ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​សា្វគមន៍​តុលាការ​អាមេរិក​កាត់​ទោស​ឈុន យ៉ាសិទ្ធិ


នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​ចាត់ទុក​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​កាត់ទោស​ឈុន យ៉ាសិទ្ធិ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ​ ថា​ជា​សញ្ញា​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ តុលាការ​អាមេរិក​បាន​ទទួល​ស្គាល់​ថា ឈុន យ៉ាសិទ្ធិ បាន​ធ្វើ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គណបក្ស​សម រង្ស៊ី បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​លើក​លែង​ទោស​ចំពោះ​សមាជិក​របស់​ខ្លួន ដែល​បាន​ចាត់​ទុក​ថា ជន​ទាំងនោះ​ចាញ់​បោក​ចលនា​របស់​ឈុន យ៉ាសិទ្ធិ ដោយ​ពួក​គេ​មាន​ការ​យល់​ដឹង​តិច​តួច ទទួល​បាន​ព័ត៌មាន​តិចតួច​មិន​គ្រប់​ជ្រុង​ជ្រោយ​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ។ ប៉ុន្តែ​គណបក្ស​សម រង្ស៊ី ថ្កោល​ទោស​ជន​ដែល​ប្រើ​ប្រាស់​អំពើ​ហឹង្សា។

តុលាការ​សហព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​បាន​ផ្តន្ទា​ទោស​ឈុន យ៉ាសិទ្ធិ អាយុ៥៣ឆ្នាំ មេដឹកនាំ​ចលនា​កង​ទ័ព​សេរី​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ អំពី​ការ​បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​បះ​បោរ និង​ភេរវកម្ម។

ប្រទេស​កម្ពុជា បាន​ធ្វើ​សហ​ប្រតិបត្តិការ​យ៉ាង​ពេញ​លេញ​ជា​មួយ​សហ​រដ្ឋ​អាមេរិក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។ ពួក​ភេរវករ​បាន​បើក​យន្តហោះ​បុក​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្មពិ​ភព​លោកកម្ពស់​ជាង១០០ជាន់​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ២៧៥០​នាក់។ ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា CFF របស់ ​ឈុន យ៉ាសិទ្ធ បាន​វាយ​ប្រហារ​មក​លើ​អាគារ​ក្រសួង​ការ​ពារ​ជាតិ និង​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី នៅ​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០០០ ដែល​បាន​សម្លាប់​សមាជិក CFF ៤នាក់ និង​មនុស្ស​១៤នាក់​ផ្សេង​ទៀត រួម​មាន​ កង​កម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល។

លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​អាកាស​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថា រដ្ឋា​ភិបាល​អាមេរិក បាន​ចាត់​ទុក​មេក្លោង​កង​ទ័ព​សេរី​ជាតិ​កម្ពុជា​ថា ជា​មេក្លោង​ភេរវកម្ម ដែល​ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ លោក​ថ្លែង​ដូច្នេះ​ថា៖

«យើង​សូម​អបអរ​សាទរ​ជាមួយ​សហរដ្ឋអាមេរិក ដែល​កាត់ទោស​មេក្លោង​កងទ័ព​សេរី​ជាតិ​កម្ពុជា ឈុន យ៉ាសិទ្ធិ ឱ្យ​ជាប់​គុក​អស់​មួយជីវិត។ នេះ​ជា​ស្តង់ដា​មួយ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ អាមេរិក​ទទួល​ស្គាល់​ថា ឈុន យ៉ាសិទ្ធិ បាន​ធ្វើ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស ហើយ​ក្នុង​ហ្នឹង​មាន​សមាជិក​គណបក្ស​សម រង្ស៊ី មួយ​ចំនួន​បាន​ចូលរួម​សកម្មភាព​ហ្នឹង ហើយ​ជានិច្ច​ជាកាល កាលណា ឯកឧត្តម​សម រង្ស៊ី ជួបខ្ញុំ គាត់​តែង​តែ​លើក​សុំ​ឱ្យ​មាន​ការ​លើក​លែង​ទោស ចំពោះ​សមាជិក​គណបក្ស​សម រង្ស៊ី ដែល​ជា​អ្នក​ចូលរួម​ប្រយុទ្ធ​នៅ​ក្នុង​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា»។

ក្រោយ​ពីការ​វាយ​ប្រយុទ្ធ​ខែ​វិច្ឆិកា ឆ្នាំ២០០០ តុលាការ​កម្ពុជា​បាន​កាត់​ទោស​សមាជិក CFF ចំនួន​១៨ នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី៥ឆ្នាំ ដល់១ជីវិត​នៅ​ក្នុង​ឆ្នាំ២០០២។

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សម រង្សី បាន​ស្នើសុំ​ទៅ​ក្រសួង​យុត្តិធម៌​កាល​ពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​ ២០១០ ឱ្យ​ដោះ​លែង និង​លើក​លែង​ទោស​ដល់​អតីត និង​សមាជិក​គណបក្ស​សម រង្ស៊ី ចំនួន​ ១២ នាក់ រួមមាន​ឈ្មោះប៊ុន ចាន់តូ ទំលាប់ ម៉ិល ចាន់ ប៊ុនថេន សេង ណារិន និងហែម ឯម ដែល តុលាការ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ​១៥ ឆ្នាំ​ក្នុង​ម្នាក់ៗ ពីបទ​បង្កើត​ក្រុម​ប្រដាប់​អាវុធ និង ភេរវកម្ម។

លោកសម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​ស្នើសុំ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ដោះ​លែង និង​លើក​លែង​ទោស​ដល់​អតីត​សមាជិក​គណបក្ស​សម រង្ស៊ី ចំនួន ១២ នាក់​ចុះ​ថ្ងៃ​ទី ​២ ខែ​តុលា ឆ្នាំ​២០០៨។ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ១២ ខែ​មករា ឆ្នាំ​២០០៩ ថា យោង​តាម​ច្បាប់ ទណ្ឌិត​៧​នាក់ គប្បី​ទុក​លទ្ធភាព​ឲ្យ​សា​លា​ជម្រះ​ក្តី​គ្រប់​ជាន់​ថ្នាក់​ដោះ​ស្រាយ​រឿងក្តី​ទាំង​នេះ មុន​នឹង​ពិចារណា​ការ​បន្ធូរ​បន្ថយ​ទោស និង​លើកលែង​ទោស។ រដ្ឋាភិបាល​បាន​រៀប​ចំ​សំណុំ​បែប​បទ​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​៥​នាក់ ក្នុង​ម្នាក់ៗ​១ឆ្នាំ​ ចំនួន​២លើក​រួច​មកហើយ។

លោក ​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី បាន​បញ្ជាក់​ថា គណបក្ស​សម រង្ស៊ី បាន​ស្នើ​សុំ​ឱ្យ រដ្ឋាភិបាល​លើក​លែង​ទោស​ចំពោះ​ជន​ដែល​ចាញ់​បោក​ចលនា CFF ប៉ុន្តែ​គណបក្សសម រង្ស៊ី​ ថ្កោល​ទោស​ជន​ដែល​ប្រើ​ប្រាស់​អំពើ​ហឹង្សា។

«អ្នក​មួយ​ចំនួន​បាន​ចាញ់បោក​ចលនា CFF ដោយ​គាត់​មាន​កម្រិត​យល់ដឹង​តិចតួច ព័ត៌មាន​តិចតួច ការ​យល់​ច្រឡំ និង​ការ​ចាញ់​ឧបាយកល​របស់​ចលនា CFF»។

សមាជិក​ចលនា CFF ចំនួន​១៨​នាក់ កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG