ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិក​ម្នាក់​ដក​ខ្លួន​ពី​ដើម​បណ្តឹង​​រដ្ឋប្បវេណី


កញ្ញា ​សេង​ ធារី ​ដែលជានាយិការ​សមាគម​ជនរងគ្រោះ​ក្នុង​របបខ្មែរ​​ក្រហម​​បាន​​ប្រកាស​ថា នាង​នឹង​ដក​ខ្លួន​ពី​​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២​ រួម​ទាំង​ឈប់​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ច្រានចោល​​ពាក្យ​ស្នើសុំ​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង
កញ្ញា ​សេង​ ធារី ​ដែលជានាយិការ​សមាគម​ជនរងគ្រោះ​ក្នុង​របបខ្មែរ​​ក្រហម​​បាន​​ប្រកាស​ថា នាង​នឹង​ដក​ខ្លួន​ពី​​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២​ រួម​ទាំង​ឈប់​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ច្រានចោល​​ពាក្យ​ស្នើសុំ​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង

អ្នក​ច្បាប់​ខ្មែរ​សញ្ជាតិ​អាមេរិក ​និង​ជាអតីត​អ្នកទោស​កុមារ​ក្នុង​សម័យ​ខ្មែរក្រហម​ កញ្ញា ​សេង​ ធារី ​បាន​ប្រកាស​ថា នាង​នឹង​ដក​ខ្លួន​ពីដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០២​ រួម​ទាំង​ឈប់​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ច្រានចោលពាក្យ​ស្នើសុំ​តាំងខ្លួន​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤​ផង​ដែរ។

នៅក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃពុធ​ នាយិកា​សមាគម​ជនរងគ្រោះ​ក្នុង​របបខ្មែរក្រហមបាន​លើកពី​មូលហេតុ​មួយ​ដែល​នាង​ចាត់ទុក​ថា សាលាក្ដី​ខ្មែរក្រហម ​«គឺជា​ឆាកល្ខោន​នយោ​បាយ»។

ការ​ប្រកាស​ដកខ្លួន​នេះ​ធ្វើឡើង​ខណៈដែល​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ចាប់ផ្ដើម​បើក​សវនាការពេញអង្គ​សេចក្ដី​ក្នុង​សំណុំរឿង​ ០០២​ នេះ​នៅថ្ងៃ​ទី ​២១​ ​ខែ​វិច្ឆិកា​នេះ។ សំណុំរឿង​នេះ​ដែល​មានអតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​បួននាក់ ​គឺនួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​ខៀវ ​សំផង​ អតីត​ប្រមុខរដ្ឋ ​អៀង ​សារី ​អតីត​ឧបនាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ការបរទេស ​និង​ប្រពន្ធ​របស់គាត់​ អៀង​ ធីរិទ្ធ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច។ ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ពីបទ​ដែល​ពាក់ពន្ធ័​នឹង​ការបណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១,៧ ​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត​ចន្លោះ​ពីឆ្នាំ ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

កញ្ញា​សេង ​ធារី ​បាន​ឲ្យដឹង​ថា ​នាង​នឹង​ជូន​ដំណឹង​ពី​ការ​ដកខ្លួន​នេះ​ទៅ​ដល់​សាលាក្ដី​ខ្មែរក្រហមនៅ​ដើម​សប្ដាហ៍​ក្រោយ។

«ខ្ញុំ​សម្រេ​ចចិត្ត​ហើយ។ ហើយ​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ជូន​ព័ត៌មាន​ទៅ​តុលាការនៅ​ថ្ងៃអង្គារ​សប្ដាហ៍ក្រោយ។ គេ​ចេះតែ​ប្រើ​នាម​របស់​យើង​ ប៉ុន្ដែ​សម្រាប់​ផលប្រយោជន៍​នយោបាយដែល​យើង​មិន​អាច​ទទួល​យក​បាន»។

កញ្ញា​សេង ធារី ​បាន​ប្ដឹង​សុំតាំង​ខ្លួន​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​នឹង​អតីតមេដឹកនាំ​កំពូល​ខ្មែរក្រហមទាំងបួន​នាក់​ក្នុង​សំណុំ​រឿង​០០២ ​សម្រាប់ការ​ស្លាប់​បាត់បង់​ជីវិត​នៃ​ឱពុកម្ដាយ​របស់​នាង និង​រូបនាងផ្ទាល់​ត្រូវ​ពួក​ខ្មែរ​ក្រហមចាប់ដាក់គុក​រយៈពេល​ប្រាំខែ​ក្នុង​ខេត្ត​ស្វាយរៀង។ មាន​ដើម​បណ្ដឹង​រដ្ឋប្ប​វេណី​សរុប​ចំនួន​ជាង​៣.៨៦០ ​នាក់ ​ក្នុង​សំណុំរឿង​០០២​នេះ។ អតីត​នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឈន៍សង្គម​រូបនេះ​ក៏បាន​ដាក់ពាក្យ​សុំតាំងខ្លួន​ជាដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​០០៣​ និង​០០៤ ​ប្រឆាំង​នឹង​អតីត​អ្នកទទួលខុស​ត្រូវ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួនប្រាំ​នាក់​ផ្សេងទៀត ​ក៏ប៉ុន្ដែ​សហ​ចៅក្រមស៊ើបអង្កេតបាន​ទាត់ចោល​ការស្នើសុំ​នោះ។ នាង​បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការសម្រេច​នោះក៏ប៉ុន្ដែនៅមិនទាន់​មាន​ការសម្រេច​ពី​អង្គបុរេជំនុំជម្រះ​នៅឡើយ។

លោក​នេត្រ ​ភក្រ្ដា​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហមមាន​ប្រសាសន៍​ថា ការដកខ្លួន​របស់​កញ្ញា ​សេង​ ធារី ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ក្ដី​នោះទេ។

«គឺជា​សិទ្ធិ​របស់​គាត់​នៅក្នុង​ការប្រកាស​ដកខ្លួន​នោះ​ ក៏ប៉ុន្ដែ​វា​មិន​ប៉ះពាល់​ទៅដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដទៃ​ទៀត​ក្នុង​សំណុំរឿង ​០០២​ ហើយ​និង​ការដាក់ពាក្យ​សុំតាំងខ្លួន​ជាដើមបណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ផ្សេងៗ​ទៀត​ទេ»។

ជាមួយគ្នានេះ​មន្ដ្រី​អ្នកនាំពាក្យ​ដដែល​បាន​ច្រានចោល​ការចោទ​ប្រកាន់​ពី​ការ​ជាប់ពាក់ពន្ធ័​ផ្នែកនយោ​បាយ​របស់​សាលាក្ដីខ្មែរ​ក្រហម​ដែល​កញ្ញា សេង ​ធារី ​បាន​លើក​ឡើងនោះ។ ក្រុមមេធាវី​ការពារក្ដីរបស់​នួន​ ជា ​បាន​ប្ដឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញកាលពី​ពេលថ្មីៗ​នេះ​ដោយលើក​ឡើង​ពី​ការជ្រៀតជ្រែក​របស់​មន្ដ្រី​រដ្ឋាភិបាល​ចូលក្នុង​សាលាក្ដី​ខ្មែរក្រហម។ កាលពី​ខែ តុលា​ អង្គការសហ​ប្រជាជាតិ​បាន​ព្រមាន​កម្ពុជា​ឲ្យឈប់​បន្ដ​ធ្វើ​សេចក្ដីថ្លែងការណ៍​ដែល​មាន​លក្ខណៈ​ជា​ការជ្រៀត​ជ្រែក​លើ​សំណុំរឿង​បន្ថែម​ ០០៣ ​និង​០០៤៕

XS
SM
MD
LG