ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានឯកភាពជំរុញឱ្យមានការធ្វើវិនិយោគ ការធ្វើពាណិជ្ជកម្ម និងសេវាកម្មនៅតាមតំបន់ព្រំដែនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងការទប់ស្កាត់ ការបង្ក្រាបអំពើរត់ពន្ធនិងការជួញដូរទំនិញក្លែងក្លាយឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពទំនិញ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រីវៀតណាម ផាំ យ៉ាឃៀង នៅថ្ងៃអង្គារនេះ សំដៅធ្វើឱ្យល្អប្រសើរដល់ការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងរវាងបណ្តាខេត្តនៅតាមបណ្តោយព្រំដែន។
សេចក្តីប្រកាសរួមនេះបានបញ្ជាក់ថា តួលេខនៃការផ្លាស់ប្តូរពាណិជ្ជកម្មនៅត្រីមាសទីមួយ ដើមឆ្នាំ ២០១០ មានកំណើនប្រមាណ ១២៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០០៩។
សេចក្តីប្រកាសរួមនេះបាននិយាយថា កំណើននេះនឹងជំរុញឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អាចនឹងកើនឡើងដល់២០០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១០។ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននេះបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។
អ្នកវិនិយោគទុនវៀតណាមបានធ្វើការវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន ដូចជាអគ្គិសនី ការផលិតចំណីអាហារ ការផលិតជីរកសិកម្ម ដំណាំកៅស៊ូ និងការថែទាំសុខភាព។
សេចក្តីប្រកាសរួមនេះបានបញ្ជាក់ថា ប្រទេសកម្ពុជានិងប្រទេសវៀតណាមឯកភាពបន្តការបង្កលក្ខណៈងាយស្រួល និងជំរុញឱ្យមានការធ្វើវិនិយោគ ការធ្វើពាណិជ្ជកម្ម និងសេវាកម្មនៅតាមតំបន់ព្រំដែន តាមរយៈការបន្តផ្តល់ឱ្យគ្នាទៅវិញទៅមកនូវភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម ជំរុញល្បឿនការធ្វើឱ្យមានភាពសាមញ្ញនិងការធ្វើសុខដុមនីយកម្មបែបបទនាំចេញ នាំចូល និងលើក កម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងការទប់ស្កាត់ការបង្ក្រាបអំពើរត់ពន្ធ និងការជួញដូរទំនិញក្លែងក្លាយឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពទំនិញ។
សេចក្តីប្រកាសរួមបានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពក្នុងការពិនិត្យលទ្ធភាពតម្លើងកម្រិតច្រកទ្វារព្រំដែន ឬបង្កើតច្រកទ្វារព្រំដែនថ្មីបន្ថែមទៀតតាមការស្នើសុំរបស់ភាគីណាមួយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ចេញចូលឆ្លងកាត់ព្រំដែន ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងជំរុញការអភិវឌ្ឍនៅតំបន់ច្រកទ្វារព្រំដែន។
ក្រុមមន្ត្រីនៅតាមបណ្តាខេត្តព្រំដែនបានថ្លែងថា ខេត្តទាំងនេះត្រូវធ្វើការងារបន្ថែមទៀត ដើម្បីប្រមូលប្រាក់ទុនលើការធ្វើពាណិជ្ជកម្ម ប៉ុន្តែការធ្វើវិនិយោគទុនវៀតណាម បានចាប់ផ្តើមនាំយកការងារមកឱ្យប្រជាពលរដ្ឋខ្មែរ។
លោកសូ នាក់ អភិបាលរងខេត្តរតនៈគីរី បានបញ្ជាក់ថា ភ្ញៀវទេសចរណ៍វៀតណាមមិនបានចូល មកក្នុងខេត្តរបស់លោកតាមច្រកព្រំដែនទេ ពីព្រោះផ្លូវឆ្លងកាត់ព្រំដែនមិនទាន់ត្រូវបានអភិវឌ្ឍ។
លោកសូ នាក់បានបន្តថា ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានសកម្មភាពពាណិជ្ជកម្មបន្ទាប់បន្សំជាពិសេស ការនាំចូលរបស់របរប្រើប្រាស់ ផ្លែឈើ គ្រឿងសំណង់ និងជីរកសិកម្ម ព្រមទាំងការនាំចេញស្រូវអង្ករ កៅស៊ូ ដំឡូងមី និងសណ្តែក។ ក្រុមហ៊ុនដាំកៅស៊ូចំនួនបីត្រូវបានបង្កើតឡើង ដោយមានកម្មករជាង៤០០០នាក់។
«យើងឃើញ្ញថា រាល់ថ្ងៃ វាអត់ទាន់មានទេ ខាងទេសចរណ៍។ មានតិចតូច ទេសចរណ៍ចូលតាម ខាងច្រកវៀតណាមមក។ ប៉ុន្តែនិយាយរួមទៅ ការចរាចរទំនិញអី ទៅមក វាឃើញថា យើងមាន តែកៅស៊ូ ដំឡូង សណ្តែកនាំចេញតាមច្រកទ្វារ»។
លោកខាំ ភឿន អភិបាលខេត្តក្រចេះបានថ្លែងថា ក្រុមហ៊ុនដាំកៅស៊ូវៀតណាមប្រហាក់ប្រហែលគ្នានេះបានយកប្រជាពលរដ្ឋខ្មែរជាង៣០០០នាក់ធ្វើការ។
«មានតែឯកជនទេ ដែលជួយការអភិវឌ្ឍ ជាដៃគូអភិវឌ្ឍន៍ ក្នុងការអភិវឌ្ឍ គឺដៃគូឯកជនហ្នឹងហើយ។ ក្រុមហ៊ុន សហគ្រាស រដ្ឋវៀតណាម គេជួយឲ្យគោរពផែនការ គោរពកិច្ចសន្យា មួយឆ្នាំដាំប៉ុន្មាន គេធ្វើឲ្យបានគ្រប់ផែនការ»។
លោកខាំ ភឿនបានបញ្ជាក់ថា ការធ្វើវិនិយោគវៀតណាម និងការផ្លាស់ប្តូរពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការប្រមូលពន្ធ និងការងារធ្វើ សម្រាប់ប្រជាពលរដ្ឋខ្មែរ៕