ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភាអនុម័តកិច្ច​ព្រម​ព្រៀង​កុង​ស៊ុល​កម្ពុជា ​ចិន


ប្រទេស​កម្ពុជា​បាន​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ពង្រីក​ការ​ទូត​ជា​ផ្លូវ​ការ​ នៅ​ក្នុង​ប្រទេស​ចិន​ នៅ​ថ្ងៃ​សុក្រ​នេះ​ ខណៈ​ដែល​រដ្ឋ​សភា​បាន​អនុ​ម័ត​យល់​ព្រម​ជា​ឯកច្ឆ័ន​លើ​អនុ​សញ្ញា​មួយ​ ដើម្បី​អនុញ្ញាត​ឱ្យ​បង្កើត​ស្ថាន​កុង​ស៊ុល​យ៉ាង​តិច​៦​នៅ​ទូទាំង​ប្រទេស​ចិន។

សមាជិក​សភា​ចំនួន​៨៩​រូប​នៃ​សមាជិក​សភា​សរុប​១២៣​រូប ​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​សម័យ​ ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋ​សភា​ បាន​បោះ​ឆ្នោត​អនុម័ត​អនុសញ្ញា​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​ ក្នុង​គោល​បំណង​ជំរុញ​ការ​អភិវឌ្ឍន៍​ទំនាក់ទំ​នង​ការ​ទូត​ពាណិជ្ជ​កម្ម​ ​សេដ្ឋ​កិច្ច​ វិនិ​យោគ​ វប្ប​ធម៌ ​ទេស​ចរណ៍​ វិទ្យា​សាស្ត្រ​ និង​វិស័យ​ដទៃ​ជា​ច្រើន​ទៀត​ ហើយ​ក៏​អនុញ្ញាត​ ឱ្យ​ប្រទេស​ចិន​ បើក​ស្ថាន​កុង​ស៊ុល​បន្ថែម​ទៀត​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ទូទាំង ​ប្រទេស​កម្ពុជា។

ការ​អនុម័ត​លើ​អនុ​សញ្ញា​កុង​ស៊ុល​នេះ​ធ្វើ​តាម​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជា​មួយ​ប្រទេស​ចិន​នៅ​ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ថ្មីៗ​នេះ​ ដែល​រួម​មាន​ជំនួយ​ទឹក​ប្រាក់១២០០​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​ឆ្នាំ​២០០៩​និង​ការ​ប្រកាស​ជំនួយ​យោធា​១៤​លាន​ដុល្លារ​អាមេរិក​ កាល​ពី​ថ្ងៃ​អាទិត្យ។

អនុ​សញ្ញា​នេះ​សំដៅ​ការ​ពារ​សិទ្ធិ ​និង​ផល​ប្រយោជន៍​បុគ្គល​ស្រប​ច្បាប់​របស់​ប្រជា​ពល​រដ្ឋ​ នៃ​ប្រទេស​ទាំង​២​ ​ស្រប​តាម​ច្បាប់ ​និង​ទម្លាប់​អន្តរ​ជាតិ។​ ប្រទេស​កម្ពុជា​មាន​ការិយា​ល័យ​ ទំនាក់​ទំនង​ចំនួន​៦​នៅ​ក្នុង​ទី​ក្រុង​ធំៗ​នៃ​ប្រទេស​ចិន ​ដូច​ជា​ហុងកុង​ ម៉ាកាវ​ សៀងហៃ​ ក្វាងចូវ​ ឆុងឈ៉ីង​ គុនម៉ិន​ និង​ណាន់និញ ​ជាដើម​ដែល​នឹង​ក្លាយ​ទៅ​ស្ថាន​កុង​ស៊ុល។

លោក​ ហោ ណាំហុង ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ ពាណិជ្ជ​កម្ម​ និង​ការ​វិនិ​យោគ​រវាង​កម្ពុជា ​និង​ចិន​មាន​ការ​រីក​ចម្រើន​ខ្លាំង​ណាស់ ​ដែល​តម្រូវ​ ឱ្យ​មាន​អនុ​សញ្ញា​កុង​ស៊ុល​នេះ។​ អនុ​សញ្ញា​នេះ​នឹង​ជំរុញ​ប្រជា​ពល​រដ្ឋ​ចិន​កាន់​តែ​ច្រើន​ឡើង​ មក​ធ្វើ​ទេស​ចរណ៍​ ធ្វើ​ពាណិជ្ជ​កម្ម ​ធ្វើ​ការ​ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច​ និង​ការ​វិនិ​យោគ។

"ខ្ញុំ​សូម​អរគុណ​អង្គ​សភា​ទាំង​មូល​ ដែល​បាន​អនុម័ត​យល់​ព្រម​ជា​ឯកច្ឆ័ន​៨៩​សំឡេង​លើ​៨៩​ សំឡេង​និង​អនុញ្ញាត​ឱ្យ​រដ្ឋា​ភិបាល​បាន​ដំណើរ​ការ​ជា​មួយ​ប្រទេស​ចិន​ក្នុង​ការ​ទំនាក់​ទំនង​ សេដ្ឋ​កិច្ច​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចច្រើន​កាន់​តែ​ខ្លាំង​ឡើង​រវាង​ប្រទេស​របស់​យើង​ទាំង​២​ឱ្យ​ បាន​រលូន​ល្អ​ទៅ​មុខ​ក្នុង​ផល​ប្រយោជន៍​ការ​ពារ​ការពង្រឹង​ពង្រីក​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ របស់​ប្រទេស​យើង"។

លោក​សុន​ ឆ័យ ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង ​បាន​ថ្លែង​ថា ​សកម្ម​ភាព​ការ​ងារ​ផ្នែក​ជួយ​ រក​ទី​ផ្សារ​ពាណិជ្ជ​កម្ម​ និង​ទាក់​ទាញ​វិនិ​យោគ​ពី​ប្រទេស​ទាំង​នោះ​ មក​ប្រទេស​កម្ពុជា​របស់​ មន្ត្រី​ស្ថាន​ទូត​ និង​ស្ថាន​កុងស៊ូល​របស់​យើង​នៅ​បរទេស ​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ។

លោក​ សុន ​ឆ័យ ​បាន​បន្ត​ថា ​យើង​មិន​ទាន់​បាន​ប្រើ​ប្រាស់​ស្ថាន​ទូត​ និង​ស្ថាន​កុងស៊ូល​របស់​ យើង​ ដើម្បី​ជា​ប្រយោជន៍​សេដ្ឋ​កិច្ចទេ។

"ព្រះ​រាជា​ណា​ចក្រ​ម្ពុជា​យើង​ដែល​បាន​ចំណាយ​ប្រាក់​មួយ​ចំនួន ​ដើម្បី​បង្កើត​ឱ្យ​មាន​ជា​ស្ថាន​ ទូត​និង​ស្ថាន​កុងស៊ុល​នេះ​ គួរ​ប្រើ​ប្រាស់​ទី​តាំង​និង​ធន​ធាន​មនុស្ស​របស់​យើង​ជា​ប្រយោជន៍​ ផ្នែក​សេដ្ឋ​កិច្ច"។

លោកជាម​ យៀប ​ប្រធាន​គណៈ​កម្មការ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា​ខាង​គណ​បក្ស​ ប្រជា​ជន​កម្ពុជា​បាន​ថ្លែង​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​សំដៅ​ការ​ពារ​ផល​ប្រយោជន៍​នៃ​ទំនាក់​ទំនង​ ការ​ទូត ​សេដ្ឋ​កិច្ច​ វប្ប​ធម៌ ​សង្គម​កិច្ច​ ទេស​ចរណ៍​ បច្ចេក​វិទ្យា​សម័យ​ទំនើប​ផ្សេងៗ​ទៀត​ ដែល​កម្ពុជា​ត្រូវ​ការ​ចាំបាច់។

ប្រទេស​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេស​ចរណ៍​ជាង​២,១៦​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០០៩​ បើ​ប្រៀប​ ធៀប​នឹង​ឆ្នាំ​២០០៨​មាន​ចំនួន​២,១៣​លាន​នាក់ ​បាន​កើន​ឡើង​២​ភាគ​រយ ​ ខណៈ​ដែល​មាន​ អ្នក​ទេស​ចរណ៍​ពី​ប្រទេស​ចិន​ជិត​១១៥​០០០​នាក់។

យោង​តាម​តួ​លេខ​របស់​រដ្ឋា​ភិបាល​កម្ពុជា ​ប្រទេស​ចិន​បាន​វិនិ​យោគ​ទឹក​ប្រាក់​ជាង​៦៥០០​ លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​ រវាង​ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០០៩។​ ការ​វិនិយោគ​ទឹក​ប្រាក់​៤៣០០​លាន​ដុល្លារ​អាមេរិក​របស់​ប្រទេស​ចិន​មាន​៤០​ភាគ​រយ​នៃ​ការ​វិនិ​យោគ​បរ​ទេស។

XS
SM
MD
LG