ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី៖​ ខ្មែរ​ក្រហម​ជា​របប​ភូត​កុហក


លោក ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​ជា​ជនជាតិ​បារាំង
លោក ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​ជា​ជនជាតិ​បារាំង
ភ្នំពេញ៖ សាក្សី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​រដ្ឋាភិបាល​កុ​ម្មុយ​នីស្ត​របស់​ពួក​ខ្មែរក្រហម​គឺជា​រដ្ឋាភិបាល​«ភូតកុហក»។

លោក​ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​គ្រូ​ប្រដៅ​សាសនា​កាតូលិក​ដែល​បាន​ឆ្លងកាត់​និង​សិក្សា​ពីរ​បប​ខ្មែរក្រហម​បាន​និយាយ​ក្នុង​សវនាការ​ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​ថា​ការភូតភ​កុហក​របស់​ពួក​ខ្មែរក្រហម​នោះ​មាន​លើ​ផ្នែក​អភិវឌ្ឍន៍​និង​ការសម្លាប់​ប្រជាពលរដ្ឋ។

«អង្គការ​ប្រើពាក្យ​ភូតកុហក​ទុកជា​មធ្យោបាយ​ត្រួតត្រា​ស្រុក។ តាំងពី​គេ​ជម្លៀស​ប្រជាជន ​តាំងពី​គេ​ធ្វើ​បាប​ប្រជាជន។ ឧបមា​ថា​ខ្ញុំ​ស្តាប់​វិទ្យុ​ខ្មែរក្រហម​សុទ្ធតែ​មហាអស្ចារ្យ ​មហា​រុងរឿង។ ផ្ទុយទៅវិញ​កាលណា​យើង​សួរ​ជនភៀស​ខ្លួន(យើង​ដឹង)​ផ្សេង​ពីនេះ។ ដូច្នេះ​យើង​ដឹងថា​អង្គការ​ភូតភ​កុហក​ ជាពិសេស​នៅពេល​គេ​សម្លាប់​ប្រជាជន»។

លោក ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​ជា​ជនជាតិ​បារាំង ​បានមក​រស់នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ១៩៦៥។ គាត់​បានរស់នៅ​ក្នុងរ​បប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​បាន​រយៈពេល​ពីរ​សប្តាហ៍​មុននឹង​ពួក​ខ្មែរក្រហម​បញ្ជូន​ជនបរទេស​ទាំងអស់​ចេញពី​ទីក្រុង​ភ្នំពេញ។

ក្នុង​ចំណោម​ជនបរទេស​ដែល​ពួក​ខ្មែរក្រហម​បញ្ជូន​ចេញ​នោះ​រួមទាំង​ជនជាតិ​អាមេរិក ​បារាំង​ វៀតណាម ​ឡាវ ​និង​ប៉ា​គី​ស្ថាន​ផងដែរ។

«ធម្មតា​យើង​ថា​ខ្មែរក្រហម​សម្លាប់​រង្គាល​វៀតណាម។ អត់​ត្រូវ​ទេ។ អង្គ​ការជួយ​វៀតណាម​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​សន្តិវិធី។ត្រង់នេះ​ខ្ញុំ​មាន​ឯកសារ​និង​សា​ក្សី​ច្រើន​មែនទែន។ ប៉ុន្តែ​នៅ​ឆ្នាំ១៩៧៨​ផ្សេង។ តែ​នៅ​ឆ្នាំ១៩៧៥ ​គេ​ជួយ​វៀតណាម​ឲ្យ​ត្រឡប់​ទៅ​មាតុភូមិ​វិញ»។

ពួកកងទ័ព​ខោអាវ​ខ្មៅ​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច​ដោយ​ចុង​កាំភ្លើង​នៅ​ថ្ងៃទី១៧​ខែមេសា​ឆ្នាំ ១៩៧៥។ សា​ក្សី​ជាច្រើន​បាន​ពិពណ៌នា​ថា​ខ្មែរក្រហម​បានចាប់ផ្តើម​សម្លាប់​ប្រជា​ពលរដ្ឋ​ក្រុងភ្នំពេញ​ចាប់តាំងពី​ពួកគេ​បាន​កាន់កាប់​អំណាច​ភ្លាម​ម្ល៉េះ។ គឺ​ក្នុងពេលដែល​ពួកគេ​ជម្លៀស​ដោយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចេញពី​ក្រុងភ្នំពេញ។

ប៉ុន្តែ​លោក​លោក​ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​និយាយថា​លោក​មិន​បានឃើញ​ទិដ្ឋភាព​អស់​នោះ​ទេ​គឺ​លោក​គ្រាន់តែ​ឃើញ​ថា​អ្វីៗ​បាន​ប្រែក្លាយ​ជាទី​ស្ងាត់ជ្រងំ ​«គ្មាន​មនុស្ស​នៅ​គួរ​ឲ្យ​ខ្លាច»​ចាប់តាំងពី​ក្រុងភ្នំពេញ​រហូត​ដល់​ព្រំដែន​ថៃ​ក្នុង​ពេល​ដែល​លោក​ត្រូវ​ពួក​ខ្មែរក្រហម​នាំខ្លួន​ចេញពី​ស្រុក​ខ្មែរ​នៅ​ខែឧសភា​ឆ្នាំ១៩៧៥​នោះ។

សា​ក្សី​ដដែល​អះអាងថា​ពួក​ខ្មែរក្រហម​ដោយ​សង្ស័យថា​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ងាក​ទៅរក​គាំទ្រ​វៀតណាម​ដើម្បី​ប្រឆាំង​ខ្លួន ​បានចាប់ផ្តើម​តាម​សម្លាប់​ពលរដ្ឋ​ទាំងនេះ​នៅ​ឆ្នាំ១៩៧៨។ គឺជា​ឆ្នាំ​ដែល​មាន​ការប្រយុទ្ធ​គ្នា​កាន់តែខ្លាំង​រវាង​កងទ័ព​ខ្មែរក្រហម​និង​កងទ័ព​វៀតណាម។

«តាំងពី​ឆ្នាំ១៩៧៨ ​សភាពការណ៍​ប្លែ​ក​គឺ​គេ​បៀតបៀន​ចាម ​គេ​ស្វែងរក​ចាម ​ជាពិសេស​នៅ​ប៉ែក​ខាងកើត​ទន្លេមេគង្គ​ពីព្រោះ​មានរឿង​សង្គ្រាម​ជាមួយ​វៀតណាម​ហើយ​ខ្មែរក្រហម​សង្ស័យថា​ចាម​គាំទ្រ​វៀតណាម​ប្រឆាំង​ខ្លួន»។

បច្ចុប្បន្ន​មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​ចំនួន​ពីរ​នាក់​កំពុង​ស្ថិតក្រោម​ការកាត់ទោស​ចំពោះ​អំពើ​ព្រៃផ្សៃ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាងតិច១,៧លាន​នាក់។

ជនជាប់ចោទ​ទាំងពីរ​មាន​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​និង​នួន ជា ​អតីត​បងធំ​ទី២និង​ជា​ប្រធានសភា​ខ្មែរក្រហម។
ដោយឡែក​អៀង សារី ​អតីតរដ្ឋមន្ត្រី​ការបរទេស​ទើបតែ​ស្លាប់​កាលពី​ថ្ងៃទី១៤ខែ​មិនា​មុន​ការកាត់ទោស​លើ​រូបគាត់​បានបញ្ចប់​ហើយ​ប្រពន្ធ​របស់គាត់​អៀង ធី​រិ​ទ្ធ ត្រូវ​ដោះលែង​ដោយ​មាន​ដាក់​លក្ខ​ខណ្ឌ​ដោយសារតែ​ជំងឺ​វង្វេងវង្វាន់​ធ្ងន់ធ្ងរ៕
XS
SM
MD
LG