ក្មួយប្រុសរបស់ប៉ុល ពត និយាយថា ប៉ុល ពត គ្មានមនោសញ្ចេតនាគ្រួសារទេ ហើយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមគឺជារបបគួរឲ្យភ័យខ្លាចបំផុត។ លោក សាឡុត បាន ថ្លែងយ៉ាងដូច្នេះក្នុងការផ្តល់សក្ខីកម្មនៅអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនៅថ្ងៃចន្ទនេះ ក្នុងការកាត់ទោសសំណុំរឿង០០២។
«ប៉ុល ពត គ្មានមនោសញ្ចេតនាគ្រួសារនិយមទេ។ ដាច់ខាតគឺគ្មាន»។
សេចក្ដីអះអាងនេះជាការឆ្លើយតបទៅនឹងសំណួររបស់សហមេធាវីអន្តរជាតិរបស់អៀង សារី លោក ម៉ាយឃើល ខាណាវ៉ាស (Michael Karnavas)។ អៀង សារី ជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទបីនាក់ក្នុងសំណុំរឿងនេះ។
ក្នុងការផ្តល់សក្ខីកម្មមុនៗ សាឡុត បាន បច្ចុប្បន្នរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បងថ្លៃស្រីរបស់ប៉ុល ពត ឈ្មោះខៀវ ធីរ៉ាត់ ត្រូវបានសម្លាប់ក្នុងមន្ទីរឃុំឃាំងនៅខេត្តកណ្ដាលដោយការច្របាច់ក។ មន្ទីរឃុំឃាំងនោះដែលស្ថិតក្រោមការត្រួតត្រារបស់ប៉ង់ ជាមនុស្សជំនិតម្នាក់របស់មេស្ថាបនិករបបខ្មែរក្រហម។
ទំនងជាដោយសារមូលហេតុអស់ទាំងនេះរួមជាមួយនឹងមូលហេតុដែលលោកបានឃើញផ្ទាល់នឹងភ្នែកបានធ្វើឲ្យលោកសាឡុត បាននិយាយថា លោកមានការភ័យខ្លាចក្នុងការរស់នៅក្នុងសម័យខ្មែរក្រហម។ ហើយការភ័យខ្លាចនេះបានរីករាលដាលក្នុងចំណោមកម្មាភិបាលខ្មែរក្រហមដទៃទៀត។
«អារម្មណ៍ពេលនោះ គឺខ្ញុំគិតដល់ក្រុមគ្រួសារខ្ញុំទាំងឪពុក ទាំងម្ដាយ ដែលមានគ្រោះថ្នាក់ដូចគេដូចឯងដូច្នោះដែរ។ ហើយផ្ទាល់ខ្លួនខ្ញុំទៀតនៅក្នុងពេលនោះ ក៏ខ្ញុំព្រួយបារម្ភដែរ។ ទី១ ខ្ញុំដើរទៅជនបទគេនិយាយថា លំបាក អត់បាយអត់ទឹក មានការចាប់ចងនៅមូលដ្ឋាន។ ទី២ ក្នុងមន្ទីរក៏មានការច្របូកច្របល់ខ្លាំងណាស់។ បើខ្ញុំអញ្ចឹងទៅហើយ អ្នកដទៃទៀត ខ្ញុំគិតថា ភ័យហួសជាងខ្ញុំទៅទៀត»។
អាយុ៦៧ឆ្នាំ នៅឆ្នាំនេះ សាឡុត បានធ្វើជាអគ្គលេខាក្រសួងការបរទេសដែលមានអៀង សារី ជារដ្ឋមន្ដ្រី។ សាក្សីដដែលបាននិយាយថា អៀង សារី ក៏មានការភ័យខ្លាចពីសុវត្ថិភាពដែរក្នុងសម័យនោះ។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម បានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយការកាប់សម្លាប់ និងដោយការបង្អត់អាហារ និងការបង្ខិតបង្ខំឲ្យធ្វើការអស់យ៉ាងតិចចំនួន ១,៧លាននាក់។
លោក សាឡុត បាន ឆ្លើយសំណួររបស់លោកសហមេធាវីកម្ពុជា សុន អារុណ ដែលការពារក្តីឲ្យជនជាប់ចោទនួន ជា អតីតបងធំទី២ នៃរបបខ្មែរក្រហមបាននិយាយបញ្ឆិតបញ្ឆៀងទៅរកប្រទេសវៀតណាម ថា ជាអ្នកទទួលខុសត្រូវមួយផ្នែកក្នុងឧក្រិដ្ឋកម្មខាងលើ។ ប៉ុន្ដែលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានព្រមានលោកមេធាវីកម្ពុជាមិនឲ្យសួរសាក្សីខុសនឹងក្របខណ្ឌនៃប្រធានបទសម្រាប់ការកាត់ទោសក្នុងដំណាក់កាលនេះទេ៕