ភ្នំពេញ៖ បារាំងរីករាយនឹងប្រគល់ផែនទីដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហើយក៏ស្វាគមន៍ប្រទេសទាំងឡាយរួមទាំងថៃផងដែរ ប្រសិនបើគេចង់ប្រើប្រាស់ផែនទីនោះ។
មន្ត្រីផ្លូវការក្រសួងការបរទេសកម្ពុជា បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងប៉ារីសធ្វើការទំនាក់ទំនងជាមួយក្រសួងការបរទេសបារាំងនៅព្រហស្បតិ៍នេះ ដើម្បីទទួលយកការផ្តល់ផែនទីរបស់បារាំងសម្រាប់ជួយដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងប្រទេសថៃ។
ទីភ្នាក់ងារព័ត៌មានបារាំង អាហ្វេប៉េ (AFP) បានរាយការណ៍នៅថ្ងៃពុធថា ប្រទេសបារាំងបានយល់ព្រមផ្តល់ផែនទីដែលបានផលិតនៅដើមសតវត្សរ៍ចុងក្រោយនៅពេលដែលប្រទេសបារាំងបានត្រួតត្រាឥណ្ឌូចិន។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់ វីអូអេ ថា កម្ពុជាសូមស្វាគមន៍ចំពោះការយល់ព្រមផ្តល់ជំនួយផ្នែកឯកសារពីរដ្ឋាភិបាលបារាំងនេះ។
«រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៏ចំពោះការផ្តល់អ្វីៗ ដែលប្រទេសបារាំងអាចផ្តល់បានមកដល់ប្រទេសកម្ពុជារបស់យើង ជាពិសេសផែនទីផ្សេងៗ គឺប្រទេសកម្ពុជារបស់យើងសូមស្វាគមន៍។ ហើយ រាជរដ្ឋាភិបាលកម្ពុជារបស់យើងនឹងឱ្យឯកអគ្គរាជទូតរបស់យើងប្រចាំនៅទីក្រុងប៉ារីសទាក់ទងជាមួយក្រសួងការបរទេសបារាំង ដើម្បីពិភាក្សាអំពីបញ្ហាហ្នឹង»។
យោងតាមទីភ្នាក់ងារព័ត៌មានបារាំងអាហ្វេប៉េ លោក ប៊ែរណាដ វ៉ាលើរ៉ូ (Bernard Valero) អ្នកនាំពាក្យក្រសួងការបរទេសបារាំង បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃពុធថា រដ្ឋាភិបាលក្រុងប៉ារីស រីករាយនឹងផ្តល់ឯកសារទៅឱ្យប្រទេសណាមួយដែលបានស្នើសុំបារាំង ដើម្បីពិគ្រោះយោបល់លើឯកសារទាំងនេះ ឬធ្វើការថតចម្លងឯកសារទាំងនេះ។
កាសែតបាងកក ប៉ុស្ត (Bangkok Post) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា លោកឧបនាយករដ្ឋមន្ត្រីថៃ ស៊ុថេប ថងស៊ុបាន (Suthep Thangsuban) បានបដិសេធដល់អន្តរាគមន៍ណាមួយពីភាគីបារាំង ដើម្បីជួយដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
លោកកុយ គួង បានហៅការបដិសេធដោយភាគីថៃ ថា ថៃមានគំនិតចង់ដណ្តើមទឹកដីពីកម្ពុជា យ៉ាងច្បាស់ក្រឡែត។ លោក កុយ គួងបន្តទៀតថា៖
«ខ្ញុំយល់ថា ការជំទាស់ពីភាគីថៃអំពីការផ្តល់ផែនទីរបស់ប្រទេសបារាំងដែលត្រឹមត្រូវ ហើយច្បាប់អន្តរជាតិទទួលស្គាល់នេះ បង្ហាញថា ប្រទេសថៃខ្លាចក្រែងមិនអាចដណ្តើម ឬមិនអាចបំពេញមហិច្ឆិតាលោភលន់របស់ខ្លួន ដែលចង់ដណ្តើមទឹកដីកម្ពុជាដោយឥតអៀនខ្មាសនោះ»។
កម្ពុជា និងថៃ បានយល់ព្រមថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទខាងមុខនេះដែលជាចំណែកមួយនៃកិច្ចខំប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះព្រំដែន។
មេដឹកនាំព្រះសង្ឃព្រះពុទ្ធសាសនាជាន់ខ្ពស់ចំនួន៩អង្គកម្ពុជា បានអំពាវនាវដល់សហគមន៍ព្រះពុទ្ធសាសនា សហគមន៍សាសនានានា និងសហគមន៍អន្តរជាតិ ឱ្យជួយទប់ស្កាត់សង្គ្រាម និងអំពើ ហិង្សាមកលើព្រះពុទ្ធសាសនាដែលកំពុងកើតឡើងនៅតំបន់ប្រាសាទព្រះវិហារ។ គណៈសង្ឃកម្ពុជាអំពាវនាវឱ្យមានការបញ្ចប់ជាបន្ទាន់នូវការប្រយុទ្ធគ្នា ការបាញ់បំផ្លាញវត្តអារាម ជាទីសក្ការៈរបស់ពុទ្ធសាសនិកជន និងបេតិកភណ្ឌពិភពលោកដែលជាសម្បត្តិវប្បធម៌មានតម្លៃព្រមទាំងស្តារឡើងវិញនូវសន្តិភាពលើទឹកដីដ៏ពិសិដ្ឋនៃតំបន់ប្រាសាទព្រះវិហារ៕