ប្រទេសកម្ពុជាបានឈ្នះរង្វាន់កិត្តិយសមួយពីអង្គការសហប្រជាជាតិចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងប្រទេស។ ការប្រកាសជ័យលាភីរង្វាន់នេះនឹងត្រូវធ្វើឡើងមួយថ្ងៃមុនពេលអង្គការសហប្រជាជាតិបើកកិច្ចប្រជុំកំពូលរបស់ខ្លួនស្តីពីគោលដៅអភិវឌ្ឍន៍សហសវត្សនៅទីក្រុងញូវយ៉ក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
គណៈកម្មាធិការផ្តល់រង្វាន់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ រួមជាមួយនិងការិយាល័យសម្រាប់ភាពជាដៃគូរបស់អង្គការសហប្រជាជាតិ បានសម្រេចផ្តល់រង្វាន់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ឬ (2010 MDG Award) ដល់ប្រទេសកម្ពុជាដើម្បីផ្តល់កិត្តិយសនិងអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍នេះ ក្នុងការព្យាយាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍។
នៅក្នុងលិខិតមួយច្បាប់ផ្ញើ ជូនស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហ ប្រជាជាតិដែល VOA ទទួលបាននៅថ្ងៃអាទិត្យទី១៩ ខែកញ្ញានេះ លោក Michael Jacobson នាយកប្រតិបត្តិនៃគណៈកម្មាធិការផ្តល់រង្វាន់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ (MDG Award Committee) និងលោក Amir A. Dossal នាយកប្រតិបត្តិនៃការិយាល័យសម្រាប់ភាពជាដៃគូរបស់អង្គការសហប្រជាជាតិ (United Nations Office for Partnerships) បានរៀបរាប់ថា ព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដើម្បីទទួលរង្វាន់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍នេះ ដោយសារតែភាពជាអ្នកដឹកនាំថ្នាក់ជាតិដ៏ឆ្នើម និងការប្តេជ្ញាចិត្ត ហើយនិងការរីកចម្រើនឆ្ពោះទៅរកការសម្រេចបាននូវគោលដៅទី៦នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទាំង៨។ គោលដៅទី៦ កំណត់អំពីការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺដទៃទៀត។
ពិធីប្រគល់រង្វាន់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ឆ្នាំ២០១០នេះនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែកញ្ញានេះ គឺមួយថ្ងៃមុនពេលដែលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ចាប់ផ្តើមនៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទាំង៨ដែលអនុម័តដោយបណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន១៨៩ប្រទេស កាលពីខែកញ្ញាឆ្នាំ២០០០ ហើយគ្រោងនឹងសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០១៥នោះ រួមមានគោលដៅទី១ លុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លានធ្ងន់ធ្ងរ ទី២ សម្រេចឲ្យបានជាទូទៅការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ និងគោលដៅទី៣ គឺលើកកម្ពស់សមភាពយែនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្រ្តី។ ចំណែកគោលដៅទី៤ កំណត់អំពីការកាត់បន្ថយអត្រាស្លាប់របស់កុមារ ទី៥លើកកម្ពស់សុខភាពម្តាយ និងគោលដៅទី៦ ដែលកម្ពុជាហាក់លេចធ្លោជាងគេនោះ គឺប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍នេះតែម្តង។ ចុងក្រោយគេគឺគោលដៅទី៧និងទី៨ កំណត់អំពីការធានាចីរភាពបរិស្ថាន និងបង្កើតភាពជាដៃគូជាសាកលសម្រាប់កិច្ចអភិវឌ្ឍន៍។
លោកវេជ្ជបណ្ឌិតទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា ការផ្តល់រង្វាន់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ឆ្នាំ២០១០ដល់កម្ពុជាពីសំណាក់ស្ថាប័នអង្គការសហប្រជាជាតិនេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា។
«ចំពោះរង្វាន់នេះ តាមខ្ញុំដឹងគឺមានតែប្រទេសយើងទេដែលបានសម្រេចគោលដៅនេះខ្ពស់ជាងគេនៅលើពិភពលោក ហើយជាមហាកិត្តិយសមួយសម្រាប់កម្ពុជាយើងដែលយើងអាចសម្រេចបានគោលដៅនេះ។ វាជាសក្ខីភាពក្នុងការលើកទឹកចិត្តដល់អ្នកដែលធ្វើការចំពោះការងារជំងឺអេដស៍នេះ»។
តួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបង្ហាញថា អត្រាឆ្លងមេរោគអេដស៍ក្នុងចំណោមប្រជាជនកម្ពុជាទូទៅដែលមានអាយុចាប់ពី១៥ឆ្នាំដល់៤៩ឆ្នាំ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ ពោលគឺធ្លាក់ចុះពី២%ក្នុងឆ្នាំ១៩៩៨មកនៅត្រឹម០,៩% នៅថ្ងៃ២០០៦។ ហើយអត្រានេះត្រូវគេព្យាករណ៍ថា នឹងបន្តធ្លាក់រហូតដល់០,៧% ឬ០,៦% នៅឆ្នាំ២០០៩ និង២០១០នេះ។
បច្ចុប្បន្នប្រទេសកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ចំនួនជាង៦ម៉ឺននាក់។ ជាង៣ម៉ឺននាក់ក្នុងចំណោមអ្នកទាំងនេះគឺជាមនុស្សពេញវ័យដែលត្រូវការថ្នាំព្យាបាលប្រឆាំងនឹងមេរោគអេដស៍ឬដែលគេហៅថា ថ្នាំពន្យាររជីវិត នេះបើយោងតាមអង្គការសហប្រជាជាតិ។
លោកទា ផល្លា នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា កម្ពុជាធ្វើបានលើសពីផែនការកំណត់ទៅទៀត ដោយអ្នកជម្ងឺអេដស៍ជាង៩០%បានទទួលថ្នាំពន្យារជីវិតនេះ។
«ល្អជាងនេះទៅទៀតគឺ៩០%នៃអ្នកជំងឺដែលទទួលបានថ្នាំនេះ នៅមានអាយុជីវិត នៅរស់ដែលនេះជាអត្រាមួយខ្ពស់ជាងគេបង្អស់នៅក្នុងតំបន់។ ហើយចំពោះសេវាធ្វើតេស្តរកមេរោគអេដស៍វិញ យើងមានតែ១២កន្លែងទេ នៅក្នុងឆ្នាំ២០០០ ឥឡូវមាន២៣៣កន្លែងនៅទូទាំងប្រទេស»។
លោកទឹម វរ៉ា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដស៍ដែលជាបណ្តាញអង្គការមិនមែនរដ្ឋាភិបាលចំនួនជាង១០០នៅក្នុងប្រទេសកម្ពុជា មានប្រសាសន៍អបអរសាទរចំពោះរង្វាន់ដែលកម្ពុជាទទួលបាន។
ក៏ប៉ុន្តែលោកទឹម វរ៉ាមានប្រសាសន៍ថា បណ្តាញអង្គការសង្គមស៊ីវិលដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងមេរោគអេស៍ ជំងឺអេដសន៍របស់លោកនៅតែមានការព្រួយបារម្ភចំពោះការផ្ទុះឡើងនូវរលកថ្មីនៃការឆ្លងមេរោគអេដស៍ ជាពិសេសក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ ដូចជាក្រុមបុរសស្រឡាញ់បុរស ក្រុមប្រើប្រាស់គ្រឿងញៀន ជាពិសេសដោយចាក់នឹងម្ជុល សឺរាំងរួមគ្នា និងក្រុមស្រ្តីបម្រើសេវាកម្សាន្តជាដើម។
«គឺថាបីក្រុមហ្នឹង យើងត្រូវតែធ្វើការយ៉ាងសកម្មបន្តទៀតជាមួយនឹងក្រុមគាត់។ ប្រសិនជាយើងមិនមានអន្តរាគមន៍ ចលនាប្រភពធនធានដើម្បីឆ្លើយតបទៅនឹងក្រុមទាំងបីនេះទេគឺថា យើងបារម្ភថា អត្រាឆ្លងអាចនឹងកើនឡើងវិញ»។
យោងតាមអង្គការ UNAIDS បានឲ្យដឹងថា អត្រានៃការឆ្លងមេរោគអេដស៍ក្នុងចំណោមអ្នកចាក់គ្រឿងញៀននៅកម្ពុជា គឺរហូតដល់២៤%។ ចំណែកក្នុងចំណោមស្រ្តីបម្រើសេវាកម្សាន្តវិញគឺ១៤% ហើយសម្រាប់បុរសស្រឡាញ់បុរសដូចគ្នាក្នុងទីក្រុងភ្នំពេញ អត្រានៃការឆ្លងគឺជាង៨%៕