ប្រទេសកម្ពុជា បានសម្តែងការអបអរសាទរចំពោះការដោះលែងលោកស្រី អង់ សាន ស៊ូគ្យី ពីការឃុំឃាំងក្នុងផ្ទះថា ជាសញ្ញាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ការបង្រួបបង្រួម និងការផ្សះផ្សារជាតិឡើងវិញនៅភូមា។
នៅថ្ងៃច័ន្ទនេះ មន្ត្រីរដ្ឋាភិបាល និងសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា បានទទួលស្វាគមន៍ការ ដោះលែងលោកស្រីអង់ សាន ស៊ូគ្យី មេដឹកនាំប្រជាធិបតេយ្យភូមាពីការឃុំឃាំងក្នុងផ្ទះថា ជាដំណើរឆ្ពោះទៅមុខមួយ ប៉ុន្តែនៅតែមានការព្រួយបារម្ភអំពីដំណើរការនៃការគោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសភូមា។
រដ្ឋាភិបាលភូមា បានដោះលែងលោកស្រី អង់ សាន ស៊ូគ្យី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានជាប់ឃុំឃាំងក្នុងផ្ទះអស់រយៈពេលប្រហែល២០ឆ្នាំ។ ការជាប់ឃុំឃាំងក្នុងផ្ទះរបស់លោកស្រីត្រូវបានផុតកំណត់ ក្រោយពីការបោះឆ្នោត ខែវិច្ឆិកា ដែលជាការបោះឆ្នោតលើកទីមួយក្នុងរយៈពេល២០ឆ្នាំ ដែលបានផ្តល់ជ័យជំនះយ៉ាងលើសលប់ដល់គណបក្សរដ្ឋាភិបាលយោធាភូមា។
លោកស្រីពង្ស ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានថ្លែងថា ការដោះលែងលោកស្រីអង់ សាន ស៊ូគ្យី គឺជាមធ្យោបាយដ៏ត្រឹមត្រូវ ប៉ុន្តែឧបសគ្គសម្រាប់ដំណើរការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅមាននៅឡើយ ពីព្រោះអំណាចទាំងអស់បានធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាលយោធាភូមា។ លោកស្រីបន្តថា៖
«ខ្ញុំមានសេចក្តីរីករាយ ដោយបានឮថា អ្នកស្រីបានរួចខ្លួន និងមានសេរីភាពវិញហើយ ប៉ុន្តែអ្នកទោសនយោបាយជាច្រើនទៀត ដែលជាអ្នកគាំទ្រគណបក្សលោកស្រីប្រមាណ២.២០០នាក់នៅក្នុងពន្ធនាគារ។ អញ្ចឹង យើងក៏ចង់ឃើញអ្នកទាំងអស់នោះមានសេរីភាពឡើងវិញដែរ»។
ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងធ្វើឱ្យរបបគ្រប់គ្រងយោធាស្របច្បាប់ដែលបិទបាំងដោយរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីប្រទេសនេះត្រូបានគ្រប់គ្រងដោយរបបយោធាអស់រយៈពេលកន្លះសតវត្សរ៍។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អង់ សាន ស៊ូគ្យី បានបដិសេធការចូលរួម ដោយប្រកាសថា ច្បាប់ឃោសនាមិនប្រជាធិបតេយ្យ និងមិនត្រឹមត្រូវ។
លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) បានថ្លែងថា ការដោះលែងលោកស្រី អង់ សាន ស៊ូគ្យី មិនមែនកើតចេញពីទឹកចិត្តស្មោះត្រង់របស់រដ្ឋាភិបាលភូមាទេ ប៉ុន្តែវាបានកើតចេញពីការគាបសង្កត់ដ៏ខ្លាំងពីសហគមន៍អន្តរជាតិ ហើយរដ្ឋាភិបាលយោធាភូមាត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិ។ លោកសារ៉ាយ បញ្ជាក់ថា៖
«យើងអបអរសាទរ និងស្វាគមន៍ ចំពោះការសម្រេចចិត្តបែបនេះ ហើយសុំកុំឱ្យធ្វើទុក្ខបុកម្នេញលើ លោកស្រីបន្តទៅទៀត បើរដ្ឋាភិបាលភូមាចង់ឱ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះ ត្រូវតែកុំដាក់ឃុំឃាំងក្នុងផ្ទះទៅលើលោកស្រីបន្តទៅទៀត ហើយទុកឱ្យលោកស្រីមានសេរីភាពក្នុង ការធ្វើសកម្មភាពនយោបាយរបស់លោកស្រីឱ្យបានពេញទំហឹង។ យើងអាចចាត់ទុកថា នេះជាការ មួយល្អប្រសើរ នៅក្នុងដំណើរការនៃការចង់បាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសភូមានេះ»។
លោកខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីថា ការដោះលែងលោកស្រីអង់ សាន ស៊ូគ្យី គឺ ជាជំហានចាប់ផ្តើមមួយ នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅភូមាដែលយើងគួរតែស្វាគមន៍ និងលើក ទឹកចិត្តបន្ថែមទៀត។ លោកកញ្ញារិទ្ធថ្លែងថា៖
«យើងស្វាគមន៍ការដោះលែងលោកស្រីអង់ សាន ស៊ូគ្យី ហើយជាជំហ៊ានមួយឆ្ពោះទៅរកការបង្រួបបង្រួម និងផ្សះផ្សាជាតិមួយដ៏ល្អ»។
សមាជិកសភាគណបក្សសម រង្សី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សកម្មភាពរបស់អាជ្ញាធរភូមា គឺជាដំណើរឆ្ពោះទៅមួយជំហានក្នុងមួយថៃ្ង នៃជំហានជាច្រើនទៀត នៅពេលដែលសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋភូមាត្រូវបានការពារដោយនីតិរដ្ឋ និងសេរីភាពនៃការបញ្ចោញមតិ។
លោកឧត្តមសេនីយ ណេ វីន (Ne Win) បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល។ រដ្ឋាភិបាលយោធាដែលបានបង្កើតនៅឆ្នាំ១៩៨៨ បានបដិសេធលទ្ធផលនៃការបោះឆ្នោតសភាដែលមានលក្ខណៈប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩០ ដែលគណបក្សរបស់លោកស្រី អង់ សាន ស៊ូគ្យី ដែលជាកូនស្រីរបស់លោក អង់ សាន (Aung San) វីរៈបុរសនៃការដណ្តើមឯករាជ្យជូនប្រទេសភូមាពីចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៩៤៨៕