ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុងខ្មែរ​ Cambodia Town ​នៃក្រុង ​Lowell​ ផ្តល់ក្តី​សង្ឃឹម​ដល់​សហគមន៍​ខ្មែរ


ពិធី​សម្ពោធន៍​ទីក្រុងខ្មែរ
ពិធី​សម្ពោធន៍​ទីក្រុងខ្មែរ

ទីក្រុង​ខ្មែរ ​Cambodia Town ​នៃក្រុង ​Lowell ​រដ្ឋ​Massachusetts បើក​សម្ពោធន៍​ជា ផ្លូវការ​នៅថ្ងៃ​ចូលឆ្នាំខ្មែរ​ ហើយ​មន្ត្រី​សាលាក្រុង ​អ្នកតំណាង​សហគមន៍ ខ្មែរ ​ពាណិជ្ជករ​សង្ឃឹម​ថា ​ការរៀបចំ​បង្កើត​ក្រុងខ្មែរនេះ​នឹងជួយបង្កើន​ពាណិជ្ជកម្ម ​ការងារ ធ្វើ ចំណូល​ច្រើន​ ហើយយ៉ាង​ហោចណាស់​ផ្តល់ក្តីសង្ឃឹម​ដល់អ្នកលក់​ត្រីម្នាក់​ថា ខ្លួន​នឹង​អាច​សន្សំលុយ​បាន​ចូល​រៀន​មហា​វិទ្យាល័យ។

ឈុន វណ្ណដេត អាយុ២៣ ឆ្នាំ បាន​ដឹង​អំពីពិធី​សម្ពោធន៍​ទីក្រុងខ្មែរ ហើយ​រីករាយ​អំពី​ព័ត៌មាន​នេះ។​ ទៅជាយ៉ាងណាក្តី វណ្ណ​ដេត​មិនបាន​ទៅចូលរួមទេ ព្រោះ​រវល់​ធ្វើត្រី​បម្រើ​អតិថិ​ជន​ដែលមក​ទិញត្រី​ធ្វើម្ហូប​ទៅវត្ត។​សព្វថ្ងៃ​វណ្ណដេត​ធ្វើការ​ក្នុងហាង​លក់គ្រឿង​ឧបភោគ​បរិភោគ​នេះ​បួន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។

ក្រៅពី​ធ្វើការនៅ​ទីនេះ វណ្ណដេត​ឆ្លៀត​ពេល​ធ្វើជា​អ្នកលីសែង​សម្ភារៈ​អ្នក​រើលំ​នៅ​ដ្ឋាន។ ហើយនេះ​ក៏មិនមែន​ជា​ការងារ​ទៀង​ទាត់ទេ។

វណ្ណដេត​សង្ឃឹម​ថា ការ​បង្កើត​ទីក្រុង​ខ្មែរ​នៃ​ក្រុង Lowell នឹង​ជួយ​ឲ្យ​គាត់​មាន​សង្ឃឹម​ជាថ្មី​ក្នុង​ការ​ខិតខំ​ធ្វើការ​សន្សំលុយ​ដើម្បី​បន្តការ​សិក្សា​នៅ​មហាមហា​វិទ្យាល័យ។

«ខ្ញុំរៀន​ចប់ ​high school ​(វិទ្យាល័យ)​កាល​ពី៥​ឆ្នាំមុន តែ​ខ្ញុំមិនទាន់​បាន​ទៅ​ college (មហា​វិទ្យាល័យ)​ទេ។ ខ្ញុំចង់​ធ្វើការ​សន្សំ​លុយ​ ហើយ​បាន​ទៅ​college (មហាវិទ្យាល័យ)​ស្រួល ពេល​មាន​លុយទិញ​សៀវភៅ»។

មន្ត្រី​សាលាក្រុង​ និងអ្នក​តំណាង​សហគមន៍​ខ្មែរ​មាន​សុទិដ្ឋិនិយម​ថា ​ការ​បង្កើត​ទី​ក្រុង​ខ្មែរ​នេះ​នឹង​ជួយ​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច ​ជាពិសេស​សម្រាប់​សហគមន៍​ខ្មែរ។

ឥស្សរ​ជន​សំខាន់​ក្នុង​ពិធីនេះ​ រួមមាន​អភិបាល​ក្រុង​ Lowell​ សមាជិក​ព្រឹទ្ធសភា​រដ្ឋ Massachusetts, ​សមាជិក​រដ្ឋសភា Massachusetts ​ក្រុមប្រឹក្សា​ក្រុង ​និង​ប្រធាន​សមាគមន៍​ខ្មែរក្រុង​Lowell។

លោក​អភិបាល​ក្រុង​ Patrick Murphy ឲ្យដឹង​ថា៖

«មាន​ភូមិខ្មែរ​នៅទីក្រុង​Lowell​នេះ​គឺមាន​ន័យច្រើន​ជាពិសេស​គឺក្នុង​សេដ្ឋកិច្ច​ដើម្បី​ទាក់​ទាញ​មនុស្ស​មក​ទីនេះ​ថែមទៀត​ ហើយ​ជា​ការ​ទទួល​ស្គាល់​ថា​ ខ្មែរ​ដែល​មក រស់​នៅ​ក្នុង​ទីក្រុង​នេះ​សាមសែសិបឆ្នាំនេះ ​បានជួយ​ឲ្យ​ផល​ដល់​ទីក្រុងនេះ​បាន​ច្រើន»។

លោកស្រី ​Eileen ​Donoghue ​សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ​ Massachusetts ​បន្ថែម​ថា៖ នៅ​រដ្ឋ​ Massachusetts​ នេះ​មាន​ក្រុងខ្មែរ​គឺយើង​បង្កើត​សេដ្ឋ​កិច្ច​បាន​នៅ​ក្នុង​សង្គម​ខ្មែរ ​ដូច​ទីក្រុង​ចិន​នៅ ​San Francisco ​អញ្ចឹង»។

ទីក្រុង​ខ្មែរ​សម្ពោធន៍​ជាផ្លូវការ​ហើយ តែខ្លោងទ្វារ​ ឬស្លាក​សញ្ញា​សម្គាល់​មិនទាន់​មាន​នៅ​ឡើយ​ ហើយ​ទិដ្ឋភាព​ជាក្រុង​ខ្មែរ​ក៏​នៅ​មិនទាន់​មាន​អ្វីប្លែក​ដែរ។

លោក​នួន វាសនា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង ​Lowell ​ដែល​ទើប​ជាប់ឆ្នោត​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា ​រចនាបថ​ សញ្ញា​សម្គាល់​មិនទាន់​សម្រេច​នៅឡើយ។​ លោកនួន វាសនា​ពន្យល់​ថា​ ការ​បង្កើត​ក្រុង​ខ្មែរនេះ​គឺដើម្បី​បង្ហាញ​ថា៖​
«ខ្មែរ​សកម្ម​ក្មុង​សង្គម​របស់ខ្លួន។​ ខ្មែរ​សកម្មក្នុង​ការ​ទាមទារ​អ្វីដែល​ជា​របស់​សង្គម​យើង។ ​ខ្ញុំ​រីករាយ​ធ្វើជា​តំណាង​របស់​ពួកគាត់។​ ខ្ញុំរីករាយ​ដើម្បី​ដាក់ពាក្យ​ទាមទារ​ឲ្យ​មាន​ខ្លោងទ្វារ​ មាន​អ្វីដែល​ជា​និមិត្តរូប​ខ្មែរ​ ទាមទារ​អ្វីដែល​ជា​កង្វះខាត​ឲ្យ​សង្គម​យើង។ ​ក៏ប៉ុន្តែ​ត្រូវ​មាន​ការ​ចូលរួម​ពីបងប្អូន​ទាំងអស់​គ្នា​ដែរ»។

ម្ចាស់​ហាង​នានា​បាន​ឲ្យដឹង​ថា ​គេមិន​បាន​ចូលរួម​ពិធី​សម្ពោធន៍​នេះ​ទេ​ដោយ​សារ​អំឡុង​ពេល​ចូលឆ្នាំ​មាន​អតិថិជន​ច្រើន។​ អ្នកស្រី ​អាំ ម៉ូនីកា ​ជាម្ចាស់​ហាង​លក់​សម្លៀកបំពាក់​ខ្មែរ​នៅទល់មុខ​កន្លែង​ធ្វើពិធី​សម្ពោន៍​នេះ។​ អ្នកស្រី​ឲ្យ​ដឹង​ថា៖

«ក្នុងបីថ្ងៃចូល​ឆ្នាំខ្មែរហ្នឹង ខ្ញុំលក់​ខោអាវបាន​ច្រើន ច្រើន​ជាងធម្មតា ​ព្រោះម្នាក់ៗ​គេ​ទិញស្លៀក​ទៅវត្ត»។​ អ្នកស្រី​បន្តែម​ថា​ «បង្កើត​ទីក្រុងខ្មែរ ​ខ្ញុំជឿថា ​អាចលក់បាន​ដាច់ច្រើន ​ព្រោះម្នាក់ៗ​ចង់​មក​មើល​ក្រុងខ្មែរ​យើង»។​ រីឯ​ហាង​លក់គ្រឿង​ឧបភោគបរិភោគ​ក៏លក់ដាច់​ណាស់ដែរ។ ​ថៅកែហាង​ Ocean Garden​ Market​ ដែល​វណ្ណ​ដេត​ធ្វើការ​និយាយ​ថា ​ទីក្រុង​ខ្មែរនឹង​ធ្វើឲ្យ​ហាង​របស់​អ្នកស្រី​មានម៉ូយកាន់​តែ​ច្រើន។

«សង្ឃឹមថា​ នឹងគ្រាន់បើ​ជាង​ ព្រោះទី​ក្រុង​វាអ៊ូអរ ​ប្រជាជន​ខ្មែរ​ច្រើន»។

ដូច​ថៅកែ​ស្រី​របស់ខ្លួន​ដែរ​ វណ្ណដេត​មាន​ជំនឿ​ថា ​ការ​បង្កើត​ទីក្រុងខ្មែរ​នេះ​នឹង​មាន​មនុស្ស​មកទិញ​ម្ហូបច្រើន​ ដែល​ធ្វើឲ្យគាត់​មាន​ការ​ធ្វើ​ទៀង​ទាត់​ សន្សំលុយ​ទិញឡាន​ថ្មី ដែល​មិន​ខូច និង​ស៊ីសាំង​មិន​ច្រើន​ដូចឡាន​ចាស់នេះ។​ វណ្ណដេត​សង្ឃឹម​ថា ​ការ​ព្យាយាម​ធ្វើការ​សន្សំលុយ​ចូលរៀន​នៅ​មហាវិទ្យាល័យ​នឹង​ជិត​សម្រេច​បំណង​ហើយ៕

XS
SM
MD
LG