ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​ឱ្យ​ទេសចរ​ជប៉ុន​ទទួល​ត្រា​ចូល​លើ​យន្តហោះ


ចំនួន​ភ្ញៀវទេសចរ​បរទេស​​ដែល​​មក​​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ មាន​ចំនួន​ជាង​៤លាន​និង​២សែន​នាក់​។​ ជនជាតិវៀតណាម​បាន​ជាប់​លំដាប់​ថ្នាក់ទី​មួយ​ ​បន្ទាប់ភ្ញៀវ​ទេស​ចរណ៍​មកពី​​​​​ចិន​ កូរ៉េ​ ឡាវ​ និង​ពី​​ជប៉ុន៕
ចំនួន​ភ្ញៀវទេសចរ​បរទេស​​ដែល​​មក​​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ មាន​ចំនួន​ជាង​៤លាន​និង​២សែន​នាក់​។​ ជនជាតិវៀតណាម​បាន​ជាប់​លំដាប់​ថ្នាក់ទី​មួយ​ ​បន្ទាប់ភ្ញៀវ​ទេស​ចរណ៍​មកពី​​​​​ចិន​ កូរ៉េ​ ឡាវ​ និង​ពី​​ជប៉ុន៕
ប្រទេស​កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​របស់​ក្រុម​ហ៊ុន​ជប៉ុន​ បាន​ទទួល​ការបោះត្រា​ចូល​នៅលើ​យន្តហោះ​ធ្វើ​ដំណើរ​ផ្ទាល់​ដោយ​មិន​ចាំ​បាច់​ឈរ​តម្រៀប​ជួរ​នាំ​ឱ្យ​ខាត​ពេល​វេលា​រង់ចាំ​ទេ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ​បាន​សម្រេច​នៅ​ថ្ងៃ​អង្គារ​នេះ​យល់​ព្រម​ឱ្យ​ប៉ូលិស​អន្តោប្រវេសន៍​កម្ពុជា​ឡើង​លើ​យន្តហោះ​ដើម្បី​បោះ​ត្រា​លើ​ទិដ្ឋាការ​ពេល​មក​ដល់​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​ហ៊ុនទេស​ចរណ៍​ឯកជន​របស់​ជប៉ុន។

ការ​យល់​ព្រមរបស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​បាន​ចូល​រួម​វេទិកា​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​លើក​ទី​១៧​ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ក្រុង​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ថា​ការ​យល់​ព្រម​បោះ​ត្រានៅ​លើ​យន្ត​ហោះ​នេះ​ជា​ផ្នែក​មួយ​ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​និង​ក៏ជា​ផ្នែក​មួយ​ដើម្បី​ទាក់​ទាញ​ទេសចរណ៍​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​និយាយ​ថា៖

«នេះ​ជា​វិធី​មួយ​ដើម្បី​ទាក់​ទាញ។ កុំភ្លេច​ថា​ប្រទេស​ដទៃ​មាន​គោល​ដៅ​ទេស​ចរណ៍​ដូច​យើង​ដែរ​ ទោះបី​គ្មាន​អង្គរវត្ត​ក៏គេ​ដើរ​បាន​ដែរ។ ធ្វើ​អាហ្នឹង​គឺ​ទាក់​ទាញ​មួយ​ដែរ​បើ​គង់​តែ​មក​ដល់​បោះ​ត្រា​ឱ្យ​ដូច​តែគ្នា។ អញ្ចឹង​បោះ​នៅ​លើ​យន្តហោះ​តែ​ម្តង​ទៅ»។​

វិធានការ​បោះ​ត្រា​លើ​ទិដ្ឋការ​ពេល​មក​ដល់​នេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​លើក​ដំបូង​គេ​ទៅ​លើ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ឯកជន​របស់​ជប៉ុន​ដែល​មាន​បំណង​អស់​ត្រង់​ពី​ប្រទេស​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ថា​ក្រុម​ហ៊ុន​ ទេសចរណ៍​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បោះ​ត្រា​ទិដ្ឋាការ​នៅ​លើ​យន្ត​ហោះ​ដូច​គ្នា​នេះ​ដែរ​បន្ទាប់​ពី​ប្រទេស​ជប៉ុន។​

លោក​និយាយ​ថា៖

​«​ឥឡូវ​បើ​ឥណ្ឌូនេស៊ី​ធ្វើជាមួយ​ជប៉ុន​ហើយ ​កម្ពុជា​ក៏អាច​ធ្វើជា​មួយ​កូរ៉េ​ខាង​ត្បូង​បាន​ដែរ១០​វ៉ុល​ក្នុង​មួយ​ថ្ងៃ​កុំ​ឱ្យ​ស្ទះ​ចររាចរណ៍​នៅ​ចាំ​នៅ​ទី​ហ្នឹង»។​

ភ្ញៀវ​ទេស​ចរណ៍​ដែល​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ននេះតាម​ជើង​យន្តហោះ​ក្តី​និង​តាម​ផ្លូវ​គោក​ក្តី​ត្រូវ​បំពេញ​លិខិត​ចេញ​ចូល​បន្ទាប់​មក​ភ្ញៀវ​ទាំង​នោះ​ត្រូវ​បង្ហាញ​លិខិត​ដែល​បាន​បំពេញ​រួច​ទៅ​ប៉ូលិស​អន្តោប្រវេសន៍​ដើម្បី​ពិនិត្យ​មុន​បោះ​ត្រាលើ​លិខិត​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ឬ​ក៏​ចូល។​

លោក​ ហូរ វ៉ាន់​ឌី​ សហប្រធាន​ក្រុម​ការងារ​ទេស​ចរណ៍​កម្ពុជា​មាន​ប្រសាសន៏​ថា​ក្រុម​ហ៊ុនឯក​ជន​និង​រដ្ឋាភិបាល​ត្រូវ​ធ្វើ​កិច្ច​ការ​ងារ​បន្ត​ទៀត​ថា​តើ​មាន​លទ្ធភាព​ប៉ុណ្ណា​ក្នុង​ការ​អនុញ្ញាតតាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

លោក​បញ្ជាក់​ថា​កន្លង​មក​មាន​ការ​សម្រួល​បែបបទ​ចំពោះ​មន្ត្រី​ការទូត​ក៏ដូច​ជាមន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​នីមួយ​ៗ​ដែល​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ក៏ប៉ុន្តែ​សម្រាប់​ក្រុម​ហ៊ុន​ឯកជន​ទាមទារ​ឱ្យ​មាន​ការ​សិក្សាបន្ថែម​ទៀត។

លោក​និយាយ​ថា៖

​«​បាន​ខាង​ឯក​ជន​ត្រូវ​ពិភាក្សា​គ្នា​ថែម​ទៀត​ថា​តើ​ខាង​ក្រុម​ហ៊ុន​អាកាសចរណ៍​គាត់​មាន​លទ្ធភាព​ប៉ុណ្ណា​ផ្តល់​ជូន​នូវ​សេវាកម្ម​ហ្នឹង​ហើយ​ខាង​រដ្ឋ​លោក​មាន​លទ្ធភាព​ប៉ុណ្ណា​ដែល​ចាត់​ជូន​មន្រ្តី​ដើម្បី​ធ្វើ​ការជាមួយ​នឹង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ហ្នឹង»។

លោក​ ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍​មាន​ប្រសាសន៍​ថាមាន​ក្រុម​ហ៊ុនទេស​ចរណ៍​ជប៉ុន​មួយ​ឈ្មោះ​«​Atlantic Air Asia»​បាន​ស្នើ​សុំ​មក​រដ្ឋាភិបាល​ដើម្បី​ឱ្យ​មន្ត្រី​អន្តោប្រវេសន៍​ផ្តល់​ទិដ្ឋាការ​នៅ​លើ​យន្ត​ហោះ​ដូច​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ក៏ប៉ុន្តែ​នៅ​កម្ពុជា​មិន​ទាន់​បាន​អនុវត្ត​ទេ​ដោយ​សារ​កម្ពុជា​មិន​ទាន់​ព្រមព្រៀង​លើក​លែង​ទិដ្ឋាកា​ជាមួយ​ប្រទេស​ជប៉ុន។​

លោក​និយាយ​ថា៖​

«​ពីព្រោះ​ជប៉ុន​គាត់​អញ្ចឹង។​ទីមួយ​គាត់​ចាស់ៗ​ធ្វើ​ដំណើរ​គាត់​មិន​ចង់​ឈប់​នៅ​កន្លែង​ណាពីរ​ដង​ទេ​គាត់​ចង់តែ​ធ្វើ​ដំណើរ​Direct Flight​តែម្តង​ ហោះ​មក​ត្រង់​តែម្តង។ ​ហើយ​ទីពីរ​ មិន​ចាំបាច់​មាន​Visaទេ។​អញ្ចឹង​នេះជា​ករណី​មួយ​ម៉្យាង​ដែរ​ក្នុង​ការ​ស្រួល​ធ្វើ​ទិដ្ឋការ​នៅ​លើ​យន្តហោះ»។​

ចំនួន​ភ្ញៀវទេសចរ​បរទេសដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​មាន​ចំនួន​ជាង​៤លាន​និង​២សែន​នាក់​។​ ជនជាតិវៀតណាម​បាន​ជាប់​លំដាប់​ថ្នាក់ទី​មួយ​ ​បន្ទាប់​មកមាន​ភ្ញៀវ​ទេស​ចរណ៍​មកពី​ប្រទេស​ចិន​ កូរ៉េ​ ឡាវ​ និង​ពី​ប្រទេស​ជប៉ុន៕
XS
SM
MD
LG