ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​បញ្ជា​ឲ្យ​កម្មាភិបាល​ថ្នាក់​ក្រោម​កម្ចាត់​សត្រូវ​ផ្ទៃក្នុង


មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ប៉ុល ពត (កណ្តាល)
មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ប៉ុល ពត (កណ្តាល)
ប៉ុល ពត នួន ជា និង​ខៀវ សំផន សុទ្ធតែ​បាន​ដាក់​បញ្ជា​ឲ្យ​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់ក្រោម​ឲ្យ​ស្មោះត្រង់​នឹង​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​ត្រូវ​កម្ចាត់​សត្រូវ​ផ្ទៃក្នុង។
លោក ឯម អឿន ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយរូប​បាន​ផ្តល់​សក្ខីកម្ម​យ៉ាង​ដូច្នេះ ក្នុង​ការ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ក្នុង​សំណុំរឿង​០០២ នៅ​ថ្ងៃ​ចន្ទ​នេះ។
អតីត​គ្រូពេទ្យ​ខ្មែរក្រហម​រូប​នេះ​បាន​រៀបរាប់​ថា បុគ្គលិក​ពេទ្យ​ដែល​ត្រូវ​បញ្ជូន​ឲ្យ​មក​រៀន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្រោយ​ពេល​ពួកខ្មែរ​ក្រហម​ឡើង​កាន់អំណាច​នៅថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ត្រូវ​ប្រមូល​ឲ្យ​រៀន​វគ្គ​នយោបាយ ដែល​មាន​ប៉ុល ពត មេស្ថាបនិក​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម នួន ជា បង​ធំ​ទី​២ ក្នុង​របប​នោះ និង​ខៀវ សំផន ក្រោយ​មក​បានក្លាយ​ជា​ប្រមុខរដ្ឋ​ខ្មែរ​ក្រហមជា​អ្នក​បំពាក់​បំប៉ន​គោលនយោបាយ​ម្នាក់​ម្តង​ៗ​ដល់​សិក្ខាកាម​ដោយ​ជំរុញ​ឲ្យ​ពួកគេ​ស្មោះត្រង់ និង​បដិវត្ត។
«បើ​មិន​ធ្វើតាម​បក្ស​ទេ​យើង​ត្រូវតែ​ទទួលខុសត្រូវ​នូវ​ទង្វើ​ដែល​យើង​ធ្វើ។ លោក ប៉ុល ពត លើក​ហើយ លោក នួន ជា ក៏​លើក​ដូច​គ្នា លោក​ខៀវ សំផន ក៏​លើក​ដូចគ្នា​រួចហើយ​បាន​គាត់​ចាប់​ផ្តើម​បង្កើត​ប្រធាន​បទរៀង​ៗ​ខ្លួន»។
ការបញ្ជាក់​របស់​លោក ឯម អឿន ដោយ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​សហព្រះរាជអាជ្ញារង​អន្តរជាតិ លោក វីនសិន្ត ដឺ វីលដ៍ (Vincent De Wilde)។
ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដដែល​បាន​លើក​ឡើង​ថា នួន ជា បាន​ផ្តល់​ឧទាហរណ៍​ថា កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់​ចោល​ដោយសារ​តែ​ពួកគេ​ត្រូវ​ចាត់​ទុក​ថា ជា​សត្រូវ​ឬ​បានក្បត់​នឹង​បក្ស។
នៅក្នុង​ពេលនោះ​ដែរខៀវ សំផន បានជួយ​បន្ថែម​ថា ដើម្បី​វែកមុខ​រកខ្មាំង​គឺត្រូវ​តែ​បន្ថែម​ការងារ​ដល់​ពួកគេ​មិនឲ្យ​សម្រាក​ច្រើន។
«ធ្វើ​ការងារ​ឲ្យ​ច្រើន សម្រាក​ឲ្យ​តិច ស៊ីបាយ​ឲ្យ​តិច ធ្វើ​ការឲ្យ​ច្រើន ដូច្នេះ​ទើប​ចេញ​មុខ​អ្នកលាក់​ខ្លួន​ក្នុង​ផ្ទៃក្នុង​របស់​យើង។ នេះ​ជា​ពាក្យ​សម្តី​ដែលគាត់​លើក​ឡើង​នៅ​ពេល​នោះ»។
សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​រាប់ទាំង​កុមារ​តូចៗ ដែលចេះ​ដើរបាន​ត្រូវ​បង្ខំឲ្យ​ធ្វើ​ការងារ​មិន​រើស​មុខ​ទេ។ ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​បានស្លាប់​ទាំងអស់​សរុប​យ៉ាងតិច ១,​៧លាន​នាក់ មាន​មួយ​ចំនួន​បាន​ស្លាប់​ដោយ​ការ​បង្អត់​អាហារ ដោយ​ជំងឺ​ហើយ​គ្មាន​ថ្នាំព្យាបាល ដោយ​ការធ្វើ​ពលកម្ម​ហួសកម្លាំង ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម និង​ដោយការ​សម្លាប់​ចោល។
លោក ឯម អឿន លើក​ឡើង​ថា ការ​សម្លាប់​ដោយសារ​ពួកខ្មែរក្រហម​មិនទុកចិត្ត​លើ​ប្រជាជន​ខ្លួន​ឯង។
«សហករណ៍​ក៏​មាន​អំណាច មាន​សិទ្ធិ​ចាប់​អ្នក​នេះ អ្នក​នោះ ប្រធាន​ឈ្លប​តូច​មួយ​ក៏មាន​សិទ្ធិ​សម្លាប់​មនុស្ស​ចោល។ នៅ​ពេលនោះ​ហាក់​ដូចជា​អ្នក​ដឹកនាំ​អត់​គ្រប់គ្រង​អំណាច​បាន។ របប​កម្ពុជា​ប្រជាធិបតេយ្យ​នេះ​ខ្លាច​បំផុត​ខ្មាំង​ស៊ីរូង​ផ្ទៃក្នុង។ គេ​បាន​ប្រើ​ពាក្យ​ថា បើ​ខ្មាំង​រូបភាព​គេ​មើល​ឃើញ​តែ​ខ្មាំង​ស៊ីរូង​ផ្ទៃ​ក្នុង គេ​មើល​មិន​ឃើញ។ ការ​ដែល​មើល​មិន​ឃើញ​នេះ​ហើយ​បាន​ជាកើត​ជា​គោលការណ៍​សម្លាប់​មនុស្ស។ នេះ​មក​ពីការមិនទុកចិត្ត​របស់​ថ្នាក់ដឹកនាំ​លើ​ពលរដ្ឋ»។
កាល​ពី​សប្តាហ៍​មុន​លោក ឯម អឿន បាន​លើក​ឡើង​ថា មាន​ការ​ចាប់​ខ្លួន​បុគ្គលិក​សុខាភិបាល​និង​កម្មាភិបាល​ខ្មែរក្រហម​ដែល​ត្រូវ​បញ្ជូន​មក​រៀន​ពេទ្យ​បន្ថែម​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅ​ក្នុង​ការផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ លោក ឯម អឿន បាន​អះអាង​ថា ពួក​ខ្មែរ​ក្រហម​ចាត់ទុក​ព្រះពុទ្ធ​សាសនា​ជា​សត្រូវ​ចាប់តាំង​ពី​ឆ្នាំ​១៩៧២ មក​ម្លេះ។
XS
SM
MD
LG