គណបក្សជំទាស់ដែលមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា គឺគណបក្ស សម រង្ស៊ី នៅថ្ងៃអង្គារនេះ បានស្វែងរកការជួយជ្រោមជ្រែងពីសមាជិកសភាសហរដ្ឋអាមេរិកដើម្បីឈានទៅរកដំណោះស្រាយមួយឲ្យលោក សម រង្ស៊ី មានលទ្ធភាពធ្វើមាតុភូមិនិវត្តន៍មកចូលរួមការបោះឆ្នោតក្នុងពេលខាងមុខនេះ។
លោក សុន ឆ័យ តំណាងរាស្ដ្រប្រចាំមណ្ឌលក្រុងភ្នំពេញ បានលើកពីបញ្ហាលោកសម រង្ស៊ី នៅក្នុងជំនួបរវាងមន្ដ្រីគណបក្សជំទាស់ជាមួយលោកស្រី នីគី សុងហ្គាស សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញនៅល្ងាចនេះ។
លោក សុន ឆ័យ បញ្ជាក់ថាគណបក្សជំទាស់ចង់ឲ្យលោកស្រីសមាជិកសភាអាមេរិកជួយលើកករណីលោក សម រង្ស៊ី ទៅពិភាក្សាជាមួយមន្ដ្រីផ្លូវការរបស់រដ្ឋាភិបាលខ្មែរ។
«យើងបានជម្រាបជូនអ្នកស្រីពីសារៈសំខាន់តួនាទីរបស់ឯកឧត្តម សម រង្ស៊ី ក្នុងការដឹកនាំគណបក្សប្រឆាំង និងការធានានូវលទ្ធិប្រជាធិបតេយ្យនិងការបោះឆ្នោតមួយ ដែលអាចយកជាការណ៍បាន។ ក្នុងជំនួបនេះយើងក៏បានផ្តាំផ្ញើដែរ ក្នុងករណីដែលលោកស្រីទៅជួបជាមួយនឹងរាជរដ្ឋាភិបាល ក៏យើងចង់ឲ្យមានការពិគ្រោះជាមួយនឹងបញ្ហាហ្នឹងផងដែរ។ ខ្ញុំសង្ឃឹមថា នឹងមានវិធានការសមស្របណាមួយពីរដ្ឋាភិបាលអាមេរិកដើម្បីនឹងជួយធ្វើយ៉ាងម៉េចឲ្យមានការធានាក្នុងការដែលផ្តល់លទ្ធភាពឲ្យឯកឧត្តម សម រង្ស៊ី បានត្រឡប់មកវិញ»។
លោក សម រង្ស៊ី បាននិរទេសខ្លួនដោយស្ម័គ្រចិត្តទៅក្រៅប្រទេសជាច្រើនឆ្នាំមកហើយ បន្ទាប់ពីតុលាការខ្មែរចោទប្រកាន់ និងផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ស្តីពីការបំផ្លិចបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាម និងបទក្លែងបន្លំឯកសារសាធារណៈ។ ក៏ប៉ុន្ដែក្រោយមកទោសនេះ ត្រូវតុលាការបន្ធូរបន្ថយនៅត្រឹមប្រាំបួនឆ្នាំវិញ។
ដោយឡែកលោកស្រី នីគី សុងហ្គាស មានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីជំនួបរយៈពេលប្រមាណជាមួយម៉ោងនោះថា លោកស្រីមិនបានពិភាក្សាលម្អិតពីករណីលោកសម រង្ស៊ី ទេ។ ក៏ប៉ុន្ដែការជជែកនេះ គឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកស្រី ដើម្បីស្វែងយល់ពីស្ថានភាពនយោបាយក្នុងប្រទេស និងរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ជាមួយគ្នានេះលោកស្រី សុងហ្គាស បន្ថែមថា លោកស្រីត្រូវសា្ដប់សេចក្ដីព្រួយបារម្ភរបស់គណបក្សក្រៅរដ្ឋាភិបាលផងដែរ។
«យើងស្ដាប់ជាពិសេស នូវកង្វល់ដែលគណបក្សជំទាស់ជួបប្រទះ។ ហើយដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំមកដើម្បីសិក្សាពីបញ្ហានេះ ប៉ុន្ដែខ្ញុំយកចិត្តទុកដាក់បញ្ហាទាំងនេះយ៉ាងម៉ត់ចត់»។
លោក សុន ឆ័យ បញ្ជាក់ថា នៅក្នុងជំនួបនោះគណបក្សសម រង្ស៊ី ក៏បានផ្តល់លិខិតស្ដីពីកង្វល់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សានៃកងកម្លាំងប្រដាប់អាវុធលើពលរដ្ឋកម្ពុជា ស្នើឲ្យសហរដ្ឋអាមេរិកជួយឲ្យមានការធានាពីបរិយាកាសបោះឆ្នោតត្រឹមត្រូវ និងស្នើសុំសហរដ្ឋអាមេរិកជួយពង្រឹងស្ថាប័នរដ្ឋនានា ក្នុងប្រទេសកម្ពុជាសម្រាប់ជាការធានាដល់សន្ដិសុខ និងស្ថិរភាពនយោបាយ។ ក៏ប៉ុន្ដែលោកស្រី សុងហ្គាស មិនបានផ្ដល់សេចក្ដីអត្ថាធិប្បាយច្រើនពីជំនួបនេះទេ។
លោកស្រី នីគី សុងហ្គាស គឺជាសមាជិកសភាអាមេរិកប្រចាំរដ្ឋម៉ាស្សាឈូសេត។ លោកស្រីបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍។ ដំណើរទស្សនកិច្ចរបស់លោកស្រី ធ្វើឡើងខណៈដែលប្រទេសកម្ពុជា កំពុងត្រៀមខ្លួនធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងខែមិថុនា ខាងមុខ។ គឺជាការបោះឆ្នោតដ៏មានសារៈសំខាន់មួយរបស់ប្រទេសកម្ពុជា។ លោកស្រី សុងហ្គាស គ្រោងនឹងជួបជាមួយមន្រ្ដីរដ្ឋាភិបាលខ្មែរនៅថ្ងៃពុធបន្តទៀត៕