លោកអតីតមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមនៅថ្ងៃអង្គារនេះ បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា សំដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំង២។
លោក Le Kha Phieu អតីតអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានជួបជាមួយលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាច់ដោយឡែកពីគ្នាសំដៅធ្វើឱ្យបានល្អឡើងនូវចំណងមិត្តភាពសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ សម្រាប់ការរីកចម្រើនខាងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំង២ តាមដងទន្លេមេគង្គ និងទន្លេសាប។
ទស្សនកិច្ចនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋសភាកម្ពុជាបានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាជាមួយប្រទេសវៀតណាមកាលពីខែធ្នូ ដើម្បីសម្រួលច្រកដឹកជញ្ជូនតាមផ្លូវទឹកទន្លេមេគង្គ និងទន្លេសាបរវាងប្រទេសទាំង២។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនៅក្នុងជំនួបរវាងលោក ហេង សំរិន និងលោក Le Kha Phieu បានថ្លែងថា លោក Le Kha Phieu នឹងជួយជំរុញអ្នកវិនិយោគទុនវៀតណាម ឱ្យមកបណ្តាក់ទុននៅកម្ពុជា និងការដឹកជញ្ជូនពាណិជ្ជកម្មតាមដងទន្លេមេគង្គនិងទន្លេសាប។
"ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃថោកជាងផ្លូវគោកនិងអាកាស។ ពាណិជ្ជកម្មនិងសេដ្ឋកិច្ចកម្ពុជា នឹងអាចមានការរីកដុះដាលឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែយើងត្រូវធ្វើការរឹតបន្តឹងច្បាប់ ដែលប្រទេសទាំង២ត្រូវអនុវត្តឱ្យបានសមស្រប"។
ក្នុងអំឡុងពេលជំនួប លោកហេង សំរិនបានជម្រាបជូនលោក Le Kha Phieu ថា រដ្ឋសភាបាន ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវទឹករវាងប្រទេសទាំង២ និងបានបញ្ជូនទៅព្រឹទ្ធសភា និងទូលថ្វាយព្រះមហាក្សត្រ។
លោកLe Kha Phieu បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់សម្រាប់សម្រួលដល់ការធ្វើជំនួញ និងការដឹកជញ្ជូនពាណិជ្ជកម្មតាមផ្លូវទឹកនៃទន្លេមេគង្គ និងទន្លេបាសាក់រវាងប្រទេសទាំង២។
លោក Le Kha Phieu កំពុងតែត្រួតពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម ដោយនាំមកជាមួយនូវក្រុមអ្នកវិនិយោគសំខាន់ៗមួយចំនួន។
លោកស្រី Ngo Thi Hoa អនុប្រធានបេសកកម្មនៃស្ថានទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក Le Kha Phieu មកកម្ពុជានេះ ជំរុញទំនាក់ទំនង រវាងប្រទេសទាំង២ និងជំរុញការវិនិយោគពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ចពីថ្ងៃទី១០ដល់ថ្ងៃទី១៦ លោក Le Kha Phieu នឹងទៅទស្សនាគម្រោងវិនិយោគមួយចំនួនរបស់ប្រទេសវៀតណាមនៅកម្ពុជា ដូចជាក្រុមហ៊ុនទូរស័ព្ទ សណ្ឋាគារ និងមន្ទីរពេទ្យជាដើម ដើម្បីលើកទឹកចិត្តអ្នកវិនិយោគវៀតណាមមកធ្វើវិនិយោគនៅកម្ពុជា។
លោកស្រី Ngo Thi Hoa បានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកជាមួយ ប្រទេសវៀតណាម ដែលរដ្ឋសភាកម្ពុជាបានអនុម័តនោះ ពិតជាសំដៅធ្វើឱ្យល្អប្រសើរដល់ការដឹកជញ្ជូនពាណិជ្ជកម្មតាមផ្លូវទឹកសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២។
លោកស្រីបានបន្តថា វានឹងជំរុញការដឹកជញ្ជូនពាណិជ្ជកម្មតាមផ្លូវទឹក ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំង២។
"យើងសង្ឃឹមថា ខ្សែសង្វាក់ពាណិជ្ជកម្មរវាងប្រទេសទាំង២ នៅក្នុងឆ្នាំនេះ នឹងសម្រេចដល់គោលដៅ២០០០លានដុល្លារអាមេរិក ដូចដែលមេដឹកនាំនៃប្រទេសទាំងបានព្រមព្រៀងគ្នា"។
លោក ជាម យៀប មានសុទិដ្ឋិនិយមថា ក្រោយពីបានផ្តល់សច្ចាប័នកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវទឹកនេះ ប្រព័ន្ធសេដ្ឋកិច្ចរវាងប្រទេសទាំង២ ជាពិសេសការដឹកជញ្ជូនទំនិញនិងសម្ភារៈផ្សេងៗតាមផ្លូវទឹក នឹងមានការរីកចម្រើនឡើង ដោយសារវៀតណាមចូលចិត្តប្រើប្រាស់ផ្លូវទឹក។