កាលពីយប់ថ្ងៃអង្គារម៉ោងនៅក្នុងស្រុក កម្ពុជាបានស្នើឲ្យតុលាការក្រុងឡាអេ ដាក់កំហិតឲ្យប្រទេសថៃដកកងទព័ចេញពីតំបន់ជម្លោះនៅក្បែរតំបន់ប្រាសាទព្រះវិហារជាបន្ទាន់បំផុត និងដោយគ្មានលក្ខខណ្ឌ។ សំណើរនេះត្រូវបានធ្វើឡើងនៅក្នុងសេចក្ដីថ្លែងចុងក្រោយក្នុងសវនាការថ្ងៃទីពីរដែលជាថ្ងៃចុងក្រោយនៅក្នុងតុលាការជាន់ខ្ពស់អង្គការសហប្រជាជាតិនៅប្រទេសហូឡង់។
យោងតាមឯកសារសំឡេងដែលវីអូអេខ្មែរទទួលបានពីតុលាការក្រុងឡាអេ លោកហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសកម្ពុជាដែលបានដឹកនាំគណប្រតិភូកម្ពុជា បានដាក់សំណើចំនួនបីដល់តុលាការជាន់ខ្ពស់នេះ នៅក្នុងសេចក្ដីថ្លែងចុងក្រោយទៅកាន់ចៅក្រមទាំង១៦រូប ដើម្បីអ្វីដែលលោកហោ ណាំហុង លើកឡើងថា ជាវិធានការបន្ទាន់ដើម្បីការពារប្រាង្គប្រាសាទព្រះវិហារ។ លោកថ្លែងថា៖
«សំណើរទី១គឺការដកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវកងទព័ថៃទាំងអស់ចេញពីផ្នែកដែលស្ថិតក្នុងទឹកដីកម្ពុជា នោះគឺតំបន់នៃប្រាសាទព្រះវិហារ។ សំណើទី២ គឹសុំឲ្យហាមឃាត់គ្រប់សកម្មភាពយោធាទាំងអស់របស់ថៃនៅក្នុងតំបន់ប្រាសាទព្រះវិហារ។ សំណើទី៣ គឺហាមសកម្មភាពគ្រប់ប្រភេទពីថៃដែលអាចបង្កជាឧបសគ្គដល់សិទ្ធិរបស់កម្ពុជា ឬធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរ»។
ដោយឡែកលោក វីរ៉ាឆៃ ផ្លាសៃ (Virachai Plasai) ឯកអគ្គរាជទូតថៃប្រចាំប្រទេសហូឡង់បានធ្វើសេចក្ដីសន្និដ្ឋានរបស់ខ្លួនដោយទាមទារឲ្យតុលាការក្រុងឡាអេ ទាត់ចោលបណ្ដឹងរបស់កម្ពុជា។ លោកថ្លែងថា៖
“យោងតាមមាត្រា៦០ នៃវិធានរបស់តុលាការ និងដោយមានសំណើសុំចាត់វិធានការជាបណ្ដោះអាសន្នរបស់ព្រះរាជាណាចក្រកម្ពុជា និងខ្លឹមសារផ្ទាល់មាត់របស់ប្រទេសនេះ ព្រះរាជាណាចក្រថៃសូមស្នើដោយគោរពដល់តុលាការឲ្យទម្លាក់ចោលសំណុំរឿងដែលត្រូវបានដាក់ជូនតុលាការដោយព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១»។
កម្ពុជាបានស្នើដល់តុលាការក្រុងឡាអេកាលពីខែមេសា ឲ្យធ្វើការបកស្រាយសាលក្រមខែមិថុនា ឆ្នាំ១៩៦២របស់ខ្លួនឡើងវិញ ហើយស្នើឲ្យតុលាការចាត់វិធានការជាបន្ទាន់មួយ ដើម្បីថែរក្សាប្រាង្គប្រាសាទចំណាស់ជាង៩០០ឆ្នាំ របស់ខ្មែរបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធកាលពីពេលថ្មីៗនេះ ហើយបានបណ្ដាលឲ្យមានជនរងគ្រោះទាំងសងខាងស្លាប់បាត់បង់ជីវិតយ៉ាងតិចចំនួន១៨នាក់។
សវនាការកាលពីថ្ងៃចន្ទ័ និងថ្ងៃអង្គារកន្លងទៅនេះគឺជាសវនាការដើម្បីសា្ដប់ទឡ្ហីករនៃប្រទេសគូជម្លោះក្នុងក្របខ័ណ្ឌនៃសំណើសុំវិធានការបន្ទាន់ដើម្បីការពារប្រាសាទព្រះវិហារ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីយប់ថ្ងៃអង្គារ តុលាការក្រុងឡាអេមិនបានបញ្ជាក់អំពីកាលបរិច្ឆេទធ្វើសេចក្ដីសម្រេចរបស់ខ្លួនក្នុងក្របខណ្ឌ័សវនាការនេះទេ។
លោក បូរីស ហេម (Boris Heim) មន្រ្តីផ្នែកព័ត៌មានរបស់តុលាការក្រុងឡាអេ បានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទពីទីក្រុងឡាអេ កាលពីថ្ងៃអង្គារថា តុលាការត្រូវការពេលវេលាច្រើនសប្ដាហ៍ ឬច្រើនខែក្នុងការធ្វើសេចក្ដីសម្រេចរបស់ខ្លួន។
កម្ពុជា និងថៃមានជម្លោះជុំវិញរឿងប្រាសាទព្រះវិហារចាប់តាំងពីទសវត្សរ៍១៩៥០មកម្លេះ។ តុលាការក្រុងឡាអេបានកាត់សេចក្ដីឲ្យកម្ពុជាឈ្នះក្ដីថៃ ហើយបានសម្រេចថា ប្រាសាទព្រះវិហារគឺជារបស់ខ្មែរ។ ប៉ុន្ដែកាលពីបីឆ្នាំមុនថៃអះអាងថា ដីទំហំទំ៤.៦គីឡូម៉ែត្រការ៉េនៅតំបន់ក្បែរប្រាសាទព្រះវិហារគឺជារបស់ខ្លួនហើយបានបញ្ជូនកងទ័ពមកកាន់កាប់ ក៏ប៉ុន្តែកម្ពុជាក៏បានអះអាងថា ដីនៅទីនោះគឺជារបស់ខ្លួនដែរ។ សែសឹបប្រាំបួនឆ្នាំក្រោយពីសេចក្ដីសម្រេចរបស់តុលាការក្រុងឡាអេ ប្រទេសទាំងពីរបានឡើងតវ៉ាគ្នានៅតុលាការនេះម្ដងទៀត៕