អ្នកបោះឆ្នោតខ្មែរ-អាមេរិកាំងដែលរស់នៅក្នុងទីក្រុងFairfax និងក្រុង Loudoun នៃរដ្ឋវីជីនៀ ដែលនៅជាប់នឹងរដ្ឋធានីវ៉ាស៊ីនតោនបានខិតខំបញ្ចេញសំឡេងរបស់ពួកគេសម្រាប់អនាគតសហរដ្ឋអាមេរិកក្នុងរយៈពេល៤ឆ្នាំខាងមុខទៀតតាមរយៈការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារ។
បើទោះបីជាចំនួនខ្មែរ-អាមេរិកាំងក្នុងរដ្ឋនេះមានតែជាង៥.០០០នាក់ហើយរស់នៅរ៉ាយប៉ាយតាមទីក្រុងធំៗជាច្រើន ប៉ុន្តែសម្រាប់អ្នកស្រីរ៉ានី លូស្សឹនស្គី ដែលរស់នៅទីក្រុងLoudoun មើលឃើញថាសំឡេងឆ្នោតរបស់អ្នកស្រីនឹងជ្រើសរើសបានថ្នាក់ដឹកនាំមួយដែលល្អសម្រាប់មហាអំណាចសេដ្ឋកិច្ចទី១លើពិភពលោកនេះ។
អ្នកស្រីរ៉ានី លូស្ស៊ឹនស្គី បាននិយាយថាអ្នកស្រីបានបោះឆ្នោតជូនលោកចូ បៃដឹន បេក្ខជនគណបក្សប្រជាធិបតេយ្យដោយសារមូលហេតុមួយចំនួន៖
«បងជឿលើលោកបៃដឹន គាត់ជាមនុស្សចាស់ទុំ ហើយសុខភាពរបស់លោកឃើញថាលោកចាស់ដូចលោកត្រាំដែរប៉ុន្តែគាត់នៅមាំទាំ ប៉ុន្តែអ្វីដែលបងពេញចិត្តមែនទែនគឺគាត់ជ្រើសរើសបេក្ខជនអនុប្រធានាធិបតីជាស្ត្រីហើយជាស្ត្រីដែលឆ្នើមទៀត។ បងពេញចិត្តមែនទែនហើយគាត់គិតគូពីរឿងសិទ្ធិមនុស្ស។ គាត់នឹងយកពន្ធអ្នកជំនួញធំៗវិញហើយ»។
រីឯអ្នកស្រីណាឡែន ស្មីត ដែលរស់នៅទីក្រុងFairfax មិនបានប្រាប់ថាបានបោះឆ្នោតជូនបេក្ខជនណាទេដោយគ្រាន់តែបញ្ជាក់ថាបានសម្រេចបោះឆ្នោតឲ្យបេក្ខជនណាដែលមានសមត្ថភាពគ្រប់គ្រងសហរដ្ឋអាមេរិកនិងជួយប្រជាពលរដ្ឋព្រមទាំងមានជំនាញកិច្ចការបរទេស។
បើទោះបីជាមិនបង្ហាញបេក្ខជនប៉ុន្តែអ្នកស្រីណាឡែន ស្មីតយល់ថាលោកប្រធានាធិបតីដូណាល់ ត្រាំ អាចមានសមត្ថភាពទប់ទល់នឹងប្រទេសចិនបានប្រសើរជាងលោកចូ បៃដឹន។
«លោកត្រាំបើយើងមើលទៅចរិកគាត់គឺដូចជាឈ្លើយ។ នេះជាចរិកមនុស្សយើងកែមិនបានទេប៉ុន្តែយើងមើលលើកិច្ចការដែលគាត់ធ្វើគឺគាត់មានជំហរខ្លាំងជាមួយនឹងចិនអាចបង្ក្រាបចិនបាន។ អីចឹងយើងត្រូវជឿទុកចិត្តគាត់។ លោកបៃដឹនមើលទៅគាត់ដូចជាមនុស្សល្អដែរប៉ុន្តែមើលឥទ្ធិពលគាត់ដូចជាមិនខ្លាំងទេផ្នែកខាងបង្ក្រាប ហើយលោកត្រាំដូចជាខ្លាំងជាងគាត់»។
លោកប្រធានាធិបតីដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋកំពុងតែឈរឈ្មោះដើម្បីបានជាប់ឆ្នោត១អណត្តិទៀត។ លទ្ធផលឆ្នោតដំបូងៗបង្ហាញថាលោកនៅរក្សាបានការគាំទ្រនៅតាមរដ្ឋមួយចំនួនដែលជាមូលដ្ឋានរបស់គណបក្ស ដែលមានដូចជារដ្ឋតិចសាស អាឡាបាម៉ា និងខឹនតាក់គីជាដើម។ រីឯលោកចូ បៃដឹន អតីតអនុប្រធានាធិបតីនិងជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យក៏នៅរក្សាបានការគាំទ្រនៅតាមរដ្ឋដែលជាមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យ ដែលមានដូចជារដ្ឋកាលីហ្វញ៉ា រដ្ឋវ៉ាស៊ីនតោន និងរដ្ឋអូរីហ្កឹនជាដើម។
រដ្ឋVirginiaនេះបានគាំទ្របេក្ខជនគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោត៤លើកចុងក្រោយនេះ។ តាមការព្យាករណ៍គឺលោកបៃដឹន បានឈ្នះនៅរដ្ឋនេះដោយទទួលបានប្រតិភូចំនួន១៣រូប។
អ្នកបោះឆ្នោតខ្មែរ-អាមេរិកាំងខ្លះនៅទីនេះក៏បានប្តូរការគាំទ្រគណបក្សដែលខ្លួនបានគាំទ្រកាលពី៤ឆ្នាំមុនផងដែរ។
លោកហ៊ាន យុទ្ធ ពលរដ្ឋខ្មែរ-អាមេរិកាំងនៅទីក្រុងFairfax បានបោះឆ្នោតឲ្យលោកប្រធានាធិបតីដូណាល់ ត្រាំក្នុងឆ្នាំ២០១៦ ប៉ុន្តែឆ្នាំនេះលោកបានប្តូរមកបោះឆ្នោតឲ្យលោកចូ បៃដឹនវិញដោយសារតែលោកមើលឃើញថារដ្ឋបាលលោកត្រាំមិនបានដោះស្រាយជំងឺកូវីដ១៩បានត្រឹមត្រូវទេ។
ការបោះឆ្នោតឆ្នាំនេះរៀបចំឡើងក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងប្រឈមនឹងជំងឺរាតត្បាតដែលបង្កឡើងដោយជំងឺកូវីដ១៩ ដែលបណ្តាលឲ្យពលរដ្ឋអាមេរិកាំងជាង៩លាននាក់ឆ្លងវីរុសនិងស្លាប់ជាង២៣ម៉ឺននាក់។
លោកហ៊ាន យុទ្ធ យល់ថាការណ៍ដែលរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ បានខិតខំលុបបំបាត់កម្មវិធីធានាសុខភាពដែលកំពុងប្រើសព្វថ្ងៃនិងបន្សល់ពីរដ្ឋបាលលោកអូបាម៉ាគឺបង្កើតជាបញ្ហាសម្រាប់ពលរដ្ឋជាច្រើន។
លោកហ៊ាន យុទ្ធបានបន្ថែមថា៖
«តាត្រាំគាត់អត់មានកម្មវិធីសុខភាពអ្វីទេ។ គាត់ចេះតែថាលុបចោលកម្មវិធីសុខភាពហើយអ្នកដែលអត់មានកម្មវិធីធានាសុខភាពគឺមានបញ្ហា»។
លោកប្រធានាធិបតីត្រាំចង់លុបចោលកម្មវិធីសុខភាពហៅ Obamacare ដែលជាកេរដំណែលរបស់លោកអតីតប្រធានាធិបតី អូបាម៉ា ដោយអះអាងថាកម្មវិធីនេះចាយវាយថវិការបស់រដ្ឋាភិបាលសហព័ន្ធច្រើនពេក។ លោកចង់យកកម្មវិធីថ្មីមកជំនួសក៏ប៉ុន្តែមកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញមានកម្មវិធីអ្វីជាក់ស្តែងនៅឡើយទេ។
ប៉ុន្តែលោកលឹម រតនា ពលរដ្ឋនៅទីក្រុងFairfax ដែលធ្លាប់បោះឆ្នោតជូនលោកស្រី ហ៊ីលឡារី គ្លីនតុននៃគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតលើកមុនប៉ុន្តែមិនបានជោគជ័យនោះ បានប្តូរមកបោះឆ្នោតជូនលោកប្រធានាធិបតីដូណាល់ ត្រាំវិញដោយសារតែលោកបារម្ភនឹងសុខភាពរាងកាយនិងខួរក្បាលរបស់លោកចូ បៃដឹនដែលមានអាយុ៧៧ឆ្នាំ។
លោកបន្ថែមថា៖
«ខ្ញុំយល់ថាដូណាល់ ត្រាំមានបទពិសោធន៍ដឹកនាំប្រទេស៤ឆ្នាំហើយ។ ប្រជាជនអាមេរិកាំងទូទាំងប្រទេសក៏បានស្គាល់ចរិកគាត់គឺត្រូវដេញគឺដេញ ត្រូវទុកគឺទុក ម៉្លោះហើយទុកឲ្យគាត់ដឹកនាំបន្តទៀតឲ្យប្រជាពលរដ្ឋស្គាល់ការដឹកនាំរបស់គាត់»។
លោកលឹម រតនាយល់ថាវិបត្តិសុខភាពបង្កឡើងដោយជំងឺកូវីដ១៩គឺ មិនអាចធ្វើឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកចុះខ្សោយទេ៖
«បញ្ហាសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកជួបបញ្ហាលំបាកមួយគឺកូវីដ១៩ នៅហ្នឹងនៅឡើយមិនទាន់ទៅណា។ បើទោះបីជាមានជំងឺស្លាប់ប្រជាជនអាមេរិកច្រើនក៏សេដ្ឋកិច្ចនៅតែដើរទៅមុខរហូតក្រោមការដឹកនាំរបស់ដូណាល់ ត្រាំ ហើយសេដ្ឋកិច្ចអន្តរជាតិនៅប៉ែកខាងអាស៊ីយើងក៏មានការខ្លបខ្លាចសេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយសារមានដូណាល់ ត្រាំដឹកនាំដែរ»។
សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានកើនឡើង៧,៤ភាគរយពីខែកក្កដាដល់ខែកញ្ញាដោយសារសកម្មភាពពាណិជ្ជកម្មបានបើកឡើងវិញនិងមានជំនួយពីកញ្ចប់ថវិកាសង្គ្រោះជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
ចំនួនអ្នកគ្មានការងារធ្វើបានធ្លាក់មកនៅ៧,៧លាននាក់គឺត្រូវជា៥,៣ភាគរយ។ នេះជាការធ្លាក់ចុះពី១៤,៧ភាគរយក្នុងខែមេសា។ នេះបើតាមក្រសួងការងារ។
លទ្ធផលឆ្នោតមិនទាន់ឲ្យដឹងថាមានបេក្ខជនណាឈ្នះនៅឡើយទេនៅយប់ថ្ងៃបោះឆ្នោតដែលនឹងត្រូវបន្តរាប់ជាច្រើនថ្ងៃទៀតនៅរដ្ឋមួយចំនួនតូចក្នុងនោះមានរដ្ឋផឹនស៊ីលវេនៀ។
អ្នកស្រីណាឡែនបានបញ្ជាក់ថាបើទោះបីជាបេក្ខជនដែលអ្នកស្រីគាំទ្រមិនជាប់ឆ្នោតក៏អ្នកស្រីព្រមទទួលយកលទ្ធផលដែរ។
«ខ្ញុំបោះឲ្យគាត់ហើយមិនបានជាប់ក៏អត់បញ្ហាអីដែរពីព្រោះស្រុកគេនេះគេធ្វើម៉េចយើងស្តារសេដ្ឋកិច្ចយើងទៅហើយបម្រើប្រជាជនយើងទៅ កុំធ្វើដូចស្រុកខ្មែរបានធ្វើអ្នកដឹកនាំហើយបំផ្លាញជាតិ បំផ្លាញទឹកដី ធ្វើបាបខ្មែរ។ នេះទៅមិនរួចទេ។ នៅស្រុកគេនេះខ្ញុំយល់ថាអ្នកណាជាប់ក៏អត់បញ្ហាអីដែរធ្វើម៉េចឲ្យគាត់ដឹកនាំបញ្ហាស្រុកទេសឲ្យបានល្អ»។
ដូចគ្នានេះដែរ អ្នកស្រីរ៉ានី លូស្សឹនស្គីបានបញ្ជាក់ ថាបើទោះជាបេក្ខជនដែលអ្នកស្រីគាំទ្រមិនបានជាប់ឆ្នោតក៏អ្នកស្រីព្រមទទួលលទ្ធផលដែរ។
«បងអត់អីទេពីព្រោះអាណត្តិមុនម្តងហើយបងមិនដែលបោះឆ្នោតឲ្យលោកត្រាំទេ តែបងគោរពមតិភាគច្រើន។ អាណត្តិនេះលោកត្រាំមានតែ៤ឆ្នាំទៀតទេ»។
លោកយ័ប គឹមទឹង ប្រធានសមាគមខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ថា ការផ្លាស់ប្តូរការគាំទ្រនៅក្នុងចំណោមអ្នកបោះឆ្នោតអាមេរិកាំងជាការធម្មតាមួយនៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកគឹមទឹងយល់ថាបើទោះបីជាចំនួនពលរដ្ឋខ្មែរ-អាមេរិកាំងនៅក្នុងរដ្ឋវីជីនៀមានចំនួនតិចតួចប៉ុន្តែពួកគេអាចចូលរួមចំណែកបានសម្រាប់ជួយដល់ការផ្លាស់ប្តូរនៅក្នុងរដ្ឋ។
លោកយ័ប គឹមទឹងបានបញ្ជាក់ថា៖
«ទោះបីជាខ្មែរយើងមានតិចក៏ដោយ យើងចូលរួមជាមួយសកម្មភាពគេឃោសនា ចាត់ចែងហើយយើងស្គាល់គេជិតស្និទ្ធយើងអាចមានសំឡេងធំទោះបីជាខ្មែរយើងមិនសូវមានសំឡេងធំ។ ប៉ុន្តែពេលឃោសនាម្តងៗក្រុមនីមួយៗតែងតែចង់បានសំឡេងគាំទ្រពីមនុស្សគ្រប់ជំពូកព្រោះដើម្បី ឲ្យប្រាកដថាគេនឹងឈ្នះ»។
បេក្ខជននីមួយៗត្រូវការប្រតិភូចំនួន២៧០ដើម្បីឈ្នះតំណែងប្រធានាធិបតី។ ការព្យាករណ៍ត្រឹមព្រឹកថ្ងៃពុធគឺលោកប្រធានាធិបតីដូណាល់ ត្រាំ ទទួលបានប្រតិភូចំនួន២១៣រីឯលោកចូ បៃដឹនទទួលបាន២២៧៕