ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រឈម​នឹង​អតិផរណា​ខ្ពស់​នៅ​ឆ្នាំ​២០១១


អ្នក​លក់​ម្នាក់​ហុច​ថង់​បាយ​ទៅ​ឲ្យ​អ្នក​ទិញ​​​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ។ អង្គការ​សហប្រជាជាតិ​បាន​ព្យាករណ៍​ថា កម្ពុជា​នឹង​ប្រឈម​នឹង​អតិផរណា​រហូត​ដល់​៦​ភាគរយ​នៅ​ឆ្នាំ២០១១ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០ ដែល​អតិផរណា​មាន​ជាង​៤ភាគរយ។
អ្នក​លក់​ម្នាក់​ហុច​ថង់​បាយ​ទៅ​ឲ្យ​អ្នក​ទិញ​​​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ។ អង្គការ​សហប្រជាជាតិ​បាន​ព្យាករណ៍​ថា កម្ពុជា​នឹង​ប្រឈម​នឹង​អតិផរណា​រហូត​ដល់​៦​ភាគរយ​នៅ​ឆ្នាំ២០១១ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០ ដែល​អតិផរណា​មាន​ជាង​៤ភាគរយ។

អង្គការ​សហប្រជាជាតិ​បាន​ព្យាករណ៍​ថា កម្ពុជា​នឹង​ប្រឈម​នឹង​អតិផរណា​រហូត​ដល់​៦​ភាគរយ​នៅ​ឆ្នាំ២០១១ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០ ដែល​អតិផរណា​មាន​ជាង​៤ភាគរយ។ យោង​តាម​អង្គការ​សហប្រជាជាតិ អតិផរណា​នេះ​ត្រូវបាន​ព្យាករណ៍​ដោយ​ផ្អែក​ទៅ​លើ​តម្លៃ​ប្រេង ​និង​ទំនិញ​នាំចូល​ បាន​កើនឡើង​ខ្ពស់។

គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វ៊ិក​ បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ដោយ​បាន​បង្ហាញ​ថា អតិផរណា​មាន​៤,១​ភាគរយ​ក្នុង​ឆ្នាំ ២០១០ និង​គ្រោង​នឹង​កើន​ឡើង ដល់​៦ភាគរយ​ក្នុង​ឆ្នាំ២០១១។ នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​លើ​ប្រាក់​ដុល្លារ​ដូច​កម្ពុជា​នេះ ការ​ដែល​ប្រាក់​ដុល្លារ​ចុះ​ថោក​អាច​នាំ​ឱ្យ​អំណាចទិញ​ធ្លាក់​ចុះ ​និង​អតិផរណា​នាំ​ចូល​ខ្ពស់​ពី​បណ្តា​ប្រទេស​ជិត​ខាង​ ដែល​រូបិយប័ណ្ណ​របស់​គេ​ថ្លៃ​ជាង​ប្រាក់​ដុល្លារ។

លោក រស់ សីលវ៉ា​ អគ្គលេខាធិការ​រង​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​ថ្លែង​ប្រាប់​សន្និសីទ ​កាសែត​ថា រដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត​រក្សា​កម្រិត​អតិផរណា​ក្នុង​រង្វង់​៥​ភាគរយ ​ហើយ​អតិផរណា​៦​ភាគរយ​នេះ គឺ​គ្រាន់​តែ​ជា​ការ​ព្យាករណ៍​ប៉ុណ្ណោះ។ លោក ថ្លែង​ដូច្នេះ​ថា៖

«អតិផរណា​ជា​កង្វល់។ សព្វថ្ងៃ​ រដ្ឋាភិបាល​តាមដាន​ជាប្រចាំ​ ហើយ​គិតគូរ​ជាប្រចាំ​ ថាតើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ ដើម្បី​ដោះស្រាយ​បញ្ហា​អតិផរណា​នេះ។ យើង​មិន​អាច​សន្មត​ថា អតិផរណា​៦​ភាគរយ​នាំឱ្យ​កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ចទេ»។

លោក រស់ សីលវ៉ា ​បាន​បន្តថា កម្ពុជា​មាន​បទពិសោធន៍​យ៉ាងល្អ​ក្នុង​វិស័យ​សេវាកម្ម ​និង​កសិកម្ម ប៉ុន្តែ​មាន​បទពិសោធន៍​តិចតួច ​ក្នុង​វិស័យ​ផលិតផល​ផ្នែក​ឧស្សាហកម្ម​ចម្រុះ។

លោក​ កង ច័ន្ទតារារ័ត្ន ​អ្នក​សេដ្ឋកិច្ច ​និង​ជានាយក​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​ការ​អភិវឌ្ឍ ​មិន​យល់​ស្រប​នឹង​ការព្យាករណ៍​នេះ​ទេ ពីព្រោះ​តម្លៃ​ប្រេង​មាន​សញ្ញា​ធ្លាក់ចុះ​ និង​ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក​មាន​សញ្ញា​ល្អ​ដែល​ធ្វើ​តម្លៃ​ប្រាក់​ដុល្លារ​នៅ​ទីផ្សារ​អន្តរជាតិ​កើន​ឡើង។

«ស្ថានភាព​ទាំងអស់​នេះ​ ខ្ញុំ​ជឿថា វា​នឹង​ជួយ​ជំរុញ​ឱ្យ​ថ្លៃ​ទំនិញនិង​ស្បៀង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ ហើយ​ក៏ជួយ​ឱ្យ​អតិផរណា​នៅ​ក្នុង​ស្រុក​ខ្មែរ​ធ្លាក់​ចុះ​ដែរ»។

លោក កង ច័ន្ទតារារ័ត្ន ​បាន​ពន្យល់​ថា អតិផរណា​បន្ទុច​បង្អាក់​គម្រោង​វិនិយោគ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ​និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​បុគ្គលិក​រដ្ឋ​ និង​អ្នក​មាន​ប្រាក់ខែ​ស្ថេរ៕

XS
SM
MD
LG