កំពង់ស្ពឺ៖ កងទ័ពពហុជាតិសាសន៍ទើបតែបានបញ្ចប់ការធ្វើសមយុទ្ធយោធានៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃនេះ។ សមយុទ្ធនេះបានប្រព្រឹត្តទៅអស់រយៈពេលពីរសប្ដាហ៍ក្នុងគោលដៅពង្រឹងការថែរក្សាសន្តិភាព និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍អន្ដរជាតិ។
កងកម្លាំងប្រដាប់អាវុធមកពីប្រទេសចំនួន២៤ រួមទាំងប្រទេសកម្ពុជាផងដែរ បានបញ្ចប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំរយៈពេលពីរសប្ដាហ៍ រួមគ្នា នៅថ្ងៃសុក្រនេះ ដែលមន្ដ្រីជាន់ខ្ពស់យោធារំពឹងពីលទ្ធផលនៃការពង្រឹងសមត្ថភាពកងទ័ព និងកិច្ចសហការយោធាចម្រុះជាតិសាសន៍នៅថ្ងៃអនាគត។
សមយុទ្ធ ដែលមានឈ្មោះថា "ឆ្មាំអង្គរ ២០១០" បានប្រព្រឹត្តទៅក្នុងបន្ទាយកងរថក្រោះ នៅខេត្តកំពង់ស្ពឺ នៅចម្ងាយប្រមាណជាង៥០គមភាគខាងលិចក្រុងភ្នំពេញ ចាប់ថ្ងៃទី ១៧ រហូតដល់ថ្ងៃទី៣០ ខែកក្កដានេះ ប្រយោជន៍គឺដើម្បីពង្រឹងសមត្ថភាពការពារសន្ដិភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។ មេបញ្ជាការកងទ័ពរបស់សហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានសហការរៀបចំ លំហាត់យោធានេះ។
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ មានប្រសាសន៍នៅក្នុងពិធីបិទសមយុទ្ធនោះថា សមយុទ្ធនេះ នឹងជួយដោះស្រាយនូវឧបទ្ទវហេតុជាយថាហេតុណាមួយ ដែលអាចកើតឡើងក្នុងពិភពលោក។
លោកមានប្រសាសន៍ថា លំហាត់យោធានេះមិនត្រឹមតែជួយពង្រឹងសមត្ថភាពយោធាចម្រុះជាតិសាសន៍ប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាក៏ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងយោធាកម្ពុជា និងយោធាសហរដ្ឋអាមេរិកផងដែរ។
“លទ្ធផលដែលសម្រេចបានក្នុងវគ្គលំហាត់ហ្វឹកហ្វឺននេះក៏មិនត្រឹមតែបញ្ជាក់អំពីជោគជ័យនៃសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើវិស័យការបង្កើនសមត្ថភាពរក្សាសន្ដិភាពប៉ុណ្ណោះទេ តែជាការផ្ដល់ឱកាសដល់ការបង្កលក្ខណៈចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងប្រទេសដែលចូលរួម ព្រមទាំងពង្រឹងថែមទៀតនូវទំនាក់ទំនងយោធា និងយោធារវាង កម្ពុជា និងសហរដ្ឋអាមេរិកក្នុងសកម្មភាពមនុស្សធម៌ទៀតផង"។
មានកងយោធាចម្រុះជាតិសាសន៍សរុបទាំងអស់ចំនួន៧០៣នាក់ ក្នុងនោះរួមមានយោធាមកពីសហរដ្ឋអាមេរិក១២១នាក់ មកពីប្រទេសចិន ប្រទេសឥណ្ឌា មកពីប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ប្រទេសអូស្ត្រាលី ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសប៊្រុយណេ និងយោធាមកពីប្រទេសតុងហ្គោជាដើម។
កងយោធាទាំងនេះបានរៀនទ្រឹស្ដីពីការរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិអំពីជំនួយមនុស្សធម៌ ការដើរល្បាត ការការពារក្បួនទ័ព ការឡោមព័ទ្ធ និងការរំសាយកងទ័ពជាដើម។
លោកឧត្តមសេនីយ៍ត្រី ចន ស៊ីវ៉ត (John Seward) មេបញ្ជាការរងកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ ប៉ាស៊ីភិច មានប្រសាសន៍តាមរយៈអ្នកបកប្រែថា សមយុទ្ធនេះបានជួយពង្រឹងប្រសិទ្ធិភាពនិងសមត្ថ ភាពរបស់កងទ័ពក្នុងប្រតិបត្តិការការពារសន្តិភាព។
“ឥឡូវនេះយើងមានការត្រៀមប្រសើរឡើងក្នុងការធ្វើប្រតិបត្តិការរក្សាសន្ដិភាពអន្ដរជាតិ។ ហើយយើងមានសមត្ថភាព លទ្ធភាព និងប្រសិទ្ធិភាពក្នុងការបង្កើត និងធ្វើឲ្យមាននិរន្ដរភាពប្រតិបត្តិការ សន្ដិសុខ។ ទាំងអស់គ្នា យើងបានធ្វើឲ្យមានការវិវត្ដន៍យ៉ាងច្រើនក្នុងការជួយធានាសន្ដិភាពនៅអាស៊ី ហើយនិងតំបន់ផ្សេងៗទៀត។ យើងនឹងកសាងនូវមូលដ្ឋានដ៏មានស្ថិរភាពនិងសន្ដិសុខនៅថ្ងៃអនាគត។
គួររំឭកថា នៅមុនបន្ដិចនៃការរៀបចំសមយុទ្ធយោធានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សសហរដ្ឋអាមេរិក Human Rights Watch បានរិះគន់ការជ្រើសរើសយកទីតាំងបន្ទាយកងរថក្រោះ ACOក្នុងខេត្តកំពង់ស្ពឺ សម្រាប់ការធ្វើសមយុទ្ធនេះ ដោយសារយោធានៃតំបន់នេះ ត្រូវចោទប្រកាន់ពីបទប្រឡាក់ប្រឡូសទៅដោយរឿងអាស្រូវនៃការទន្រ្ទានដីខុសច្បាប់លើក្រុមអ្នកភូមិ។
ទោះជាយ៉ាងនេះក្ដី លោកប្រាក់ សុខុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី បានអះអាងថា កម្ពុជា គ្រោងនឹងរៀបចំសមយុទ្ធយោធាមួយទៀតនៅទីតាំងដដែលនេះ នៅឆ្នាំក្រោយ ដោយមានជំនួយពីយោធាសហរដ្ឋអាមេរិក៕