ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្នើ​សុំ​អាមេរិក​ផ្តល់​ថវិកា​បន្ថែម​សម្រាប់​តុលាការ​ខ្មែរ​ក្រហម


ឧប​នាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។
ឧប​នាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

ឧប​នាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​ទទូច​ឲ្យមាន​ជំនួយ​សរអា​បន្ថែម​ទៀត​ សម្រាប់​បញ្ចប់​ការ​កាត់ទោស​ពួកអតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មុន​ពួកគេ​អាច​ស្លាប់​ដោយ​មិនបាន​រកយុត្តិធម៌។

«ខ្ញុំ​សង្ឃឹម​ថា​ស.រ.អា​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ចំពោះ​ការ​បន្ត​ដំណើរការ​កាត់ទោស​ចំពោះ​មេដឹកនាំ​ ខ្មែរ​ក្រហម​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​បញ្ចប់​ឆាប់ៗ។ ពួកគេ​ឥឡូវ​មាន​វ័យ​ ចំណាស់​ខ្លាំង​ក្នុង​ការអង្គុយ​ហើយ​អាច​ស្លាប់​មុនពេល​កាត់ទោស»។

លោក​ហោ ណាំហុង​ថ្លែង​ដូច្នេះ​ក្នុង​ពេល​លោក​ផ្តល់​បាឋកថា​កាលពី​ថ្ងៃអង្គារ​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ គោលនយោបាយ​ស.រ.អា​ហៅថា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​និង​ការសិក្សា​កិច្ច​ការ​អន្តរជាតិ (CSIS) ​ទាក់ទង​នឹង​បញ្ហា​រីកចម្រើន​ខ្លាំង​ចុងក្រោយ​រវាង​កម្ពុជា​និង​សរអា​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​ រួម​ទាំង​ប្រវត្តិសាស្ត្រ​កម្ពុជា​ផងដែរ។ ​លោក​ក៏​បាន​សម្តែង​ការអរគុណ​ដល់​ស.រ.អា​ចំពោះ​ជំនួយ​សរអា​មុនៗ​ដែល​ ផ្តល់​ជូន​សាលាក្តី​ខ្មែរក្រហម​ផង​ដែរ។​

លោក​ថ្លែង​ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការកាល ពី​ថ្ងៃអង្គារ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ជួប​ជាមួយ​លោកស្រី​ហ៊ីលឡារី គ្លីនតុន​រដ្ឋមន្ត្រី​ការ​បរទេស អាមេរិកាំង​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ធ្វើឲ្យ ​មាន​ទំនាក់​ទំនង​ស៊ីជម្រៅ​រវាង​សរអា ​និង​កម្ពុជា​ បញ្ហា​លុប​ បំណុល​ ៤៤៥​លានដុល្លារ​ដែល​កម្ពុជា​ជំពាក់​ស.រ.អា​ក្នុង​សម័យ​សង្រ្គាម​ទសវត្សរ៍​១៩៧០ ​និង​បញ្ហា​តំបន់​ឬ ​បញ្ហា​ឧប​ទ្វីប​កូរ៉េ។​ សេចក្តី​អំពាវនាវ​របស់ ​លោក​ ហោ ណាំហុង​រឿង​ថវិកា​សាលាក្តី​ខ្មែរ​ក្រហម កើត​ឡើង​ដំណាលគ្នា​ ដែល​សាលាក្តី​ខ្មែរក្រហម​ត្រូវការ​ ទឹកប្រាក់ ​៩០​លាន​ដុល្លារ​ សម្រាប់​ទ្រទ្រង់​ការ កាត់ទោស​សម្រាប់​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៣។​នេះ​បើ​តាម​សំណើ​ថវិកា​ដែល​វីអូអេ​ទទួល​បាន​ក្នុង​កិច្ច ប្រជុំ​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​កាលពី​ដើម​ឆ្នាំ។​ ភាគី​កម្ពុជា​និង​អ.ស.ប​មិន​ទាន់​បាន​ ទទួល​ការ​សន្យា​ ឬ​ទទួល​ប្រាក់​គ្រប់គ្រាន់​ពី​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​នៅ​ឡើយ​សម្រាប់​ទ្រទ្រង់​ ដំណើរការ​សាលាក្តី​ ក្នុង​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ ​បញ្ហា​ឯករាជ្យភាព​ និង​ការជ្រៀតជ្រែក​ផ្នែក​ នយោបាយ​លើ​ដំណើរការ​នីតិវិធី​សំណុំរឿង​បន្ថែម​០០៣​និង​០០៤។

ប្រទេស​មួយ​ចំនួន​បាន​ផ្តល់​ថវិកា​ភ្លាមៗ​ដល់​ភាគី​អ.ស.ប ​ឬភាគី​កម្ពុជា​ ប្រទេស​មួយ​ចំនួន​ រួមទាំង ស.រ.អា​ស្ថិត​ក្នុង​ការពិចារណា​នៅឡើយ។

មន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា​បានអះអាង​ប្រាប់វីអូអេ​ក្នុង​លក្ខខណ្ឌ​មិនឲ្យ​បញ្ចេញ​ឈ្មោះ​ប៉ុន្មាន​ម៉ោង មុន​នេះ​ថា​សរអា​បាន​សម្រច​ផ្តល់​ ថវិកា​ចំនួន​៥លាន​ដុល្លារ​សម្រាប់​គាំទ្រ​ដំណើរ​កាត់ទោស​ក្នុង​ឆ្នាំ​ ២០១២។ មន្ត្រី​ដដែល​នោះ​បាន​អះអាង​ថា​ សភា​ស.រ.អា​បាន​យល់ព្រម​លើថវិកា​៥លាន​ដុល្លា​ នោះ​ហើយ ​ក្រោយពី​រដ្ឋាភិបាល​បាន​ស្នើ​សុំ។ ​ចំណែក​ឆ្នាំ​២០១៣​ រដ្ឋាភិបាល​សរអា​នឹង​ស្នើ​សុំ​ សភា​៥​លាន​ដុល្លារ​ទៀត​ទៅកាន់​សភា។

សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​ជនជាប់ចោទ​ចំណាស់ៗ​៣នាក់​ជាមេដឹកនាំ ​កំពូលៗ​នៃ​របប​ ខ្មែរ​ក្រហម ​ពី​បទឧក្រិដ្ឋកម្ម​ ​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​សង្គាម ​ដែល​ទាក់ទង​នឹង​ការសម្លាប់​ ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជាង​ ១លាន​៧សែននាក់​ក្នុង​ទសវត្សរ៍​១៩៧០៕

XS
SM
MD
LG