ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​ប្រឈម​នឹង​បញ្ហាច្រើន​ក្នុង​តួនាទី​ជា​ប្រធាន​សមាគម​អាស៊ាន


លោក ​ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា
លោក ​ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា

ភ្នំពេញ៖ ក្រុម​អ្នក​សង្កេតការណ៍​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​ដោះស្រាយ​បញ្ហា​លំបាក​ជា​ច្រើន​ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​ផ្ទៃ​ក្នុង​ និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

កម្ពុជា​បាន​ទទួល​វេន​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២​បន្ត​ពី​ប្រទេស​ឥណ្ឌូនេស៊ី។

លោក ​ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ​បាន​ជួប​ជាមួយ​លោក​ ស៊ូរិន ​ពិតសុវណ្ណ​ (Surin Pitsowan) អគ្គលេខាធិការ​អាស៊ាន ​ដើម្បី​ពិភាក្សា​អំពី​ការគាំទ្រ​ និង​សហប្រតិបត្តិការ​ជាមួយ​ប្រធាន​អាស៊ាន​ថ្មី ​សំដៅ​ធ្វើ​ឲ្យ​ប្រាកដ​ថា ឆ្នាំ​២០១២​ គឺ​ជា​ឆ្នាំ​ជោគជ័យ​សម្រាប់​អាស៊ាន។

លោក ​ហោ ​ណាំហុង ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្រោយ​ពី​ជំនួប​ថា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ជំរុញ​ការ​តភ្ជាប់​សកម្មភាព​នយោបាយ ​សន្តិសុខ ​សេដ្ឋកិច្ច ​និង​វប្បធម៌ សំដៅ​កសាង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥​ឲ្យ​បាន​ជោគជ័យ។

«យើង​និយាយ​តែ​បញ្ហា​អាស៊ាន ធ្វើ​យ៉ាង​ណា​ធ្វើ​សមាហរណកម្ម​អាស៊ាន​ឲ្យ​បាន​ ដើម្បី​កសាង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥ ​និង​ធ្វើ​យ៉ាងណា​ការ​តភ្ជាប់​អាស៊ាន​លើ​គ្រប់វិស័យ​ទាំង​ហេដ្ឋា​រចនាសម្ព័ន្ធ​ ទាំង​ខាង​ស្ថាប័ន ​និង​ទាំង​ការ​ផ្លាស់ប្តូរ​ប្រជាជន ​និង​ប្រជាជន​ឲ្យ​បាន​ជោគជ័យ ​ដើម្បី​ឈាន​ទៅ​ការ​កសាង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥»

លោក ​ស៊ូរិន​ ពិតសុវណ្ណ ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន ​ក្រោយ​ជំនួប​ថា សមាជិក​អាស៊ាន​ និង​ប្រទេស​ដៃ​គូ​សន្ទនា​របស់​អាស៊ាន​ទាំងអស់​គាំទ្រ​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន​ ហើយ​អាស៊ាន​នឹង​ខំប្រឹង​ធ្វើ​កាងារ​របស់​ខ្លួន​ឲ្យ​សម្រេច​បាន​នូវ​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥។

«សមាជិក​អាស៊ាន​ និង​ដៃ​គូ​សន្ទនា​ទាំង​អស់​មាន​ការ​ជឿជាក់​យ៉ាងពេញលេញ​ថា កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ដោយ​ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង ​ហើយ​ទាំង​អស់​គ្នា​សន្យា​គាំទ្រ​តាមរយៈ​រូប​ខ្ញុំ​ និង​តាមរយៈ​លេខាធិការដ្ឋាន​ដែល​យើង​នឹង​ធ្វើ​អ្វីៗ​ចាំ​បាច់​គ្រប់យ៉ាង។ កម្ពុជា​ចង់​សហប្រតិបត្តិការ ​និង​ការគាំទ្រ ​និង​ការ​សម្របសម្រួល​ពី​សមាជិក​អាស៊ាន​ និង​ដៃគូ​សន្ទនា​ទាំង​អស់ ​ដើម្បីជួយ ​គាំទ្រ​ និង​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ​ជា​ប្រធាន​អាស៊ាន​ ពីព្រោះ​ពួក​គេ​ដឹង​ថា​អាស៊ាន​គឺ​ជា​អង្គការ​តំបន់​ជោគជ័យ​បំផុត​នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន»

លោក សន ម៉ាក់គីនតុស្ស (Sean J. McIntosh) អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​បញ្ជាក់​ថា ជា​ទូទៅ​សហរដ្ឋ​អាមេរិក​ទន្ទឹង​រង់ចាំ​គាំទ្រ​កម្ពុជា​នៅ​ក្នុង​អំឡុង​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​ខ្លួន​នៅ​ឆ្នាំ​២០១២។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក្រុម​អ្នក​សង្កេតការណ៍​បាន​មើល​ឃើញ​ថា តំណែង​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ស្មុគស្មាញ​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ​ដូច​ជា​ជម្លោះ​ព្រំដែន​ខ្មែរ​ ថៃ ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​ការ​គោរព​សិទ្ធិ​មនុស្ស ​គ្រោះមហន្តរាយ​ធម្មជាតិ។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​ថ្លែង​ថា តួនាទី​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នឹង​ជួយ​ជំរុញ​ការកសាង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥​ទាំង​សេដ្ឋកិច្ច ​នយោបាយ ​សន្តិសុខ​ និង​វប្បធម៌​ដោយ​គ្មាន​បញ្ហា​ទេ ប៉ុន្តែ​ជម្លោះ​សមុទ្រចិន​ខាង​ត្បូង​ជា​បញ្ហា​លំបាក​ពីព្រោះ​សមាគម​អាស៊ាន​បាន​ទទួល​រង​ឥទ្ធិពល​នយោបាយ​ពី​សហរដ្ឋមេរិក ​និងចិន​ ខណៈ​ដែល ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​គោល​នយោបាយ​យ៉ាង​ច្បាស់​អំពី​ការ​កសាង​យុទ្ធសាស្ត្រ​យោធា​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​គំហែង​ខាង​យោធា​មក​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

«ខ្ញុំ​ឃើញ​មាន​ឧបសគ្គ​បី​៖ ​ទី១ទំនាស់​ព្រំដែន​រវាង​ខ្មែរ​ និង​ថៃ។ កម្ពុជា​មិនអាច​បំពេញ​មុខ​នាទី​ដោយ​អព្យាក្រឹត្យ។ ទី២ ចិន ​និង​វៀតណាម​ទាស់​គ្នា ​ហើយ​ចិន​ និង​ប្រទេស​អាស៊ាន​ រួម​ទាំង​ប្រទេស​វៀតណាម​ខុស​ពី​ទស្សនៈ​ និង​ជំហរ​ចិន​ថា ដោះស្រាយ​ (ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង) តាម​ទ្វេភាគី ​គឺ​ពិបាក​ និង​ទី​៣​ឆ្នាំ​២០១២​នេះ ​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា ​វៀតណាម។ ឥឡូវ​នេះ ​គោលនយោបាយ​ក្រៅ​ប្រទេស​ យើង​ដូច​ជា​ជួប​ឧបសគ្គ​ច្រើន»

លោក ​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បញ្ជាក់​ថា កម្ពុជា​មិន​គេចវេស​ពី​តួនាទី​រក​ដំណោះស្រាយ​បញ្ហា​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង​បាន​ទេ​ ហើយ​បញ្ហា​ជម្លោះ​នេះ​ គឺ​ជា​បញ្ហា​រសើប​ដែល​កម្ពុជា​ពិបាក​សម្រេច​ចិត្ត​ពីព្រោះ​ចិន​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់កម្ពុជា ​និង​អាស៊ាន។

«ឥឡូវ​នេះ កម្ពុជា​មាន​សម្ពាធ​ក្នុង​ការ​ដោះស្រាយ​ និង​រក​ដំណោះស្រាយ​បញ្ហា​ទាក់ទង​រឿង​ចិន​ជាមួយ​នឹង​វៀតណាម ​ហើយ​ចិន​ជាមួយ​ហ្វីលីពិន ​ឥណ្ឌូនេស៊ី ​និង​សមាជិក​អាស៊ាន​ដទៃ​ ដែល​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង​គឺ​ជា​ប្រធាន​បទ​មួយ​ដែល​អាស៊ាន​ទោះ​បី​ចង់​ មិន​ចង់ ​ត្រូវ​តែ​លើក​ឡើង​យក​មក​ពិភាក្សា​ក្នុង​យន្តការ​សន្តិសុខ​រួម។ កម្ពុជា​ជា​ប្រធាន​អាស៊ាន​ត្រូវ​ដើរ​តួនាទី​សម្របសម្រួល​ឲ្យ​អាស៊ាន​ចរចា​ជាមួយ​នឹង​ចិន ​ប៉ុន្តែ​មិន​អាច​ដាក់​សម្ពាធ​លើ​ចិន​បាន​ទេ​ ពីព្រោះ​ប្រទេស​កម្ពុជា​នៅ​ក្រោម​ឥទ្ធិពល​ចិន​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ»

លោក ​អ៊ូ ​វីរៈ ​បាន​បន្ថែម​ថា តួនាទី​អាស៊ាន​របស់​កម្ពុជា​ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​ខ្មែរ​ ថៃ​នេះ​ ជា​ផ្លូវ​មួយ​ដែល​កម្ពុជា​ត្រូវ​ដើរ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត។

«កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ ​ហើយ​ក៏ជា​ភាគី​នៃ​ជម្លោះ។ ប្រទេស​កម្ពុជា​គឺ​ពិបាក​ក្នុង​ការ​ដាក់​របៀប​វីរៈ​ជម្លោះ​នេះ ​ដើម្បី​រក​ដំណោះស្រាយ។ អញ្ចឹង ខ្ញុំ​មើល​ទៅ​របៀប​វារៈ​នេះ​គឺ​ប្រហែល​ជា​នៅ​ទ្វេភាគី​ជា​ជាង​នៅ​ជាមួយ​អាស៊ាន។ ចំពោះ​ខ្ញុំៗ​ថា កម្ពុជា​ប្រហែល​ជា​រក​ដំណោះស្រាយ​ចរចា​ទ្វេភាគី​ ជាជាង​យក​យន្តការ​អាស៊ាន​មក​ប្រើប្រាស»

លោក ផាវីន ឆាឆាវ៉ាលផុងពុន (Pavin Chachavalpongpun) អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​នយោបាយ​ និង​យុទ្ធសាស្ត្រ​នៅ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អាស៊ាន​បាន​ថ្លែង​ក្នុង​សារអេឡិចត្រូនិក​ថា កម្ពុជា​អាច​ជួប​ឧបសគ្គ​ជា​ច្រើន​ទាក់ទង​នឹង​ការ​ដឹកនាំ​អាស៊ាន​នេះ។ ប៉ុន្តែ​កម្ពុជា​ត្រូវ​តែ​ពង្រឹង​កម្លាំង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​នេះ​ ហើយ​វា​ជា​ការ​ឈ្លាសវ៉ៃ​ ដែល​កម្ពុជា​នឹង​លើក​ឡើង​អំពី​បញ្ហា​ដំណោះស្រាយ​ជម្លោះ ​និង​ផ្តល់​ជា​អាទិភាព​នោះ៕

XS
SM
MD
LG