នៅក្នុងវិចិត្រសាល PICTURE Cultural Art Foundation របស់ សាកលវិទ្យាល័យ Dominguez Hills រដ្ឋកាលីហ្វញ៉ាមានរូបគំនូរជាច្រើនផ្ទាំងរបស់វិចិត្រករផ្សេងៗនៅអាស៊ីអាគ្នេយ៍កំពុងត្រូវបានបង្ហាញ ក្រោមប្រធានបទ«ខ្ញុំមានសិទ្ធិ» (I Have The Right)។ ក្នុងចំណោមរូបគំនូរ ទាំងនោះ មាន២១ផ្ទាំងជារូបរបស់លោក យូ ឃីន វិចិត្រករខ្មែរម្នាក់ដែលត្រូវបានគេដាក់តាំងនៅក្នុងសាលដាច់ពីគេព្រោះគំនូររបស់លោកមានអត្ថន័យតំណាងឱ្យសិទ្ធិបួន គឺ សិទ្ធិក្នុងការស្រមើស្រម៉ៃ ការស្រឡាញ់ ការបញ្ចេញមតិ និងសិទ្ធិសេរីភាព។
លោកយូ ឃីនជាវិចិត្រករខ្មែរដៃឯកមួយរូបដែលគូរគំនូរប្រេងលើផ្ទាំងសំពត់ហើយប្រើអំបោះភ្ជាប់គ្នាលើផ្ទាំងសំពត់គំនូររបស់គាត់។ ទោះបីជាលោកបានបាត់បង់ជីវិតនៅឆ្នាំ២០០៩ ដោយជំងឺមហារីកសួតក្តីក៏រូបគំនូររបស់លោកដែលបន្សល់ទុកនៅតែបង្ហាញពីអារម្មណ៍របស់លោក។ រូបគំនូរភាគច្រើនរបស់គាត់លាតត្រដាងពីទុក្ខសោកនិងការខឹងសម្បារពីអ្វីដែលកើតឡើងមកលើប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហមជាពិសេសការធ្វើទុក្ខទុកម្នេញមកលើស្រី្តនាសម័យនោះ។
លោក James Scarborough ជានាយកប្រតិបត្តិនៅវិចិត្រសាល PICTURE Cultural Art Foundation បានពណ៌នាពីរូបគំនូរមួយផ្ទាំងរបស់លោកយូ ឃីនថា៖
«រូបដែលមានភាពស្រស់ស្អាតជាងគេគឺប្រហែលជារូបដែលមានឈ្មោះថា ស្រ្តីនិងទារកក្រហម(Woman with a Red Baby)។ បើយើងមើលទៅរូបនេះដោយមិនដឹងពីសាច់រឿងពីក្រោយយើងឃើញរូប ម្ដាយនិងទារកដែលនៅក្នុងអង្រឹង។ ស្ត្រីនោះមានទឹកមុខស្រងូតស្រងាត់អង្គុយក្រោមពន្លឺព្រះចន្ទមាន ក ដូចជារាងក្ងាន បែរមុខចេញពីកូនរបស់នាង។ ភ្នែករបស់នាងបិទ ដៃក្រពាត់នៅខាងមុខហាក់បីដូចជាគ្មានភាពស្និទ្ធស្នាលនិងកូនរបស់នាង។ ទារកមានពណ៌ក្រហមហើយម្តាយត្រូវបានផាត់ពណ៌សដូច្នេះយើងអាចសន្និដ្ឋានបានថាប្រហែលជានាង ទើបបង្កើតកូនហើយ ប៉ុន្តែយើងនៅតែឆ្ងល់ថាតើហេតុអ្វីបានជា ម្តាយមិនមានប្រតិកម្មទៅកាន់កូនរបស់នាង»។
រូបដែលលោក James Scarborough ទើបបានពណ៌នានេះមានអត្ថន័យភ្ជាប់ទៅរឿងរ៉ាវនៅរបបប្រល័យពូជសាសន៍៖
«បើតាម ភរិយារបស់វិចិត្រករគឺលោកស្រី យូ មួយ បានប្រាប់ ខ្ញុំថានេះជារូបរបស់គាត់ហើយ លោកយូឃីនមានគោលបំណងគូររូបនេះដោយយកពណ៌ជានិមិត្តរូប។ ទារកមានពណ៌ក្រហម ដោយសារទីមួយទារកនោះទើបនឹងកើត ទីពីរទៀតគឺទាក់ទងទៅនឹងសម័យខ្មែរក្រហម។ ពណ៌ក្រហមជាពណ៌ កុម្មុយនិស្ត ខ្មែរក្រហម។ កាលសម័យនោះទារកដែលមានភេទប្រុសត្រូវបានគេបណ្ដាច់ចេញពីម្តាយ ដើម្បីកុំឱ្យមានភាពជិតស្និទ្ធនឹងម្តាយ ហើយនឹងត្រូវបានអប់រំឱ្យទៅជាអ្នកកុម្មុយនិស្ត។ នៅលើរូបនេះមានខ្សែអំបោះភ្ជាប់ពីម្តាយទៅកូនហាក់បីដូចជាទងផ្ចិតហើយអំបោះជំពាក់គ្នាជាសំណាញ់តំណាងឱ្យភាពច្របូកច្របល់ក្នុងប្រទេសកម្ពុជានៅសម័យនោះ»។
សម្រាប់លោកយូ ឃីន រូបគំនូរមិនមែនត្រឹមតែជាគ្រឿងលម្អនោះទេ ប៉ុន្តែវារួមចំណែកក្នុងការប្រាប់ពីអ្វីដែលកើតមានឡើងក្នុងសង្គមមួយ។
លោកស្រី យូ មួយ (You Mouy) ដែលជាភរិយារបស់លោកយូឃីនបានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖
«បើនៅបស្ចិមប្រទេសវិញសិល្បៈគឺជាយានមួយដែលផ្ទុកទៅដោយសារអ្វីមួយដែលសិល្បករហ្នឹងចង់ផ្សព្វផ្សាយ។ កាលណាគេគូរគេមិនមែនគូរដើម្បីយកទៅលម្អឬបំពេញចិត្តអ្នកណាមួយទេ។ ស្រុកខ្មែរយើងសិល្បករគូរដើម្បីបំពេញចិត្តអ្នកទិញចំណែកសិល្បៈមែនទែនគឺមិនមែនអញ្ចឹងទេ។ សិល្បៈមានមុខងារខ្ពង់ខ្ពស់ណាស់អាចជាយានយន្តមួយដែលប្តូរចិត្តគំនិតសតិអារម្មណ៍ការយល់ឃើញប្តូរទស្សនៈលើពិភពលោកហ្នឹងអញ្ចឹងហើយបានជាស្រុកកុម្មុយនិសខ្លាចសិល្បករណាស់ហើយគេច្រើនតែគ្របសង្កត់មិនចង់ឱ្យមានសេរីភាពដើម្បីបង្ហាញពីចិត្តគំនិតរបស់ខ្លួនទេ»។
លោក James Scarborough បានឱ្យដឹងពីសារៈសំខាន់របស់គំនូរទាំងនេះថា៖
«គាត់អាចគូររូបទេសភាពឬក៏រូបមនុស្សផ្សេងៗប៉ុន្តែគាត់មានមនសិការសង្គមទើបគាត់គូររូបទាំងនេះ ហេតុនេះហើយបានជាធ្វើឱ្យរូបទាំងនេះមានសារៈសំខាន់។ វាមិនមែនជារូបភាពរបស់ក្រុមគ្រួសារគាត់ឬអ្វីផ្សេងៗទៀតនោះទេ តែនេះជារូបដែលបង្ហាញពីអ្វីដែលកើតឡើងនៅក្នុងសង្គមដូច្នេះគាត់មិនត្រឹមតែជាអ្នកគូរគំនូរធម្មតានោះទេ តែគាត់ជាជាងគំនូរដែលប្រកបដោយអារម្មណ៍ហើយគូរអ្វីដែលកើតឡើងសម័យនោះ។ ហើយវាជាការណ៍ប្រសើរណាស់ដែលគាត់បានគូរគំនូរទាំងនេះពីព្រោះកាលសម័យនោះមិនមាន Internet Youtube Tweeter ហើយ គ្មានទូរស័ព្ទដែលមានកាមេរ៉ា ដូច្នេះយើងមិនមានអ្វីសម្រាប់បង្ហាញឱ្យដឹងពីស្ថានការណ៍ប្រចាំថ្ងៃនាសម័យនោះ»។
គួរបញ្ជាក់ផងដែរថាការតាំងពិព័រណ៍នេះធ្វើឡើងរហូតដល់ចុងខែកញ្ញាឆ្នាំ២០១២។