ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្វាគមន៍​សេចក្តី​សម្រេច​របស់​តុលាការ​សហព័ន្ធ​សហរដ្ឋអាមេរិក​កាត់​ទោសឈុន យ៉ាសិទ្ធ


ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​សេចក្តី​សម្រេច​របស់​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិកថា ជា​សេចក្តី​សម្រេច​ដ៏​ត្រឹម​ត្រូវ ក្នុង​ការ​លុបបំបាត់​អំពើ​ភេរវកម្ម បន្ទាប់​ពី​តុលាការ​សហព័ន្ធ​ បាន​កាត់ទោស ឈុន យ៉ាសិទ្ធិ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញកាល​ពី​ចុង​ឆ្នាំ​២០០០ ដែល​ជា​សកម្មភាព​រំលោភ​ច្បាប់​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក។

កាលពី​ថ្ងៃ​ពុធ​នេះ ប្រទេស​កម្ពុជា​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​កាត់​ទោស​ឈុន យ៉ាសិទ្ធិ មេដឹក​នាំ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​។ កាល​ពី​ថ្ងៃ​អង្គារ តុលាការ​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក​បាន​ផ្តន្ទា​ទោស​ឈុន យ៉ាសិទ្ធិ អាយុ៥៣ឆ្នាំ មេ​ដឹក​នាំ​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា CFF ដែល​បាន​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​បះបោរ និង​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ទាំង​នេះ​វាយ​ប្រហារ​គ្រាប់​រ៉ុកកែត និង​គ្រាប់​បែក​ទៅ​លើ​អាគារ​ក្រសួង​ការ​ពារ​ជាតិ និង​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី​២៤ ខែ​វិច្ចិកា ឆ្នាំ​២០០០ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន។ សកម្មភាព​របស់​ឈុន យ៉ាសិទ្ធិ​នេះ បាន​បណ្តាល​ឱ្យ​ជីវិត​មនុស្ស​យ៉ាង​តិច​៦​នាក់​ស្លាប់ ដែល​រួម​មាន​មនុស្ស​គ្មាន​ជាប់​ពាក់ព័ន្ធ​នៅ​តាម​ផ្លូវ​ចំនួន​ ២ ​នាក់។

លោក ​ហោ ណាំហុង រដ្ឋម​ន្ត្រី​ការ​បរទេស​កម្ពុជា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ទី​ស្តី​ការ​ក្រសួង​ការ​បរទេស​ថា រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​សេចក្តី​សម្រេច​របស់​តុលាការ​សហ​រដ្ឋ​អាមេរិក ដែល​បាន​កាត់​ទោស​ឈុន យ៉ាសិទ្ធិ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​អំពើ​ភេរវកម្ម​របស់​គាត់​នៅ​ទី​ក្រុង​ភ្នំពេញ ។ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​រូប​នេះ បាន​បញ្ចាក់​ថា សេចក្តី​សម្រេចរបស់​តុលការ​អាមេរិក​នេះ​ គឺ​ជា​ការ​លុប​បំបាត់​អំពើភេរវកម្ម។ លោក​ថ្លែង​ថា៖

«នេះគឺ​ជា​ការ​បំបាត់​អំពើ​ភេរវកម្ម ដែល​សហរដ្ឋ​អាមេរិក​បាន​យក​ការ​សម្រេច​បំបាត់​អំពើ​ភេរវកម្ម ពីព្រោះ​ពួក​នេះ​គឺ​ជា​ពួក​ភេរវកម្ម។ ដូច្នេះ យើង​ស្វាគមន៍​ការ​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក ដើម្បី​កាត់​ទោស​ឈុន យ៉ាសិទ្ធិនេះ។ យើង​ស្វាគមន៍ ដោយ​សារ​នេះ​ជា​ការ​បំបាត់​អំពើ​ភេរវកម្ម ហើយ​អំពើ​ភេរវកម្ម​នេះ​មិនមែន​តែ​នៅ​កម្ពុជា​ទេ នៅ​សហរដ្ឋអាមេរិក​នៅ​គ្រប់​ប្រទេស នៅ​គ្រប់​តំបន់​ទាំង​អស់ ជា​ការគំរាម​គំហែង​ដល់​សន្តិសុខ​របស់​មនុស្ស​ជាតិ។ ដូច្នេះ​យើង​សូមស្វាគមន៍"។

ឈុន យ៉ាសិទ្ធិ ដែល​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ បាន​ចូល​ទៅ​រស់​នៅ​ក្នុង​សហ​រដ្ឋអាមេរិក​នា​ឆ្នាំ១៩៨២ ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន។

យោង​តាម​បណ្តាញ​សារ​ព័ត៌មាន​ដែល​បាន​ដក​ស្រង់​សម្តី​របស់​ព្រះ​រាជ​អាជ្ញា ឈុន យ៉ាសិទ្ធិ ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ទោស​នៅ​ក្នុង​ឆ្នាំ ២០០៨​ អំពី​ការ​វាយ​ប្រយុទ្ធ​នៅក្នុង​ប្រទេស​កម្ពុជា បាន​រៀបចំគម្រោង​ការ​វាយ​ប្រហារ​ពី​ការិយាល័យ​របស់​គាត់​នៅ​ទីក្រុងឡងប៊ិច (Long Beach) សហ​រដ្ឋ​អាមេរិក។

លោក​ឧត្តមសេនីយ៍​ឯក​ ខៀវ សុភ័ក្រ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ​សូម​សម្តែង ​ការ​គាំទ្រ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​អាមេរិក។

«ដោយ​សារ​តែ​កន្លង​មក​នេះ ក្នុង​នាម​គាត់​ជា​មេ​ភេរវកម្ម​មួយ​រូប ខ្ញុំ​យល់​ថា​សេចក្តី​សម្រេច​នោះ គឺ​ជាការ​ផ្តល់​យុត្តិធម៌​មួយ​ដល់ ​មិន​ត្រឹម​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ តែ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទាំង​សកល​លោក បច្ចុប្បន្ន​កំពុង​តែ​ពួក​ភេរវករ​គំរាម​គំហែង​នោះ»។

យោង​តាម​បណ្តាញ​សារព័ត៌​មាន ដែល​បាន​ដក​ស្រង់​សម្តី​របស់​ព្រះ​រាជអាជ្ញា ឈុន យ៉ាសិទ្ធិ បាន​មក​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ១៩៩៨ ដើម្បី​ជួប​ជា​មួយ​បុគ្គលិក​យោធា ដែល​បាន​ប្រឆាំង​នឹង​គណបក្ស​គ្រប់​គ្រង​អំណាចរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ បន្ទាប់​ពី​ការ​ជួប​ក្រុម​កង​ទ័ព​សេរី​ជាតិ​កម្ពុជា CFF ដែល​ត្រូវបាន​បង្កើត​ឡើង ​ហើយ ឈុន យ៉ាសិទ្ធិ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន។ ក្រោយ​ពី​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច ឈុន យ៉ាសិទ្ធិ បាន​វិល​ត្រឡប់​ទៅ​កាន់​សហ​រដ្ឋអាមេរិក​វិញ និង​បាន​រក​ឥណទាន​សម្រាប់​ការ​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា​តាម​ប្រព័ន្ធ​ព័ត៌មាន។

XS
SM
MD
LG