នៅថ្ងៃសុក្រនេះ ក្រុមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាស៊ានបានជំរុញឲ្យមានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីធ្វើឲ្យបានសម្រេចនូវសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។
ក្រុមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាស៊ានបានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៧ នៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទាក់ទងនឹងគម្រោងដឹកជញ្ជូនជាអាទិភាព សំដៅធ្វើឱ្យបានសម្រេចនូវការប្តេជ្ញាចិត្តរបស់ក្រុមមេដឹកនាំអាស៊ាន។
លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសកម្ពុជា បានថ្លែងថា ក្រុមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាស៊ានបានព្រមព្រៀងគ្នាធ្វើឲ្យប្រសើរដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកដើម្បីជំរុញសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងសហគមន៍អាស៊ាន។
«ឥឡូវនេះដល់ពេលដែលយើងរកទុនដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ហើយការរកទុននេះ យើងពឹងផ្អែកទៅលើដៃគូរអភិវឌ្ឍន៍ ដូចជាប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ដែលមានប្រាក់កាសជួយស្តារផ្លូវ»។
ប្រទេសអាស៊ានរួមមានប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសភូមា ប្រទេសម៉ាឡេស៊ី ប្រទេសប្រូយនេ ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន និងប្រទេសសឹង្ហបូរី។ សមាគមអាស៊ានបានកំណត់ពេលវេលាសម្រាប់បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលសេរីភាវូបនីយកម្មនៃសេវាពាណិជ្ជកម្មតាមរយៈសេរីភាវូបនីយកម្ម ជាបន្តបន្ទាប់ ត្រូវបានបញ្ចប់នៅឆ្នាំ២០១៥។
លោកត្រាំ អ៊ីវតឹក បានបញ្ជាក់ក្នុងសន្និសីទកាសែតថា ក្រុមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាស៊ានបានលើកទឹកចិត្តឲ្យមានការចូលរួមរបស់ផ្នែកឯកជននៅក្នុងគម្រោងការដ៏សំខាន់នេះ ហើយបានពេញចិត្តចំពោះការរីកចម្រើននៃការអនុវត្តកម្មវិធីយុទ្ធសាស្ត្រជាច្រើនក្រោមភាពជាដៃគូរផ្នែកដឹកជញ្ជូនអាស៊ានជាមួយប្រទេសចិន និងប្រទេសជប៉ុន។
«គម្រោងនានាក្រោមផែនទីបង្ហាញផ្លូវនេះបានបំពេញបំណងនូវសេចក្តីត្រូវការជាក់លាក់របស់រដ្ឋ ជាសមាជិកអាស៊ាន និងបានផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់ការកសាងសមត្ថភាព និងការសិក្សាពីភាពអាចធ្វើបានលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន»។
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ក្រុមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាស៊ាន បានសម្តែងនូវការដឹងគុណចំពោះជំនួយបច្ចេកទេស និងការគាំទ្រឆ្ពោះទៅរកកិច្ចសហប្រតិបត្តិផ្នែកដឹកជញ្ជូនអាស៊ាន។ ក្រុមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាស៊ានក៏បានសម្តែងនូវការកោតសរសើរដល់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបចំពោះការគាំទ្រផ្នែកបច្ចេកទេសរបស់ខ្លួន។
ប្រទេសចិនធ្លាប់បានសន្យាផ្តល់ប្រាក់ជាង១០០០០លានដុល្លារអាមេរិកសម្រាប់ការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ប្រជាពលរដ្ឋ និងស្ថាប័ន៕