ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមក្នុងប្រទេសកម្ពុជាទទូចដល់អសបនិងកម្ពុជាធ្វើការតែងតាំងចៅក្រមថ្មីដើម្បីធ្វើកិច្ចការសំណុំរឿងបន្ថែមពីរទៀតគឺសំណុំរឿង០០៣និង០០៤នៅពេលដែលសំណុំរឿងទាំងនេះត្រូវគេមើលឃើញថាមានការអាក់ខាន មិនដំណើរការទៅមុខដោយសារតែមានការលាលែងពីក្រុមចៅក្រមបរទេសដែលអះអាងពីការជ្រៀតជ្រែកផ្នែកនយោបាយ។
សំណុំរឿង០០៣ និង០០៤ ដែលមានជនសង្ស័យ៥នាក់ជាអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាលត្រូវចោទប្រកាន់ដោយសហព្រះរាជអាជ្ញាតាំងពីខែវិច្ឆិកា ឆ្នាំ២០០៨ម្ល៉េះពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មផ្សេងៗទៀតដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។ លោកសហចៅក្រម Laurent Kasper-Ansermet បានចាប់ផ្តើមស៊ើបអង្កេតហើយបានជូនដំណឹងពីបទចោទដល់ជនសង្ស័យកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅតែលោកបានដាក់ពាក្យលាឈប់ដូចលោកសហចៅក្រមស៊ើបអង្កេត ស៊ិកហ្រិ្វក ប្លុងដោយសារតែការជ្រៀតជ្រែកផ្នែកនយោបាយនិងការមិន សហការពីភាគីកម្ពុជា។
លោក ឡាត់ គីមន្ត្រីឃ្លាំមើលសាលាក្តីខ្មែរក្រហមបានអះអាងថាអសបនិងកម្ពុជាគួរធ្វើការ ជ្រើសរើសនិងតែងតាំងចៅក្រមបរទេសឲ្យបានឆាប់ដើម្បីបន្តដំណើរការនីតិវិធីបើពុំដូច្នោះទេដំណើរការនេះគ្មានការជឿនលឿនទៅមុខទេ។
«ទាក់ទិនជាមួយសំណុំរឿងនេះខាងយើងខ្ញុំពុំបានទទួលព័ត៌មានណាមួយថា មានភាពរីកចម្រើននៅលើកិច្ចការងារហ្នឹងទេ។អញ្ចឹងយើងមានតែទន្ទឹងរង់ចាំ ចំពោះការតែងតាំងចៅក្រមថ្មីក្រែងលោថាកិច្ចការងារនេះអាចបន្តទៅមុខទៀតបាន»។
លោកថ្លែងថាជនរងគ្រោះជាច្រើនកំពុងចង់ឃើញដំណើរការវិវត្តន៍ទៅមុខដោយរលូនមានកិច្ចសហការល្អរវាងអសបនិងភាគីកម្ពុជាដែលអាចឲ្យពួកគេជាជនរងគ្រោះមានព័ត៌មានចេញពីតុលាការ ហើយនឹងដាក់ពាក្យប្តឹងឲ្យបានត្រឹមត្រូវប្រឆាំងនឹងជនជាប់ចោទ។ ក្រៅពីលោកបញ្ជាក់ថារដ្ឋាភិបាលកម្ពុជានឹងគ្មានហេតុផលអ្វីជំទាស់ការតែងតាំងដូចជាលោក Laurent Kasper-Ansermet។
អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមម្នាក់ទៀតបានទទូចថារដ្ឋាភិបាលកម្ពុជានិងអសបត្រូវតែងតាំងចៅក្រមឲ្យបានឆាប់ ហើយជៀសវាងការអូសបន្លាយពេលតទៅមុខ។ តែលោកបានពន្យល់ថាការតែងតាំងនោះត្រូវមានលក្ខខណ្ឌនានារួមទាំងការសន្យាថាកម្ពុជាត្រូវតែសហការជាមួយអសប ត្រូវបញ្ជាក់ពីពេលវេលានៃការតែងតាំងចៅក្រមថ្មីដើម្បីធ្វើការងារបន្តសំណុំរឿង០០៣ និង០០៤ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានជំទាស់ដាច់អហង្ការ។
ទាំងលោក ឡាស អូលសិន និងលោក នេត្រ ភ័ក្រត្រាអ្នកនាំពាក្យ សាលាក្តីខ្មែរក្រហម ពុំបានបញ្ជាក់ថាតើដំណើរការតែងតាំងនោះអាចកើតពេលណាទេ។ តែបានបញ្ជាក់ព្រមគ្នាថាលោក Laurent Kasper-Ansermet នឹងចប់តួនាទីក្នុងសាលាក្តីនៅថ្ងៃសុក្រទី៤ ខែឧសភា។ ដោយឡែកលោក អេវ៉ាដូ ដែលបូយ អ្នកនាំពាក្យរងរបស់លោកបាន គីមូនអគ្គលេខាធិការអសប បានថ្លែងប្រាប់វីអូអេ ថា ពុំទាន់មានការជ្រើសតាំងនៅឡើយទេ។
«ឥឡូវនេះលោកអគ្គលេខាធិការអសបកំពុងពិចារណាពីការជ្រើសតាំងរបស់លោក។ ហើយពេលណាដែលយើងមានព័ត៌មានអ្វីត្រូវប្រកាសយើងនឹងប្រកាស»។
លោកថ្លែងថាលោកពុំមានក្តីបារម្ភពីការពន្យាពេលសំណុំរឿង០០៣ និង០០៤ ក្នុងតុលាការខ្មែរក្រហមទេ។
លោក នេត្រ ភក្រ័ត្រាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមភាគីកម្ពុជាបានអះអាងថាការចាកចេញ របស់លោកចៅក្រម Kasper មិនមានអ្វីប៉ះពាល់ដល់ដំណើរការសំណុំរឿង០០៣និង០០៤ទេ។ សំណុំរឿងនេះរង់ចាំរហូតទាល់មានចៅក្រមថ្មីមកជំនួស។
«គឺអាស្រ័យទៅលើសហចៅក្រមស៊ើបអង្កេតទាំងជាតិនិងអន្តរជាតិដែលគាត់នឹងធ្វើការជាមួយគ្នានៅពេលដែលមានការតែងតាំងជាផ្លូវការនូវចៅក្រមអន្តរជាតិមកបំពញការងារក្នុងតុលាការខ្មែរក្រហម»។
លោក ឡាស អូលសិនអ្នកនាំពាក្យសាលាក្តីបានអះអាងថាលោកនឹងមិនដឹងថាសំណុំរឿង០០៣ និង០០៤វិវត្តន៍ទៅយ៉ាងណាទេមុនពេលដែលចៅក្រមថ្មីចូលកាន់កិច្ចការ។
ទោះជាគ្មានការបញ្ជាក់ថាពេលណាដែលកម្ពុជានិងអសបត្រូវតែងតាំងចៅក្រមថ្មីក៏ដោយតែអ្នកជំនាញការពិសេសអសបលោក ដេវីដ សេ្សហ្វ៊័ បានធ្វើដំណើរទៅដល់ប្រទេសកម្ពុជាហើយដើម្បីជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល មន្ត្រីសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធមួយចំនួនទៀត។ នេះបើតាមការអះអាងរបស់លោកឡាស អូលសិន។
ក្រុមអ្នកតាមដានក្នុងប្រទេសកម្ពុជាខ្លះនិយាយថាបញ្ហាសមាសភាពចៅក្រម ការតែងតាំងចៅក្រមថ្មី និងការបន្តកិច្ចការសំណុំរឿងបន្ថែមរវាងកម្ពុជាអាចជា ប្រធានបទដែលលោក ដេវីដ ស្សេហ្វ៊័នឹងពិភាក្សាជាមួយតំណាងរដ្ឋាភិបាល។
ចៅក្រមអសបជាច្រើននាក់បានលាលែងជាបន្តបន្ទាប់ដូចជាលោក Marcel Lemonde លោក Siegefried Blunk លោក Laurent Kasper–Ansermet និងមន្ត្រីក្នុងតុលាការមួយចំនួនទៀតដោយសារបញ្ហាភាគច្រើនគឺការជ្រៀតផ្នែកនយោបាយ ការមិនអាចសហការពីរដ្ឋាភិបាលកម្ពុជា។ សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសជនជាប់ចោទបីនាក់ក្នុងសំណុំរឿង០០២ឬមេដឹកនាំកំពូលៗដែលជាប់សង្ស័យពីបទពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋកម្ពុជាជាង១,៧លាននាក់ក្នុងពេលកាន់កាប់អំណាច៕