ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណុំរឿង​០០៣​និង​០០៤​មិន​មាន​ភាព​ច្បាស់លាស់​តែ​មាន​ក្នុង​សំណើ​ថវិកា


សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង​ជនជាតិ​ស្វីស Laurent Kasper-Ansermet ​ដែល​ជ្រើសរើស​ដោយ​អ.ស.ប​។
សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង​ជនជាតិ​ស្វីស Laurent Kasper-Ansermet ​ដែល​ជ្រើសរើស​ដោយ​អ.ស.ប​។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បញ្ចូល​សំណុំ​រឿង​បន្ថែម​០០៣​និង​០០៤​ដ៏​ចម្រូង​ចម្រាស​ក្នុង​សំណើ​សុំ​ថវិកា​របស់​ខ្លួន​ដែល​សុំ​ប្រទេស​ម្ចាស់​ជំនួយ​ក្នុង​ទីក្រុង​ញូវយ៉ក។​ តែ​ពុំ​បាន​បញ្ជាក់​អំពី​ពេល​វេលា​ជាក់លាក់​ពី​ដំណើរការ​សំណុំរឿង​ទាំង​នេះ​ក្នុង​គម្រោងការ​លម្អិត​ដែល​គេ​ដឹង​ថា​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ​នោះ​ទេ។​

នៅ​ក្នុង​សំណើ​ថវិកា​សម្រាប់​ឆ្នាំ​២០១២​ដល់​ឆ្នាំ២០១៣​ផ្ញើទៅកាន់​ក្រុមប្រទេស អ្នកផ្តល់ជំនួយ​កាលពីចុងឆ្នាំ​ទៅម្តង​ ហើយនៅពាក់​កណ្តាលខែកុម្ភៈ​ម្តង​នោះ បានបញ្ជាក់​លម្អិត​អំពី​ គម្រោងការ​ចំណាយក្នុង​ចំនួនទឹកប្រាក់​ពី៨៩,៦លាន ទៅ៩២លានដុល្លារ​តាម​ការ​ប្រែប្រួល​របស់​បុគ្គលិក​ កិច្ចការ​នានា​ហើយ​នឹង គម្រោងការ​នានា​របស់​សាលាក្តី​ទាក់ទង​នឹង​សំណុំរឿង​០០២​និង​សំណុំរឿង បន្ថែម​០០៣​និង​០០៤​ដែល​មាន​ជនជាប់ចោទ​៥​នាក់​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម។

«ពេល​វេលា​ប្រាកដ​ប្រជា​សម្រាប់​សំណុំរឿង​០០៣​និង​០០៤ ​អាច​ប៉ាន់​ប្រមាណ បាន​បន្ទាប់​ពី​ការសម្រេច​របស់​អង្គបុរេ​ជំនុំ​ជម្រះ​លើ​ការខ្វែង​គំនិត​គ្នា​នៃ​សហចៅក្រម​ស៊ើប​អង្កេត​ដែល​ត្រូវ​រំពឹង​ថា​ធ្វើការ​សម្រេច​នៅ​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​២០១២»។

ប្រទេស​កម្ពុជា​ពុំ​បាន​តែង​តាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង​ជនជាតិ​ស្វីស Laurent Kasper-Ansermet ​ដែល​ជ្រើសរើស​ដោយ​អ.ស.ប​នោះ​ទេ។​ ការមិនតែងតាំង​នោះ​ត្រូវគេ​មើល​ឃើញ​ថា​ ទី១​មិន​អាច​ឲ្យ​សហ​ចៅក្រម​ខ្មែរ​សហការ​បាន​ក្នុងការ​បន្ត​ស៊ើបអង្កេត​តាម​ច្បាប់​គតិយុត្តិ។ ទី​២ ​ប៉ះពាល់​ដល់ការ​ចេញ​ដីកា​សន្និដ្ឋាន​ចុងក្រោយ​ទៅកាន់​ចៅក្រម​ជម្រះ​លើ​សំណុំរឿង​បន្ថែម​០០៣ ​និង​០០៤។ ទី​៣ មិនអាច​ឲ្យ​ចៅក្រម​ក្នុង​អង្គបុរេ​យក​សំណើ​ស៊ើបអង្កេត​ណាមួយ​របស់​ចៅក្រម​បម្រុង​ទៅ​ពិចារណា​តែ​ច្រានចោល​ដូច​ដែល​បាន​ធ្វើ​ថ្មីៗ​នេះ​ ទាក់ទង​នឹង​ដំណើរការ​ទៅ​មុខ​នៃ​សំណុំ​រឿង​០០៣​និង​០០៤។

«នៅក្នុង​សំណុំរឿង​០០៣​មាន​ជនសង្ស័យ​ពីរ​នាក់​ជា​ជនសង្ស័យ​ដែល​ទទួល​ខុស ត្រូវ​ក្នុង​ការចូលរួម​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នានា​នៅទីតាំង​១៣​កន្លែង។​ ក្នុង​សំណុំ​រឿង​ ០០៤ ​មាន​ជនសង្ស័យ​៣នាក់​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​ចូលរួម​ប្រព្រឹត្តបទ​ ឧក្រិដ្ឋ​នានា​ចំនួន​៣២​ទីតាំង​ផ្សេងៗ​គ្នា។​ វា​មាន​ប្រយោជន៍​ក្នុង​ការ​និយាយ​ចេញ​ ថា​ការស៊ើប​អង្កេត​សំណុំរឿង​០០៣​និង​០០៤​ត្រូវធ្វើ​ឡើង​ផ្អែក​ទៅលើ​ការិយា ល័យ​៣​ជា​ចម្បង​គឺ​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​ ការិយាល័យ​សហ​ ព្រះរាជ​អាជ្ញា​ និង​អង្គបុរេ​ជំនុំជម្រះ​និង​បទអន្តរាគមន៍​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី»។

ក្រុមប្រទេស​ម្ចាស់​ជំនួយ​កំពុង​ពិចារណា​លើ​សំណើ​ថវិកា​របស់​សាលាក្តី​ខ្មែរ ក្រហម​ចំនួន​៨៩,៦​លាន​ដុល្លារ​ដល់​ចំនួន​៩២​លាន​សម្រាប់​ទ្រទ្រង់​សាលាក្តី​ដែល កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​ជាប់​ទាក់ទិន​នឹង​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាង​១,៧​លាន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។ មេដឹកនាំ​ទាំង​នោះ​មាន នួន ជា​ បង​ធំ​ទី២​ ខៀវ សំផន​ប្រមុខរដ្ឋ ​និង​អៀងសារី ​រដ្ឋមន្ត្រីការ​បរទេស។

ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃអង្គារ​ក្នុង​លក្ខខណ្ឌ​ពុំឲ្យ បញ្ចេញ​ឈ្មោះ​ដោយគ្មាន​តួនាទី​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ អ្នកការទូត​ម្នាក់​ដែល​ប្រទេស​លោកជា​សមាជិក​សំខាន់​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់ សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ឬ​ហៅថា​ប្រទេស ចាប់​អារម្មណ៍​សាលាក្តី​ (GIS) ​នោះ​គ្រោង​នឹង​ពិភាក្សា​នៅថ្ងៃទី​២៤ ខែ​កុម្ភៈ​ដើម្បី​ផ្តល់​ការសម្រេច​លើ​ចំណាយ​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម​ដែល​បាន​ស្នើ។

«ក្រុម​ប្រទេស​ GIS ​មិន​ទាន់​សន្យា​ផ្តល់​ថវិកា​ទេ​ តែ​ពួក​គេ​នឹង​ផ្តោត​ទៅ​លើ​ការ យល់​ព្រម​លើ​សំណើ​ថវិកា​ជាមុន​សិន។​ លោក David ​Scheffer ​ទីប្រឹក្សា​ពិសេស​អ.ស.ប​នឹង​ជួប​ជាមួយ​តំណាង​ប្រទេស​នានា​បន្ទាប់​ពី​កិច្ច​ប្រជុំ​ទាក់ទង​នឹង​ការសន្យា​ថវិកា»។

អ្នកការទូត​ដដែល​បាន​អះអាង​ថា​ មាន​បញ្ហា​ច្រើន​ដែល​ជា​កង្វល់​ក្នុង​ចំណោម ប្រទេស​អ្នកផ្តល់​ជំនួយ។​ បញ្ហា​ទាំង​នោះ​មាន​ដូច​ជា​រយៈពេល​យូរ​សម្រាប់​ការ បញ្ចប់​តុលាការ​ដំណើរការ​ តែងតាំង​សហចៅក្រម​ស៊ើបអង្កេត ​Laurent Kasper Ansermet ​និង​ដំណើរការ​សំណុំរឿង​០០៣​និង​០០៤​ជាដើម។

សាលាក្តី​ខ្មែរ​ក្រហម​បានខ្វះខាត​ថវិកា​បើកឲ្យ​បុគ្គលិក​កម្ពុជា​តាំងពី​ខែ​តុលា​ម្ល៉េះ ដែល​ក្រុម​អ្នកវិភាគ​ខ្លះ​អះអាង​ថា​ប្រទេស​ផ្តល់​ជំនួយ​រារែក​ក្នុង​ការ​ផ្តល់​ដោយ សារ​ តែសាលាក្តី​នេះ​មិនបាន​ជម្រះ​ឲ្យ​អស់​ចំពោះ​ការ​ចោទ​ប្រកាន់​រឿង​ជ្រៀត ជ្រែក​ផ្នែក​នយោបាយ​ពង្រឹង​ឯករាជ្យភាព​និង​កិច្ចសហការ​ធ្វើឲ្យ​រីកចម្រើន​ក្នុង​សំណុំរឿង​បន្ថែម​រួមនឹង​ការ​តែងតាំង​ចៅក្រម​ស្វីស​របស់​អ.ស.ប​ផង។

លោកបណ្ឌិត​ចន សូសៀរី ​(John Ciorciari) ​សាស្ត្រាចារ្យ​ផ្នែកគោល​នយោបាយ សាធារណៈ ​នៃ​សាកល​វិទ្យាល័យ ​Gerald Ford School ​of Public Policy ​នៃរដ្ឋ Michigan​ បាន​ហៅ​វិបត្តិ​ថវិកា​ជាល្បែង​លេងចាប់​កូនមាន់​និង​ការណ៍​ដែល​សាលាក្តី​ពុំបាន​ធ្វើឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ពេញ​ចិត្ត​ទាក់ទង​នឹង​រឿងរ៉ាវ​ជាច្រើន។​

«ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​អាច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ចៅ ក្រម​ជនជាតិ​ស្វីស​មុន​ពេល​ផ្តល់​ថវិកា​បន្ថែម។​ សំណុំរឿង​ទី២​ផ្តល់​ហេតុផល ដ៏​រឹងមាំ​នៅឡើយ​សម្រាប់​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ដើម្បី​ធានា​ឲ្យ​តុលាការ​នេះ ដំណើរការ​បាន។​ តែ​វា​ជា​ការ​ភ្ញាក់ផ្អើល​ប្រសិនបើ​ប្រទេស​ផ្តល់​ជំនួយ​ច្រាន​ចោល សំណើ​របស់​កម្ពុជា​ទាំងស្រុង​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​សប្តាហ៍​នេះ»។

លោក​និយាយ​យ៉ាង​ដូច្នេះ​យោង​ទៅ​លើ​ការមិនចុះ​សម្រុង​គ្នា​លើ​សំណុំ​រឿង ០០៣​ផង​ដែរ​ ដែល​គេ​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​យ៉ាង​ខ្លាំង​ក្នុង​ការ នាំ​ខ្លួន​ ជនសង្ស័យ​បន្ថែម​ក្នុង​សំណុំរឿង​០០៣ ​និង​០០៤​មក​កាត់​ទោស។

ឯកសារ​ពាក់ព័ន្ធ​នឹង​ជនជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣​និង​០០៤ ​ដែល​វីអូអេ​ទទួល​បាន​ពី ​ប្រភព​ស្និទ្ធ​នឹង​តុលាការ​បន្ទាប់​ពី​ត្រូវ​ផ្សព្វផ្សាយ​ដោយ ព័ត៌មាន​បរទេស​បាន​ចោទ​ប្រកាន់​ជា​បឋម​ ដោយ​សហ​ព្រះរាជ​អាជ្ញា​បរទេស​មាន​លោក​ ស៊ូ ម៉េត ​មាស មុត​ យឹម ទិត ​អោម អាន​ និង​អ្នកស្រី​ អ៊ឹម ចែម។​ ជនសង្ស័យ​៣​នាក់​ក្នុង ​ចំណោម​៥នាក់គឺ​លោក មាស មុត​ អោម អាន​ និង​អ្នកស្រី ​អ៊ឹម ចែម​បាន​សម្ភាស ​ជាមួយ​វីអូអេ​ហើយ​បាន​បដិសេធ​ពី​ការ​ជាប់​ទាក់ទិន​នឹង​បទឧក្រិដ្ឋ​ដែល​សហ​ព្រះរាជ​អាជ្ញា​បរទេស​បាន​ចោទ​ប្រកាន់​ជា​បឋម​នោះ។​សហចៅក្រម​ស៊ើបអង្កេត​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣ ​កាលពីថ្ងៃ​ទី២៩ ខែ​មេសា​ឆ្នាំ​២០១១ ​ក្រោយ​ពី​បាន​ពិនិត្យ​មើល​ភស្តុតាង​ជាង​២ពាន់​ភស្តុតាង​ដែល​មាន​ជា​ឯកសារ ​៤៨.០០០​ទំព័រ។​នេះ​បើ​យោង​តាម​ឯកសារ​ជា​សំណើ​ថវិកា។ ក៏​ប៉ុន្តែ​សហ​ព្រះរាជ​អាជ្ញា​បរទេស​ដែល​បាន​បញ្ជូន​ដីកា​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​តាំង​ពី​ឆ្នាំ​២០០៨​ចំពោះ​សំណុំរឿង​០០៣ ​និង​០០៤​នោះ​ បាន​តវ៉ា​ថា​សហ​ចៅក្រម​ស៊ើបអង្កេត​ធ្វើការ​ស៊ើបអង្កេត​មិន​គ្រប់គ្រាន់​ជាពិសេស​លើ​ទីតាំង​ សាក្សី​ជាដើម។ ជនសង្ស័យ​ត្រូវ​គេ​រាយការណ៍​មកថា​ក៏​មិន​ត្រូវ​បាន​សួរ​នាំ​អ្វី​ដែរ។

នៅក្នុង​ឯកសារ​ផ្ញើ​ជូន​ម្ចាស់​ជំនួយ​បាន​បញ្ជាក់​ដែរ​ថា​ការស៊ើប​អង្កេត​សំណុំ​រឿង០០៤​កំពុង​ធ្វើ​បន្ត។​ហើយ​សំណុំរឿង​០០៣​អាច​នឹង​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ ទៅ​លើ​ទីតាំង​និង​សាក្សី។​ ដំណើរការ​សំណុំ​រឿង​បន្ថែម​អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​ លើ​ថវិកា​និង​ធនធាន​ដែល​គេ​រំពឹង​ថា​អាច​នឹង​ចាប់ផ្តើម​ពេញ​លេញ​នៅ​ឆ្នាំ ២០១៣។

សាលាក្តី​ខ្មែរ​ក្រហម​ដែល​ស្ថិត​ក្នុង​ដំណើរការ​កាត់ទោស​ជន​សង្ស័យ​៣​នាក់​ក្នុង សំណុំ​រឿង​០០២ ​គ្រោង​នឹង​ចេញ​ដីកា​សម្រាប់​ជនជាប់ចោទ​នៃ​សំណុំ​នេះ​ សម្រាប់​ជន​ជាប់ចោទ​ម្នាក់​ដំបូង​នៅក្នុង​ឆ្នាំ​២០១៣​ហើយ​បញ្ចប់​សំណុំរឿង ០០២​នៅ​ឆ្នាំ​២០១៦៕

XS
SM
MD
LG