិវត្តន៍ចុងក្រោយដែលរួមមានការដាក់ទណ្ឌកម្ម និងការប្រើប្រាស់វោហាសាស្ត្រធ្ងន់ៗដាក់ប្រទេសចិន ការធ្វើឃាតឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់ និងការដោះស្រាយជាមួយនឹងកូរ៉េខាងជើងធ្វើឲ្យលោកសម្រេចបោះឆ្នោតជូនលោក ត្រាំ បន្តទៀត។
បើទោះបីជាអ្នកគាំទ្រខ្លះ មិនចង់ឲ្យផ្តោតខ្លាំងលើបញ្ហាកូវីដ១៩ ប៉ុន្តែលោកស្រី ធិត គឹមហ៊ុន អ្នកគាំទ្រនៅរដ្ឋ North Carolina យល់ថា ជំងឺរាតត្បាតនេះ គឺជាឱកាសរបស់លោកប្រធានាធិបតីត្រាំក្នុងការជាប់ឆ្នោតបានមួយអាណត្តិថែមទៀត។
លោកស្រី ធិត គឹមហ៊ុន បានបន្ថែមថា៖
«សម្រាប់រូបខ្ញុំ គឺខ្ញុំសង្ឃឹមថា ខាងគណបក្សសាធារណរដ្ឋដោយសារឥឡូវនេះ វាមានព្រឹត្តិការណ៍ធំៗនៅក្នុងសហរដ្ឋអាមេរិកផងហើយអីចឹងទៅ ហើយកន្លងមកមានទាក់ទងនឹងរឿងកូវីដទៀត ហើយប្រធានាធិបតី ត្រាំ ក៏បានជួយសហរដ្ឋអាមេរិកដែរ ដូច្នេះបើសិនជាយើងក្រឡេកមើលតាមភូមិ តំបន់នៃស្រុកដែលយើងរស់នៅ គឺ ភាគច្រើន គឺថាមានលើកប៉ាយ លើកទង់របស់ប្រធានាធិបតី ត្រាំ បោះឆ្នោតដើម្បីឲ្យជាប់អណត្តិថ្មី។ អ៊ីចឹងទៅយើងឃើញថា នេះគឺជាការដែលគេដុះចេញពីក្នុងចិត្តរបស់គេដើម្បីឲ្យបន្ត៤ឆ្នាំទៀត ហើយកន្លងមកបើមានបញ្ហាអ្វីកើតឡើង គឺអ្នកដែលកាន់អំណាចបន្តដើម្បីដោះស្រាយបន្តទៀត»។
បើទោះបីជាសហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែបណ្តាប្រទេសខ្លះនៅអឺរ៉ុបនិងអាមេរិកឡាទីនមានមធ្យមភាគអ្នកស្លាប់ច្រើនជាង បើធៀបនឹងចំនួនពលរដ្ឋសរុប។
លោក យន យាន់ ប្រធានសមាគមខ្មែររដ្ឋមីនីសូតា ដែលមានស្នាក់ការនៅទីក្រុងTwin Cities គឺជាអ្នកបោះឆ្នោតឯករាជ្យ ហើយលោកផ្តោតខ្លាំងលើគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដែលកំពុងកើតមាននៅសហរដ្ឋអាមេរិក។ បើទោះបីជាមិនទាន់សម្រេចចិត្តបោះឆ្នោតឲ្យបេក្ខជនណាក៏ដោយ ក៏លោក យន យាន់ យល់ថា ដំណោះស្រាយបញ្ហាជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះ មិនអាចទទួលយកបានទេ។
លោក យន់ យាន់ បន្ថែមថា៖
«ខ្ញុំបានយល់ច្រើនអំពីលោកប្រធានាធិបតី ពីទស្សនៈរបស់គាត់ និងពីអ្វីដែលគាត់ធ្វើ។ រឿងជំងឺកូវីដនេះ ខ្ញុំជឿថា ហាក់ដូចជាមិនបានជោគជ័យទេ ពីព្រោះដោយសារអី គឺយើងជាអ្នកទទួលខុសត្រូវ ហើយយើងដឹងតាំងពីថ្ងៃទី៧ ខែកុម្ភៈមកថា ជំងឺហ្នឹងធ្ងន់ធ្ងរ រាតត្បាត ប៉ុន្តែអត់បានធ្វើអ្វីធំដុំ គឺមានន័យថា អត់បានធ្វើអ្វីទប់ស្កាត់ធំដុំទេ។ ដល់គាត់គិតថាមិនឲ្យមនុស្សស្លន់ស្លោរ ប៉ុន្តែ២សែននាក់ និងឆ្លងជិត៨លាននាក់ជារឿងធ្ងន់ធ្ងរ»។
យ៉ាងណាក៏ដោយលោក យន យាន់ ហាក់មានទំនោរទៅរកលោក ចូ បៃដឹននៃគណបក្សប្រជាធិបតេយ្យ៖
«លោក បៃដឹន និងដៃគូរបស់គាត់មិនទាន់កាន់កិច្ចការ យើងមិនអាចសន្និដ្ឋានបានទេ ប៉ុន្តែបើសិនជាមើលគោលនយោបាយរបស់លោក បៃដឹន យើងអាចទុកចិត្តបានថា យើងជាជនជាតិភាគតិច អ្នកដែលរកបានចំណូលតិច គឺយើងគួរមានសង្ឃឹមតិចៗ ដោយសារតែអ្នកកំពុងកាន់កិច្ចការនេះធ្វើមិនបានប្រសើរ ជាពិសេសលើកូវីដនេះ ប៉ុន្តែចំពោះសេដ្ឋកិច្ចគាត់ធ្វើបានគួរសម ដែលយើងគួរកត់សម្គាល់»។
ជំងឺកូវីដ១៩ បានបណ្តាលឲ្យពលរដ្ឋអាមេរិកាំងរាប់សិបលាននាក់បាត់បង់ការងារធ្វើ។ តួលេខរបស់ក្រសួងការងារបានបង្ហាញថា ចំនួនអ្នកអត់ការងារធ្វើបានធ្លាក់មកនៅត្រឹម៨,៤ ភាគរយនៅខែសីហា គឺត្រូវជា ១៣,៦ លាននាក់ដោយធ្លាក់ចុះពីចំនួន១៦,៤ ភាគរយក្នុងអំឡុងខែមិថុនា។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន មើលឃើញថា ជំងឺកូវីដ១៩ ហាក់ទំនងជាផ្តល់ឱកាសដល់លោក ចូ បៃដឹន ច្រើនជាងលោកប្រធានាធិបតីដូណាល់ ត្រាំ ជាពិសេសពាក់ព័ន្ធនឹងពលរដ្ឋដែលបានបាត់បង់ការងារធ្វើជាច្រើនលាននាក់ដោយសារតែជំងឺនេះ៖
«ដូចយើងដឹងស្រាប់ហើយថា អ្នកដែលមានការងារធ្វើ គេនៅតែគាំទ្រលោក ដូណាល់ត្រាំ ប៉ុន្តែអ្នកអត់ការងារធ្វើ គឺអត់មានលុយចាយ អត់មានលុយបង់ថ្លៃផ្ទះ គឺគេនឹងបន្ទោសអ្នកដែលកំពុងកាន់អំណាច»។
ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ កំពុងព្យាយាមបង្កើតវ៉ាក់សាំងកូវីដ១៩ ដែលអាចទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ។ ក្នុងពេលដែលអត់មានវ៉ាក់សាំងនៅឡើយ ក្រុមអ្នកជំនាញថ្លែងថា នៅពេលរដូវរងាចូលមកដល់ចំនួនអ្នកស្លាប់ អាចនឹងកើនឡើង។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងចេតនាចង់ឲ្យវ៉ាក់សាំងនេះរួចរាល់នៅមុនការបោះឆ្នោតប្រធានាធិបតី និងឲ្យពលរដ្ឋចេញទៅធ្វើការងារវិញ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាញឹកញយថា នឹងមានវ៉ាក់សាំងនៅពេលឆាប់ៗខាងមុខ គឺអាចនៅចុងខែតុលា ឬដើមខែវិច្ឆិកា គឺនៅមុនការបោះឆ្នោតប្រធានាធិបតី។ ការណ៍នេះ នាំឲ្យមានការព្រួយបារម្ភពីសុវត្ថិភាពនិងប្រសិទ្ធភាព ប៉ុន្តែក្រុមហ៊ុនឱសថធំៗ បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅដើមខែកញ្ញានេះថា ពួកគេនឹងគោរពតាមវិទ្យាសាស្ត្រ ហើយនឹងមិនប្រើវិធីផ្លូវកាត់ណាមួយឡើយ។
មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកក៏បានថ្លែងថា បើទោះបីជាវ៉ាក់សាំងផលិតបានក្នុងពេលឆាប់ៗខាងមុខនេះ ក៏វាត្រូវចំណាយពេលរហូតដល់ដើមខែកក្កដាឆ្នាំ២០២១ ទើបអាចចាក់ជូនដល់ពលរដ្ឋអាមេរិកាំងគ្រប់ៗគ្នាបាន។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមអ្នកវិភាគផ្នែកសុខាភិបាលនៃសាកលវិទ្យាល័យវ៉ាស៊ីនតោនបានព្យាករណ៍ថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក អាចនឹងឡើងដល់៤១ ម៉ឺននាក់ នៅដំណាច់ឆ្នាំ២០២០ នេះ៕