ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ពីរ​រៀបចំ​ចងសម្ព័ន្ធភាព


លោក​កឹម ​សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​
លោក​កឹម ​សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​

ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ គណបក្ស​របស់​លោក​នៅ​សប្តាហ៍ក្រោយ​នេះ​នឹង​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ចរចា​ជាមួយ​នឹង​គណក្ស​សម រង្ស៊ី ក្នុង​ការរិះរក​វិធីសាស្ត្រ​រួបរួម​ទៅ​ជា​គណបក្ស​តែ​មួយ។

ក្រោយ​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣ ​ដែល​ទើបតែ​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​សំឡឹង​ទៅ​រក​ការ​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​តែ​មួយ​ បន្ទាប់​ពី​គណបក្ស​ទាំងពីរ​ទទួល​បាន​ប្រធាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ប្រហាក់​ប្រហែល​គ្នា។

លោក​កឹម ​សុខា ​បាន​បញ្ជាក់​ថា​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​បាន​បើកកិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា​គណៈកម្មាធិការ​ដែល​គ្រោង​នឹង​បង្កើត​ថ្មី​នេះ ​នឹង​មាន​សមាជិក​ចំនួន​បី​ទៅ​ប្រាំនាក់​តែ​ប៉ុណ្ណោះ ​ដើម្បី​ទៅ​ចរចា​ជាមួយ​នឹង​គណបក្ស​សម​ រង្ស៊ី។

«យើង​ត្រៀម​គោលការណ៍​ដើម្បី​ចែក​គ្នា​ខ្លះ​ៗ​ហើយ​។ ​ក្រោយ​ពី​ប្រកាស​លទ្ធផល​ហើយ​ យើង​នឹង​ជជែក​គ្នា​ឲ្យ​គណៈកម្មាធិការ​ជជែក​គ្នា​។ ​ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​មាន​ជួប​ជាមួយ​លោក​សម ​រង្ស៊ី ​ផ្ទាល់​ដើម្បី​ឲ្យ​ដឹង​ពី​ទស្សនៈ​ពិតប្រាកដ​របស់​គាត់​ ចង់បាន​យ៉ាងម៉េច»។

គណបក្ស​សិទ្ធិមនុស្ស​កាល​ពី​ថ្ងៃ​អង្គារ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​គណបក្ស​សម រង្ស៊ី ​ដើម្បី​កំណត់​ពេលវេលា​សមស្រប​ណាមួយ​អាច​ជួបពិភាក្សា​គ្នា​ដើម្បី​ឆ្ពោះ​ទៅរក​ការរួបរួម​រវាង​គណបក្ស​ទាំង​ពីរ។

លោក​គង់ ​គាំ ​ប្រធានស្តីទី​គណបក្ស​សម រង្ស៊ី ​បាន​សរសេរ​លិខិត​ឆ្លើយតប​មក​លោក​កឹម​ សុខា ​ថា ​គណបក្ស​របស់​លោក​បាន​ទទួល​លិខិត​នេះ​រួច​ហើយ​។ ​ហើយ​គណបក្ស​សម រង្ស៊ី ​នឹង​បង្កើត​គណៈកម្មាធិការ​ចរចា​គ្នា​ជាមួយ​នឹង​គណបក្ស​សិទ្ធិមនុស្ស​ក្នុង​ពេល​ឆាប់​ៗ​នេះ។

លោក​សម រង្ស៊ី ​ដែល​កំពុងតែ​និរទេស​ខ្លួន​នៅ​ឯបរទេស​បាន​សរសរ​លិខិត​អំពាវនាវ​មួយ​ឲ្យ​មាន​ការរួបរួម​គ្នា​រវាង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​ ដើម្បី​អ្វីមួយ​ដែល​លោក​សម​ រង្ស៊ី ចាត់ទុកថា​ក្នុង​គោលបំណង​ដើម្បី​ផ្តួលរំលំ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដែល​បាន​គ្រប់គ្រង​ប្រទេស​អស់រយៈពេល​ជិត​ ៣០​ឆ្នាំ។ លោក​សម រង្ស៊ី ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា​គោលបំណង​នៃ​ការរួបរួម​គ្នា​ គឺ​ដើម្បី​ការពារ​បូរណភាពទឹកដី​ឲ្យ​បាន​គង់វង្ស​ និង​ផ្តើម​ការពារ​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ពិតប្រាកដ។

លោក​ជាម ​យៀប ​អ្នក​តំណាងរាស្ត្រ​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជនកម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​លោក​មិនមាន​ជំនឿ​ថា​គណបក្ស​ទាំង​ពីរ​អាច​រួបរួម​គ្នា​បាន​ទេ​ ដោយសារ​តែ​គណបក្ស​ទាំងពីរ​ត្រូវគ្នា​តែ​ថ្នាក់​ដឹកនាំ​ខាង​លើ​តែ​ប៉ុណ្ណោះ​។ ​ចំណែកឯ​នៅ​ថ្នាក់​ដឹកនាំ​ខាង​ក្រោម​ នៅ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ​។ ​លោក​ជាម ​យៀប​ បានបញ្ជាក់​ទៀតថា​បើ​ទោះបី​ជា​គណបក្ស​ទាំងពីរ​រួបរួម​គ្នា​ទៅ​ជា​គណបក្ស​តែ​មួយ​ក៏​មិនអាច​ផ្តួល​រំលំ​គណបក្ស​ប្រជាជនកម្ពុជា​បាន​ដែរ។

«គណបក្ស​ប្រជាជនកម្ពុជា ​មិនមាន​ការខ្លាចរអែង​ចំពោះ​ការ​បញ្ជូលគ្នា​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ទេ​ ដោយសារ​តែ​គណបក្ស​នេះ​ យើង​បាន​រៀបចំ​រឹងមាំ​នូវ​ការងារ​តាំង​ពី​ថ្នាក់​កណ្តាល​ រហូត​ទៅ​ដល់​ខេត្ត​ក្រុង ​រាជធានី ​ស្រុកខណ្ឌ ​ឬក៏​ឃុំសង្កាត់ ​ឬក៏​ភូមិ​ទូទាំង​ប្រទេស»។

បន្ទាប់ពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ លទ្ធផល​ក្រៅផ្លូវការ​ បាន​បង្ហាញ​ថា​គណបក្ស​សិទ្ធិមនុស្ស​ទទួល​បាន​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនូន​១៨ ​គណបក្ស​សម ​រង្ស៊ី ​ទទួល​បាន​ ២២។ ចំណែកឯ​គណបក្ស​ប្រជាជនកម្ពុជា​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​បាន​កាន់កាប់​ប្រធាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ជា​ច្រើន​លើសលប់​ប្រមាណ​១៥៩២៕

XS
SM
MD
LG