លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះ អង្គភាពរបស់លោកកំពុងសួរចម្លើយចៅក្រមចំនួនពីររូប ហើយនៅថ្ងៃអាទិត្យ លោកបញ្ជូនទៅកាន់តុលាការក្រុងដើម្បីបន្តធ្វើការសាកសួរពីបទសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
កាលពីថ្ងៃសុក្រ លោកចៅក្រម ហួត ហ៊ាង អាយុ៤២ឆ្នាំ និងអ្នកស្រីចៅក្រម ខូវ ចាន់ថូ អាយុ៤៧ឆ្នាំ អ្នកទាំងពីរជាចៅក្រមនៃតុលាការខេត្តកណ្តាល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននៅតុលាការខេត្តកណ្តាល រួចហើយបញ្ជូនមកសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោកឱម យ៉ិនទៀងបានមានប្រសាសន៍ថា ដើមចមដែលនាំទៅរកការចាប់ខ្លួនចៅក្រមទាំងពីរនេះ គឺដោយសារតែមានពាក្យបណ្តឹងពីជនរងគ្រោះមួយរូប ដែលបានប្តឹងចៅក្រមទាំងពីររូបថា បានគំរាមកំហែងទារប្រាក់ពីជនរងគ្រោះប្រមាណ៥០០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរថា មិនចោទប្រកាន់ជនរងគ្រោះថា ជាជនល្មើសនៅក្នុងរឿងទំនាស់ដីធ្លីមួយ។
«អ្នករងគ្រោះម្នាក់ ហើយទារអ្នករងគ្រោះហ្នឹង៥០០០ [ដុល្លារ] បើសិនជាមិនឲ្យទេ គាត់នឹងប្រែក្លាយអ្នកនោះជាជនជាប់ចោទវិញ ដែលនឹងអាចបាត់បង់ទ្រព្យហ្នឹង»។
លោកឱម យ៉ិនទៀងមិនបានបញ្ជាក់ថា នៅមានជនសង្ស័យប៉ុន្មាននាក់ទៀតនៅក្នុងតុលាការខេត្តកណ្តាល ដែលប្រឈមមុខនឹងការចាប់ខ្លួនទេ ដោយលោកបានបញ្ជាក់ថា អាស្រ័យទៅនឹងចម្លើយសារភាពនៃចៅក្រមទាំងពីររូបនេះតែប៉ុណ្ណោះ។
លោកអ៊ីន វ៉ានវិបុល ប្រធានតុលាការខេត្តកណ្តាល បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលោកបាននិយាយថា លោកមិនទាន់ដឹងអំពីរឿងចាប់ខ្លួនចៅក្រមទាំងពីររូបនេះនៅឡើយ។
«ខ្ញុំមិនហ៊ានបកស្រាយយ៉ាងម៉េចទេ។ ខ្ញុំឥតទាន់ទទួលបានព័ត៌មាននោះទេ»។
ការចាប់ខ្លួនចៅក្រមទាំងពីររូបចុងក្រោយនៃតុលាការខេត្តកណ្តាលនេះ បានបង្កឲ្យមន្ត្រីអង្គការសង្គមស៊ីវិលសម្តែងការស្វាគមន៍យ៉ាងប្រយ័ត្នប្រយែង។ ក៏ប៉ុន្តែបានទទូចដល់អង្គភាពប្រឆាំងអំពើពុករលួយឲ្យបម្រើការងារទៅតាមឆន្ទៈរបស់ខ្លួន ដោយមិនប្រកាន់បក្ខពួកនិយម។
លោកចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថា បើសិនជាការចាប់ខ្លួននេះប្រព្រឹត្តទៅតាមនីតិវិធីគឺជារឿងល្អប្រសើរមួយថា ស្ថាប័នប្រឆាំងអំពើពុករលួយកំពុងតែជម្រះបញ្ជីជាមួយនឹងស្ថាប័នតុលាការ។ លោកបានមានប្រសាសន៍ថា សមាគមអាដហុកកំពុងតែឃ្លាំមើលអំពីការចាប់ខ្លួននេះថា តើពាក់ព័ន្ធនឹងអំពើពុករលួយ ឬក៏មានសំណុំរឿងផ្សេងទៀត។
«យើងខ្ញុំមានការភ្ញាក់ផ្អើលផងដែរ នៅក្នុងបញ្ហាការចាប់ខ្លួននេះ។ គឺយើងគិតថាជាជំហ៊ានដំបូង គឺយើងថា ការគាំទ្រអំពីការអនុវត្តនៃការចាប់ខ្លួនមន្ត្រីតុលាការ ដើម្បីឲ្យស្ថានភាពនេះអាចហ្នឹងបង្ក្រាបបាន។ ប៉ុន្តែទោះជាយ៉ាងណា ក៏យើងទាមទារថា ស្ថាប័នប្រឆាំងនឹងអំពើពុករលួយនេះគឺត្រូវតែអនុឡោមទៅតាមនីតិវិធីច្បាប់ បញ្ជៀសការប្រកាន់បក្ខពួក ឬក៏ហេតុផលនយោបាយផ្សេងៗទៀត ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងកែទម្រង់របស់តុលាការនេះ»។
អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានចាប់ខ្លួនលោកតុប ចាន់សិរីវុធ ព្រះរាជអាជ្ញាខេត្តពោធិសាត់ ហើយដែលត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៩ឆ្នាំពីបទអំពើពុករលួយ៕