ប្រទេសកម្ពុជានិងវៀតណាមចាប់ផ្តើមស្វែងរកក្រុមហ៊ុនដែលអាចផលិតផែនទីឋានលេខាព្រំដែនគោកឬ Topography នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ តាមរយៈការដេញថ្លៃ។ នេះបើតាមការបញ្ជាក់របស់សេចក្តី ប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្រុមហ៊ុនចំនួន៥មកពីអឺរ៉ុបនិងអាស៊ីបានចូលរួមដាក់ពាក្យដេញថ្លៃជាអន្តរជាតិមួយដែលបានប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក្រោមអធិបតីភាពនៃប្រធានគណៈកម្មការព្រំដែនកម្ពុជាគឺលោក វ៉ា គឹមហុង និង អនុប្រធានគណៈកម្មការព្រំដែននៃប្រទេសវៀតណាម ង្វៀន ហុងថាវ។
បើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនដែល VOA ទទួលបានៗបញ្ជាក់ថា៖ គម្រោងបង្កើតផែនទីឋានលេខាព្រំដែនគោករវាងកម្ពុជា-វៀតណាម ដែលជា ឯកសារឧបសម្ព័ន្ធទៅនឹងសន្ធិសញ្ញាព្រំដែន ដែលនាយករដ្ឋមន្ត្រី នៃប្រទេស ទាំងពីរ ត្រូវចុះហត្ថលេខាជាមួយគ្នា បន្ទាប់ពីការធ្វើពិធីសារ ស្តីពីខ្សែព្រំដែនរួម រួចមក គឺជាគម្រោងរួមគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនិង ជាគម្រោងមួយ យ៉ាងសំខាន់ដែលនិងជួយពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អប្រសើឡើង ដើម្បី ប្រែក្លាយព្រំដែនកម្ពុជា-វៀត ណាមទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។ ថវិកាអនុវត្តគម្រោងនេះត្រូវផ្តល់ឱ្យដោយរដ្ឋាភិបាល នៃ ប្រទេសទាំងពីរដោយឈរលើមូលដ្ឋានស្មើគ្នា។
សេចក្តីប្រកាសព័ត៌មានដដែលបានអះអាងទៀតថាគម្រោងដែលកម្ពុជានិងវៀតណាមយល់ព្រមជាមួយគ្នាទាក់ទងនិងការផលិតផែនទីឋានលេខាព្រំដែនគោកប្រវែង១.២០០គីឡូម៉ែត្រនេះ តម្រូវឱ្យបញ្ចប់នៅក្នុងរយៈពេលពីរឆ្នាំគឺ ខែសីហា ឆ្នាំ២០១២ ក្រោមការត្រួតពិនិត្យ និងផ្តល់ទិន្នន័យដោយគណៈកម្មការព្រំដែន ចម្រុះនៃប្រទេសទាំងពីរ។
លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មការព្រំដែនកម្ពុជានៅ ប្រទេសបារាំង បានអះអាងថាលោកនៅតែមិនទទួលស្គាល់ការបង្កើតផែនទីឋានលេខាដដែលព្រោះលោកចាត់ទុកថាជាការធ្វើផែនទី លើផែនទីដែលមានរួចស្រេចទៅហើយ និងជាការ ធ្វើផែនទីដែល មិនទាន់រកបង្គោលឃើញនិងកំណត់ ខ្សែបន្ទាត់ព្រំដែន បាននៅ ឡើយ។
«ផែនទីដែលកំពុងតែធ្វើហ្នឹងគឺថា ខ្ញុំមិនយល់ថាជាផែនទី បើសិនណាជាត្រឹមត្រូវ ខ្ញុំថាបើត្រឹមត្រូវ ត្រឹមត្រូវយ៉ាងម៉េចព្រោះថាមិនទាន់ទាំងធ្វើអស់ផងរួច យកផែន ទីហ្នឹងមកបោះ អាហ្នឹងហើយវាខុសច្បាប់ដោយសារហេតុអី? ដោយសារតែយើង មិនទាន់ធ្វើអស់ ហើយយើងមិនបានប្រាប់ថាយាមកានៅកន្លែងណាៗផង យើងបោះទៅហើយ»។
ប្រទេសកម្ពុជានិងវៀតណាមមានបញ្ហាចម្រូងចម្រាសជាមួយ គ្នារាប់សិបទសវត្សរ៍មកហើយ។ អ្នកមានមតិជំទាស់និងរដ្ឋាភិបាលជាច្រើននាក់ មន្រ្តីគណបក្សជំទាស់ និង មេដឹកនាំគណបក្សជំទាស់ធ្លាប់ និងត្រូវកាត់ទោសឱ្យជាប់គុកពីបទទាក់ទិននិង បញ្ហាវិវាទព្រំដែនដែលកម្ពុជានិងវៀត ណាមពុំទាន់បោះបង្គោលព្រំដែនឱ្យបានចប់នេះ។
បញ្ហាព្រំដែនកម្ពុជានិងថៃវិញ អាជ្ញាធរនៃប្រទេសកម្ពុជាបាន អះអាងថា គម្រោង បើកច្រកព្រំដែនកម្ពុជា-ថៃ នៅតំបន់ព្រះវិហារ និងត្រូវពន្យាពេល មួយរយៈ ដោយសារប្រទេសទាំងពីរពុំទាន់ឈានដល់កិច្ចព្រមព្រៀងមួយចំនួន។
ភាគីទាំងពីរបានយល់ព្រមគ្នាថានិងបើកច្រកទ្វារឱ្យពលរដ្ឋទាំងពីរនិងភ្ញៀវ ទេសចរណ៍បានចេញចូលដូចធម្មតាវិញនៅដើមសប្តាហ៍ខាងមុខ ក្រោយពីបាន បិទទ្វារតាំងពីខែកក្កដាឆ្នាំ២០០៨ ដែលមានជម្លោះតានតឹងផ្នែកយោធា និងនយោបាយ បន្ទាប់ពីកម្ពុជាបានដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។
មន្ត្រីកម្ពុជាដែល VOA បានទាក់ទង អះអាងឱ្យដឹងថា មុនពេលបើក ច្រកជា ផ្លូវការឡើងវិញ ភាគីទាំងពីរកម្ពុជា-ថៃ ត្រូវការពេលវេលាខ្លះទៀត ដើម្បីពិភាក្សា អំពីបញ្ហាដកកងទ័ពចេញពីព្រំដែន និងតម្លៃនៃការ ចេញចូលនៅតំបន់ប្រាសាទព្រះវិហារ ដែលភាគីទាំងពីរមិនទាន់បានព្រមព្រៀងគ្នានៅឡើយ៕