ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់ទំនង​ការទូត​កម្ពុជា​ និង​សរអ​នឹង​ប្រសើរ​ជាង​៦០​ឆ្នាំ​កន្លង​មក


ព្រះមហាក្សត្យ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី និង​​លោកស្រី​ ​ខារូល រដលី (​Carol Rodley) ជា​ឯកអគ្គរដ្ឋ​ទូត​​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ​ ប្រទេស​​​កម្ពុជា​​ដែល​ទើប​តែតែងតាំង​ថ្មី​នៅ​ឆ្នាំ​​ ២០០៩​។
ព្រះមហាក្សត្យ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី និង​​លោកស្រី​ ​ខារូល រដលី (​Carol Rodley) ជា​ឯកអគ្គរដ្ឋ​ទូត​​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ​ ប្រទេស​​​កម្ពុជា​​ដែល​ទើប​តែតែងតាំង​ថ្មី​នៅ​ឆ្នាំ​​ ២០០៩​។

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​ បញ្ញវន្ត​ និង​និស្សិត ​បាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ ប្រទេស​កម្ពុជា​និង​សហ​រដ្ឋអាមេរិក​ នៅក្នុង​រយៈពេល​៦០ឆ្នាំ​ខាង​មុខ​នឹង​ទំនង​ជា​មាន​ចំណង​ទាក់ទង​កាន់​តែ​រឹងមាំ និង​ល្អ​ប្រសើរ​ជាង​កាលពី​៦០ឆ្នាំមុន​ ​ខណៈ​ដែល​ប្រទេស​ទាំងពីរ​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នយោបាយ​របស់​ខ្លួន​មក​រក​គោលដៅ​សេដ្ឋកិច្ច។

ប្រទេស​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​បាន​ប្រារព្ធ​ខួប​៦០ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ​ ​បន្ទាប់​ពី​បាន​ឆ្លងកាត់​បទពិសោធន៍​ប្រកប​ដោយ​ភាព​ល្វីង​ជូរ​ចត់​ ការ​ឈឺ​ចាប់​ និង​ការ​សប្បាយ​រីករាយ​ ដែល​ក្រុម​បញ្ញវន្ត​ ​បាន​ផ្តល់​យោបល់​ថា ប្រទេស​ទាំងពីរ​គួរតែ​សិក្សា​ពី​កំហុស​អតីតកាល​ និង​កសាង​ជោគជ័យ​នៅ​ពេល​អនាគត។

លោក​ឈាង វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជាដើម្បី​កិច្ច​សហ​ប្រតិបត្តិការ​និង​សន្តិភាព ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នៃ​អ្នកជំនាញ​ការ​ទំនាក់ទំនង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា​ ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​សហ​រដ្ឋអាមេរិក​ទំនង​ជា​បាន​ផ្លាស់ប្តូរ​ពី​មនោគមន៍​វិជ្ជា​ និង​កិច្ចការ​នយោបាយ​មក​រក​កិច្ចការ​សេដ្ឋកិច្ច​កាន់តែ​ច្រើន​ឡើង។

« កាលពី​៦០ឆ្នាំមុន​ ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​មនោគមន៍​វិជ្ជា​ផ្សេងៗ​នៅក្នុង​អំណាច​នយោបាយ​រីក​ខ្លាំង​ជាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ ​សម្រាប់​រយៈពេល​៦០ឆ្នាំ​ខាងមុខ​ ​វា​ជា​ការ​ចូល​ទៅ​ដល់​គោល​ដៅ​សេដ្ឋកិច្ច​ និង​សេដ្ឋ​កិច្ច​ពឹង​ពាក់​គ្នា​ទៅវិញ​ទៅមក​ ​ហើយ​លែង​មាន​ឥទ្ធិពល​មនោគមន៍​វិជ្ជា​ និង​អំណាច​នយោបាយ​ខ្លាំង​ពេក​នោះ​ទេ។ ​នេះ​គឺ​ជា​អ្វីដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន»។

លោក​ឈាង វណ្ណារិទ្ធ ​បាន​សន្និដ្ឋាន​ថា​ ​ទំនាក់ទំនង​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​៦០ឆ្នាំ​ខាង​មុខ​នឹង​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​កាលៈ​ទេសៈ​ និង​បរិយាកាស​ជាតិ​ តំបន់​ និង​ពិភព​លោក។ ​ប៉ុន្តែលោក​អាច​មើល​ឃើញ​ការអភិវឌ្ឍ​បន្ថែម​ទៀត​ក្នុង​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ ហើយ​ការអភិវឌ្ឍន៍​នៃ​ទំនាក់​ទំនង​ទ្វេភាគី​បច្ចុប្បន្ន​នឹង​ឋិតថេរ។

« រយៈ​ពេល​៦០ឆ្នាំ​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រដ្ឋា​ភិបាល​ និង​រដ្ឋា​ភិបាល​នឹង​នៅតែ​រឹងមាំ​ ឬ​ក៏​កាន់តែ​រឹងមាំ​ជា​រៀង​រហូត​ ​ប៉ុន្តែ​សំខាន់​ជាង​នេះ ​ខ្ញុំ​គូស​បញ្ជាក់​ថា​ ​ទំនាក់ទំនង​ប្រជា​ពលរដ្ឋ​ និង​ប្រជា​ពលរដ្ឋ​ ​ហើយ​ក្រុមហ៊ុន​ឯកជន​ និង​ក្រុមហ៊ុន​ឯកជន ​នឹងកាន់​តែ​រឹងមាំ​ខ្លាំង​ជាង​បច្ចុប្បន្ន»។

លី សេរីរ័ត្ន ​អាយុ​២៤ឆ្នាំ ​និស្សិត​ឆ្នាំទី​២​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​ បាន​ថ្លែងថា​ ​ប្រទេស​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​មាន​ទំនាក់​ទំនង​ល្អ ​រលូន​ និង​កាន់តែ​ប្រសើរ​ឡើង​នៅក្នុង​រយៈ​ ពេល​៦០ឆ្នាំ​ខាង​មុខ​ ​ពីព្រោះ​ប្រទេស​ទាំងពីរ​បាន​សិក្សា​ពីបទ​ពិសោធន៍​អតីតកាល​ប្រកប​ដោយ​ភាពល្វីង​ជូរចត់​ ​ការ​ឈឺចាប់​ និង​ការ​សប្បាយ​រីករាយ​កាល​ពី​៦០ឆ្នាំ​មុន​ ​ហើយ​ប្រវត្តិសាស្ត្រ​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​មិនអាច​កើត​ឡើង​ជាថ្មី​ទេ។

«ក្នុង​រយៈពេល​៦០ឆ្នាំ​ខាង​មុខ​ទៀត​ ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​៦០ឆ្នាំ​កន្លង​ទៅ​ ​ ​ពីព្រោះ​ក្នុង​រយៈពេល​៦០​ឆ្នាំ​កន្លង​ទៅ​សហ​រដ្ឋ​អាមេរិក​បាន​ផ្តោត​ទៅលើ​កម្លាំង​យោធា​ច្រើន​ជាង​សេដ្ឋ​កិច្ច​ជា​មួយ​ប្រទេស​កម្ពុជា។ ​ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​និង​អនាគត​ សហ​រដ្ឋ​អាមេរិក​ផ្តោត​លើ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​សំខាន់​ជាង​កម្លាំង​យោធា​ ជាមួយ​ប្រទេស​កម្ពុជា»។

លោក​ងោល គាន ​អាយុ​២៣ឆ្នាំ​ និស្សិត​ឆ្នាំទី​២ ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ទំនាក់​ទំនង​ទ្វេភាគី​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​ ​ខណៈ​ដែល​ឥទ្ធិពល​សេដ្ឋកិច្ច ​និង​យោធា​របស់​ប្រទេស​ចិន​មាន​ការ​រីក​ចម្រើន​ខ្លាំង​ក្នុង​សត​វត្ស​ចុង​ក្រោយ​នេះ។

លោក​ងោល គាន បាន​បញ្ជាក់​ថា​ ​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​នៅ​មាន​កម្រិត​ ​ពីព្រោះ​ការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​រវាង​ប្រធានាធិបតី​និង​ប្រធានាធិបតី​មិន​ទាន់​កើត​មាន​នៅឡើយ​ ​ហើយ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​របស់​សហ​រដ្ឋ​អាមេរិក​ មិន​មាន​វត្តមាន​ក្នុង​ការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ទេ។

«សហ​រដ្ឋ​អាមេរិក​មិន​គិត​ថា​ ​ប្រទេស​កម្ពុជា​មាន​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​សម្រាប់​សហ​រដ្ឋ​អាមេរិក​ទេ​ ​ប៉ុន្តែ​សហ​រដ្ឋអាមេរិក​គិត​ប្រទេស​កម្ពុជា​សម្រាប់​ផល​ប្រយោជន៍​នយោបាយ​ច្រើន​ជាង​សេដ្ឋកិច្ច»។

លោកស្រី​ Carol Rodley ​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​ថ្លែង​ថា​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​ធ្វើការ​រួមគ្នា​លើ​បញ្ហា​នៃ​កង្វល់​រួម​ និង​ជំនួយ​សហ​រដ្ឋ​អាមេរិក​បន្ត​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ដល់​វិស័យ​សុខាភិបាល​ អប់រំ​ អភិបាល​កិច្ច​ល្អ​ និង​លទ្ធិ​ប្រជាធិប​តេយ្យ​ ​ហើយ​ពង្រីក​ឱកាស​សេដ្ឋ​កិច្ច​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ៕

XS
SM
MD
LG