ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ ត្រូវ​បាន​រំពឹង​ថា​ នឹង​កើន​ឡើង


សាន​ សុជាតា​ មន្រ្តី​ផ្នែក​សុវត្ថិភាព​លើ​ផ្លូវ​ថ្នល់​ក្នុង​តំបន់​ នៃ​អង្គការ​ជនពិកា​បែលហ្សីក​អន្តរជាតិ​ហៅ​កាត់ថា​ HI-B​ ថ្លែង​ថា ​ច្បាប់​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​ ២០០៩​ ដែល​ច្បាប់​នោះ​តម្រូវ​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ទាំងអស់​​ពាក់​មួក​សុវត្ថិភាព​។
សាន​ សុជាតា​ មន្រ្តី​ផ្នែក​សុវត្ថិភាព​លើ​ផ្លូវ​ថ្នល់​ក្នុង​តំបន់​ នៃ​អង្គការ​ជនពិកា​បែលហ្សីក​អន្តរជាតិ​ហៅ​កាត់ថា​ HI-B​ ថ្លែង​ថា ​ច្បាប់​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​ ២០០៩​ ដែល​ច្បាប់​នោះ​តម្រូវ​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ទាំងអស់​​ពាក់​មួក​សុវត្ថិភាព​។

ទីក្រុង​ភ្នំពេញ៖ ជិត​ ២​ ឆ្នាំ​កន្លង​ទៅ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ឲ្យ​ប្រើ​ច្បាប់ថ្មី​ ដើម្បី​ពង្រឹងសុវត្ថិភាព​នៅ​លើ​ផ្លូវ​ថ្នល់។ ក៏ប៉ុន្តែ​ ចំនួន​អ្នក​ស្លាប់​ និង​របួស​នៅ​លើ​ផ្លូវ​ថ្នល់​នៃ​ប្រទេស​នេះ​ នៅតែ​មាន​ការ​កើន​ឡើង​។ ប្រទេស​កម្ពុជា​ ក៏​ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ដែរ​ គឺ​កំពុងតែ​ព្យាយាម​ធ្វើ​ឲ្យ​ការ​កើនឡើង​នៃ​ចរាចរណ៍​ ដើរ​ទន្ទឹម​គ្នា​នឹង​សុវត្ថិភាព​។

រយៈពេល​១០​ឆ្នាំ​នៃ​ការ​ស្ថាបនា​ឡើង​វិញ​ ដើម្បី​ជំនួស​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​បាត់បង់​ទៅ​ នៅ​ក្នុង​សង្គ្រាម​រាប់​ទសវត្ស៍​នោះ​ បាន​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​ នូវ​ផ្លូវថ្នល់​រលោងស្អាត​ វែង​ ជា​ច្រើន​ខ្សែ។

ក៏ប៉ុន្តែ​ ផ្លូវ​ថ្នល់​រលោងស្អាត​នេះ​ បាន​ធ្វើ​ឲ្យ​ផ្នែក​សុវត្ថិភាព​មាន​ភាព​ប្រសើរ​ឡើង​ តិចតួច​ណាស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​អ្នកបើកបរ​ថ្មី​ និង​មិន​បាន​ទទួល​ការ​បណ្តុះបណ្តាល​ខាង​ការ​បើកបរ​បាន​ល្អ​រាប់ពាន់​នាក់​នេះ។ រថយន្ត​ និង​ម៉ូតូ​ ដែល​ធ្លាប់តែ​ត្រូវ​បាន​បើក​ដោយ​ល្បឿន​យឺតៗ​ លើ​ផ្លូវ​ដ៏​រលាក់​ និង​មាន​គង្ហុក​នោះ​ ឥឡូវ​នេះ​ ត្រូវ​បានបើក​ដោយ​ល្បឿន​យ៉ាង​លឿន។

កាលពី​ ៦​ ឆ្នាំ​មុន​ ក្រសួង​គមនាគមន៍​ បាន​ចុះ​បញ្ជី​រថយន្ត​ថ្មី​ចំនួ​ន ៣៨០០០​គ្រឿង។ រហូត​មក​ដល់​ ឆ្នាំ​មុន​នេះ​ ចំនួន​នោះ​ បាន​កើន​ដល់​ ៣០៧០០០​គ្រឿង។

ចំនួន​រថយន្ត​ដែល​បាន​កើន​ឡើង​នេះ​ បូកផ្សំ​នឹង​គ្រូបង្រៀន​បើកបរ​ដែល​បាន​ចុះ​ឈ្មោះ​ មាន​ចំនួន​តែ​ ៥១​នាក់​នោះ​ លទ្ធផល​គឺ​ ពលរដ្ឋ​កម្ពុជា​ ស្លាប់​ដោយ​គ្រោះថ្នាក់ចរាចរណ៍​ មាន​ចំនួន​ច្រើន​ជាង​ពេល​មុនៗ ។

កាលពី​ឆ្នាំ​មុន​ មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ មាន​ចំនួន​ ១៧០០​នាក់​ ដែល​មាន​ចំនួន​ជិត​ស្មើ​នឹង​ទ្វេ​ដង​ នៃ​ចំនួន​មនុស្ស​ស្លាប់​ ក្នុង​ឆ្នាំ​ ២០០៥។

លោក​ ព្រាប​ ចាន់វិបុល​ ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ ហើយ​លោក​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​នឹង​កម្មវិធី​អប់រំ​សុវត្ថិភាព​ នៅ​ឯ​គណៈកម្មាការ​សុវត្ថិភាព​ផ្លូវ​ថ្នល់​ជាតិ។

លោក​មាន​ប្រសាសន៍​ថា​ កម្ពុជា​មាន​អត្រា​មនុស្ស​ស្លាប់​ ច្រើន​បំផុត​ នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា​ អាស៊ាន​នោះ​។

«បើ​យើង​ប្រៀបធៀប​ ទៅ​នឹង​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ អត្រា​មរណៈ​នៅ​ក្នុង​ចំណោម​យាន​ជំនិះ​ មួយ​ម៉ឺន​គ្រឿង​ ឃើញ​ថា​ អត្រា​មរណៈ​នៅ​ប្រទេស​កម្ពុជា​ ខ្ពស់​ជាង​បណ្តា​ប្រទេស​អាស៊ាន​ដទៃៗ​ទៀត។ រហូត​មក​ដល់​ឆ្នាំ​ ២០០៩​នេះ​ អត្រាមរណៈ​ គឺ​១២នាក់​ ក្នុង​រថយន្ត​ ១០០០​គ្រឿង» ។

លោក​ ព្រាប​ ចាន់វិបុល​ ថ្លែង​ថា​ ជាង​ពាក់​កណ្តាល​ នៃ​អ្នក​ស្លាប់​ទាំង​នោះ​ គឺ​បណ្តាល​មក​ពី​ការ​បើកបរ​ហួស​ល្បឿន​កំណត់​ និង​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង។

ហើយ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ ៩០ភាគរយ​ នៃ​យាន​ជំនិះ​ដែល​បាន​ចុះ​បញ្ជី​ថ្មី​ ជា​ទោចក្រ​យានយន្ត​នោះ​ ការ​រងរបួស​ក្បាល​ក៏​ជា​មូលហេតុ​ដ៏​ធំ​មួយ​ ដែល​បណ្តាល​ឲ្យ​ស្លាប់​ផង​ដែរ។

វិធានការ​របស់​រដ្ឋាភិបាល​ គឺ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ទាំងនោះ។

«យើង​ផ្តោតការ​យក​ចិត្ត​ទុកដាក់​ ទៅ​លើ​ករណី​ទាំងបី​នោះ​ គឺ​ការ​បើក​លឿន​ហួស​ល្បឿន​កំណត់​ ការបើកបរ​ពេល​ស្រវឹង​ ការ​មិន​ពាក់​មួក​សុវត្ថិភាព​ ដោយ​សារ ៧០ភាគរយ​នៃ​ការស្លាប់​របស់​អ្នក​បើកបរ​ម៉ូតូ​ គឺ​រង​របួស​ក្បាល។ ដូច្នេះ​ យើង​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ ការ​ពាក់​មួក​សុវត្ថិភាព​នេះ»។

ដូច​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ដែរ​ ប្រជាពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​មិនមាន​លទ្ធភាព​ទិញ​រថយន្ត​បាន​ទេ​ ដូច្នេះ​ពួកគេ​បើកបរ​ម៉ូតូ​ជា​ជំនួស​វិញ​។

ក៏ប៉ុន្តែ​ រហូត​មក​ដល់​២ ឆ្នាំ​មុន​នេះ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​តិចតួច​ណាស់​ ដែល​មាន​មួក​សុវត្ថិភាព​ ហើយ​មាន​ចំនួន​មិន​ដល់​១០ភាគរយ​ផង​ដែល​ពាក់​មួក​សុវត្ថិភាព​នេះ។

សាន​ សុជាតា​ មន្រ្តី​ផ្នែក​សុវត្ថិភាព​លើ​ផ្លូវ​ថ្នល់​ក្នុង​តំបន់​ នៃ​អង្គការ​ជនពិកា​បែលហ្សីក​អន្តរជាតិ​ហៅ​កាត់ថា​ HI-B​ ដែល​ជា​អង្គការ​ជំនួយ​មួយ​ ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​លើ​ផ្លូវថ្នល់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាំងពី​ឆ្នាំ​ ២០០៤។

អង្កការ​ HI-B​ គាំទ្រ​ដល់​ប៉ូលិស​ចរាចរណ៍​ ក្នុងការ​អនុវត្ត​ច្បាប់​ ដោយសារ​ការ​អនុវត្ត​ច្បាប់​នេះ​ មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ហើយ​អង្គការ​នេះ​ ធ្វើការ​ជាមួយ​ក្រសួងអប់រំ​ ក្នុងការ​បង្រៀន​អំពី​សុវត្ថិភាព​លើ​ផ្លូវថ្នល់​ដល់​កុមារ។ នាង​ សុជាតា​ថ្លែងថា៖

«យើង​បាន​ចាប់ផ្តើម​ការបង្រៀន​នោះ​តាំងពី​ឆ្នាំ​ ២០០៤។ រហូត​មក​ដល់​ពេល​នេះ​ មាន​ការណែនាំ​កម្មវិធី​សិក្សា​អំពីសុវត្ថិភាព​លើ​ផ្លូវ​ថ្នល់​ដល់​គ្រប់​សាលា​បថម​សិក្សាទាំងអស់​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​យើង​មាន​ផែនការ​ បន្ត​ទៅ​កម្មវិធី​សិក្សាថ្នាក់​វិទ្យាល័យ​ទៀត​ ដែល​មាន​នៅ​ក្នុង​គណៈកម្មាការ​សុវត្ថិភាព​លើ​ផ្លូវ​ថ្នល់​ជាតិ​ និង​ក្រសួង​អប់រំ»។

នាង​ សុជាតា​ ថ្លែង​ថា​ ជំហាន​ដែល​សំខាន់​បំផុត​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ គឺ​ច្បាប់​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​ ២០០៩​ ដែល​ច្បាប់​នោះ​តម្រូវ​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ទាំងអស់​ ពាក់​មួក​សុវត្ថិភាព​ បើ​មិន​អញ្ចឹង​ទេ​ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​។ ឥឡូវនេះ​ ក្នុង​ពេល​ថ្ងៃ​ យ៉ាងហោច​ណាស់​ក៏​មាន​អ្នកបើក​ម៉ូតូ​ ប្រមាណ​ជាង​៨០ភាគរយ ដែល​ពាក់​មួក​សុវត្ថិភាព។

ជា​លទ្ធផល​ មនុស្ស​ដែល​ស្លាប់​ដោយសារ​ររងរបួស​ក្បាល​ក្នុង​គ្រោះថ្នាក់​បុកម៉ូតូ​ មាន​ចំនួន​តិច​ជាង​មុន។

ក៏ប៉ុន្តែ​ មាន​ឧបសគ្គ​ច្រើន​ គួរ​ឲ្យ​កត់សម្គាល់។

លោក​ ព្រាប​ ចាន់វិបុល​ ដែល​ជា​ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ មាន​ប្រសាសន៍​ថា​ មាន​អ្នកបើកបរ​ម៉ូតូ​តិចតួច​ណាស់​ដែល​ពាក់​មួកសុវត្ថិភាព​ នៅ​ពេល​យប់​ ពីព្រោះ​ប៉ូលិស​ចរាចរណ៍​ ធ្វើការ​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ។

តែ​ចំនួន​នោះ​នឹង​ផ្លាស់ប្តូរ​នៅ​ឆ្នាំ​ក្រោយ​នេះ​ នៅ​ពេល​ដែល​ប៉ូលិស​ចរាចរណ៍​ចាប់​ផ្តើម​ធ្វើការ​នៅ​ពេល​យប់​ ហើយ​នេះ​ ក៏​នឹង​អាច​កាត់បន្ថយ​ ចំនួន​អ្នកបើកបរ​ស្រវឹង​នោះ​ ផងដែរ។

រដ្ឋាភិបាល​ ក៏​មាន​ផែនការ​ធ្វើការ​កែសម្រួល​ច្បាប់​ ដែល​តម្រូវ​ឲ្យ​មិន​ត្រឹមតែ​អ្នក​បើក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​អ្នក​ជិះ​ពីក្រោយ​ក៏​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ដែរ។

ប៉ូលិស​ ក៏​បាន​ទទួល​ឧបករណ៍​ថ្មី​មួយ​ចំនួន​ ដើម្បី​ចាប់​អ្នក​ដែល​បើកបរ​ហួស​ល្បឿន​កំណត់​ ឧបករណ៍​នោះ​ឈ្មោះ​ថា​ Speed Gun​ ដែល​ជា​ឧបករណ៍​វាស់​ល្បឿន​ និង​ប្រដាប់​វាស់​ជាតិ​អាកុល​ក្នុង​ខ្លួន។

បើ​ទោះជាយ៉ាង​នេះ​ក៏ដោយ​ សាន​ សុជាតា​នៃ​អង្គការ​ HI-B​ ថ្លែង​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ នឹង​បន្ត​កើនឡើង​ទៀត​ នៅ​ក្នុង​ទសវត្សរ៍​ក្រោយ​នេះ​ ដោយសារ​ផ្លូវថ្នល់​នានា​កាន់តែ​មាន​ភាព​មមាញឹក​ និង​រលោង​ស្អាត​ជាង​មុន។

អ្វី​ដែល​ រដ្ឋាភិបាល​ និង​អង្គការ​សុវត្ថិភាព​ផ្លូវថ្នល់​សង្ឃឹម​នោះ​គឺ​ផែនការ​សកម្មភាពសុវត្ថិភាព​ផ្លូវ​ថ្នល់​ជាតិ​ នឹង​អាច​កាត់​បន្ថយ​អត្រាមណៈ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។​ នាង សុជាតា​បន្ត​ថា៖

«ក៏ប៉ុន្តែ​ តាម​រយៈ​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ រួមជាមួយ​នឹង​ធនធានគ្រប់គ្រាន់​នោះ​ យើង​រំពឹង​ថា​ ចំនួន​មនុស្ស​ស្លាប់​ នឹង​ធ្លាក់​ចុះ​៣០ភាគរយ។ ដូច្នេះ​មាន​ន័យ​ថា​ តាម​រយៈ​ការអនុវត្ត​បាន​ត្រឹមត្រូវ​ និង​ធនធាន​មាន​គ្រប់គ្រាន់​នោះ​ កម្ពុជា​អាច​សង្រ្គោះ​ជីវិត​បាន​ ៤៧០០នាក់​ ក្នុង​រយៈ​ពេល​ ១០​ ឆ្នាំ​»។

បើសិនជា​ ផែនការ​នោះ​ បាន​ទទួល​ការឧបត្ថម្ភ​ និង​អនុវត្តបាន​ត្រឹម​ត្រូវ​នោះ​ អង្គការ​ HI-B​ រំពឹង​ថា​ នឹង​មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​ មាន​ចំនួន​ ២២៤០​ នាក់​ត្រឹម​ឆ្នាំ​២០២០។ ចំនួន​នោះ​ ច្រើន​ជាងចំនួន​មនុស្ស​ស្លាប់​កាលពី​ឆ្នាំ​មុន​ ៥០០​នាក់​ ក៏ប៉ុន្តែ​ បើសិនជា​ គ្មាន​ផែនការ​នេះ​ទេ​ ចំនួន​មនុស្ស​ស្លាប់​ នឹង​មាន​ច្រើន​លើស​នេះ​ទៀត​ ដោយសារ​ការ​កើន​ឡើង​នៃ​ចរាចរណ៍៕

ប្រែសម្រួល​ដោយ​ លី ម៉ូរីវ៉ាន់

XS
SM
MD
LG