ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមយុទ្ធ​យោធា​ពហុជាតិ​​បើក​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា


កំពង់ស្ពឺ៖ ប្រទេស​កម្ពុជា​បាន​បើក​សមយុទ្ធ​យោធា​ពហុជាតិ​សាសន៍​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ​ក្នុងគោល​ដៅ​ពង្រឹង​ការ​ថែរក្សាសន្តិភាព​ ​និងពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​សហគមន៍​អន្ដរជាតិ។ ​ការ​ធ្វើសម​យុទ្ធ​នេះ​ប្រព្រឹត្ត​ទៅក្នុង​ខេត្ត​កំពង់ស្ពឺ ​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍។

កងប្រដាប់អាវុធ​មកពី​ប្រទេស​ចំនួន​២៤​ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​ បានធ្វើ​សមយុទ្ធ​ទ្រង់ ទ្រាយ​ធំ​រួមគ្នា​មួយ​ នៅ​ថ្ងៃសៅរ៍​នេះ​ ក្នុង​បន្ទាយ​កងរថក្រោះ​ខេត្ត​កំពង់ស្ពឺ​ នៅ​ចម្ងាយ​ប្រមាណ ​ជាង​៥០គម ភាគ​ខាងលិច​ក្រុង​ភ្នំពេញ។ គឺជា​សមយុទ្ធ ​ដែល​មាន​ឈ្មោះ​ថា ​"ឆ្មាំ​អង្គរ ២០១០" ​ដែលនឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ គឺ​ចាប់ពីថ្ងៃសៅរ៍​ទី​១៧​ ​រហូត​ដល់ថ្ងៃ​ទី ​៣០ ​ខែ​កក្កដា​នេះ​ ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​សន្ដិភាព​ ក្នុង​ក្រប​ខណ្ឌ​របស់​អង្គការ​សហ​ប្រជាជាតិ។

សមយុទ្ធ​យោធា​នេះ ​គឺជា​សមយុទ្ធ​ខ្នាត​អន្ដរជាតិ​លើក​ដំបូង​បំផុត​ដែល​រៀបចំ​នៅ​កម្ពុជា​ដោយ​មាន​កង​យោធា​ចម្រុះ​ជាតិសាសន៍​សរុប​ទាំងអស់​ចំនួន​៧០៣​នាក់​ ក្នុងនោះ​រួមមាន​យោធា​មក​ពី​សហរដ្ឋ​អាមេរិក ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសអាឡឺម៉ង់​ ​ប្រទេសបារាំង ប្រទេសអូស្ត្រាលី​ ​ប្រទេសថៃ​ ​ប្រទេសម៉ាឡេស៊ី​ ​ប្រទេសហ្វីលីពីន ប្រទេស​ប្រូ​ណេ និង​យោធា​មកពីប្រទេសតុងហ្គា ​ជាដើម។

បន្ទាប់​ពី​មានជំងឺ​ផ្ដាសាយ​ថ្មី ​AH1N1​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ​លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន​បានថ្លែង​ក្នុង​ពិធី​នេះ​ ជាសាធារណៈ​ និងជា​លើក​ដំបូង​ថា ​សមយុទ្ធ​នេះ​គឺ​ជា​លំហាត់​យោធា​ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​កង​ទ័ព​នៃ​បណ្ដា​ប្រទេស​នានា​ ចូលរួម​ពង្រឹង​សមត្ថភាព​ និង​សហការ​គ្នា​សម្រាប់​ប្រតិបត្តិការ​រក្សា​សន្តិភាព​ក្នុងតំបន់​ និង​ក្នុង​សកល​លោក។

សមយុទ្ធ​យោធា​នេះ​ឧត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋអាមេរិក​ និង​សហការរៀបចំ​ដោយ​កង​ទាហាន​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។

លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា ​សមយុទ្ធ​យោធា​នេះ​ក៏ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា​រវាង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​ផងដែរ។

«លំហាត់​ហ្វឹកហ្វឺន​លើក​នេះ​ក៏​ជា​លទ្ធផល​មួយនៃ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​យោធា​រវាង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិកដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​ការរីកចម្រើន​លើ​ផ្នែក​កំណែ​ទម្រង់​កិច្ចការពារ​ជាតិ​ សន្ដិសុខ​ព្រំដែន​ និង​លើ​ផ្ទៃ​សមុទ្រ។​ ការ​ប្រឆាំង​នឹង​ភេរវ​កម្ម​ ប្រតិបត្តិ​ការ​ស៊ីវិល​ និង​យោធា​ និង​ដោះមីន​ជាដើម»។

យោង​តាម​ក្រុម​មន្ដ្រី​យោធា​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​សមយុទ្ធ​រយៈ​ពេល​ពីរ​សប្ដាហ៍​នេះ​មេបញ្ជា​ការ​យោធា​មក​ពី​ប្រទេស​ផ្សេងៗ​នឹង​ជួយ​ចែក​រំលែក​ទ្រឹស្ដី​ និង​បច្ចេក​ទេស​យោធា​ និង​ច្បាប់​របស់​អង្គការ​សហ​ប្រជាជាតិ​ រួមទាំងបាញ់សមគ្រាប់​ពិត​ផង​ដែរ។ ​ដោយឡែក​កាល​ពី​ព្រឹក​មិញ​នេះ​ ​មាន​ការបង្ហាញ​ផែន​យោធា​ ​រួម​ទាំង​មាន​ការ​លោត​ឆ័ត្រ​ពី​ឧទ្ធម្ភាគ​ចក្រ​ឆ្ពោះ​ទៅ​កាន់​ទីដៅ​ប្រយុទ្ធ​ ដែល​កងទ័ព​ឆ័ត្រយោង​និមួយៗ​បាន​ដោតជាប់​នឹង​ខ្លួន​នូវ​ទង់ជាតិ​នៃ​ប្រទេស​ជា​សមាជិក​នៃសមយុទ្ធ​ រួមទាំង​ទង់​របស់​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។

គួរ​រំឭក​ថា ​បន្ដិច​ប៉ុណ្ណោះ​មុន​ការ​រៀបចំ​សមយុទ្ធ​យោធា​នេះ​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សហ​រដ្ឋ​អាមេរិក​ Human Rights Watch ​បាន​រិះគន់​ការ​ជ្រើសរើស​យក​ទីតាំង​បន្ទាយ​កង​រថក្រោះ​ ACO​ក្នុង​ខេត្ត​កំពង់ស្ពឺ​ សម្រាប់​ធ្វើ​សមយុទ្ធ​នេះ​ ដែល​យោធា​នៃ​តំបន់​នេះ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រឡាក់ប្រឡូស​ទៅ​ដោយ​រឿង​អាស្រូវ​នៃ​ការ​ទន្រ្ទាន​ដីខុស​ច្បាប់​លើ​ក្រុម​អ្នក​ភូមិ៕

XS
SM
MD
LG