ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​អាមេរិក​ថា​តុលាការ​កម្ពុជា​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ


ចៅក្រម​សហព័ព័ន្ធ​អាមេរិក​មួយរូប​បាន​គូស​បញ្ជាក់​ថា «ប្រព័ន្ធ​តុលាការ​រឹងមាំ» គឺជា​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​ការកសាង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយ ​ហើយ​បាន​ហៅ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា​ គឺជា​ប្រព័ន្ធ​យុត្តិធម៌​ដែល​ក្មេងខ្ចី​ខ្លាំង។

លោក ជែមស៍ វីន (James A.Wynn) ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ក្រុងភ្នំពេញ​កាល​ពីរសៀល​ថ្ងៃ​អង្គារ​ថា ​ប្រជាធិបតេយ្យ​ពឹងផ្អែក​ខ្លាំងណាស់​លើ​ប្រព័ន្ធ​តុលាការ​រឹងមាំ។ ​ប៉ុន្ដែ​លោក​មានប្រសាសន៍​ថា ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​ភាព​ក្មេងខ្ចី។

«នេះ​គឺ​ជា​ប្រព័ន្ធ​តុលាការ​មួយ​មាន​វ័យក្មេង​មែនទែន។ ​មាន​ការប្រឈម​ច្រើន​ណាស់»។

ការប្រឈម​ដែល​លោក​ចៅក្រម ជែមស៍ វីន លើកឡើង​រួមមាន​ចំនួន​មេធាវី​ដែល​គណមេធាវី​កម្ពុជា​មាន​សមាជិក​ជា​មេធាវី​ប្រមាណ​ជាង ​១០០​នាក់ ​ការប្រឈម​ក្នុង​ការ​មាន​មេធាវី​សមស្រប​សម្រាប់​ជនក្រីក្រ​មក​ពី​តំបន់​ជនបទ​ដែល​អាច​តតាំង​ក្នុង​តុលាការ។

«ប៉ុន្ដែអ្វី​ដែល​សំខាន់​ជាង​គេ​នោះ​ គឺ​ការប្រឈម​ដែល​ថា​តើ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ និង​ទុកចិត្ត​លើ​ប្រព័ន្ធ​តុលាការ​ ឬ​យ៉ាង​ណា។ ការប្រឈម​នេះ​មាន​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់»។

លោក ជែមស វីន ​អាយុ ​៥៤​ ឆ្នាំ​ត្រូវ​អញ្ជើញ​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​ឲ្យ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៤ ​ដល់​ថ្ងៃ​ទី​៨ ​ខែ​មិថុនា។ ​ក្នុង​ដំណើរទស្សនកិច្ច​នេះ​លោក​នឹងត្រូវ​ថ្លែង​បាឋកថា​ដល់​មន្ដ្រី​ច្បាប់​កម្ពុជា ​ដូច​ជា​ចៅក្រម​ និង​មេធាវី​កំពុង​បំពេញ​វិជ្ជាជីវៈ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដល់​ក្រុម​និស្សិត​ច្បាប់ ​និង​អ្នក​យក​ព័ត៌មាន​ផងដែរ។

លោក​នឹង​លើកឡើង​ពី​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​ជាពិសេស​ប្រព័ន្ធ​តុលាការ​នៅ​សហរដ្ឋ​អាមេរិក និង​ការ​ពិចារណា​លើ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ផងដែរ។

លោកចៅក្រម ជែមស៍ វីន មាន​ប្រសាសន៍​ថា ​ប្រព័ន្ធ​តុលាការ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​ឲ្យ​មាន​តុល្យភាព​នៃ​អំណាច​ទាំង​បី​នៅ​ក្នុង​ប្រទេស​នីមួយៗ​គឺ​អំណាច​នីតិបញ្ញត្តិ ​អំណាច​នីតិប្រតិបត្តិ ​និងអំណាច​តុលាការ។

ប៉ុន្ដែ​លោក​វីន ​បាន​អធិប្បាយ​ដោយ​ប្រយោល​នៅ​ពេល​ដែល​មាន​សំណួរ​ទាក់ទង​និង​ការបណ្ដេចេញ​ដោយ​បង្ខំ​ដោយសារ​ជម្លោះ​ដីធ្លី ​និង​ការចាប់ខ្លួន​រួម​នឹង​ផ្តន្ទាទោស​អ្នក​ភូមិបឹងកក់​ចំនួន​ ១៥នាក់​ដោយ​តុលាការ​កម្ពុជា។

លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា ​សូម្បី​នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​ការចោទ​ប្រកាន់​និង​ផ្តន្ទាទោស​លើ​ជន​សង្ស័យ​ខុស​ដែរ​។ ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​មាន​បុគ្គល​ចំនួន​២០០​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សហ​រដ្ឋអាមេរិក​ជាង​ ២០០​លាន​នាក់​ត្រូវ​តុលាការ​ផ្តន្ទាទោស​ខុស ​ហើយ​ក្រោយ​មក​ទើប​រក​ឃើញ​ថា​ ជន​ទាំង​នោះ​គ្មាន​កំហុស​។​ ក៏ប៉ុន្ដែ​នៅ​សហរដ្ឋ​អាមេរិក​មាន​ការដោះស្រាយ​បាន​សមរម្យ​សម្រាប់​បញ្ហា​នេះ ​ហើយ​ធានា​ច្បាស់លាស់​ថា ​ការ​រំលោភ​ដូច្នេះ​មិន​ត្រូវ​កើត​មាន។

លោក​ផៃ ​ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ទីស្ដីការ​គណរដ្ឋមន្ដ្រី​បាន​បកស្រាយ​លើ​ទស្សនៈ​របស់​លោក​ចៅក្រម​អាមេរិកដោយ​សំអាង​ថា ​សន្តិភាព​និង​ស្ថិរភាព​គឺ​ជា​មូលដ្ឋាន​នៃ​ប្រជាធិបតេយ្យ​ និង​យុត្តិធម៌។

«បើ​គ្មាន​សន្ដិភាព ​គ្មាន​ស្ថិរភាព​ទេ​ យើង​ពិបាក​នឹង​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ណាស់​។ ​បន្ទាប់​ពី​សន្ដិភាព​ ស្ថិរភាព​បាន​យើង​អាច​ពង្រឹង​បាន​ប្រព័ន្ធ​យុត្តិធម៌​។ ​អ្វី​ដែល​គាត់​ថា​ប្រព័ន្ធ​យុត្តិធម៌​ក្មេង​ខ្ចី​មិន​ខុស​ទេ​។​ ដោយសារ​ដូច្នេះ​ហើយ​បាន​ប្រព័ន្ធ​យុត្តិធម៌​ យើង​ត្រូវ​បាន​កែទម្រង់​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​សព្វ​ថ្ងៃ»។

ប្រព័ន្ធ​តុលាការ​កម្ពុជា​បាន​ទទួលរង​ការ​វាយប្រហារ​រិះគន់​ជា​ច្រើន​ទសវត្ស​មក​ហើយ​អំពី​អំពើ​ពុក​រលួយ​ និង​ការ​លម្អៀង​ផ្នែក​នយោបាយ​ទៅ​រក​គណបក្ស​កាន់​អំណាច៕

XS
SM
MD
LG