ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ស៊ើបអង្កេត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជូន​​ដីកា​បញ្ជូន​ករណី​០០២​ទៅ​ជំនុំជម្រះ


នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​សហ​ចៅក្រម​ស៊ើប​អង្កេត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​បាន​បញ្ជូន​ដីកាបញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​សម្រាប់​ករណី​០០២។​ សំណុំ​រឿង​នេះ​មាន​អតីត​មេ​ដឹកនាំ​កំពូលៗ​ខ្មែរ​ក្រហម​សំខាន់​បំផុត​ចំនួន​បួននាក់។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​មន្រ្ដី​រដ្ឋា​ភិបាល​បាន​សំដែង​ការ​អបអរ​សាទរ​ដំណើរ​ការ​នេះ។

សហ​ចៅក្រម​ស៊ើប​អង្កេត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ​លោក​យូ ប៊ុនឡេង ​និង​លោក​ម៉ាកសែល​ ឡឺម៉ុង​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​បញ្ជូន​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ​ក្នុង​ករណី​០០២​ ​ទៅ​កាន់​អង្គជំនុំ​ជម្រះ​សាលាដំបូង​ ​ដើម្បី​កំណត់​ថ្ងៃ​បើក​សវនាការសម្រាប់​កាត់ទោស​ជន​ជាប់​សង្ស័យ​ចំនួន​៤​នាក់​ ដែល​សុទ្ធ​សឹង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​ការ​សម្លាប់​រង្គាល​ប្រជាជន​ខ្មែរ​អស់​ជិត​ពីរ​លាន​នាក់។

អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម នួន ជា​ ​អតីត​ប្រមុខ​រដ្ឋ​ខៀវ សំផន​ ​អតីត​ឧប​នាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​ខ្មែរ​ក្រហម​អៀង សារី ​និង​ប្រពន្ធ​របស់​គាត់ ​អៀង ​ធារិទ្ធ​ ​អតីត​រដ្ឋមន្ដ្រី​ ក្រសួង​សង្គម​កិច្ចនឹង​ត្រូវ​នាំ​ខ្លួន​ទៅ​កាត់ទោស​ក្នុង​អំឡុង​ដើម​ឆ្នាំ​២០១១​ខាង​មុខ​សម្រាប់​ឧក្រិដ្ឋ​កម្ម​ ដែល​បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​តិច​១,៧​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​ ដោយឡែក​ ​ឌុច​ ​អតីត​ប្រធាន​គុក​ទួលស្លែង​ ​ត្រូវ​លើក​លែង​បទចោទ​ប្រកាន់​ពី​ក្នុង​សំណុំ​រឿង​០០២​វិញ​ដោយ​ហេតុថា​ ​សហ ចៅក្រម​ស៊ើប​អង្កេត​ពុំ​បាន​រក​ឃើញ​ភស្ដុតាង​ថ្មី​ក្រៅ​ពី​បទ​ឧក្រិដ្ឋ​នៅ​គុក​ទួលស្លែង​នោះ​ទេ។

លោក​យូ ប៊ុនឡេង​ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​មិញ​ នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ ​ជាយ​ទីក្រុង​ភ្នំពេញ​ថា​ ​ការ​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ ​ឬ​ការ​ចេញ​ដីកា​ដំណោះ​ស្រាយ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​បាន​ពិនិត្យ​លើ​សំណុំ​រឿង​យ៉ាង​ពេញ​លេញ។

“បាន​ពិនិត្យ​ពិចារណា​លើ​សំណុំ​រឿង​ទាំង​អស់​ ​ហើយ​ចេញ​ដីកា​ដំណោះស្រាយ​ដោយ​ឯកភាព​គ្នា​ជា​ឯក​ច្ឆន្ទ​ដែល​នៅ​ក្នុង​នោះ ​ ​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​ទាំង​បួន​រូប​ទៅ​ជំនុំ​ជម្រះ"។

លោក​យូ ប៊ុនឡេង​មាន​ប្រសាសន៍​ថា​ ​ជន​ជាប់​សង្ស័យ​ទាំង​បួន​នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្មសង្រ្គាម​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​ចាម​និង​វៀតណាម​ ​និង​ការ​វាយ​ប្រហារ​លើ​សាសនា។

លោក​សហ​ចៅក្រម​កម្ពុជា​បញ្ជាក់​ថា​ ​តុលាការ​បាន​រក​ឃើញ​ថា​ ​មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់និង​ត្រូវ​បាន​សម្លាប់​ចន្លោះ​ពី១,៧​ទៅ​២,២​លាន​នាក់​ក្រោម​ការ​គ្រប់គ្រង​អំណាច​របស់​ពួក​ខ្មែរក្រហម​ ហើយ​មាន​មនុស្ស​ប្រមាណ​ជា​៨០០.០០០​នាក់​បាន​ស្លាប់​ដោយ​អំពើ​ហិង្សា​ផ្សេងៗ។

លោក​ម៉ាកសែល ​ឡឺម៉ុង​បាន​បញ្ជាក់ថា​ ​សំណុំ​រឿង​នេះ​មាន​ភាព​ស្មុគស្មាញ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​ពេល​យ៉ាង​យូរ​ ​ក៏​ប៉ុន្ដែ​ទីបំផុត​ការ​កាត់ទោស​មួយ​បាន​មក​ដល់។

“យើង​អាច​រីករាយ​ដោយ​មាន​ឯកសារ​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​រៀប​ចំ​បើក​សវនាការ​កាត់ទោស​ ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​រង់ចាំ​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ"។

លោក​ផៃ ស៊ីផាន​ ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​ ​មាន​ប្រសាសន៍​ថា​ ​ការ​បញ្ជូន​សំណុំ​រឿង​ជន​ជាប់​ចោទ​ទាំង​បួន​នាក់​ទៅ​កាត់​ទោស​ គឺជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ដ្រ ​និង​ជា​យុត្តិ​ធម៌​មួយ​បន្ថែម​ទៀត​សម្រាប់​ជន​រងគ្រោះ​ ​បន្ទាប់​ពី​សំណុំ​រឿង​ឌុច។ ​ឌុច​ត្រូវ​អង្គ​ជំនុំ​ជម្រះ​សាលាក្ដី​ ខ្មែរក្រហម​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​ចំនួន​៣៥​ឆ្នាំ។

“នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ដ្រ ​ ​ជា​យុត្ដិ​ធម៌​នៅ​ក្នុង​ករណី​បន្ថែម​មួយ​ទៀត​បន្ទាប់ពី​ឌុច"។

ដោយឡែក​ ​លោក​ឆាំង យុ​ ​នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ​តុលាការ​គួរ​ចាប់​ផ្ដើម​កាត់​ទោស​ជន​ជាប់ចោទ​ទាំង​បួន​ឲ្យ​បាន​ឆាប់។

“យើង​គួរតែ​កាត់ទោស​ឲ្យ​កាន់តែ​ឆាប់​ ​ដើម្បី​ឲ្យ​កម្ពុជា​បើក​ទំព័រ​ប្រវត្តិ​សាស្ដ្រ​ថ្មី​ ​ហើយ​ឈាន​ទៅ​មុខ។​ ហើយ​ខ្ញុំគិត​ថា​ ​សំណុំ​រឿង​០០២​នេះ​ ជា​សំណុំ​រឿង​ជា​ប្រវត្តិ​សាស្ដ្រ ​ ​មិន​ចំពោះ​តែ​កម្ពុជា​ ​ប៉ុន្ដែ​វា​សម្រាប់​ បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ទូទាំង​ពិភព​លោក"។

សូម​បញ្ជាក់ថា​ ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​សម្រេច​ទទួល​ស្គាល់​ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ចំនួន​២.២១៣​នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​សរុប​ចំនួន​ជាង​៤.០០០​នាក់​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០២​នេះ៕

XS
SM
MD
LG