នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅថាការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមថាជាផ្នែកមួយនៃការផ្តល់សច្ចធម៌ដល់ប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយលោក ង្វៀន ផូត្រុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូនេះ។
លោក អ៊ាង សុផល្លែត អ្នកនាំពាក្យរបស់លោកនាកយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយពីជំនួបនៅទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងដូច្នេះថា ៖
«ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនោះរួមមានលោកខៀវ សំផន លោក នួន ជា និងលោក អ៊ៀង សារី គឺជាសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់វៀតណាម។ ការកាត់ទោសនេះរបស់ប៉ុល ពត គឺបញ្ជាក់ដល់ការជួយរបស់វៀតណាមមកដល់កម្ពុជាគឺមានភាពត្រឹមត្រូវ»។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំជាន់ខ្ពស់វៀតណាមនេះ បានកើតមានឡើងខណៈដែលលោកនួន ជា អតីតមេដឹកនាំជាន់ខ្ពស់ទីពីរ នៃរបបខ្មែរក្រហម បន្ទាប់ពីប៉ុល ពត បានស្តីបន្ទោសប្រទេសវៀតណាមចំពោះអំពើឃោរឃៅលើប្រជាពលរដ្ឋខ្មែរ ដោយលោកនួន ជា បានអះអាងថាកងទ័ពវៀតណាមបានសម្លាប់ប្រជាពលរដ្ឋខ្មែរ។
ប៉ុន្តែមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបដិសេធចោទប្រកាន់នេះ។ មេដឹកនាំជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម រូបនេះបានជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រ នរោត្តម សីហមុនី លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ងួន ញិល អនុប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងស្ថេរភាពរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោក ង្វៀន ផូត្រុង នេះ ផ្តោតលើការលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងនានាស្តីពីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព និងថែរក្សាបរិយាកាសសន្តិភាព និង ស្ថិរភាពយូរអង្វែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងធានាឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។
លោក អ៊ាង សុផល្លែត បានថ្លែងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក ផូត្រុង បានព្រមព្រៀងគ្នាជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
«(លោកផូត្រុង) បានស្នើសុំដល់រដ្ឋាភិបាលទាំងពីរពិនិត្យ និងជំរុញវិនិយោគរវាងប្រទេសទាំងពីរឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ៥.០០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៥»។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឯកភាពតាមការលើកឡើងរបស់លោកផូត្រុង។
ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានសម្រេចដល់១.៩០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១០ ដែលត្រូវបានគ្រោងឡើងដល់២.៤០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១១នេះ។
រហូតមកដល់ពេលនេះ ប្រទេសវៀតណាមមានគម្រោងចំនួន៩៨ នៅកម្ពុជាដោយមានទឹកប្រាក់២.២០០លានដុល្លារអាមេរិក នៅក្នុងវិស័យផ្សេងៗជាច្រើន រួមមានអាកាសចរណ៍ ដំណាំកៅស៊ូ និងធនាគារ៕